ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI របស់សហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្លួន កំពុងស៊ើបអង្កេតលើឧបទ្ទវហេតុមួយ ដែលបានកើតឡើងកាលពីថ្ងៃសុក្រ ដោយនៅក្នុងនោះ ក្បួនរថយន្តដែលមានដោតទង់បង្ហាញការគាំទ្រចំពោះលោកប្រធានាធិបតី Donald Trump បានឡោមព័ទ្ធរថយន្តក្រុងមួយគ្រឿងដែលដឹកបុគ្គលិកនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden នៅលើផ្លូវល្បឿនលឿនមួយនៅរដ្ឋ Texas។ នេះ បើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ឧបទ្ទវហេតុនេះ ត្រូវបានគេថតបាននៅក្នុងវីដេអូមួយ ដែលលោក Trump បានយកមកបង្ហោះបន្តតាម Twitter កាលពីថ្ងៃសៅរ៍ ដោយមានភ្ជាប់នូវសារថា «ខ្ញុំស្រឡាញ់រដ្ឋ Texas»។
ឧបទ្ទវហេតុនេះ បានបណ្តាលឲ្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden លុបចោលព្រឹត្តិការណ៍ឃោសនាបោះឆ្នោតយ៉ាងតិច ២ កន្លែងនៅក្នុងរដ្ឋ Texas ស្របពេលដែលគណបក្សប្រជាធិបតេយ្យ បានចោទប្រកាន់លោក Trump ថា បានលើកទឹកចិត្តអ្នកគាំទ្ររបស់លោកឲ្យប្រឡូកនៅក្នុងសកម្មភាពគំរាមកំហែង។
រូបភាពវីដេអូនៃហេតុការណ៍នេះបានបង្ហាញថា ក្រុមរថយន្តប្រភេទ Pickup និង SUV ដែលមានដោតទង់គាំទ្រលោក Trump បានឡោមព័ទ្ធរថយន្តក្រុងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden នៅពេលដែលរថយន្តនោះធ្វើដំណើរទៅទិសខាងជើងតាមបណ្តោយផ្លូវល្បឿនលឿនលេខ ៣៥ នៅចន្លោះទីក្រុង San Antonio និងទីក្រុង Austin។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden បានបញ្ជាក់ថា ក្បួនរថយន្តរបស់អ្នកគាំទ្រលោក Trump ទាំងនោះ បានព្យាយាមធ្វើយ៉ាងណាបង្ខំឲ្យរថយន្តក្រុងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួនបង្អន់ល្បឿន និងធ្លាក់ចេញពីផ្លូវ។
អ្នកស្រី Michelle Lee អ្នកនាំពាក្យទីភ្នាក់ងារ FBI នៅទីក្រុង San Antonio បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters តាមអ៊ីមែលថា៖ «FBI នៅទីក្រុង San Antonio បានដឹងអំពីឧបទ្ទវហេតុនេះ ហើយកំពុងស៊ើបអង្កេត។ មិនមានព័ត៌មានបន្ថែមនៅពេលនេះទេ»។
លោក Trump បានរិះគន់ការស៊ើបអង្កេតរបស់ FBI នេះ ដោយបានបញ្ជាក់តាម Twitter កាលពីយប់ថ្ងៃអាទិត្យថា៖ «ខ្ញុំគិតថា អ្នកស្នេហាជាតិទាំងនេះ មិនបានធ្វើអ្វីខុសនោះទេ»៕