លោក Fauci ថា សហរដ្ឋ​អាមេរិក​អាច​ប្រឈម​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ បន្ថែម​ទៀត បើ​បើក​ឡើង​វិញ​ឆាប់​ពេក

លោក​វេជ្ជបណ្ឌិត Anthony Fauci ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​សង្ខេប​ស្តីពី​ក្រុម​ការងារ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​កូរ៉ូណា នៅ​សេតវិមាន កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

លោក​វេជ្ជបណ្ឌិត Anthony Fauci អ្នក​ជំនាញ​កំពូល​ផ្នែក​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក បាន​ព្រមាន​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក​អាច​ប្រឈម​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ បន្ថែម​ទៀត ប្រសិនបើ​បើក​ដំណើរការ​ដូច​ធម្មតា​ឡើង​វិញ​ឆាប់​ពេក​នៅ​ថ្ងៃ​ទី ១ ខែ​ឧសភា​ខាង​មុខ ដូច​អ្វី​ដែល​លោក​ប្រធានាធិបតី Donald Trump កំពុង​ពិចារណា។

លោក Fauci បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន CNN ថា «វា​មិន​មែន​ជា​កុងតាក់​ភ្លើង» ដើម្បី​បើក​ដំណើរការ​អាជីវកម្ម​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ឡើង​វិញ ដូច​ការ​ស្នើ​របស់​រដ្ឋាភិបាល​ឲ្យ​ពលរដ្ឋ​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ៣០ ខែ​មេសា​ខាង​មុខ​នេះ​ទេ។

លោក Fauci នៅតែ​មាន​ក្ដី​សង្ឃឹម​ថា «យ៉ាង​ហោច​ណាស់​តាម​វិធី​មួយ​ចំនួន» សហរដ្ឋ​អាមេរិក​អាច​ដំណើរការ​ដូច​ធម្មតា​ឡើង​វិញ​នៅ​ខែ​ក្រោយ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា វា​ទំនងជា​មិន​ដូច​គ្នា​ទាំង​អស់​នោះ​ទេ​នៅ​តាម​កន្លែង​ផ្សេងៗ​នៅ​ក្នុង​ប្រទេស។

លោក​បាន​និយាយ​ថា ករណី​នេះ​គឺ​វា​អាស្រ័យ​លើ​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ នេះ នៅ​តាម​សហគមន៍​ជាក់លាក់​នានា និង​អាស្រ័យ​លើ​ថា​តើ​ការ​ធ្វើ​តេស្ត​បាន​បង្ហាញ​ថា មនុស្ស​ភាគ​ច្រើន​មិន​មាន​ឆ្លង​ជំងឺ​នេះ ឬ​ក៏​យ៉ាង​ណា​នោះ។

លោក​បាន​បន្ថែម​ថា ទោះបីជា​មាន​ការ​ប្រុង​ប្រយ័ត្ន​ទុក​ជា​មុន​ក៏​ដោយ ក៏ «យើង​ដឹង​ថា មនុស្ស​នឹង​ឆ្លង​ជំងឺ​នេះ ដែល​នេះ​គឺ​ជា​ការ​ពិត»។

ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​កើន​លើស ២ ម៉ឺន​នាក់ គឺ​លើស​ប្រទេស​ណាៗ​ទាំង​អស់​នៅ​លើ​ពិភពលោក ហើយ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ​អ្នក​ឆ្លង​ជំងឺ​នេះ​មាន​ចំនួន​ជាង ៥ សែន ៥ ម៉ឺន ៧ ពាន់​នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins។ គំរូ​របស់​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​បាន​ប៉ាន់ស្មាន​ថា មនុស្ស​ចំនួន ៦ ម៉ឺន ឬ​ក៏​ច្រើន​ជាង​នេះ​អាច​ស្លាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ត្រឹម​ខែ​កក្កដា​ខាង​មុខ៕