ការប្រណាំងប្រជែងជ្រើសរើសបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យដែលត្រូវឡើងទៅប្រកួតជាមួយនឹងលោកប្រធានាធិបតី Donald Trump នៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយនេះ កាន់តែច្បាស់បន្តិចម្តងៗហើយ។
ការប្រណាំងប្រជែងសំរិតសំរាំងជ្រើសរើសបេក្ខជនកាន់តែតិចទៅៗដែលចាប់ផ្តើមដំបូងមានបេក្ខជនចំនួន២០នាក់។ សមាជិកាព្រឹទ្ធសភាលោកស្រី Kirsten Gillibrand កាលពីថ្ងៃពុធបានប្រកាសដកខ្លួនចេញពីការប្រកួត ខណៈការបោះឆ្នោតស្ទង់មតិបង្ហាញថា លោកស្រីទទួលបានការគាំទ្រតិច។ លោកស្រីស្ថិតក្នុងចំណោមបេក្ខជននានាដែលគ្មានគុណសម្បតិ្តគ្រប់គ្រាន់ដើម្បីចូលរួមក្នុងវគ្គជជែកដេញដោលបន្ទាប់ ដែលនឹងត្រូវធ្វើនៅខែកញ្ញាខាងមុខនេះ។
គណបក្សប្រជាធិបតេយ្យបានបង្កើតច្បាប់ដើម្បីកំណត់ពីលក្ខខណ្ឌសម្រាប់អ្នកដែលនឹងត្រូវបានអនុញ្ញាតឲ្យចូលរួមជជែកដេញដោល ដែលជាវេទិកាមួយផ្តល់ឱកាសឲ្យបេក្ខជនបង្ហាញពីសមត្ថភាពរបស់ខ្លួនធៀបទៅនឹងសមត្ថភាពរបស់គូប្រជែង។
ដោយសារតែមានបេក្ខជនជាច្រើនចង់ទទួលបានការតែងតាំងជាបេក្ខជនផ្សេងទៀតរបស់គណបក្សនៅក្នុងការឆ្នោតឆ្នាំ២០២០នេះ ការជជែកដេញដោលត្រូវបានបំបែកជាពីរយប់។ ប៉ុន្តែការជជែកដេញដោលនៅខែកញ្ញានេះនឹងកំណត់យកតែបេក្ខជន១០នាក់ប៉ុណ្ណោះ។
ក្រៅពីលោកស្រី Gillibrand ក៏បេក្ខជនឈរឈ្មោះផ្សេងទៀត រួមទាំង សមាជិកព្រឹទ្ធសភាលោក Michael Bennet អភិបាលរដ្ឋ Montana លោក Steve Bullock សភាតំណាងរាស្រ្តលោកស្រី Tulsi Gabbard មហាសេដ្ឋីលោក Tom Steyer និងសកម្មជនលោកស្រី Marianne Williamson ក៏បានបរាជ័យក្នុងការទទួលបានការគាំទ្រ២ភាគរយនៅក្នុងការស្ទង់មតិចំនួន ៤ និងការបរិច្ចាគពីមនុស្សចំនួន១សែន ៣ម៉ឺននាក់ផងដែរ៕