កាលពីពីរបីសប្តាហ៍មុននេះ មានគ្រួសារយ៉ាងតិចណាស់១៦០បានចាកចេញពីផ្ទះសម្បែងនៅក្នុងខេត្ត Nangarhar នាប៉ែកខាងកើតប្រទេសអាហ្វហ្គានីស្ថាន ដោយសារការវាយប្រហារដោយពួករដ្ឋឥស្លាម និងការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន គាំទ្រដោយស.រ.អា.និងពួកជីវពលផ្សេងៗគ្នា។
គ្រួសារជាង៤០០បានចាកចេញពីលំនៅដ្ឋាននៅក្នុងខេត្តនេះកាលពី១០ខែមុននេះ។ គ្រួសារនៅក្នុងខេត្តនេះនិយាយថាពួកគេចាកចេញពីផ្ទះដើម្បីរត់គេចខ្លួនចេញពីអំពើហិង្សាដោយពួកជនសកម្មប្រយុទ្ធ។
លោក Khan Mohammad ដែលជាបុរសម្នាក់ខ្ចាត់ព្រាត់ពីផ្ទះសម្បែងបាននិយាយប្រាប់ VOA ថា «ក្នុងពេលពីរបីថ្ងៃមកហើយដែលពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម បានលេចមកវិញហើយការប្រយុទ្ធគ្នាជាថ្មីក៏បានចាប់ផ្តើមមានឡើង។ យើងគ្មានជម្រើសទេក្រៅពីទៅជ្រកកោននៅក្នុងទីរហោដ្ឋានក្នុងតំបន់ត្រួតត្រាដោយរដ្ឋាភិបាល»។
គ្រួសារ២៥០ក្នុងបណ្តាគ្រួសារទាំងអស់ដែលបានចាកចេញពីផ្ទះសម្បែងមកពីស្រុក Pachir Wa Agam នៃខេត្ត Nangarhar ដែលនៅទីនោះពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម មានសកម្មភាពហើយប្រយុទ្ធនឹងកងកម្លាំងសន្តិសុខរដ្ឋាភិបាលនិងបះបោរ Taliban ដើម្បីដណ្តើមការត្រួតត្រាដែនដី៕