កងកម្លាំងសហព័ន្ធរបស់សហរដ្ឋអាមេរិកបានប្រើផ្សែងបង្ហូរទឹកភ្នែកចំពោះហ្វូងបាតុករដែលបានប្រមូលផ្តុំនៅក្រៅបរិវេណតុលាការសហព័ន្ធនៅក្នុងទីក្រុង Portland រដ្ឋ Oregonកាលពីល្ងាចថ្ងៃពុធ។
បាតុករនៅទីនោះបានធ្វើការតវ៉ាជាប់ៗគ្នារយៈពេល៥៦ថ្ងៃមកហើយ ប្រឆាំងនឹងអំពើហិង្សារបស់មន្ត្រីប៉ូលិស ការរើសអើងជាតិសាសន៍ និងការពង្រាយកម្លាំងសហព័ន្ធនៅក្នុងទីក្រុងPortland នាពេលថ្មីៗនេះ។
អភិបាលក្រុង Portland លោក Ted Wheeler បានចូលរួមបាតុកម្មនៅមុខតុលាការសហព័ន្ធ ហើយស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវផ្សែងបង្ហូរទឹកភ្នែកនេះ។
អភិបាលក្រុងរូបនេះបានប្តេជ្ញាថាលោកឈរខាងបាតុករ ប៉ុន្តែបាតុករជាច្រើនបានស្រែកប្រឆាំងលោក។ អ្នករិះគន់ថាលោក Wheeler បរាជ័យមិនអាចគ្រប់គ្រងស្ថាប័នប៉ូលិសក្រុងបាន ហើយម្ចាស់អាជីវកម្មថាលោកមិនអាចរក្សាសណ្តាប់ធ្នាប់ទីក្រុងបាន។
កាលពីថ្ងៃពុធ រដ្ឋអាជ្ញារបស់រដ្ឋ Oregon ក៏បានដាក់ពាក្យបណ្តឹងចោទកងកម្លាំងសហព័ន្ធថាបានប្រើកម្លាំងហួសហេតុនិងចាប់ខ្លួនបាតុករដោយមិនមានមូលហេតុ៕