អ្នកនាំពាក្យក្រុមអ្នកឃោសនាបោះឆ្នោតជូនលោកស្រី Hillary Clinton បាននិយាយថា លោកស្រីបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យរូបនេះបានជួបជាមួយពួកមន្ត្រីការិយាល័យ FBI កាលពីថ្ងៃសៅរ៍ ដើម្បីបង្ហាញអំពីការប្រើប្រាស់សារអេឡិចត្រូនិច (Email) ឯកជនមួយនៅពេលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស.រ.អា.។
ការធ្វើបទសម្ភាសន៍ជិតបីម៉ោងកន្លះនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការធំរបស់ FBI ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក Nick Merrill អ្នកនាំពាក្យក្រុមអ្នកឃោសនាបោះឆ្នោតបានសរសេរនៅក្នុងសារអេឡិចត្រូនិចមួយផ្ញើទៅឱ្យបណ្តាញផ្សាយព័ត៌មានថា «លោកស្រីរដ្ឋមន្ត្រី Clinton បានផ្តល់សេចក្តីសម្ភាសន៍ដោយស្ម័គ្រចិត្តមួយកាលពីព្រឹកមិញនេះអំពីការប្រើប្រាស់ សារអេឡិចត្រូនិចរបស់លោកស្រីនៅពេលលោកស្រីកាន់តំណែងរដ្ឋមន្ត្រីការបរទេស។ លោកស្រីមានការពេញចិត្តដោយមានឱកាសជួយក្រសួងយុត្តធម៌ក្នុងការសួរនាំនិងការពិនិត្យសើរើជាថ្មីនេះដើម្បីឆ្ពោះទៅកាន់ទីបញ្ចប់»។
លោក Merrill សរសេរថា «ដោយគោរពដល់ដំណើរការស៊ើបអង្កេតនេះ លោកស្រីនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមអំពីការសម្ភាសន៍លោកស្រីទេ»។
ជំនួបនេះមានឡើងក្រោយពេលមានសេចក្តីប្រកាសរបស់លោកស្រី Loretta Lynch រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស.រ.អា.អំពីបំណងលោកស្រីក្នុងការទទួលយកអនុសាសន៍ពីពួកបុគ្គលិកប្រចាំអាជីពនៃក្រសួងយិត្តធម៌និងពួកភ្នាក់ងារសហព័ន្ធដែលពិនិត្យមើលអំពីការប្រើប្រាស់សារអេឡិចត្រូនិចឯកជនរបស់លោកស្រី Clinton។
គេរំពឹងថា ពួកមន្ត្រី FBI នឹងបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេក្នុងពេលឆាប់ៗនេះ។ ពួកអ្នកជំនាញការខាងច្បាប់បាននិយាយថា ពួកគេមិនរំពឹងថានឹងមានការចោទប្រកាន់ពីបទព្រហ្មទណ្ឌណាមួយប្រឆាំងនឹងលោកស្រី Clinton ដែលបានត្រូវសន្មតថាជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្ស
ប្រជាធិបតេយ្យទេ។
ថ្លែងនៅក្នុងសន្និសីទកំពូលមួយនៅក្នុងរដ្ឋ Colorado កាលពីថ្ងៃសុក្រ លោកស្រី Lynch បានមានប្រសាសន៍ថា ពួកភ្នាក់ងារប្រចាំអាជីពនិងពួកអ្នកស៊ើបអង្កេតដែលធ្វើការជាមួយក្រសួងយុត្តិធម៌បានធ្វើសកម្មភាពដោយឯករាជ្យហើយថាការស៊ើបអង្កេតរបស់ពួកគេធ្វើឡើងតាំងមុនពេលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