ក្រុមគ្រួសាររបស់សកម្មជនគណបក្សជំទាស់ក្នុងខេត្តស្វាយរៀងបានអំពាវនាវឱ្យដោះលែងលោក ពៀក វណ្ណា ដែលត្រូវបានចោទប្រកាន់ថា ស្លៀកពាក់សម្លៀកបំពាក់យោធាខុសច្បាប់។
លោក ពៀក វណ្ណា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តស្វាយរៀង កាលពីថ្ងៃទី ២៩ ខែកក្កដា ដោយរងការចោទប្រកាន់ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ ខណៈលោកបានស្លៀកពាក់សម្លៀកបំពាក់យោធា (អាវប៉ារ៉ា)ទៅប្រើប្រាស់ជាសាធារណៈ ចាប់តាំងពីអំឡុងខែកក្កដា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ ២០២៤ នៅកន្លែងលក់ដូររបស់ខ្លួនព្រមទាំងពាក់ទៅចូលរួមប្រជុំនៅក្នុងក្រុមបក្សរបស់ខ្លួនទាំងដែលខ្លួនមិនមែនជាមន្ត្រីយោធា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការខេត្តស្វាយរៀង។
លោក រិន ភក្តី អាយុ២៤ឆ្នាំ រស់នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀងប្រាប់វីអូអេថា ការណ៍ដែលឪពុករបស់លោកតែងតែស្លៀកសម្លៀកបំពាក់ជាយោធា ដោយសារតែការស្រឡាញ់ និងយល់ថា ងាយស្រួលក្នុងការស្លៀកពាក់ និងថា ឪពុកមិនបានមានចេតនាស្លៀកពាក់សម្លៀកបំពាក់យោធាដើម្បីធ្វើអ្វីខុសច្បាប់នោះទេ។
លោកថ្លែងថា៖ «គាត់ចូលចិត្តពាក់អាវហ្នឹង ដោយសារអាវហ្នឹងវាក្រាស់ស្រួលពាក់ ព្រោះគាត់ចូលចិត្តតាំងពីយូរហើយ តាំងពីដើមមកហើយ។ គាត់មិនដែលថា ពាក់អាវហ្នឹងដើម្បីបញ្ចេញអំណាចឬក៏តួនាទីអីគឺអត់មានទេបង! គាត់អត់ដឹង។ អត់ដឹងបានគាត់ស្លៀកពាក់។ ណាមួយអត់មានខាងណាដែលប្រាប់គាត់ថា ពាក់អាវហ្នឹងមានទោសឬក៏ម៉េច! បើសិនប្រាប់គាត់ឬក៏ព្រមានគាត់ជាលើកទីមួយហើយ លើកទីពីរគាត់នៅតែបន្តធ្វើពាក់អាវហ្នឹងទៅទៀតឬពាក់ទៅរកស៊ីទៀត វាសមតែដាក់ទោសគាត់។ តែនេះគាត់អត់ដឹងផង ហើយខោអាវគាត់ពាក់យូរហើយ ដល់ឥឡូវទើបដឹងថា ពាក់អាវហ្នឹងមានទោស»។
លោក រិន ភក្តី ដែលជាកូនច្បងក្នុងចំណោមកូនប្រុស៣នាក់របស់លោក ពៀក វណ្ណា ស្នើសុំឱ្យតុលាការសម្រាលទោសលើឪពុករបស់លោក។
លោកបញ្ជាក់ថា៖ «ការកាត់ក្តីរបស់តុលាការ ខ្ញុំគិតថា អត់ត្រឹមត្រូវដោយសារទី១យើងគ្មានចេតនាក្នុងការពាក់សម្លៀកបំពាក់ហ្នឹងទេ។ យើងអត់មានគោលបំណងថា ពាក់ទៅដើម្បីបង្ហាញថា ជាយោធាឬជាទាហានអីទេ។ គ្រាន់តែគាត់ពាក់ធម្មតាជាប្រជាពលរដ្ឋ។ ខ្ញុំសុំចង់ឱ្យតុលាការសម្រាលទោសឱ្យគាត់រួចខ្លួន ហើយធ្វើលិខិតព្រមានអីចំពោះគាត់។ បើសិនជាមានលើកក្រោយទៀតត្រូវធ្វើទៅតាមច្បាប់នីតិវិធីទៅ»។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់វីអូអេថា ការចាប់ខ្លួនសមាជិក និងសកម្មជនគណបក្សជំទាស់កាលពីពេលថ្មីៗនេះ ក្នុងនោះមានលោក ពៀក វណ្ណាផង ជាការគំរាមកំហែងសកម្មជនដដៃទៀតឱ្យមានការភ័យខ្លាច និងមិនហ៊ានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សជំទាស់។
លោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងជាអ្នកនាំពាក្យប្រាប់វីអូអេថា ការលើកឡើងរបស់ក្រុមគ្រួសាររបស់លោក ពៀក វណ្ណា គ្រាន់តែជាចម្លើយមួយតែប៉ុណ្ណោះ និងថា ការសម្រេចគឺអាស្រ័យលើសិទ្ធិរបស់ចៅក្រមជំនុំជម្រះ។
