ដោយ​ខ្លាច​ត្រូវ​គេ​ចាប់ខ្លួន អ្នក​កាសែត​អូស្ត្រាលី ២ នាក់​ចាកចេញពី​ប្រទេស​ចិន

លោក Bill Birtles អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ឲ្យ​បណ្តាញ​ទូរទស្សន៍ ABC ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង ពេលបានទៅដល់ទីក្រុងស៊ីដនី អូស្ត្រាលី។ (រូបថតដោយ៖ TARYN SOUTHCOMBE/ABC NEWS/AFP)

អ្នក​កាសែត​អូស្ត្រាលី ២ នាក់​បាន​ចាកចេញ​ពី​ប្រទេស​ចិន​ កាលពី​យប់​ថ្ងៃ​ច័ន្ទ ដោយសារ​ខ្លាច​ត្រូវ​គេ​ចាប់ខ្លួន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​និយោជក​របស់​ពួកគេ​ នៅ​ថ្ងៃ​អង្គារ​នេះ។

លោក Bill Birtles អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ឲ្យ​បណ្តាញ​ទូរទស្សន៍ ABC ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង និង​លោក Michael Smith អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត Australian Financial Review ប្រចាំ​នៅ​ទីក្រុង​សៀងហៃ បាន​ជ្រកកោន​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​ នៅ​ក្នុង​ស្ថានទូត​អូស្ត្រាលី ​ក្នុង​ទីក្រុង​ប៉េកាំង មុន​ពេល​ចាកចេញ​ពី​ប្រទេស​ចិន ដោយ​អមដំណើរ​ដោយ​អ្នក​ការទូត​អូស្ត្រាលី។

ពួកគេ​បាន​ទៅ​ដល់​ទីក្រុង​ស៊ីដនី​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​បណ្តាញ​ទូរទស្សន៍ ABC។

ការ​ចាកចេញ​យ៉ាង​ប្រញាប់ប្រញាល់​នេះ​បាន​កើត​ឡើង បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​លោក Cheng Lei ដែល​ជា​អ្នក​យក​ព័ត៌មាន​ផ្នែក​ពាណិជ្ជកម្ម​ជនជាតិ​អូស្ត្រាលី ដែល​ធ្វើ​ការ​ឲ្យ​បណ្ដាញ​ទូរទស្សន៍ CGTN ផ្សាយជា​ភាសា​អង់គ្លេស​របស់​រដ្ឋ​ចិន ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់​ កាល​ពី​ខែ​មុន។

ការចាប់​ខ្លួន​នេះ​បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​ មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង៕