គណបក្ស Fatah របស់​ប៉ាឡេស្ទីន អំពាវនាវ​ឲ្យ​មាន​ការ​តវ៉ា​ពេល​អនុ​ប្រធានាធិបតី​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង Jerusalem

រូបភាព​ឯកសារ៖ សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​មក​ពី Al Aqsa Martyrs Brigade ដែល​មានទំនាក់ទំនង​ជាមួយចលនា Fatah ផ្តល់​សន្និសីទកាលពី​ថ្ងៃទី០៧ ធ្នូ​ ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​របស់​ប្រធានាធិបតី​ក្នុង​ការ​ទទួល​ស្គាល់​ទីក្រុង​ Jerusalem ជារដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​។

គណបក្ស​នយោបាយ​របស់​មេដឹកនាំ​ប៉ាឡេស្ទីន​លោក Mahmoud Abbas បាន​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​ការ​តវ៉ា​បញ្ចេញ​កំហឹង នៅ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence ទៅ​កាន់​ទីក្រុង Jerusalem នា​សប្ដាហ៍​ក្រោយ។

គណបក្ស Fatah បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា៖ «យើង​អំពាវនាវ​ឲ្យ​មាន​ការ​តវ៉ា​បញ្ចេញ​កំហឹង​នៅ​ឯ​ផ្លូវ​ចូល​ទៅ​កាន់​ទីក្រុង Jerusalem និង​ទៅ​កាន់​ទីក្រុង​ចាស់ នៅ​ពេល​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​នោះ​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ និង​អំពាវនាវ​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេច​របស់​លោក Donald Trump ក្នុង​ការ​ទទួល​ស្គាល់​ទីក្រុង Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​នេះ​ផង​ដែរ»។

លោក Trump បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ខឹង​សម្បា​កាល​ពី​ដើម​ខែ​នេះ នៅ​ពេល​លោក​បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ទីក្រុង Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ដោយ​សើរើ​នូវ​គោល​នយោបាយ​ទន់​ខ្សោយ​មួយ​ដែល​អនុវត្ត​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ។ មេដឹកនាំ​ប៉ាឡេស្ទីន​បាន​មាន​ប្រតិកម្ម​ដោយ​លុប​ចោល​នូវ​គម្រោង​របស់​ពួកគេ​ក្នុង​ការ​ជួប​ជាមួយ​នឹង​លោក Mike Pence។ ប៉ុន្តែ លោក Mike Pence នៅតែ​គ្រោង​ជួប​ជាមួយ​នឹង​មន្ត្រី​អ៊ីស្រាអែល​ដដែល។

ទាំង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​សុទ្ធតែ​ទាមទារ​ទីក្រុង Jerusalem ជា​រដ្ឋធានី​ពិត​ប្រាកដ​របស់​ខ្លួន។ ប៉ុន្តែ​ដោយសារ​ជម្លោះ​រឿង​ទីក្រុង Jerusalem នេះ មុខងារ​រដ្ឋាភិបាល​របស់​អ៊ីស្រាអែល​គឺ​ធ្វើ​ឡើង​នៅ​ទីក្រុង Tel Aviv ចំណែក​ឯ​មុខងារ​របស់​អាជ្ញាធរ​ជាតិ​ប៉ាឡេស្ទីន​គឺ​ធ្វើ​ឡើង​នៅ​ទីក្រុង Ramallah វិញ។

ការ​ប្រកាស​របស់​លោក Trump ពាក់ព័ន្ធ​នឹង​ទីក្រុង Jerusalem នេះ បាន​ធ្វើ​ឲ្យ​សហគមន៍​ប៉ាឡេស្ទីន​នានា​មាន​ការ​ខឹង​សម្បា ដោយ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​រាប់​ពាន់​នាក់​នៅ​តំបន់​មជ្ឈិម​បូព៌ា និង​នៅ​តំបន់​ផ្សេង​ទៀត​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេច​នេះ៕