ការព្រួយ​បារម្ភ​កើនឡើង​ពេល​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​វាយ​ប្រហារ​ផ្ទួនៗ

លោក ពូក ចន្តា អាយុ៤៨ឆ្នាំ (ឆ្វេង) ជាអង្គរក្សរបស់លោកសម រង្ស៊ី មេដឹកនាំគណបក្សសង្រ្គោះជាតិ និង​លោក ស៊ិន បូណា អាយុ៥៩ឆ្នាំ អតីតចៅសង្កាត់កោះដាច់របស់គណបក្សសង្រ្គោះជាតិ ក្នុងខណ្ឌជ្រោយចង្វារ ត្រូវបានជនមិនស្គាល់មុខវាយនឹងដំបងដែក បណ្តាលឲ្យអ្នកទាំងពីររងរបួស ម្នាក់បែកក្បាល និងម្នាក់ទៀតបាក់ដៃ។

អំពើ​ហិង្សា​ទៅ​លើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​​បាន​កើតឡើង​ផ្ទួនៗ​ ហើយ​ក្នុងរយៈ​ពេល​បួន​ថ្ងៃ​អ្នក​គាំទ្រ​នយោបាយ​អតីត​បក្ស​ប្រឆាំង​ដ៏ធំ​មួយ​នេះ​ចំនួន​ពីរនាក់​រង​ការ​វាយ​ប្រហារ​ដោយ​ដំបង​ដែក​ដូចគ្នា។

អង្គុយ​នៅ​លើ​គ្រែ​ក្រោម​ផ្ទះឈើ សសរថ្ម លោក ស៊ិន បូណា អតីត​ចៅ​សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយ​ចង្វារ ​រាជធានី​ភ្នំពេញ​ របស់​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​រំលាយចោល​បាន​យក​ក្រមា​ដណ្តប់​ព័ទ្ធ​ជុំវិញ​ខ្លួន ​ដោយបក់រំហើយ​ខ្លួន​ដោយ​កង្ហារ​មួយ​នៅ​ពីចំហៀង​ខ្លួន​របស់​លោក។

Your browser doesn’t support HTML5

ការព្រួយ​បារម្ភ​កើនឡើង​ពេល​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​វាយ​ប្រហារ​ផ្ទួនៗ


កំភួន​ដៃ​ឆ្វេង​របស់​លោក​ដាក់​កល់​លើ​ខ្នើយដែល​ទ្រ​ដោយ​ភ្លៅ​ឆ្វេង ត្រូវ​រុំជិត​ដោយស្បៃ​រុំ​របួស​ពណ៌​ស ដិតដាម​ដោយ​ស្នាមថ្នាំលាប​របួស​ពណ៌ក្រហម។

កាល​ពីថ្ងៃពុធទី​២៥ ខែកញ្ញា​នេះ អតីត​ចៅ​សង្កាត់​អាយុ៥៩​ឆ្នាំ រូ​បនេះ​ត្រូវ​ជន​មិន​ស្គាល់​មុខ ធាក់​ផ្តួល​ម៉ូតូ​របស់​លោក​នៅ​ពេល​ដែល​លោកកំពុង​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ រួច​ជន​មិន​ស្គាល់មុខ​ដែល​ពាក់​មួក​ឃ្លុប​បិទ​មុខជិត ​បាន​ដេញវាយ​សំពងពី​ក្រោយ។ រូបភាព​ដែល​បង្ហាញតាម​បណ្តាញ​សង្គម​និង​ត្រូវ​គេចែក​ចាយ​តគ្នា ​បង្ហាញថាអ្នក​វាយ​ប្រហារ​ដែល​មានមាឌធំដំបង​ស្លៀក​សម្លៀក​បំពាក់ជាជន​ស៊ីវិល មាន​សៀត​កាំភ្លើង​ខ្លី​នៅ​ជាប់​នឹង​ចង្កេះ​ក្នុង​ពេល​កំពុង​ដេញ​វាយ​សំពង​លើ​ស៊ិន បូណា។

