ប្រជាកសិករ​នៅ​តាម​ព្រំដែន​ចង់​ឃើញ​អាជ្ញាធរ​តំឡើង​ថ្លៃ​ទីផ្សារ​កសិផល​

រូប​ឯកសារ៖ លោក​ អ៊ូ សុខុន ​អាយុ​៥១​ឆ្នាំ​ ​កសិករ​ម្នាក់​ទៀត​ ​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ ​នៅ​ស្រុក​អន្លង់វែង​ ​ថត​ក្នុង​ចម្ការ​ដំឡូមី​របស់​លោក​ ​នា​ថ្ងៃ​ទី០២​ខែ​សីហា​ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)

ប្រជាកសិករ​​ ក្រោយ​ពី​ការ​ប្រមូល​ផល​នៅ​តែ​បន្ត​ជួប​នូវ​បញ្ហា​ដដែល​ជា​ច្រើន​ដូច​ជា​​​តម្លៃ​​​កសិផល​ទាប​ តម្លៃ​ជី​ថ្លៃ ​ហើយ​ឈ្មួញ​អាច​កំណត់​ថ្លៃ​ស្រេច​តែ​ចិត្ត​ ដែល​ធ្វើ​ឱ្យ​​កសិករ​មិន​សូវ​ទទួល​បាន​ប្រាក់​ចំណេញ​ក្រោយ​ពី​ពេល​ពួក​គេ​ប្រមូល​ផល​តែ​ម្តង​ឬ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំៗ។​

ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ជនបទ​ដែល​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​ដោយ​ការ​ដាំ​ដំឡូង​ ​និង​ស្រូវ​អាច​ប្រមូល​ផល​ទៅ​លក់​នៅ​លើ​ទីផ្សារ​តែ​នៅ​តែ​ជួប​ ប្រទះ​នូវ​ ​បញ្ហា​តម្លៃ​កសិផល​ ​ដូច​ជា​ស្រូវ​ ​ដំឡូង​ ​ថោក​បន្ទាប់​ពី​ពួក​គេ​ប្រមូល​ ​ទិន្នផល​ ​គឺ​ជា​ការ​ប្រឈម​របស់​កសិករ​ ​ជាច្រើន​នៅ​តាម​ព្រំ ប្រទល់​ដែន​ខ្មែរ​ថៃ។​

ប្រជាកសិករ​ ក្រោយ​ពី​ការ​ប្រមូល​ផល​នៅ​តែ​បន្ត​ជួប​នូវ​បញ្ហា​ដដែល​ជា​ច្រើន​ដូច​ជា​ ​តម្លៃ​ ​កសិផល​ទាប​តម្លៃ​ជី​ថ្លៃ​ហើយ​ឈ្មួញ​អាច​កំណត់​ថ្លៃ​ស្រេច​តែ​ចិត្ត​ដែល​ធ្វើ​ឱ្យ​ កសិករ​មិន​សូវ​ទទួល​បាន​ប្រាក់​ចំណេញ​ក្រោយ​ពី​ពេល​ពួក​គេ​ប្រមូល​ផល​តែ​ម្តង​ឬ​ពីរ​ ដង​ក្នុង​មួយ​ឆ្នាំៗ។​

ថ្លែង​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​លោកស្រី​ ​សាញ់ វណ្ណា ​ម្ចាស់​ចម្ការ​ដំឡូងមី និង ស្រូវ រស់​នៅ ស្រុក​ថ្ម​ពួក​ ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​បញ្ជាក់​ថា៖

«មិន​ថា​តែ​ខ្ញុំ​ទេ​ ​ពេល​បង​ប្អូន​ប្រជាកសិករ​ធ្វើ​ដំឡូង​បាន​ ​វា​មិន​មាន​ហាង​ឆេង​ ​ហើយ​ស៊ី​សង​ទៅ​លើ​មិត្ត​ឈ្មួញ​ទេ​ ​ស្រេច​នឹង​គេ​ថា​ ​អា​ស្ងួត​បាន​មួយ​គីឡូ​បី​បាត​ ​បើ​អា​សើម​វិញ​ពីរ​គីឡូ​បាន​តែ​មួយ​បាត​ដោយ​មួយ​បាត​ស្មើ​ប្រហែល​ ​១២០​រៀល»។​

កសិករ​ម្នាក់​ទៀត​ គឺ​លោក​ ត្រេន​ ​ត្រៃ​ ​ដែល​ជា​ម្ចាស់​ចម្ការ​ដំឡូង​មី​ ​និង​ស្រូវ​ ​នៅ​ស្រុក​បន្ទាយ​អំពិល​ខេត្ត​ឧត្តរ​មាន​ជ័យ​ អាច​ផលិត​ស្រូវ​ជា​មធ្យម​បាន​៣០​ការ៉ុង​ ​ឬបី​តោន​ ​និង​ ​ដំឡូង​អាច​បាន​ទៅ​ ​ដល់​ប្រាំ​ពីរ​តោន​។​

ផលិត​ផល​ស្រូវ​រំដួល​ដែល​លោក​ផលិត​បាន​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ថោក ​ហើយ​ ​លោក​ត្រូវ​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ក្នុង​ការ​ដឹក​ផលិត​ផល​ទាំង​នេះ​ទៅ​លក់​ផង។​

លោក​បន្ថែម​ថា៖​

«​យើង​លក់​តាម​ឈ្មួញ​ដែល​គាត់​មក​ទិញ​នៅ​តាម​ភូមិ​របស់​យើង។​ ​គាត់​អ្នក​ឱ្យ​ ​តម្លៃ​ហើយ​ ​គាត់​ចាក់​មើល​ស្រូវ​យើង​ ​បើ​ស្រូវ​យើង​សុទ្ធ​បាន​ប្រាំបួន​បាត​(១០០០​ ​រៀល) ​បើ​សិន​ជា​យើង​លាយ​បាន​តែ​ ​ប្រាំ​ពីរ​បាត​កន្លះ​ទេ»។​

លោក ត្រេន ត្រៃ ​គិត​ថា​រាជ​រដ្ឋាភិបាល​គួរ​ជួយ​អនុម័ត​ឱ្យ​មាន​សេវាកម្ម​តម្លៃ​ស្រូវ​ឱ្យ​បាន​ស្តង់ដា​តម្លៃ​ច្បាស់​លាស់​មួយ​ ​ដោយ​សារ​ថា​លោក​អាច​ផលិត​បាន​តែ​ម្តង​ ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។​

«​ខ្ញុំ​ចង់​ឱ្យ​រាជ​រដ្ឋាភិបាល​ជួយ​ឱ្យ​មាន​សេវាកម្ម​តម្លៃ​ស្រូវ​ឱ្យ​មាន​ភាព​សមរម្យ​ជាមួយ​នឹង​កសិករ​ ​ហើយ​ចង់​ឱ្យ​ប្រជាកសិករ​គាត់​បាន​ ​តម្លៃ​ថ្លៃ​ខ្លះ​ ​ដើម្បី​សមរម្យ​សម្រាប់​គាត់​ប្រកប​ការងារ​កសិកម្ម​»​។​

ក្នុង​ពេល​ថ្មី​ៗ​នេះ​ក្រុម​មន្ត្រី​កម្ពុជា​កំពុង​ជំរុញ​ការ​ពិភាក្សា​នូវ​ការ​ចុះ​អនុស្សារណៈ​យោគយល់​មួយ​ជា​មួយ​ភាគី​ថៃ​ដើម្បី​ឱ្យ​ភាគី​កម្ពុជា​អាច​ដឹក​ដំណាំ​កសិកម្ម​ឆ្លង​កាត់​តាម​ផែ​ប្រទេស​ថៃ​ដែល​អាច​កាត់​បន្ថយ​រយៈ​ពេល​ ​និង​ថ្លៃ​ដឹក​ជញ្ជូន​យ៉ាង​ ​ច្រើន​ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ដាំ​ដុះ​កសិផល​ហាក់​បី​ដូច​ជា​មិន​សូវ​មានការ​យល់​ដឹងនិង​នៅ​តែ​បន្ត​មាន​ការ​ព្រួយ​បារម្ភ​អំពី​ជីវ​ភាព​និង​ការ​ដាំដុះ​របស់​ពួក​គេ។​

លោក​ស្រី ​វណ្ណា​ វិញ​គិត​ថា​ខណៈ​ដែល​រាជ​រដ្ឋាភិបាល​កំពុង​តែ​ព្យាយាម​ចុះ​នូវ​អនុស្សារណៈ​ជាមួយ​ភាគី​ថៃ​ក្តី​ ​ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​កំណត់​តម្លៃ​ស្រូវ​ ​និង​ដំឡូង​ឱ្យ​មាន​តម្លៃ​សមរម្យ​មួយ​ ​ព្រោះ​លោក​ស្រី​គិត​ថា​មិន​ថា​ ​អនុស្សរណៈ​ ​នោះ​បាន​ចុះ​ហត្ថលេខា​ក្តី​ ​ប៉ុន្តែ​កសិករ​ដូចជា​លោក​ស្រី​នឹង​បន្ត​រង​គ្រោះ​ពី​ការ​ ​កំណត់​ថ្លៃ​របស់​ឈ្មួញ​ដែល​ប្រមូល​ទិញ​ដដែល។​

លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា​ខេត្ត​មួយ​ ​ចំនួន​នៅ​តាម​ព្រំដែន​ថៃ​ដូចជា​ បន្ទាយ​មាន​ជ័យ​ឧត្តរ​មាន​ជ័យ​ ប៉ៃលិន​ ​និង​បាត់​ដំបង​នឹង​ទទួល​បាន​ប្រយោជន៍​ពី​អនុស្សារណៈ​នេះ។​ ​លោក​រំពឹង​ថា​កម្ពុជា​នឹង​អាច​មាន​ឱកាស​ដឹក​កសិផល​ចេញ​ទៅ​ប្រទេស​ ​ទី​បី​ដោយ​សារ​កម្ពុជា​នៅ​ពឹង​ផ្អែក​ទៅ​លើ​ទីផ្សារ​ថៃ​នៅ​ឡើយ។​

«យើង​អាច​នាំ​កសិផល​យើង​ទៅ​កាន់​ប្រទេស​ទី​បី​ ​ហើយ​សំខាន់​ឥឡូវ​យើង​ពឹង​ ​ទៅ​ ​លើ​ទីផ្សារ​ថៃ​ ​អញ្ចឹង​ថៃ​គាត់​អាច​បិទ​ ​គាត់​អាច​បើក​តាម​រដូវ​គាត់​ ​ធ្វើ​ឱ្យ​ ​យើង​មាន​ការ​លំបាក​»​។​

លោក​បន្ថែម​ទៀត​ថា «បើ​សិន​ជា​យើង​បើក​ទៅ​ប្រទេស​ទី​បី​ ​តំបន់​កសិកម្ម​ ​យើង​ដូច​ជា​ប៉ៃលិន​ ​បាត់ដំបង​ ​បន្ទាយ​មាន​ជ័យ​នៅ​ជិត​ផែ​ហ្នឹង​ ​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ថោក​ ដូច្នេះ​យើង​អាច​ដឹក​ទៅ​លឿន​ផង»។​

មុន​នឹង​បាន​ចេញ​ជា​ផលិតផល​ ​កសិករ​ក្រៅ​ពី​ការ​ចំណាយ​ទៅ​លើ​គ្រាប់​ពូជ​ ​ត្រូវ​គេ​ដឹង​ថា​ក៏​ត្រូវ​ចំណាយ​ទៅ​លើ​ជី​កសិកម្ម​ ​ថ្លៃ​បោក​ ​ថ្លៃ​ច្រូត​ ​និង​ត្រូវ​បង់​ពន្ធ​ ​ឬ​កុង​ត្រូល​យ៉ាង​ច្រើន​នៅ​ពេល​ដឹក​ទំនិញ​ឆ្លង​កាត់​ព្រំ​ដែន​ថៃ​ទៅ​លក់​ផង។​

កម្ពុជា​នឹង​មាន​ជំនួប​ជាមួយ​ភាគី​ថៃ​នៅ​ខែ​វិច្ឆិកា​ ​ខាង​មុខនេះ​នៅ​ខេត្ត​ប៉ៃលិន​ ​ដើម្បី​ពិភាក្សា​អំពី​សេចក្តី​ព្រាង​ដែល​កម្ពុជា​បាន​បញ្ជូន​ទៅ។​ ​មក​ទល់​សព្វ​ថ្ងៃ​ផលិតផល​កសិកម្ម​កម្ពុជា​មិន​អាច​នាំ​ចេញ​តាម​ច្រក​ផែ​សមុទ្រ​ណា​មួយ​នៃ​ប្រទេស​ថៃ​ឡើយ​ ​ហើយ​ការ​នាំ​ចេញ​បាន​ជួប​ប្រទះ​បញ្ហា​ ​ដោយ​ ​ត្រូវ​ចំណាយ​ទៅ​លើ​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​កំពង់ផែ​ក្រុងព្រះសីហនុ៕