សហរដ្ឋ​អាមេរិក​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Johnson & Johnson

ដប​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ត្រូវ​បានថត​នៅ​ពី​មុខ​ស្លាកសញ្ញា​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Johnson & Johnson។

ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ (FDA) របស់​សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន Johnson & Johnson កាល​ពី​ថ្ងៃ​សៅរ៍។ វ៉ាក់សាំង​របស់​ក្រុមហ៊ុន​នេះ​តម្រូវ​ឲ្យ​ចាក់​តែ​មួយ​ដូស​តែ​ប៉ុណ្ណោះ។

ការ​អនុញ្ញាត​នេះ​បើកផ្លូវ​ឲ្យ​មាន​ការ​ចាក់​វ៉ាក់សាំង​នេះ​ដល់​សាធារណជន​ឲ្យ​បាន​លឿន​បំផុត​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក។

វ៉ាក់សាំង​របស់​ក្រុមហ៊ុន Johnson & Johnson មាន​ប្រសិទ្ធភាព​ចំនួន ៨៥% មិន​ឲ្យ​អ្នក​ជំងឺ​កូវីដ១៩ មាន​អាការៈ​ធ្ងន់ធ្ងរ ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ និង​ស្លាប់​ដោយសារ​ជំងឺ​នេះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ការ​សិក្សា​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទ្វីប​ចំនួន ៣ ។

វ៉ាក់សាំង​នេះ​អាច​បង្ការ​ជំងឺ​កូវីដ១៩ នៅ​តាម​បណ្ដា​ប្រទេស​នានា រួម​ទាំង​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដែល​កំពុងតែ​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ វិវត្ត​ថ្មី​ផង​ដែរ។

វ៉ាក់សាំង​ដែល​តម្រូវ​ឲ្យ​ចាក់​តែ​មួយ​ដូស​នេះ​គឺ​ជា​អ្វី​ដែល​ក្រុម​មន្ត្រី​សុខាភិបាល​បាន​រង់ចាំ​យ៉ាង​អន្ទះសារ​ជាយូរ​មក​ហើយ ដែល​ពួកគេ​ចង់​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ និង​ជំងឺ​កូវីដ១៩ វិវត្ត​ថ្មី​នេះ។

គិត​ត្រឹម​ល្ងាច​ថ្ងៃ​សៅរ៍ ពលរដ្ឋ​អាមេរិកាំង​ជាង ២៨ លាន ៥ សែន​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ១៩ ហើយ​ពលរដ្ឋ​ជាង ៥ សែន ១ ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ស្ងើច​សរសើរ​អំពី «ដំណឹង​ដ៏​ល្អ​នេះ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់» នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍។ លោក​ក៏​បាន​ជំរុញ​ផង​ដែរ​កុំ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​មាន​ការ​ធ្វេស​ប្រហែស។

លោក​ប្រធានាធិបតី Biden បាន​ថ្លែង​ថា៖ «ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​នេះ​នៅ​វែងឆ្ងាយ​តទៅ​ទៀត»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​ជំរុញ​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់​ឲ្យ​បន្ដ​លាង​ដៃ រក្សា​គម្លាត​ពី​គ្នា និង​ពាក់​ម៉ាស់​ជាប់​ជានិច្ច។ ដូច​ដែល​ខ្ញុំ​បាន​និយាយ​ជាច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ ស្ថានភាព​នេះ​នៅតែ​អាច​កាន់តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត ដោយសារតែ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ វិវត្ត​ថ្មី ហើយ​ស្ថានភាព​ដែល​ប្រសើរ​ឡើង​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទំនងជា​នឹង​អាច​ផ្លាស់ប្ដូរ​ទៅ​ជា​អាក្រក់​ជាង​មុន​បាន»៕