លោក​រៀប​រាប់​ នៅ​ផ្ទះ​របស់​លោកក្នុង​ភូមិ​កោះដាច់ កាល​ពីថ្ងៃ​ព្រហស្បតិ៍​គឺ​មួយ​ថ្ងៃ​ក្រោយ​ពីការវាយ​ប្រហារថា លោក​ត្រូវជន​មិន​ស្គាល់​អត្តសញ្ញាណ​តាម​ដាន​ជាច្រើន​ថ្ងៃ​មុន​នឹង​ពួកគេ​វាយ​ប្រហារ​មក​លើ​រូប​លោក​ជា​ចំហនេះ។

«មុន​ហ្នឹង គឺ​មាន​ជន​មិន​ស្គាល់​មុខ គាត់​បាន​ថត​ស្លាក​លេខ​ឡាន​ខ្ញុំ​ម្តង។ ហើយ​ក្រោយ​មក​ទៀត ក៏​បាន​មាន​ប្រជាពលរដ្ឋ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ឲ្យប្រយ័ត្ន​ខ្លួន ព្រោះ​មាន​គេ​តាម​ដាន។ ហើយ​ខ្ញុំ​ប្រាប់​គាត់​ទៅ​វិញ​ថា ខ្ញុំ​អត់​មាន​រឿង​អី ហេតុ​អី​មកតាម​ដាន។ខ្ញុំ​អត់​ដែល​គិត​ថា​ខ្លួន​ខ្ញុំ​សត្រូវ​ជាមួយ​អ្នកណា​ទេ»។

លោក ស៊ិន បូណា អាយុ៥៩ឆ្នាំ អតីតចៅសង្កាត់កោះដាច់របស់គណបក្សសង្រ្គោះជាតិ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលត្រូវបានលបវាយដោយដំបងដែក រហូតដល់បាក់ខ្នងដៃ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)

ឆ្អឹង​ដៃ​ឆ្វេង​របស់​លោក ​បូណា បាន​បាក់​ ហើយត្រូវ​ពេទ្យវះកាត់​និង​ដាក់​តដែក។ លោកអះអាងថា ជន​ប្រព្រឹត្ត​ប៉ុនប៉ង វាយ​បំបែកក្បាល​របស់​លោក ​ តែ​លោក​បាន​ពាក់​មួកសុវត្ថិភាព​ការពារ​ខ្លួន​ពេល​កំពុង​ជិះម៉ូតូ ដូច្នេះជន​ដៃ​ដល់​បានព្យាយាម​វាយសំដៅ ​ក ​របស់​លោក តែ​លោក​បាន​យក​ដៃ​ធ្វេង​រង រហូត​ដល់​បាក់​ក​ដៃ។

ការវាយ​ប្រហារជា​ចំហ​នេះ បាន​ធ្វើ​ឲ្យ​សកម្មជន​នយោបាយ​រូប​នេះបាក់ស្បាត។

«ការ​ដើរ​ហើរ​បស់​ខ្ញុំ ចាប់​ពី​ពេល​នេះ​ត​ទៅ លែង​មាន​សិទ្ធិ​សេរីភាព​អី​ទៀត​ទេ។ ខ្ញុំ​ដើរ​លេង​បាន​ហើយ។ គេ​ប៉ុន​ប៉ង​ខ្ញុំ​ប៉ុន​នេះ​ហើយ ខ្ញុំ​ដើរ​ម៉េច​បាន​ទៀត»។

អំពើ​ហិង្សា​ទៅ​លើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិបាន​កើតឡើង​ផ្ទួនៗ​ ហើយ​ក្នុងរយៈ​ពេល​បួន​ថ្ងៃ​អ្នក​គាំទ្រ​នយោបាយ​អតីត​បក្ស​ប្រឆាំង​ដ៏ធំ​មួយ​នេះ​ចំនួន​ពីរនាក់​រង​ការ​វាយ​ប្រហារ​ដោយ​ដំបង​ដែក​ដូចគ្នា។

លោក ​ពូក ចន្តា ​ប្រធាន​ក្រុម​កងការពាររបស់​លោក​សម រង្ស៊ី ត្រូវជន​មិនស្គាល់មុខ​វាយ​ដោយ​ដំបង​ដែក​លើ​ក្បាល នៅ​ពេល​លោក​ចេញ​ពី​ទិញ​ម្ហូប​នៅ​ផ្សារ​និង​ដើរ​សំដៅ​ទៅ​ផ្ទះ​លោកសម រង្ស៊ី ដែល​លោក​យាម​នៅ​ទីនោះ​ជាប្រចាំថ្ងៃ។ ក្បាល​របស់​លោករយះ និង​ត្រូវដេរចំនួន​ប្រាំថ្នេរ។ នៅ​ពេល​នេះ​របួស​របស់​កង​ការពារ​លោកសម រង្ស៊ី រូប​នេះមិន​ទាន់​ជា​សះស្បើយ​នៅឡើយ​ទេ។

ក្នុង​បទសម្ភាសន៍​ផ្ទាល់​ជាមួយ ​វីអូអេ​ នៅទីស្នាក់​ការអតីតគណបក្ស​សង្គ្រោះជាតិ ក្នុងសង្កាត់​ចាក់​អង្រែលើ ខណ្ឌមានជ័យ លោក​មាន​ប្រសាសន៍​ថា​ ការវាយ​ប្រហារ​លើ​រូប​លោកមិន​មែន​ទាក់​ទង​នឹង​គំនុំ​នោះទេ ប៉ុន្តែ​ទាក់​ទង​នឹងការ​ត្រៀម​ទទួល​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី។

«ខ្ញុំ​មិន​ដែល​ជម្លោះ​ជាមួយ​ពី​ណា​ផង ហើយ​អញ្ចឹង​បាន​ន័យ​ថា​លប​វាយ​ខ្ញុំ ដើម្បី​ចង់​សម្លាប់​ខ្ញុំ [ដើម្បី]​គំរាម​សកម្មជន​សង្រ្គោះ​ជាតិ​ដែល​គេ​ចាំ​ទទួល​លោក​ប្រធាន​សម រង្ស៊ី»។

លោកសម រង្ស៊ី ​បាន​ប្រកាស​ជា​សាធារណៈថា​ លោក​នឹង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជាវិញ​នៅ​ថ្ងៃទី​៩ ​ខែវិច្ឆិកា ក្រោយ​ពី​លោក​ស្ថិត​ក្នុង​ជីវិត​និរទេស​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។

រដ្ឋាភិបាល​បានព្រមាន​ចាប់​ខ្លួនពលរដ្ឋ​ណា​ដែល​ចេញ​មុខ​ទៅ​ទទួល​លោក​សម រង្ស៊ី ហើយ​អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ ដោយ​សារ​តែ​រដ្ឋា​ភិបាល​ចាត់​ទុកថា​ការ​វិលត្រឡប់​មកវិញ​របស់​លោក​ ​សម​ ​រង្ស៊ី​ ​ ដោយ​មាន​ចេតនា​ធ្វើ​រដ្ឋប្រហារ​រដ្ឋាភិបាល​បច្ចុប្បន្ន។

លោក ពូក ចន្តា អាយុ៤៨ឆ្នាំ ជាអង្គរក្សរបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលត្រូវបានលបវាយដោយដំបងដែករហូតដល់របួសក្បាល កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់បែកក្បាល ដេរ៥ថ្នេរ។ (ស៊ុន ណារិន/VOA Khmer)

អង្គរក្ស​របស់​លោក សម រង្ស៊ី លោកពូក ចន្តា ​បញ្ជាក់​ថា ​លោក​បាន​ត្រៀម​ខ្លួន​ទៅ​ការពារ​លោក សម រង្ស៊ី ប្រសិន​បើ​លោក​ត្រឡប់​មក​កម្ពុជា​វិញ។

មុន​ការ​វាយ​ប្រហារ​លើ​សកម្មជន​ទាំង​ពីរ​គឺ​លោក​ស៊ិន បូណា​ និង​លោកពូក​ ចន្តា ក៏​មាន​ការ​វាយ​ប្រហាររ​លើ​លោក ស៊ីន សំអាត អតីត​ចៅសង្កាត់​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​ នៅ​សង្កាត់​ផ្សារ​អូរឬស្សី​ទី​៣ រាជធានី​ភ្នំពេញ រហូត​ដល់​បែក​ក្បាល​ផងដែរ។

មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ កញ្ញា កឹម មនោវិទ្យា និង​ជា​កូនស្រី​របស់​លោក កឹម សុខា បាន​ចាត់​ទុកថា​«នេះ​ជា​ការ​លួច​វាយ​ប្រហារ​ជា​ប្រព័ន្ធ​មក​លើ​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ជា​អំពើ​ព្រៃផ្សៃ​និង​កំសាក​បំផុត»។

