លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនទើបតែរំឭកដល់ខួបទី៣០ឆ្នាំនៃការកាន់តំណែងខ្ពស់បំផុតរបស់លោកកាលពីថ្ងៃពុធម្សិលមិញនេះ។
នៅថ្ងៃនេះក្រុមប្រជាពលរដ្ឋភាគច្រើនដែលត្រូវបានជួបសម្ភាសន៍មានការប្រយ័ត្នប្រយែងជាខ្លាំងក្នុងការនិយាយយោងដល់ការកាន់អំណាចដ៏យូរនេះ។
អង្គុយលើម៉ូតូម៉ាកហុងដា វ៉េវ ចំណាស់បន្តិច នៅលើផ្លូវលំមួយនៃសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលជាខណ្ឌទើបបង្កើតថ្មីរបស់រាជធានីភ្នំពេញ លោកសុខ មើលឃើញភាពវិជ្ជមាន។
«មិនមានឃើញអីទេ ឃើញតែប្រជាពលរដ្ឋលូតលាស់ទាំងខាងធ្វើស្រែ ខាងពលករ កម្មករកាត់ដេររោងចក្រលូតលាស់។រីឯដីធ្លីក៏ឡើងថ្លៃ»។
ទោះជាយ៉ាងណាលោកបង្ហាញការលំបាកក្នុងការអធិប្បាយលើចំណុចអវិជ្ជមាននានាដែលបានកើតឡើងក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។
កាលពីថ្ងៃអង្គារអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សមួយរបស់សហរដ្ឋអាមេរិកHuman Rights Watch បានពិពណ៌នាអំពើហិង្សា ការគាបសង្កត់និងអំពើពុករលួយ បញ្ហាដីធ្លីនិងការបង្កឲ្យជនស៊ីវិលស្លាប់និងក្រុមបាតុករស្លាប់រួមទាំងការសម្លាប់សកម្មជននយោបាយដែលប្រជែងអំណាចក្រោមការដឹកនាំជានាយករដ្ឋមន្ត្រីរបស់លោកហ៊ុន សែនរយៈពេលបីទសវត្សរ៍មកនេះ។
អង្គការដដែលបានរៀបរាប់អំពីការបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់និងពិការរាប់ពាន់នាក់ក្នុងយុទ្ធនាការកាប់ព្រៃឈើតាមព្រំដែនឬហៅថា«ក ៥»។ការចាប់ខ្លួនអ្នកទោសនយោបាយ។ ការវាយប្រហារដោយគ្រាប់បែកលើបាតុករដឹកនាំដោយមេដឹកនាំគណបក្សជំទាស់ថ្ងៃទី៣០ខែមិនាឆ្នាំ១៩៩៧និងរដ្ឋប្រហារទម្លាក់ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ ពីនាយករដ្ឋមន្ត្រីទី១នៅឆ្នាំដដែលនោះ។មានមនុស្សស្លាប់និងត្រូវបានសម្លាប់ជាច្រើននៅក្នុងព្រឹត្តិការណ៍ទាំងពីរនេះគឺក្នុងគោលដៅផ្តាច់ផ្តិលគូប្រជែងនយោបាយ។
ក្រៅពីនោះអង្គការHuman Rights Watch ក៏បានលើកពីបញ្ហាដីធ្លី ករណីបាញ់សម្លាប់សកម្មជនព្រៃឈើដ៏ល្បីល្បាញ លោកឈុត វុទ្ធី ការបង្រ្កាបនិងការសម្លាប់បាតុករដោយហិង្សានិងក្រោយការបោះឆ្នោតផងដែរ។
ប៉ុន្តែអ្នកស្រីសុប សារិន ទំនងជាមិនសូវផ្តោតអារម្មណ៍ដល់បញ្ហាទាំងនេះទេ។ជាអ្នកលក់បាយម្នាក់នៅភូមិស្ថាបនាស្ពាន សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ អ្នកស្រីទទួលភ្ញៀវដែលមិនសូវមមាញឹក។ដោយសារការងារប្រចាំថ្ងៃ អ្នកស្រីបានផ្តាច់ទំនាក់ទំនងជាមួយបណ្តាញផ្សព្វផ្សាយហើយលើកឧទាហរណ៍តាមការមើលឃើញនៅជុំវិញការរស់នៅរបស់អ្នកស្រី។
«មើលឃើញគាត់ដឹកនាំប្រទេសបានល្អ។ឃើញដូចជាមានផ្លូវ មានស្ពាន។(តែ)ខ្ញុំមិនដែលបានតាមដានវិទ្យុនិងទូរទស្សន៍ទេ។ព្រោះខ្ញុំរវល់កូនចៅ»។
បុរសមួយក្រុមមានគ្នាប្រាំមួយនាក់កំពុងជុំគ្នានៅមិនឆ្ងាយពីអ្នកស្រីសុប សារិន នៃភូមិស្ថាបនាស្ពាន សង្កាត់ទឹកថ្លានេះ។
«គ្មានឃើញរីកចម្រើនអីផងនៅដដែល៣០ឆ្នាំហើយ។ឧទាហរណ៍រឿងបាតុកម្មធ្វើបាបប្រជាពលរដ្ឋចឹង។ ឮគេបាញ់សម្លាប់កម្មកររោងចក្រអីចឹង។ ខ្ញុំឃើញជាក់ស្តែង»។