លោកថ្លែងថា៖ «ពាក់ព័ន្ធការលើកឡើងរបស់ក្រុមគ្រួសារ សំខាន់ខ្លាំងបំផុតគឺចម្លើយរបស់គាត់ដែលគាត់ជាជនជាប់ចោទសព្វថ្ងៃគឺជាជនត្រូវចោទផ្ទាល់ក្នុងសំណុំរឿង។ ការបន្ធូរបន្ថយឬយ៉ាងណានោះ អាហ្នឹងវានៅជាសិទ្ធិរបស់ចៅក្រមស៊ើបសួរជំនុំជម្រះទេ។ សម្រាប់ខាងអយ្យការ យើងអាចជម្រាបលោកស្រីបានពីនីតិវិធីដែលដំណាក់កាលដែលបានបញ្ជូនទៅចៅក្រមស៊ើបសួរ»។
លោកបន្ថែមថា មកដល់ពេលនេះ ជនត្រូវចោទត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀងចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន។
ការស្លៀកពាក់សម្លៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៦១២នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ ប្រសិនបើតុលាការរកឃើញកំហុស។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀងបាននៅឡើយទេ។
កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤ តុលាការខេត្តស្វាយរៀងបានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៤ ការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានបញ្ជូនសំណុំរឿងព្រហ្មទណ្ឌ ករណីឈ្មោះ ពៀក វណ្ណា «បានធ្វើសកម្មភាពប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់យោធា (អាវប៉ារ៉ា)ទៅប្រើប្រាស់ជាសាធារណៈ ចាប់តាំងពីអំឡុងខែកក្កដា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៤ ដោយបានប្រើប្រាស់សម្លៀកបំពាក់នេះ នៅកន្លែងលក់ដូររបស់ខ្លួន ក៏ដូចជាបានពាក់ទៅចូលរួមប្រជុំនៅក្នុងក្រុមបក្សរបស់ខ្លួនទាំងដែលឈ្មោះ ពៀក វណ្ណា ឈ្មោះហៅក្រៅ ឡូញ មិនមែនជាមន្ត្រីយោធានោះទេ»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ឃើញថា ជាទូទៅឯកសណ្ឋានយោធាមានតែយោធាទេដែលមានសិទ្ធិស្លៀកពាក់ ហើយពលរដ្ឋធម្មតាមិនមានសិទ្ធិស្លៀកពាក់ឯកសណ្ឋានទាំងអស់នោះដែរ ព្រោះវាអាចនឹងមានការភាន់ច្រឡំ និងរំលោភច្បាប់យោធា។ ទោះជាយ៉ាងណាលោកថា គួរតែមានការសម្រាលទោសលើលោក ពៀក វណ្ណា ប្រសិនបើលោកគ្រាន់តែស្លៀកពាក់ឯកសណ្ឋានយោធាតែមិនបានប្រព្រឹត្តអ្វីខុស។
លោកថ្លែងថា៖ «រឿងនេះមិនមែនជារឿងធ្ងន់ស្រាលអីទេ។ ថ្វីដ្បិតវាជាកំហុសមែន តែវាមិនមែនជាកំហុសមួយមានលក្ខណៈធ្ងន់ធ្ងរទេ ព្រោះគាត់ក៏មិនបានស្លៀកសម្លៀកបំពាក់ហ្នឹងយកទៅប្រព្រឹត្តនូវបទល្មើសអីផ្សេងៗដែរ។ ខ្ញុំគិតថា គួរតែមានស្ថានសម្រាលមួយឱ្យគាត់អាចរួចផុតពីទុក្ខភ័យ ការចោទប្រកាន់ ឬឱ្យរួចផុតពីការឃុំឃាំង ដើម្បីសម្រាលទោសគាត់ទៅ ឱ្យគាត់រាងចាល ឱ្យគាត់ដឹងអំពីថា តើសម្លៀកបំពាក់ហ្នឹងវាខុស។ ទីពីរគាត់អាចទៅរស់នៅក្នុងគ្រួសារគាត់ដែលអាចមានលទ្ធភាពចិញ្ចឹមប្រពន្ធកូនគាត់។ វាជារឿងមួយដើម្បីប្រយោជន៍សង្គមទេ ព្រោះគាត់ក៏មិនមានកំហុសអីធ្ងន់ធ្ងរដែរ»។
លោក នី សុខា ក៏ជំរុញឱ្យមានការត្រួតពិនិត្យអាជ្ញាបណ្ណម្ចាស់ទីតាំងលក់ឯកសណ្ឋានយោធាទាំងអស់ឱ្យបានត្រឹមត្រូវដើម្បីចៀសវាងកុំឱ្យពលរដ្ឋភាន់ច្រឡំក្នុងការស្លៀកពាក់៕