កញ្ញា កឹម មនោវិទ្យា បាន​ហៅ​អំពើ​ហិង្សាមកលើ​សកម្មជន​អតីត​បក្ស​ប្រឆាំង​ថា ជាចេតនា​គំរាម​កំហែង​មក​លើ​ពួកគេ។

ប៉ុន្តែលោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់នេះ។

«អាហ្នឹង​គឺ​ជា​ប្រពៃណី​សម្រាប់​គាត់​លើក។ ឲ្យ​តែ​មាន​ជន​រង​គ្រោះ គឺ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ ទាល់​តែ​ស្វែង​រក​ការ​ពិត​វា​យ៉ាង​ម៉េច។ ខ្ញុំ​មិន​ហ៊ាន​វិនិច្ឆ័យ​ថា​យ៉ាង​ម៉េច ចាំ​មើល​ការ​ស្រាវជ្រាវ​របស់​អាជ្ញាធរ​វា​យ៉ាងម៉េច»។

ជន​រង​គ្រោះ​ដោយសារ​ការ​លប​វៃ​របស់​ជន​ដៃ​ដល់ លោក​ស៊ិន បូណា និង​លោក​ពូន ចន្តា បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​របស់ពួក​ខ្លួន​ និង​ចាប់​ជន​ដៃដល់​មក​ផ្តន្ទា​ទោស​ឲ្យបាន។

លោក​ឧត្តម​សេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ប្រាប់​VOA នៅថ្ងៃ​សុក្រ​នេះថា សមត្ថកិច្ច​នឹង​ខិត​ខំ​ស្រាវជ្រាវ​រក​ជន​ដៃ​ដល់។

«ខ្ញុំ​បាន​បញ្ជា​ទៅ​តាម​បណ្តា​ខណ្ឌ ហើយ​និង​ការិយាល័យ​ជំនាញ ដើម្បី​សហការណ៍​គ្នា​ហើយ​និង​ស្រាវ​ជ្រាវ​វែក​មុខ​រក​អ្នក​ប្រព្រឹត្ត​ហ្នឹង​ហើយ។ ពិបាក​បន្តិច​ដែរ ដោយសារ​គាត់​ពាក់​មួក​សុវត្ថិភាព​អីចឹង​ណា។ ប្រសិន​បើ​គាត់​អត់​ពាក់​មួយ​អី​ទេ យើង​ឃើញ​មុខ​វា​ច្បាស់»។

គណបក្ស​សង្គ្រោះជាតិត្រូវ​បាន​រំលាយ​កាល​ពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៧។ បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​ សកម្មភាព​ និង​ការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ពី​សំណាក់​អតីត​មន្រ្តី​បក្ស​ប្រឆាំង​ជា​ពិសេស​សកម្មជន​ថា្នក់​ជាតិ​និង​ក្រោម​ជាតិ ​ ត្រូវ​បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អាជ្ញាធរ​មាន​ជំនាញ។ ករណី​ខ្លះ​ សកម្មជន​ទាំង​នោះ​ត្រូវ​បាន​កោះ​ហៅ​ទៅ​សាកសួរ និង​ចាប់​ដាក់​ពន្ធនាគារ​ផង​ដែរ។

យោង​តាម​គណបក្សប្រឆាំង រហូត​មក​ដល់​ពេល​នេះ យ៉ាង​ហោច​ណាស់សកម្មជន​របស់​ខ្លួន​ចំនួន​២៦​នាក់​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ចាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​និង១៤៧នាក់​ផ្សេងទៀត​ ​ត្រូវ​បាន​កោះ​ហៅ​ទៅ​សួរនាំ​រឿង​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​គណបក្ស​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​។

អ្នក​រាយការណ៍​ពិសេស​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​អំពាវនាវកាល​ពី​ថ្ងៃ​ពុធ ​ឲ្យ​កម្ពុជា​ស្តារសិទ្ធិ និង​សេរីភាព​របស់​ប្រជាជន​កម្ពុជា​ឡើង​វិញ ដោយអ្នក​ស្រី​ចាត់​ទុក​ថា​បញ្ហា​ទាំង​ពីរ​កំពុងស្ថិត​ជា​បញ្ហា​កង្វល់​នៅ​ក្នុង​ប្រទេស​កម្ពុជា៕