ការ​ចោទ​ប្រកាន់់​ប្រធានាធិបតី​ ត្រាំ ​ឈាន​ដល់​តំណាក់​កាល​តាន​តឹង​រឿង​សាក្សី

លោក Adam Schiff ប្រធាន​នៃ​គណៈ​កម្មាធិការ​ស៊ើប​អង្កេត​ថ្លែង​បើក​​ដំណើរ​ការ​​សវនាការ​ចោទប្រកាន់​លោក ត្រាំ អំពី​ការ​រំលោភ​អំណាច នៅ​សភា កាល​ពី​ថ្ងៃ​ទី​២២ មករា ២០២០។

ខណៈ​ដែល​ការ​ចោទ​ប្រកាន់់​ប្រធានាធិបតី​ស.រ.អា.លោក​ ដូណាល់ ត្រាំ ​បាន​ផ្ទុះ​ឡើង​បន្ទាប់​ពីការ​តតាំង​គ្នា​ដ៏​ជូរ​ចត់​អំពី​នីតិវិធី​នោះ​ ភាគី​ទាំង​ពីរ​គឺ​គណបក្ស​ទាំង​ពីរ​ក្នុង​ជម្លោះ​ដ៏​កក្រើក​នេះ​ ​កំពុង​តតាំង​គ្នា​មួយ​វគ្គ​ទៀត​គឺ​បញ្ហា​សាក្សី។​

ក្រុម​គណបក្ស​ប្រជា​ធិបតេយ្យ​មាន​បញ្ជី​ឈ្មោះ​សាក្សី​បួន​នាក់ ​ដែល​ពួក​គេ​និយាយ​ថា ​អាច​បំពេញ​ចន្លោះ​ប្រហោង​ក្នុង​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក​ ត្រាំ។ ​មន្ត្រី​ទាំង​បួន​រូប​នេះ​បាន​បដិសេធ​មិន​ផ្តល់​សក្ខីកម្ម ​ដោយ​ផ្តល់​ហេតុផល​ផ្សេងៗ​គ្នា​នៅ​ក្នុង​ការ​សាក​សួរ​របស់​សភា​ដែល​បាន​នាំ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​លោក​ ត្រាំ ​ពីបទ​រំលោភ​អំណាច​និង​រារាំង​សភា។​ លោក John Bolton ​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​មាន​ឈ្មោះ​នៅ​ផ្នែក​ខាង​លើ​នៃ​បញ្ជី​ឈ្មោះ​នេះ។ ​លោក​បាន​និយាយ​ថា​ លោក​នឹង​ផ្តល់​សក្ខីកម្ម ​ប្រសិន​បើ​មាន​ការ​កោះហៅ។​

ខាង​គណបក្ស​សាធារណ​រដ្ឋ​វិញ​ សមាជិក​ព្រឹទ្ធ​សភា​ភាគ​ច្រើន​នៅ​តែ​ជំទាស់​នឹង​ការកោះ​ហៅ​សាក្សី​បន្ថែម ​ដោយ​និយាយ​ថា ​បណ្តឹង​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​ប្រឆាំង​នឹង​លោក ត្រាំ​ ​គួរតែ​សម្រេច​ដោយ​ផ្អែក​លើ​សាក្សី​ចំនួន​១៧​នាក់​ដែល​បាន​សហការ​ជាមួយ​ការ​ស៊ើប​អង្កេត។​

ប៉ុន្តែ​ប្រសិន​បើ​គណបក្ស​ប្រជា​ធិបតេយ្យ​មាន​លទ្ធភាព​ក្នុង​ការ​កោះ​ហៅ​លោក​ Bolton​ និង​អ្នក​ដទៃ​ទៀត​ឱ្យ​ចូល​រួម​ការ​ជំនុំ​ជម្រះក្តី​នៅ​ព្រឹទ្ធសភា​នោះ​ នោះ​គណបក្ស​សាធារណ​រដ្ឋ​ក៏​ចង់​ហៅ​សាក្សី​ម្នាក់​ទៀត​គឺ​លោក​ Hunter ​Biden ​កូនប្រុស​របស់​លោក​ Joe Biden ​អតីត​អនុប្រធានាធិបតី។​

ដោយសារ​គណបក្ស​ប្រជា​ធិបតេយ្យ​មាន​សំឡេង​តែ​៤៧​អាសនៈ​ក្នុង​ព្រឹទ្ធ​សភា​១០០ ​អាសនៈ ដូច្នេះ​គណបក្ស​ប្រជា​ធិបតេយ្យ​នឹង​ត្រូវ​បញ្ចុះ​បញ្ចូល​សមាជិក​សភា​គណបក្ស​សាធារណ​រដ្ឋ​ចំនួន​៤​នាក់​ឲ្យ ស្រប​ជាមួយ​ពួក​គេ​ដើម្បី​កោះ​ហៅ​សាក្សី​នៅ​សប្តាហ៍​ខាង​មុខ​និង​ពង្រីក​វិសាល​ភាព​នៃ​នីតិវិធី​នេះ។​

ទីបំផុត​ការផ្តល់​សក្ខីកម្ម​បន្ថែម​ណាមួយ​ទំនង​ជាមិន​មាន​ឥទ្ធិពល​លើ​មតិសាធារណៈ​ឬ​មិន​ធ្វើ​ឱ្យ​មាន​ភាពខុស​ប្លែកគ្នា​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ដែល​លទ្ធផល​គេ​អាច​សន្និដ្ឋាន​ជាមុន​នោះ​ទេ៕