លោក Sepp Blatter ប្រធានអង្គការ FIFA បានអំពាវនាវឲ្យមានការសាមគ្គីភាពក្នុងចំណោមសមាជិកនៃអង្គការគ្រប់គ្រងបាល់ទាត់ពិភពលោក ហើយបានសន្យាធ្វើការដើម្បីជម្នះរឿងអាស្រូវពុករលួយរបស់អង្គការនោះ ប្រសិនបើលោកជាប់ឆ្នោតម្តងទៀត។
លោក Blatter បានថ្លែងនៅឯសមាជប្រចាំឆ្នាំលើកទី៦៥របស់អង្គការ FIFAនៅក្នុងទីក្រុង Zurich នៃប្រទេសស្វីស ដែលពួកសមាជិក នឹងបោះឆ្នោតនៅថ្ងៃសុក្រនេះថាតើ លោកនឹងជាប់ឆ្នោតមួយអាណត្តិទៀតជាប្រធានអង្គការនោះឬទេ។ ព្រះអង្គម្ចាស់ Ali bin al-Hussein នៃប្រទេសហ្ស៊កដានី កំពុងឈរឈ្មោះប្រកួតប្រជែងជាមួយលោក។
លោក Blatter បាននិយាយថា ការចាប់ខ្លួនមន្រ្តីកំពូលបាល់ទាត់៧នាក់ ដែលចូលរួមសមាជកាលពីថ្ងៃពុធ ជាព្យុះសង្ឃរាមួយ ក៏ប៉ុន្តែលោកបាននិយាយទៀតថា លោកកំពុងអំពាវនាវឲ្យមានការសាមគ្គីភាព និងស្មារតីនៃការធ្វើការជាក្រុមដែលអង្គការ FIFA អាចបោះជំហានទៅមុខ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Blatter បាននិយាយថា សហព័ន្ធកីឡាបាល់ទាត់ ប្រឈមព័ត៌មានអាក្រក់កាន់តែច្រើនឡើង ហើយនៅក្នុងរយៈពេលបីទៅបួនខែបន្ទាប់ទៀត នឹងក្លាយជាការមិនស្រួលសម្រាប់អង្គការ FIFA ក៏ប៉ុន្តែវាជាការចាំបាច់ដើម្បីចាប់ផ្តើមស្តារទំនុកចិត្តឡើងវិញនៅក្នុងអង្គការនេះ។
លោកនិយាយបន្តទៀតថា «យើងមិនអាចអនុញ្ញាតិឲ្យកេរ្តិ៍ឈ្មោះកីឡាបាល់ទាត់និងអង្គការ FIFA ត្រូវគេទាញទម្លាក់ភក់តទៅទៀតទេ។ វាត្រូវតែបញ្ឈប់នៅទីនេះ»។ សមាគមបាល់ទាត់អឺរ៉ុបសំខាន់ៗពីរបានអំពាវនាវឲ្យលោក Blatter ចុះចេញពីដំណែង មុនពេលបោះឆ្នោតជ្រើសរើសប្រធានអង្គការ FIFAនៅថ្ងៃសុក្រនេះក៏ប៉ុន្តែលោក Blatterបានបដិសេធ៕