លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកំពុងបញ្ជាឲ្យពិនិត្យមើលឡើងវិញជាបន្ទាន់ថាតើក្រសួងយុត្តិធម៌និងការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ធ្វើការឆ្លើយតបដល់ការព្រមានអំពីពួកអ្នកសម្លាប់មនុស្សដ៏ច្រើនៗយ៉ាងដូចម្តេច។
ចំណាតការនេះកើតមានឡើងបន្ទាប់ពីការសារភាពកាលពីថ្ងៃសុក្រដោយការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ដែលជាទីភ្នាក់ងារពង្រឹងច្បាប់កំពូលជាតិថា ខ្លួនបានមិនអើពើអំពីការខ្សុចប្រាប់អំពីខ្មាន់កាំភ្លើងដែលបានសម្លាប់មនុស្ស១៧នាក់ហើយនឹងធ្វើឲ្យមនុស្ស១៤នាក់ទៀតរងរបួសនៅឯសាលារៀនមួយកន្លែងនៅក្នុងរដ្ឋ Floridaកាលពីថ្ងៃពុធ។
លោក Jeff Sessionsរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានស្តីបន្ទោសការិយាល័យស៊ើបអង្កេតសហព័ន្ធ FBIថា «ឧបទ្ទវហេតុនេះហួសពីការពិនិត្យមើលឡើងវិញនូវការភណ្ឌច្រឡំទៅទៀត ប៉ុន្តែក៏ជាការពិនិត្យមើលថាតើយើងឆ្លើយតបយ៉ាងដូចម្តេច។ការណ៍នេះរួមបញ្ចូលទាំងលទ្ធភាពនៃការពិគ្រោះជាមួយសមាជិកក្រុមគ្រួសារ មន្រ្តីសុខភាពខាងផ្លូវចិត្ត មន្រ្តីសាលាហើយនឹងមន្រ្តីពង្រឹងច្បាប់នៅថ្នាក់មូលដ្ឋាន»។
ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បានទទួលស្គាល់កាលពីថ្ងៃសុក្រថា ខ្លួនមិនបានធ្វើទៅតាមពិធីការដែលបានបង្កើតឡើងបន្ទាប់ពីបានទទួលព័ត៌មានអំពី Nikolas Cruzដែលជាអ្នកបាញ់ប្រហារតាមរយៈការខ្សុចប្រាប់នោះលើប្រព័ន្ធ Website មក។ ការិយាល័យស៊ើបអង្កេតសហព័ន្ធFBIបានប្រាប់ឲ្យដឹងថា មនុស្សម្នាក់ដែលមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយ Cruz បានទុកព័ត៌មាននោះកាលពីថ្ងៃទី៥ ខែមករាអំពីគោលបំណងរបស់ក្មេងជំទង់នោះដើម្បីសម្លាប់មនុស្សហើយនឹងសេចក្តីលម្អិតពីការរំខានផ្សេងៗទៀត៕