មនុស្ស​​៥២​នាក់​ស្លាប់​​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​រយៈ​ពេល​៤​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ

រូបឯកសារ៖ ប្រជាពលរដ្ឋ​កម្ពុជា​ ធ្វើដំណើរ​ទៅកាន់​ស្រុក​កំណើត​ នា​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ នៅ​ថ្ងៃទី​១៣ ខែ​មេសា​ ឆ្នាំ​២០១៧។ (VOA)

ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ​ខែ​មេសា​ ​ឆ្នាំ​២០១៩​ ​ដែល​ជា​ថ្ងៃចុង​ក្រោយ​នៃ​ពិធី​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណីជាតិ ​បង្ហាញ​ថា​ ​រាប់​ចាប់​ពី​ថ្ងៃទី​១៣​ ដល់​ថ្ងៃទី​​១៦ ខែមេសា​នេះ​ ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​​ប្រទេស​មាន​ចំនួន​១០៩​លើក។​

កម្លាំង​សមត្ថកិច្ច ​បាន​ណែនាំ​ ​និង​ដាក់​កម្លាំង​ពង្រាយ​ ដើម្បី​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​នៅ​មុន​ ​និង​អំឡុងពេល​នៃពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។​ ក៏​ប៉ុន្តែ​គ្រោះ​ថ្នាក់​ចរាចរណ៍ក្នុង​រយៈ​ពេល​បួន​ថ្ងៃ​នៃ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​មួយ​នេះ នៅ​តែ​មាន​ការ​កើន​ឡើង​ ​បើ​ធៀប​នឹងរយៈពេល​ដូច​គ្នា ​កាល​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​២០១៨។​

មនុស្ស​យ៉ាង​ហោច​ណាស់ ​៥២ ​នាក់​ ​បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំរយៈពេល​បួន​ថ្ងៃ ចាប់​តាំង​ពីថ្ងៃ​សៅរ៍។​ ​ចំនួន​នេះ ​កើន​ឡើង​ ២០​នាក់​ ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ​ឆ្នាំ​ ២០១៨ នេះបើ​តាម​របាយ​ការណ៍​របស់​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍​ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ​ខែ​មេសា​ ​ឆ្នាំ​២០១៩​ ​ដែល​ជា​ថ្ងៃចុង​ក្រោយ​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណីជាតិ ​បង្ហាញ​ថា​ ​រយៈពេល​បួន​ថ្ងៃ​នៃ​ពិធី​បុណ្យចូល​ឆ្នាំ រាប់​ចាប់​ពី​ថ្ងៃទី​១៣​ ដល់​ថ្ងៃទី១៦ ​ ​ខែមេសា​នេះ​ ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​មាន​ចំនួន​១០៩​លើក។​ ​ក្នុង​នោះ​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ចំនួន​ ៥២ នាក់​ ​របួស​ធ្ងន់​ចំនួន​១៣៦នាក់​ ​និង​ស្រាល​ចំនួន​៤៧​នាក់។​

បើ​តាម​របាយការណ៍​ដដែល​បញ្ជាក់​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​នោះ​បណ្តាល​មក​ពីការ​បើកបរ​ហួស​ល្បឿន​កំណត់​ ​ការ​មិន​គោរព​សិទ្ធិ​នៅ​ពេល​បើក​បរ​ ​ការ​មិន​ប្រកាន់​ស្តាំ​ ​ការបើក​វ៉ា​ ការ​បត់​ដោយ​មិន​ប្រើ​ភ្លើង​សញ្ញា​ ​ការ​បើក​បរ​ដោយ​ស្រវឹង​ ​កត្តា​យាន​យន្ត​ ​និង​ការ​បើកបរ​ដោយ​ងងុយ​ដេក​ជា​ដើម។​

យោង​តាម​ទិន្នន័យ​នេះ​ គេ​ឃើញ​ថា​ ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ កើន​ឡើង​ចំនួន​៣៩​លើក​ ​និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​កើន​ឡើង​២០​នាក់​ ​បើ​ធៀប​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍ក្នុង​រយៈ​ពេល​បួន​ថ្ងៃដូច​គ្នា ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​កាលពី​ឆ្នាំ​២០១៨។​

