គណបក្សសង្គ្រោះជាតិបានប្រកាសថា ខ្លួនឈ្នះតំណែងមេឃុំចៅសង្កាត់ ប្រមាណ៥០០ ក្នុងចំណោម១៦៤៦ ឃុំសង្កាត់ទូទាំងប្រទេស សម្រាប់ការបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃអាទិត្យ។ ចំនួននេះ កើនឡើងពីចំនួន៤០ ឃុំសង្កាត់ដែលគណបក្សប្រឆាំង បានឈ្នះកាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១២។
សម្រាប់សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ ដែលគណបក្សសង្គ្រោះជាតិ បានឈ្នះតំណែងចៅសង្កាត់ ច្រើនជាងគណបក្សប្រជាជនកម្ពុជា បេក្ខជនជាស្ត្រីមកពីគណបក្សប្រឆាំងនេះ បានដណ្ដើមតំណែងចៅសង្កាត់បានវិញក្រោយពីតំណែងនេះ បានធ្លាក់ទៅលើគណបក្សប្រជាជនកម្ពុជាកាលពីអាណត្តិទី៣ ឆ្នាំ២០១២នោះ។
លោកស្រី ច័ន្ទ សំណាង បេក្ខជនចៅសង្កាត់មកពីគណបក្សសង្គ្រោះជាតិ បានឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃអាទិត្យ ដោយដណ្ដើមបានតំណែងចៅសង្កាត់ឫស្សីកែវ ពីគណបក្សប្រជាជនកម្ពុជា។
លោកស្រីធ្លាប់បានធ្វើជាចៅសង្កាត់ឫស្សីកែវនេះ អស់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ ប៉ុន្តែបានចាញ់ការបោះឆ្នោតឃុំសង្កាត់នេះវិញ កាលពីឆ្នាំ២០១២ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន៦ ក្នុងចំណោម១១អាសនៈក្នុងសង្កាត់នេះ។
លោកស្រីបានថ្លែងប្រាប់ VOA ថា៖ «ខ្ញុំបានឈ្នះការបោះឆ្នោតហើយ។ ឈ្នះបាន៧អាសនៈ»។ លោកស្រីបន្ថែមថា លោកស្រីឈ្នះជាង៣៤០០សំឡេង លើសគណបក្សកាន់អំណាច សម្រាប់ការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃអាទិត្យ។
លោកស្រីក៏បានរិះគន់ប្រព័ន្ធបោះឆ្នោតកាលពីឆ្នាំ២០១២ ថាមិនល្អដែលនាំឲ្យលោកស្រីចាញ់ការបោះឆ្នោតកាលពីអាណត្តិនោះ។
លោកស្រីមានប្រសាសន៍ថា៖ «មែនទែនប្រជាពលរដ្ឋ គាត់គាំទ្រយើង ប៉ុន្តែដល់ការបោះឆ្នោតហ្នឹង គឺមានការបោះឆ្នោតដោយមិនវិជ្ជមានហ្នឹង ដោយធ្វើឲ្យខ្ញុំទទួលលទ្ធផលអត់ល្អ»។
ទោះជាយ៉ាងណា លោកស្រីបានសរសើរប្រព័ន្ធបោះឆ្នោតនៅអាណត្តិនេះថា អាចទទួលយកបាន ទោះមិនទាន់បានប្រសើរ១០០ភាគរយ ក៏ដោយ។
ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ សម្រាប់សង្កាត់ឫស្សីកែវ គណបក្សសង្រ្គោះជាតិបានឈ្នះសំឡេងលើសគណបក្សប្រជាជនកម្ពុជា ជាង៣ពាន់សំឡេង។ នៅពេលនោះ នៅទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈសភា ចំនួន៦៨អាសនៈ លើសគណបក្សសង្រ្គោះជាតិ ដែលទទួលបាន៥៥អាសនៈ ក្នុងចំណោមអាសនៈសរុបទាំង១២៣។
សម្រាប់ការបោះឆ្នោតឃុំសង្កាត់នេះ គណបក្សប្រឆាំងបានប្រកាសថា ខ្លួនទទួលសំឡេងគាំទ្រប្រមាណ៤៦ភាគរយ ដោយទទួលបានតំណែងមេឃុំចៅសង្កាត់ប្រមាណ៥០០ ក្នុងចំណោម១៦៤៦ឃុំសង្កាត់ទូទាំងប្រទេស ដែលចំនួននេះលើសពីអាណត្តិមុនឆ្ងាយ ដែលបក្សប្រឆាំងទទួលបានតែ៤០ឃុំសង្កាត់ប៉ុណ្ណោះនៅពេលនោះ។ ចំណែកគណបក្សប្រជាជនកម្ពុជាវិញ ទទួលបានសំឡេងជាង៥១ភាគរយ ដោយរក្សាឃុំសង្កាត់ជាង១១០០ ធ្លាក់ចុះពីចំនួន១៥៩២។
នៅរាជធានីភ្នំពេញ គណបក្សសង្គ្រោះជាតិនិយាយថា ខ្លួនឈ្នះគណបក្សប្រជាជនកម្ពុជា ដោយទទួលបាន៥៧សង្កាត់ ក្នុងចំណោម១០៥សង្កាត់។
បេក្ខជនមកពីគណបក្សសង្រ្គោះជាតិ លោកស្រី ច័ន្ទ សំណាង បានថ្លែងថា ប្រជាពលរដ្ឋបានដឹងពីការងារ ភាពសកម្ម និងស្នាដៃរបស់លោកស្រីកាលពីកន្លងទៅ ក្នុងនោះរួមមានការផ្ដល់ឯកសារនៅមូលដ្ឋាន ក៏ដូចជាការចុះជួបប្រជាពលរដ្ឋ។
លោកស្រីសង្ឃឹមថា ប្រជាពលរដ្ឋនឹងគាំទ្រគណបក្សសង្គ្រោះជាតិសម្រាប់ការបោះឆ្នោតសាកលនៅឆ្នាំ២០១៨។
លោកស្រី សំណាង បានអះអាងថា ចៅសង្កាត់បច្ចុប្បន្ន លោក មូល វីរៈ បានរងការរិះគន់ពីប្រជាពលរដ្ឋថាធ្វើឯកសារយឺតយ៉ាវ។
លោកស្រីបានថ្លែងថា៖ «ចេះតែមានមិនអត់ទេ ព្រោះសេវាសាធារណៈពាក់ព័ន្ធនឹងឯកសារ ក្រដាសស្នាមអីហ្នឹង ជួនកាលប្រជាពលរដ្ឋទៅអង្គុយចាំគាត់ ខ្ញុំអត់ដឹងគាត់មានភារកិច្ចទៅណា យើងអត់ដឹងទេ។ ប៉ុន្តែប្រជាពលរដ្ឋ គាត់មករអ៊ូថា គាត់ទៅចាំពីរថ្ងៃ អត់ជួប អត់បានឯកសារ»។
លោកស្រី បានប្ដេជ្ញាថា នឹងផ្ដល់សេវាឯកសារក្នុងសង្កាត់ឲ្យបានល្អជូនប្រជាពលរដ្ឋ កសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ហើយនិងរៀបចំសន្តិសុខ និងពិនិត្យមើលបញ្ហាបរិស្ថាននៅក្នុងសង្កាត់។
អ្នកនាង ប៉ឹង ចាន់ស្រីរ័ត្ន អាយុ៣៤ឆ្នាំ ជាអ្នកបោះឆ្នោតនៅសង្កាត់ឫស្សីកែវ មានប្រសាសន៍ថា អ្នកនាងបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ដោយសារចង់បានការផ្លាស់ប្ដូរមេឃុំ និងចង់បានការផ្លាស់ប្ដូរសម្រាប់ប្រទេស។
អ្នកនាងបានថ្លែងប្រាប់ VOA ថា៖ «បេក្ខជនក៏ខ្ញុំយកចិត្តទុកដាក់ដែរ។ ប៉ុន្តែ អ៊ុំ(សំណាង)ហ្នឹង ក៏គាត់ល្អអីអញ្ចឹង ខ្ញុំគិតថាគាត់កាន់ខាងហ្នឹងក៏ល្អដែរ។ ចង់និយាយថាខ្ញុំចង់បានចៅសង្កាត់មួយដែលសុក្រឹត យុត្តិធម៌អីអញ្ចឹង»។
យុវជន អឿន គឹមហេង អាយុ២១ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យ ដែលបានបោះឆ្នោតនៅសង្កាត់ឫស្សីកែវដែរ បានថ្លែងប្រាប់ VOAថា ចៅសង្កាត់បច្ចុប្បន្នមានការផ្ដល់ឯកសារនៅតាមសង្កាត់យឺតយ៉ាវ។
លោកបន្តថា លោកចង់បានចៅសង្កាត់ ដែលមានសមត្ថភាពក្នុងការបំពេញការងារជា ផ្តល់សេវាមូលដ្ឋានឲ្យបានល្អ និងយកចិត្តទុកដាក់លើប្រជាពលរដ្ឋ។
លោកនិយាយថា៖ «និយាយទៅគណបក្សមួយណាក៏បានដែរ ប៉ុន្តែការសម្រេចចិត្តរបស់ខ្ញុំ គឺលើភាពទំនុកចិត្តរបស់ខ្ញុំ គឺជឿលើគណបក្សមួយដែលមានសមត្ថភាព ដើម្បីបំពេញកិច្ចការដល់ប្រជាពលរដ្ឋឲ្យបានល្អ នៅក្នុងភូមិសង្កាត់ ឬដើម្បីប្រទេសជាតិយើងទាំងអស់គ្នា»។
ចៅសង្កាត់ឫស្សីកែវ លោក មូល វីរៈ ដែលបានឈរឈ្មោះសម្រាប់គណបក្សប្រជាជនកម្ពុជាបានបដិសេធមិនអត្ថាធិប្បាយជាមួយVOAដោយលោកអះអាងថា លោកមិនមានពេលវេលា។
ការបោះឆ្នោតឃុំសង្កាត់នេះ ត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថា គឺជាការវាស់ស្ទង់មួយសម្រាប់ការបោះឆ្នោតសាកលនៅឆ្នាំ២០១៨។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានលើកឡើងថា លទ្ធផលបោះឆ្នោតឃុំសង្កាត់នេះ នឹងបញ្ជាក់ពីលទ្ធផលនៃការបោះឆ្នោតសាកលនៅឆ្នាំ២០១៨។
លោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖
«សំឡេងបក្សផ្សេង សង្ឃឹមថា បក្សទាំងនោះនឹងចេះបូកលេខខ្លួនឯង ហើយប្រៀបធៀបទៅនឹងអាសនៈក្នុងសភា ដែលអាចបញ្ជាក់ច្បាស់រួចទៅហើយថាគណបក្សប្រជាជននឹងនៅតែជាគណបក្សមានសំឡេងភាគច្រើនក្នុងសភា និងដឹកនាំរាជរដ្ឋាភិបាលបន្តទៀត។ សំឡេងឆ្នោតឆ្នាំ២០១៨ នឹងមិនខុសគ្នាជាមួយសំឡេងឆ្នោតពេលនេះប៉ុន្មាននោះទេ»។
ចំណែក ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានថ្លែងថាលោកសង្ឃឹមថាគណបក្សរបស់លោកនឹងឈ្នះការបោះឆ្នោតសាកលឆ្នាំ២០១៨ ដោយលោកថាលទ្ធផលបោះឆ្នោតឃុំសង្កាត់ ជាជំហានជោគជ័យដ៏ធំមួយ៕