អតីត​ប្រធាន​ FBI ​ថា​លោក ត្រាំ​ មិន​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ដំបូង​របស់​ FBI​ លើ​ករណី​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ទេ

អតីត​ប្រធាន​ FBI លោក James Comey ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​​នៅ​ក្រោយ​​ជំនួប​បិទ​ទ្វារ​ជាមួយ​គណៈកម្មាធិការ​ចំនួន​២ នៅ​វិមាន​កាពីតូល កាល​ពី​ថ្ងៃ​ទី​៧ ធ្នូ ២០១៨។

ការ​ស៊ើប​អង្កេត​ដំបូង​របស់​ទីភ្នាក់​ងារ ​FBI ​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​ទំនាក់​ទំនង​ដែល​អាច​មាន​រវាង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក ដូណាល់ ត្រាំ​ និង​រដ្ឋាភិបាល​រុស្ស៊ី ​ផ្ដោត​លើ​ជនជាតិ​អាមេរិកាំង ​៤​នាក់ និង​ផ្ដោត​លើ​ថា​តើ​ពួក​គេ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ការ​ប្រឹង​ប្រែង​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​ជ្រៀត​ជ្រែក​ចូល​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦ ឬ​ក៏​អត់។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អតីត​ប្រធាន​ទីភ្នាក់​ងារ​ FBI​ លោក James Comey ដល់​សមាជិក​សភា​អាមេរិក​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​សាក​សួរ​បិទ​ទ្វារ​កាល​ពី​ថ្ងៃ​សុក្រ។

លោក​ Comey មិន​បាន​បញ្ជាក់​ថា​ជន​ជាតិ​អាមេរិកាំង​ទាំង​៤​នាក់​នោះ​ជា​នរណា​នោះ​ទេ ប៉ុន្តែ​បាន​និយាយ​ថា លោក​ប្រធានាធិបតី ត្រាំ​ ដែល​កាល​នោះ​ជា​បេក្ខជន​ប្រធានាធិបតី​គឺ​មិន​ស្ថិត​ក្នុង​ចំណោម​អ្នក​ទាំង​៤​នោះ​ទេ។

លោក​ក៏​បាន​ប្រាប់​គណៈ​កម្មាធិការ​តុលាការ​នៃ​រដ្ឋសភា​ផង​ដែរ​ថា ផ្ទុយ​ទៅ​នឹង​ការ​អះ​អាង​របស់​លោក ត្រាំ​ លោក​គ្មាន​ទំនាក់​ទំនង​បែប​មិត្តភ័ក្ដិ​ណា​មួយ​ជាមួយ​នឹង​រដ្ឋអាជ្ញា​ពិសេស​លោក ​Robert Mueller​ ដែល​កំពុង​ដឹកនាំ​ការ​ស៊ើប​អង្កេត​ករណី​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​នោះ​ទេ។

លោក ត្រាំ​ បាន​បង្ហាញ​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​លោក Comey ​និង​លោក Mueller ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​គ្នា​ក្នុង​គោល​បំណង​រួម​គ្នា​ប្រឆាំង​នឹង​លោក។

លោក Comey និយាយ​ថា៖ «ខ្ញុំ​គោរព​លោក Mueller។ ប៉ុន្តែ​ខ្ញុំ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​របស់​លោក មិន​ដែល​ទៅ​ផ្ទះ​របស់​លោក និង​មិន​ស្គាល់​ឈ្មោះ​កូនៗ​របស់​លោក​ទេ»។

គណៈ​កម្មាធិការ​តុលាការ​នៃ​រដ្ឋសភា​បាន​ផ្សព្វផ្សាយ​កិច្ច​សម្ភាសន៍​នេះ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ បន្ទាប់​ពី​បាន​ជជីក​សួរ​លោក ​Comey អំពី​ការ​សម្រេច​ធ្វើ​ការ​ស៊ើប​អង្កេត​ទាក់​ទិន​នឹង​ប្រព័ន្ធ​អ៊ីមែល​របស់​លោកស្រី​ Hillary Clinton​ ក៏​ដូចជា​យុទ្ធនាការ​របស់​លោក ត្រាំ​ និង​ទំនាក់​ទំនង​ដែល​អាច​ទៅ​រួច​ជាមួយ​នឹង​រុស្ស៊ី៕