ចៅក្រមតុលាការរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចផ្តន្ទាទោសលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយបង្គាប់ឱ្យមេដឹកនាំគណបក្សជំទាស់រូបនោះបង់សងជំងឺចិត្តទៅដើមបណ្តឹងដែលជារដ្ឋាភិបាលកម្ពុជា ប្រមាណ ១លាន ៥សែនដុល្លារអាមេរិក។
លោក ជូង ជូងី មេធាវីរបស់លោក ទាវ វណ្ណុល ប្រាប់អ្នកសារព័ត៌មានក្រោយចូលស្តាប់ការប្រកាសសាលក្រមនៅសាលាដំបូងរាជធានីភ្នំពេញថា តុលាការពិន័យលោក ទាវ វណ្ណុលចំនួន ១០លានរៀល ឬប្រមាណ ២.៥០០ ដុល្លារអាមេរិក និងបង្គាប់ឱ្យសងទៅដើមបណ្តឹងចំនួន ៦ ពាន់លានរៀល ឬប្រមាណ ១លាន ៥សែនដុល្លារអាមេរិក។
លោកយល់ថា ការសម្រេចរបស់តុលាការមិនយុត្តិធម៌សម្រាប់កូនក្តីលោកឡើយ។ លោកបន្ថែមថា លោកនឹងផ្តល់ការប្រឹក្សាច្បាប់ដល់កូនក្តីថា តើលោក ទាវ វណ្ណុល នឹងសម្រេចប្តឹងឧទ្ធរណ៍ ឬយ៉ាងណា។
លោកថ្លែងថា៖ «ពីព្រោះខ្ញុំជាមេធាវីយល់ឃើញថា អ្វីដែលគាត់និយាយនោះ គឺជាការពិតម្យ៉ាង ហើយម្យ៉ាងទៀត គឺជាការបង្ហាញទស្សនៈយល់ឃើញរបស់គាត់ បាទ»។
បើតាមលោក ជូង ជូងី លោក ទាវ វណ្ណុល មិនអាចបង្ហាញមុខនៅតុលាការនាព្រឹកថ្ងៃព្រហស្បតិ៍ ពេលប្រកាសសាលក្រម ដោយសារលោកជាប់«ការងារនយោយបាយនៅក្រៅប្រទេស»។
នៅក្នុងសវនាការជំនុំជម្រះកាលពីកន្លងទៅ មេធាវីរដ្ឋាភិបាលដែលបានដាក់ពាក្យបណ្តឹងបានទាមទារសំណងជំងឺចិត្តចំនួន ៦ពាន់លានរៀល ឬប្រហែល ១,៥លានដុល្លារ ពីលោក ទាវ វណ្ណុល។ មេធាវីរបស់រដ្ឋាភិបាលបានអះអាងថា ការថ្លែងរបស់លោក ទាវ វណ្ណុល ទៅកាន់សារព័ត៌មានជប៉ុន កាលពីកន្លងទៅ បានធ្វើឱ្យខូចមុខមាត់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei Asia លោក ទាវ វណ្ណុល បានរិះគន់ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ចាប់តាំងពីលោក ហ៊ុន ម៉ាណែត ចូលកាន់តំណែង។ លោកអះអាងថា អាជ្ញាធរបានដំឡើងកាមេរ៉ាសុវត្ថិភាព ដើម្បីឃ្លាំមើលសកម្មភាពរបស់លោក និងមេដឹកនាំគណបក្សភ្លើងទៀនមួយចំនួនទៀត។
កាលពីកន្លងទៅ លោក ទាវ វណ្ណុល ធ្លាប់បានស្នើឱ្យអយ្យការច្រានចោលពាក្យបណ្តឹងរបស់រដ្ឋាភិបាល ព្រោះលោកយល់ឃើញថា អ្វីដែលលោកបានអត្ថាធិប្បាយជាមួយប្រព័ន្ធផ្សព្វផ្សាយជប៉ុនអំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺជាសេរីភាពនៃការសម្តែងមតិ។ លោកបន្ថែមថា ការអតា្ថធិប្បាយរបស់លោកធ្វើឡើងគ្រាន់តែជាការប្រៀបធៀបអំពីស្ថានភាពប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នគឺលោក ហ៊ុន ម៉ាណែត និងអតីតនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក គី តិច ប្រធានក្រុមមេធាវីរដ្ឋាភិបាលបាននៅឡើយទេ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ប្រាប់វីអូអេថា លោកសោកស្តាយចំពោះការកាត់ទោសដោយពិន័យជាប្រាក់យ៉ាងច្រើនដល់មេដឹកនាំគណបក្សប្រឆាំង។ លោកថា នេះនឹងធ្វើឱ្យលំហនយោបាយកាន់តែរួមតូចក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «វាជាសិទ្ធិសេរីភាពរបស់អ្នកនយោបាយក្នុងការបញ្ចេញមតិ ជាសារនយោបាយទៅដល់សកម្មជនរបស់ខ្លួន ដែលខ្លួនជាមេដឹកនាំនយោបាយមួយ។ ដូច្នេះយើងមិនគួរយកបញ្ហាសារនយោបាយរបស់ក្រុមអ្នកនយោបាយមួយមកចាប់ទោសអូសដំណើរទៅតាមផ្លូវច្បាប់ទេ។ អាហ្នឹងវាធ្វើឱ្យមានការបង្ហាញឱ្យឃើញថា ដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យយើងកាន់តែមានបញ្ហារួមតូចទៅៗ»។
បើតាមលោក នី សុខា នៅក្នុងប្រទេសប្រជាធិបតេយ្យជឿនលឿន គេតែងតែអត់ឱននិងអាស្រ័យឱ្យគ្នាចំពោះការសម្តែងមតិ ឬក៏សារនយោបាយ។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២២ សាលាដំបូងបានកាត់ក្តីឱ្យលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ចាញ់ក្តីនