នាយក FBI បានប្រាប់ក្រុមសមាជិកព្រឹទ្ធសភាថា រដ្ឋាភិបាលចិននិងគណបក្សកុម្មុយនិស្តចិនមានអង្គភាពទាំងផ្លូវការនិងឯកជនដាក់ពង្រាយពេញសហរដ្ឋអាមេរិកដើម្បីលួចកម្មសិទ្ធិបញ្ញារបស់អាមេរិក និងដើម្បីប្រមូលព័ត៌មានដើម្បីបញ្ជូនទៅកាន់ប្រទេសចិន។
លោក Christopher Wray នាយក FBI បានថ្លែងថា៖
«មកទល់ពេលនេះ យើងបានធ្វើការស៊ើបអង្កេតជាងមួយពាន់ករណីទៅហើយនៅទូទាំងប្រទេស ពាក់ព័ន្ធនឹងការប៉ុនប៉ងចង់លួចកម្មសិទ្ធិបញ្ញារបស់អាមេរិក មិនថាជាអំពើចារកម្មសេដ្ឋកិច្ចឬសកម្មភាពដើម្បីប្រឆាំងនឹងការកើនឡើងនៃអាវុធនុយក្លេអ៊ែរនោះទេ សុទ្ធសឹងតែត្រូវបានបញ្ជូនទៅកាន់ប្រទេសចិន»។
លោក Wray ថ្លែងថា ចិនកំពុងព្យាយាមជ្រៀតចូលក្នុងវិស័យនានារបស់អាមេរិកគឺចាប់តាំងពីក្រុមហ៊ុនទើបបង្កើតថ្មីឬ Startup និងក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់នានា មានដូចជាផ្នែកអវកាស អាកាសចរណ៍ កសិកម្មនិងវិស័យសិក្សាផងដែរ។
លោក Christopher Wray នាយក FBI បានថ្លែងថា៖
«ថ្មីៗនេះ យើងមានករណីមួយនៅក្នុងរដ្ឋ Kansas ដែលពួកគេចង់លួចកម្មសិទ្ធគ្រាប់អង្ករគុណភាពខ្ពស់មួយដែលយើងកំពុងផលិត។ អ្នកដឹងទេ កសិកម្មអាមេរិកមានគេច្រណែនចង់បានពេញពិភពលោក។ អាមេរិកគឺជាកន្លែងមួយដែលបានធ្វើនូវរឿងជាច្រើន»។
នាយក FBI បានថ្លែងថា ចិនបានប្រើប្រាស់វិធីសាស្ត្រលួចទិន្នន័យតាមអ៊ីនធើណិត តាមវិធីប្រើប្រាស់អំពើពុករលួយជាមួយជនបង្កប់ ឬប្រើប្រាស់វិធីសាស្ត្រដែលមិនស្របច្បាប់នានាដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិ ដូចជាការវិនិយោគបរទេសជាដើម។ លោកបានថ្លែងថា វិធីជាច្រើនដែលត្រូវបានប្រើប្រាស់ដើម្បីប្រមូលព័ត៌មានសម្ងាត់ គឺត្រូវការវិធីជាច្រើនដើម្បីអាចរារាំងពួកគេ។
ចិនបានចោទប្រកាន់អាមេរិកថាបានប្រើប្រាស់បទចារកម្ម ដើម្បីរារាំងការអភិវឌ្ឍរបស់ចិន។
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា៖
«ពួកគេបានប្រឌិតរឿងដោយយកបទចារកម្មជាលេសដើម្បីរិះគន់និងប្រមាថសិស្សនិស្សិត និងអ្នកវិជ្ជាជីវៈបច្ចេកវិទ្យារបស់ចិននិងសូម្បីតែអ្នកវិទ្យាសាស្ត្រជនជាតិអាមេរិកាំងដើមកំណើតចិននៅក្នុងសហរដ្ឋអាមេរិក»។
លោក Wray កាលពីថ្ងៃអង្គការ បានទទូចថា ទីភ្នាក់ងារ FBI មិនបានបន្ទោសពលរដ្ឋចិនឬពលរដ្ឋអាមេរិកាំងដើមកំណើតចិនទាំងអស់គ្នានោះទេ។
សម្រាប់រុស្ស៊ីវិញ លោកបានថ្លែងថា រដ្ឋាភិបាលក្រុងម៉ូស្គូនៅតែចង់មានឥទ្ធិពលទៅលើការបោះឆ្នោតរបស់អាមេរិក បើទោះបីជាមានការដាក់ទណ្ឌកម្មនិងកិច្ចខិតខំប្រឹងប្រែងដទៃទៀតរារាំងការជ្រៀតជ្រែកនេះក៏ដោយក្តី។ រដ្ឋាភិបាលក្រុងម៉ូស្គូបានបដិសេធការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើការជ្រៀតជ្រែកនានា៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា