គ្រួសារ​បារម្ភ​អំពី​ការបញ្ជូន​សកម្មជន​គណបក្ស​ភ្លើងទៀន​ដែល​ត្រូវ​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ថៃ

រូបឯកសារ៖ ស្លាក​គណបក្ស​ភ្លើង​ទៀន​នៅមុខ​លំនៅដ្ឋាន​​អ្នកស្រី ​គង់​ ចាន់​ថា​ ក្នុង​ឃុំព្រះដាក់​ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២២។ (ហ៊ុល រស្មី​/វីអូអេ)

សកម្ម​ជន​ម្នាក់​របស់​គណ​បក្ស​ភ្លើង​ទៀន​ត្រូវ​បាន​អាជ្ញាធរ​ថៃចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បន្ទាប់​ពី​បុរស​នោះ​បាន​រត់​ភៀស​ខ្លួន​ចូល​ទឹក​ដី​ថៃ ដោយសារ​ព្រួយ​បារម្ភ​អំពី​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន ព្រោះ​អាជ្ញា​ធរមូល​ដ្ឋានស្រុក​ស្អាង ខេត្ត​កណ្តាល បាន​ចុះទៅ​ដល់​ផ្ទះ​របស់​លោក។

​ការ​តាម​ចាប់​របស់​អាជ្ញាធរ​ខ្មែរ ត្រូវ​បាន​ក្រុម​គ្រួសារ និង​មន្រ្តី​សិទ្ធិ​មនុស្ស​អះ​អាង​ថា​ ពាក់​ព័ន្ធការ​បង្ហោះសារ និង​ចែក​រំលែក​ព័ត៌​មាន​លើ​បណ្តាញសង្គម​។

ម្តាយ​របស់​សកម្មជន​រូប​នោះ​ជំរុញ​កុំ​ឱ្យ​បញ្ជូន​កូន​ប្រុស​របស់​អ្នកស្រី​មក​កម្ពុជា​វិញ​។

លោក ថុល សំណាង អាយុ​៣៣​ឆ្នាំ សកម្ម​ជន​ម្នាក់របស់​គណបក្ស​ភ្លើង​ទៀន ដែល​រស់​នៅ​ក្នុង​ស្រុក​ស្អាង ​ខេត្ត​កណ្តាល បានរត់​គេច​ខ្លួនកាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ​ដោយ​សារ​តែ​អាជ្ញាធរ​មូល​ដ្ឋាន​តាម​ឃ្លាំ​មើល និង​ចុះ​ចាប់​ខ្លួនដល់​ផ្ទះ។ នេះ​បើ​តាម​ម្តាយ​របស់​លោក​ ថុល ​សំណាង គឺអ្នក​ស្រី ​ចែត ​ល័ក្ខ ​អាយុ​៥២​ឆ្នាំ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា ​កាល​ពីថ្ងៃទី​៣ ខែ​កក្កដា ​ប៉ូលិស​បាន​ចុះ​មក​ផ្ទះ​របស់​អ្នកស្រី ដើម្បី​ស្វែង​រក​កូន​ប្រុស​ច្ប​ង​របស់​អ្នក​ស្រី ក្នុង​គោល​បំណង​ចាប់​ខ្លួន​។ អ្នក​ស្រី​បញ្ជាក់​ថា ​អាជ្ញាធរមិន​បាន​បង្ហាញ​ដីកា​ចាប់​ខ្លួន​ និង​មិន​បាន​បញ្ជាក់​មូល​ហេតុ​ច្បាស់​លាស់​អ្វី​នោះ​ទេ ដោយ​គ្រាន់​តែថា ​ពាក់​ព័ន្ធនឹង​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

​ម្តាយ​របស់​សកម្មជន​រូប​នោះបញ្ជាក់ថា​៖ ​«[អាជ្ញាធរ​]ចុះ​មក​ចាប់​ហ្នឹង អត់​មាន​សួរថា ​ហ៍​! ​ឥឡូវ​អ៊ំ​ ​កូន​អ៊ំ​ឯង​ឥឡូវ​បង្ហោះ​ ឥឡូវ​គេ​មាន​ដីកា​មកចាប់​ខ្លួន​អ៊ី​ចេះ​ៗ​អី​អត់ ​[មាន​ទេ​]​។ មក​សួរ​រក​អត្ត​សញ្ញាណ​ប័ណ្ណ ហើយ​ដាក់​កម្លាំង ពង្រាយពេញ​ភូមិហ្នឹង​ម៉ង​។​ អត់​មាន​ថា​ហ៍!​ ​ចាប់​ដោយ​សា​រ​អី ធ្វើ​អី​ខុ​ស​អី​អត់»។

អ្នកស្រី​មិន​ចង់​ឱ្យអាជ្ញាធរ​ថៃ​បញ្ជូន​កូន​ប្រុស​មក​កម្ពុជា​ឡើយ ដោយ​បារម្ភ​ការ​ធ្វើ​បាប​ក្នុង​ប្រទេស។

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​សំណូម​ពរ​អត់​ឱ្យ​បញ្ជូន​មក ខ្ញុំ​ខ្លាច​មក គេ​ចាប់​ធ្វើ​បាប»។

លោក Phil Robertson ​នាយក​រង​ទទួល​បន្ទុក​នៅ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​(Human Rights Watch)​ ដែល​តាម​ដាន​ការ​ចាប់​ខ្លួន​នេះ ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉េលថា ​លោក ​ថុល សំណាង ​ត្រូវបាន​អាជ្ញាធរថៃ​ចាប់​ខ្លួន​តាម​សំណើ​របស់អាជ្ញាធរទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃទី​៧ ខែកក្កដា ទៅ​តាម​អនុស្សរណៈ​យោគ​យល់​គ្នា​ (MoU​) ​រវាង​ប្រទេស​ទាំង​ពីរ។ លោក​បន្ថែម​ថា​ អាជ្ញាធរថៃ​មាន​ចេតនា​លាក់​បាំង​ករណី​នេះ​ពី​មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ ​អ្នក​ការ​ទូត និង​អ្នក​តស៊ូ​មតិ​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល។

​លោក​ប្រា​ប់​វីអូអេថា​៖ «​រហូត​មក​ដល់​ពេល​នេះ វា​ហាក់​ដូច​ជា​យើង​អាច​បញ្ឈប់​ផែន​ការ​និរ​ទេស​ខ្លួន ​[លើសកម្មជន​នយោបាយ​រូប​នេះ​] ប៉ុន្តែយើង​កំពុង​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់»​។ លោក​បន្ថែម​ថា៖ «ថៃ​គួរ​តែ​បដិ​សេធ​មិន​ចូល​រួម​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់[​អាជ្ញាធរ​]ក្រុង​ភ្នំពេញក្នុង​ការ​គាប​សង្កត់​ឆ្លង​ដែន ដែល​ប្រឆាំង​នឹង​សកម្ម​ជន​នយោ​បាយ​គណ​បក្ស​ប្រឆាំង​»។

វីអូអេ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយ​តបពី​ស្ថាន​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជាតាម​សារ​អ៊ីម៉េល​បាន​នៅ​ឡើយ​ទេ។

ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ចុង​ឆ្នាំ​២០១៧ ថៃ​បាន​ក្លាយ​ជា​កន្លែង​មួយ​ដែល​សកម្មជន​នយោបាយ និង​សង្គម​រត់​គេច​ខ្លួន​ទៅ​ទីនោះ ហើយ​រង់ចាំ​ការ​បញ្ជូន​ទៅ​ប្រទេស​មួយ​ទៀត ជា​ពិសេស​ទៅ​សហរដ្ឋអាមេរិក។

​រដ្ឋ​លេខា​ធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​វីអូអេ​ថា​ លោក​មិន​ដឹង​ព័ត៌​មាន​អ្វី​ ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​រូប​នោះ​ឡើយ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​អធិការ​នគរ​បាល​ស្រុក​ស្អាង លោក រស់ ចន្ថា បាន​នៅ​ឡើយ​ទេ។

រហូត​មក​ដល់​រសៀល​ថ្ងៃ​ចន្ទ ទី​១០ ខែកក្កដា​នេះ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេថា លោក​ ​ថុល សំណាង ​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ ឬ​យ៉ាង​ណា។

ប្រធាន​ស្ដីទី​ចលនា​យុវជន​ថ្នាក់​ជាតិ​គណ​បក្ស​ភ្លើង​ទៀន លោក ​ថន ចន្ថា ​ចាត់​ទុក​ការ​ប៉ុន​ប៉ង​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​ការ​ចាប់​ខ្លួន​ លោក ថុល សំណាង គឺ​ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​របស់​សកម្មជន​នយោបាយ​គណបក្ស​ជំទាស់​។

លោក​បញ្ជាក់​ថា​៖ «ខ្ញុំ​យល់​ឃើញ​ថា ​ការ​តាម​ឃាត់​ខ្លួន​គាត់​នេះ គឺ​ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ រឹត​ត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​នយោ​បាយ ដោយ​សារ​តែ​គាត់​តែង​តែ​Share [ចែក​រំលែក] តែង​តែ​បញ្ចេញ​យោបល់ ​ទាក់​ទង​ទៅ​នឹង​ការ​ងារ​សង្គម​ ការងារ​សកម្មភាព​នយោ​បាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​គាត់»។

​លោក​អំពាវ​នាវ​ទៅអាជ្ញាធរ​ថៃកុំបញ្ជូន​លោក ថុល សំណាង ​មក​កម្ពុជាវិញ ដោយ​សារ​លោក​បារម្ភ​អំពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្ម​ជន​រូប​នោះ​។

​បើ​តាម​លោក ​ថន ចន្ថា លោក ថុល សំណាង ​ជា​សកម្ម​ជន​សកម្ម​ម្នាក់​របស់​គណ​បក្ស​ភ្លើង​ទៀន ​និង​ជា​យុវ​ជន​សកម្ម​ដែល​តែង​តែ​ចូល​រួម​កិច្ច​ការ​សង្គម ​ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​អំពើ​អយុត្តិ​ធម៌ក្នុង​សង្គម​៕