VOA​ ​មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ​រុន រ័ត្នវាសនា​ ​ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រា​ច​រណ៍​ ​និង​សណ្តាប់ធ្នាប់​សាធារណៈ ​និង​លោក​ ​ហ៊ឹម យ៉ាន​ ​អគ្គស្នងការ​រង​នគរបាលជាតិ​បានទេ រហូត​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ។​

​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​មូលហេតុ​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ បើ​ធៀប​នឹង​ជំងឺ​កាច​សាហាវ​ផ្សេងៗ​ជា​ច្រើន​ទៀត។​

គេ​ឃើញ​ថា ​ទាំង​នៅ​មុន និង​អំឡុងពេល​នៃពិធី​បុណ្យ​ចូលឆ្នាំ​ ​សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​កម្លាំង​ចាំ​ឃ្លាំ​មើល ទប់​ស្កាត់​ ​និង​ណែ​នាំ​ប្រជាពលរដ្ឋ​ក្នុងការ​បើកបរ ​ប៉ុន្តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តែ​មាន​ចំនួន​ច្រើនគួរ​ឲ្យ​ព្រួយ​បារម្ភ។​

លោក​ ​គង់ រតនៈ​ ​ប្រធាន​ស្តីទី​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ ប្រាប់​ ​VOA​ ​ថា​បើ​តាម​ការ​សង្កេត​របស់​លោក​ ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ បន្ត​កើត​មាន​គួរ​ឲ្យ​ព្រួយ​បារម្ភ​ ដោយ​សារ​ការ​អនុវត្ត​ច្បាប់របស់​សមត្ថ​កិច្ច​មាន​ភាព​ធូរ​រលុង​ ​ស្រប​ពេល​ដែល​អ្នក​ប្រើប្រាស់​ផ្លូវ ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​គោរព​ច្បាប់។

​«សម្រាប់​យុវជន​ ​យុវនារី គឺ​សូម​មេត្តា​ត្រឡប់​ពិចារណា​ឡើង​វិញ​ថា ​ជីវិត​របស់​យើងមាន​តម្លៃ ​ហើយ​កុំ​សេព​គ្រឿង​ស្រវឹង​ ​និង​គ្រឿង​ញៀន​ ​ហើយ​បើក​បរ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ [...]​ ហើយ​សំណូម​ពរ​ដល់រាជ​រដ្ឋាភិបាល​ ​ជួយ​ឲ្យ​មាន​ការ​រិត​បន្តឹង​ច្បាប់​ហ្នឹង​ឲ្យ​ពេញ​លេញ​ ​ត្រឹមត្រូវ​ ​ហើយ​មាន​យុត្តិធម៌​សម្រាប់​ទាំង​អស់​គ្នា​ទៅ​ឲ្យ​ស្មើ​ភាព​គ្នា​កុំ​ឲ្យ​ខាង​ណា​អត់​ខាងណា។​ ​ខ្ញុំ​ថា​ នេះ​ជាអ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​សុខ​សុវត្ថិភាពទាំង​អស់​គ្នា»។

​បើ​តាម​របាយការណ៍របស់​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍​ ​និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​បញ្ជាក់​ថា​ ​ក្នុង​ឆ្នាំ​២០១៨ ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន​ជាង​៣​ពាន់​លើក​ដែល​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ចំនួន​ជិត​ ​១.៨០០ ​នាក់​ ​ដោយ​រាប់​តែ​អ្នក​ស្លាប់​នៅ​លើ​ដង​ផ្លូវ​ មិន​រាប់​តាម​មន្ទីរពេទ្យ។​

​ចំណែក​រយៈ​ពេល​បី​ខែ​ដើម​ឆ្នាំ២០១៩​ ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន​ ​១០៧៦​លើក ​បណ្តាល​ឱ្យ​បាត់​បង់​ជីវិត​មនុស្ស​ចំនួន​ ៥១៣​នាក់​ ​និង​របួស​ចំនួន​ ​១៥៩២​នាក់។​ ​បើ​តាម​តួលេខ​នេះ​បង្ហាញ​ថា​ ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស​ចំនួន​ ​៦នាក់​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍៕​