មន្ត្រី​នគរបាល​ជា​ស្ត្រី បឹ្តង​ស្នងការ​ខេត្តកំពង់ធំ ចោទ​ប្រកាន់​រឿង​បៀតបៀន​​ផ្លូវ​ភេទ

លោក អ៊ុក កុសល​ (កណ្តាល) ស្នង​ការ​នគរបាល​ខេត្ត​កំពង់​ធំ ត្រូវបានក្រុម​មន្ត្រី​នគរបាល​ជា​នារី​​ ​ប្តឹង​ថាបាន​ប្រព្រឹត្ត​អំពើ​បៀត​បៀនកេរខ្មាស។ (រូបដកស្រង់ពីបណ្តាញសង្គម)

ក្រុម​មន្ត្រី​នគរបាល​ជា​នារី​ទាំង​អស់​នោះ​ អះអាង​ទៀត​ថា​​ កន្លង​មក​ពួក​គេ​បាន​ទៅ​បំភ្លឺ​នៅ​នាយក​ដ្ឋាន​បុគ្គលិក​រួច​ហើយ​ ប៉ុន្តែ​ពុំ​ទទួល​បាន​យុត្តិធម៌​ទេ។​ ពួក​គេ​ថា ​ផ្ទុយ​ទៅវិញ​លោក​ អ៊ុក កុសល​ បាន​គាប​សង្កត់​ មើល​ងាយ​មើល​ថោក​«ដោយ​គំរាម​មិន​ឲ្យ​តែង​តាំង​ ឬ ​ដំឡើង​ស័ក្តិ​ជា​ដើម»។​

ក្រោយ​មាន​ការ​ប្តឹង​ផ្តល់​របស់​ក្រុម​ស្រ្តី​ជា​មន្ត្រី​នគរបាល​ ដែល​ចោទ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​ថា​ បាន​បៀតបៀន​ផ្លូវ​ភេទ​នោះ ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​លើ​ករណី​នេះ។​

មន្ត្រី​នគរបាល​ជា​ស្ត្រី​៤​នាក់​នៅ​ខេត្ត​កំពង់ធំ​ បាន​បង្ហាញ​រឿង​បៀតបៀន​ផ្លូវ​ភេទ​នេះ ​តាម​រយៈ​លិខិត​មួយ​ច្បាប់​ ចុះ​ថ្ងៃទី​៣០ ខែ​កក្កដា ​ដាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ​ស ខេង។​ ក្នុង​ពាក្យ​បណ្តឹង​ដែល​មាន​ស្នាម​មេដៃ​របស់​ពួកគេ ពួកគេ​ចោទថាលោក​ អ៊ុក កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​ បាន​លួង​លោម​មន្ត្រី​នគរបាល​ជា​ស្ត្រី​ឲ្យ​ផ្តល់​ខ្លួន​ប្រាណ​ឲ្យ​លោក ​ឬ​ អនុញ្ញាត​ឲ្យ​លោក​ប៉ះ​ពាល់​កេរ​ភេទ​ ជា​ថ្នូរ​នឹង​ការ​បាន​ឡើង​ឋានន្តរ​ស័ក្តិ។​

ពាក្យ​បណ្តឹង​បញ្ជាក់​ថា៖​ «ក្រៅ​ពី​ពាក្យ​សម្តី​លួង​លោម ​បុគ្គល​នេះ ក៏​បាន​ចាប់​បង្ខំ​ ស្ទាប​អង្អែល​កេរ​ខ្មាស​ដោយ​មិន​ញញើត​ ទោះ​បី​ពេល​ខ្លះ​ពួកនាង​ខ្ញុំ ​ខំ​រើ​បម្រះ​ ឬ ​ចង់​ស្រែក​ប្រាប់​គេ​ឯង ក៏​មិន​ហ៊ាន​ ព្រោះ​ខ្លាច​អំណាច​គាត់​ជា​ស្នង​ការ។ ​ម្យ៉ាង​ទៀត​គាត់​បាន​គំរាម​មិន​ឲ្យ​ប្រាប់​រឿង​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះ​ឲ្យ​អ្នក​ណា​ដឹង​ទេ ​បើ​ហ៊ាន​គឺ​មាន​បញ្ហា​ហើយ»។​

ពួកគេ​បាន​រៀប​រាប់​ទៀត​ថា៖ ​«នគរបាល​ជា​នារី​ ដែល​ចូល​ទៅ​ជួប​គាត់​មួយ​ចំនួន​ គឺ​ជួប​រឿង​បែប​នេះ​ ហើយ​ក៏​មាន​នគរបាល​ជា​នារី​ខ្លះ​ជួប​រឿង​ឈឺ​ចាប់​ត្រូវ​បែក​បាក់​គ្រួសារ»។​

ក្រុម​មន្ត្រី​នគរបាល​ជា​នារី​ទាំង​អស់​នោះ​ អះអាង​ទៀត​ថា កន្លង​មក​ពួក​គេ​បាន​ទៅ​បំភ្លឺ​នៅ​នាយក​ដ្ឋាន​បុគ្គលិក​រួច​ហើយ​ ប៉ុន្តែ​ពុំ​ទទួល​បាន​យុត្តិធម៌​ទេ។​ ពួក​គេ​ថា ​ផ្ទុយ​ទៅវិញ​លោក​ អ៊ុក កុសល​ បាន​គាប​សង្កត់​ មើល​ងាយ​មើល​ថោក​«ដោយ​គំរាម​មិន​ឲ្យ​តែង​តាំង​ ឬ ​ដំឡើង​ស័ក្តិ​ជា​ដើម»។​

ក្រុម​មន្ត្រី​នគរបាល​ជា​នារី​ដដែល​ក៏​បាន​ចោទ​ថា​ លោក​ អ៊ុក កុសល ​«ដឹក​នាំ​បង្កើត​បក្ខ​ពួក​ សែសាឡាយ​ពុក​រលួយ និង​អុចអាល​ឲ្យ​មាន​ការ​បែក​បាក់​សាមគ្គី​ផ្ទៃ​ក្នុង​ ទាំង​ថ្នាក់​ដឹកនាំ​ស្នងការ និង​មន្ត្រី​ក្រោម​ឱវាទ»។​

វីអូអេ​បាន​ព្យាយាម​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ អ៊ុក កុសល ​តាម​រយៈ​ទូរស័ព្ទ​ដៃ​ទាំង​ពីរ​ខ្សែ​របស់​លោក តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ។

នាយក​រដ្ឋបាល​សាលា​ខេត្ត​កំពង់ធំ​ លោក ​យ៉ូវ សេងគុណ ​ប្រាប់​វីអូអេ​ថា ​លោក​មិន​ជឿ​ថា​ លោក​ អ៊ុក កុសល ​ប្រព្រឹត្ត​អំពើ​បែប​នេះ​ទេ។​

«ខ្ញុំ​អត់​ដែល​មាន​ដឹង​ឮ​ព័ត៌មាន​ហ្នឹង​ពី​មុន​មក​អ៊ីចឹង​ទៅ​ណ៎ា​ ហើយ​អត្តចរិត​ការ​បំពេញ​ការងារ​របស់​គាត់​ ក៏​គាត់​មិន​ដែល​មាន​ឥរិយា​បថ​បែប​ហ្នឹង​ដែរ»។​

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ ​យល់​ថា​កិច្ច​ស៊ើប​អង្កេត​មួយ​ត្រូវ​តែ​ធ្វើ​ឡើង​ ដើម្បី​ឲ្យ​ដឹង​ពី​ការណ៍​ពិត​ នៅ​ពី​ក្រោយ​ការ​ចោទ​ប្រកាន់​របស់​ស្ត្រី ​ដែល​ជា​មន្ត្រី​ប៉ូលិស​ខេត្ត​កំពង់ធំ​ទាំង​អស់​នោះ។​

«បើ​សិន​ជា​រឿង​នេះ​ ជា​រឿង​ពិត​មែន​ ទីមួយ​បើ​យើង​មើល​ទៅ​បញ្ហា​សីលធម៌​ គឺ​វា​អសីលធម៌​ ដែល​ប៉ះពាល់​ ករណី​នេះ​មួយ​ ក៏​វា​ជះ​ឥទ្ធិពល​មិន​ល្អ​សម្រាប់​កង​កម្លាំង​ដែរ។ ​ អ៊ីចឹង​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់​ចត់។ ​បញ្ហា​ទី​ពីរ​ វា​ជា​ការ​បំពារ​បំពាន​ដោយ​អំណាច​ទៅ​លើ​ថ្នាក់​ក្រោម​ បើ​សិន​ជា​កើត​រឿង​ហ្នឹង​ពិតប្រាកដ​មែន​ហ្នឹង»។​

លោក​ សុខ រដ្ឋា​ អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពង់ធំ​ លើក​ឡើង​ថា ​សាមី​ខ្លួន​គួរ​តែ​ចេញ​មុខ​បក​ស្រាយ​ករណី​នេះ។​

«ឧបមាថា​ បើ​សិន​ជា​ករណី​ហ្នឹង​ មាន​គេ​ប្តឹង​គាត់​អ៊ីចឹង​ទៅតែ​បើ​គាត់​ថា​ ករណី​ហ្នឹង​វា​មិនៗ​ពិត គាត់​ត្រូវ​តែ​បញ្ជាក់​អំពី​ភាព​ស្អាត​ស្អំ​របស់​គាត់​អ៊ីចឹង​ដែរ​ តាម​រយៈ​ជា​ការ​បំភ្លឺ​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​កាន់​រដ្ឋមន្ត្រី​ទៅ​ ចំពោះ​បណ្តឹង​ដែល​ត្រូវ​បាន​គេ​ប្តឹង​ហ្នឹង​ហើយ»។​

នាយិកា​អង្គការ​ក្លាហាន ​ដែល​ធ្វើ​ការ​លើ​សិទ្ធិ​ស្ត្រី​ កញ្ញា​ បុណ្យ រចនា ​បង្ហាញ​ការ​កោត​សរសើរ​សេចក្តី​ក្លាហាន​របស់​ក្រុម​មន្ត្រី​នគរបាល​ជាស្ត្រី​ចំពោះ​ការ​លាត​ត្រដាង​អំពើ​បៀតបៀន​របស់​ស្នងការ​ខេត្ត​កំពង់ធំ។​ កញ្ញា​ ជំរុញ​ឲ្យ​តុលាការ​ចាត់​ការ​លើ​បណ្តឹង​របស់​ក្រុម​មន្ត្រី​នគរបាល​ទាំង​នេះ​ដែរ។​

«មែន​ទែន​ទៅ​ វា​មិន​មែន​ជា​រឿង​ធម្មតា​ទេ​ ដែល​ស្ត្រី​រង​គ្រោះ​ដោយ​អំពើ​បៀត​បៀន​ផ្លូវ​ភេទ​ ឬ​ក៏​ហ្នឹង​ហើយ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ហ្នឹង​ ហ៊ាន​ចេញ​មុខ​ដាក់​ពាក្យ​បណ្តឹង។ ​អ៊ីចឹង​ រដ្ឋាភិបាល​ ប្រព័ន្ធ​តុលាការ​ក៏ដូច​ជា​ក្រសួង​មហាផ្ទៃ​ហ្នឹង​ គឺ​ត្រូវ​តែ​ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់​ចត់​ ហើយ​ជា​បន្ទាន់​ ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ឲ្យបាន​ច្បាស់​លាស់ ដើម្បី​ផ្តល់​យុត្តិធម៌​ទៅ​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ហ្នឹង»។​

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លោក​ស្រី​ ចក់ សុភាព​ ស្នើ​ឲ្យ​សាធារណជន​រង់​ចាំ​មើល​ថា​ តើ​បណ្តឹង​របស់​ប៉ូលិស​ជា​នារី ​នឹង​ត្រូវ​បាន​ដោះស្រាយ​ផ្តល់​យុត្តិធម៌​ ឬ​យ៉ាងណា។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​ក៏​សង្ឃឹម​ថា ​បុគ្គល​ទាំង​ឡាយ​ដែល​អះអាង​ថា​ គាំទ្រ​ដល់​ការ​រក្សា​នូវ​សេចក្តី​ថ្លៃ​ថ្នូរ​សម្រាប់​ស្ត្រី​នឹង​ចូលរួម​ទាមទារ​ និង​ផ្តល់​នូវ​យុត្តិ​ធម៌​ដល់​ស្ត្រី​គ្រប់​រូប​ដែល​បាន​រង​គ្រោះ ​ដូច​ករណី​នេះ​ជា​ដើម»។​

លោក​នាយ​ឧត្តម​សេនីយ៍ ​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ មាន​ប្រសាសន៍​ថា​ នាយកដ្ឋាន​ផ្នែក​បុគ្គលិក​កំពុង​ពិនិត្យ​លើ​ពាក្យ​បណ្តឹង។​

«ក្រសួង​កំពុង​តែ​ចាត់​ឲ្យ​ជំនាញ​ធ្វើការ​ស៊ើប​អង្កេត​ពី​រឿង​ហ្នឹង​ហើយ»។​

លោក ​ខៀវ សុភ័គ​ ឲ្យ​ដឹងថា​ លោក​ ចន្ទ អ៊ាន ​ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ទទួល​បន្ទុក​ផ្នែក​បុគ្គលិក​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ពាក្យ​បណ្តឹង​នេះ។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពីលោក​ ចន្ទ អ៊ាន​ បាន​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ។​

បើ​តាម​លោក ​ខៀវ សុភ័គ ​ លោក​ អ៊ុក កុសល ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​ ធ្លាប់​រង​ការ​ព្រមាន​ម្តង​មក​ហើយ ​ពាក់​ព័ន្ធ​នឹង​របៀប​របប​នៃ​ការ​ដឹកនាំ​របស់​លោក។​ប៉ុន្តែ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ​រូប​នេះ ​មិន​អាច​បញ្ជាក់​ថា​ តើ​ការ​ព្រមាន​នោះ​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​បៀតបៀន​កេរ​ខ្មាស​ឬយ៉ាង​ណា​ទេ៕