ពិតហើយការបង្រ្កាបដោយហិង្សាលើកម្មកររោងចក្រកាត់ដេរនេះកាលពីឆ្នាំកន្លងទៅ។ហើយឃាតករជាខ្មាន់កាំភ្លើងស្ថិតនៅក្នុងសេរីភាពនៅឡើយ។
កម្មការិនីមួយចំនួនដែលវីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសាបានជួបសម្ភាសន៍នៅលើផ្លូវវ៉េងស្រេង ខណ្ឌមានជ័យហាក់ដូចជាបាក់ស្បាតលែងហ៊ាននិយាយនៅពេលដែលឮសំណួរអំពីការកាន់តំណែងអស់រយៈពេល៣០ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ពួកនាងបានព្រមានមិត្តភក្តិមិនឲ្យនិយាយថែមទៀតផង។
នៅតាមផ្ទះជួលកុមារដែលជាកូនៗរបស់កម្មករ កម្មការិនីរោងចក្រកំពុងលេងតាមសំយ៉ាបផ្ទះ។ អ្នកស្រីប៉ាត យ៉ុន អាយុ៦៥ឆ្នាំ មកពីខេត្តកំពង់ធំរស់នៅជាមួយកូនស្រីជាកម្មកររោងចក្រកាត់ដេរតាមបណ្តោយផ្លូវវ៉េងស្រេងដដែលនេះ។
«កើតសាលារៀន កើតជាផ្លូវស្ពាន សព្វគ្រប់ហើយ។ឈើព្រៃកុំឲ្យកាប់តែនៅតែកាប់»។
នៅលើដងផ្លូវនៃសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យឆ្ពោះទៅកាន់ក្រុងតាខ្មៅ ខេត្តកណ្តាល អ្នកស្រីអ៊ុន សុខុម អាយុ៦០ឆ្នាំកំពុងរៀបចំលក់បង្អែម។ អ្នកស្រីបន្ថែមអំពីបញ្ហាព្រៃឈើនិងការលេចឮអំពីអំពើហិង្សាក្នុងសង្គម។
«ខ្ញុំឮតែពាក្យគេនិយាយរឿងកាប់ព្រៃឈើតែខ្ញុំមិនបានឃើញផ្ទាល់ផង»។
នៅក្បែរអ្នកស្រីបុរសម្នាក់លើកពីបញ្ហាបក្សពួកនិយម គ្រួសារនិយមនិងអំពើពុករលួយដែលគ្រួសារលោកជួបដោយផ្ទាល់ក្នុងការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមកនេះ។
«បងឯងគិតមើលទៅ។ឳធ្វើប៉ូលិស កូនមកក៏ធ្វើប៉ូលិសដែរ។បើបងធ្វើចៅសង្កាត់ ក្មួយក៏ធ្វើចៅសង្កាត់ កូនក៏ធ្វើចៅសង្កាត់ ធ្វើតែសែស្រឡាយគ្នាគេ។ដល់ចឹងទៅវាពុករលួយមូលគ្នាវា។ ដូចខ្ញុំតទឹកឲ្យម៉ែខ្ញុំចឹងគាត់អត់លុយ ខ្ញុំអត់ឲ្យលុយគេ។ខ្ញុំសុំឲ្យគេចុះហត្ថលេខាលើលិខិតស្នាម ប៉ុន្តែគេថាអ្នកទទួលខុសត្រូវមិននៅ។ដល់ពេលខ្ញុំគិតថាគេត្រូវការលុយ ខ្ញុំឲ្យគេបីម៉ឺន។មួយម៉ោងក្រោយមកចុះហត្ថលេខារួចភ្លាម»។
អ្នកស្រីខឿន វន្ធី ជាអាជីវករម្នាក់នៅក្នុងភូមិស្រុកធំ ឃុំជើងកើប ខេត្តកណ្តាល កត់សម្គាល់ប្រកបដោយភាពវិជ្ជមាននិងអវិជ្ជមានក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងអំឡុងពេល៣០ឆ្នាំ។
«ឃើញផ្លូវនិងស្ពានមានការរីកចម្រើន។ ក្រៅពីនោះរិចរិលអស់ដូចជាព្រៃឈើ ត្បូង មាស អស់ដែរ។រីឯជីវភាពប្រជាជនវិញអ្នកមានត្រឹម១០ភាគរយ។ហើយអ្នកក្ររហូតដល់៩០ភាគរយ។ឥឡូវអ្នកខ្លះជួលដី ជួលផ្ទះគេនៅ។កាលពីមុនខ្វះអីដីនៅ។រាល់ថ្ងៃកុំតែបានរោងចក្រទេ កុំអី មិនដឹងវេទនាម៉េចទេ»។
យ៉ាងណាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានទទួលស្គាល់កាលពីថ្ងៃពុធថាលោកមានកំហុសខ្លះមែនក្នុងការដឹកនាំ ប៉ុន្តែលោកទាមទារឲ្យមានការទទួលស្គាល់សមិទ្ធិផលដែលជាស្នាដៃដឹកនាំ របស់លោក។
ជាមួយគ្នានេះក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវជួបសម្ភាសន៍បានហាក់ដូចជាមិនសូវផ្តោតអារម្មណ៍ច្រើនលើភាពអវិជ្ជមានកន្លងមក ប៉ុន្តែទទូចឲ្យមានការគិតគូយកចិត្តទុកដាក់លើផ្នែកជីវភាពរបស់ពួកគេច្រើនជាងមុន៕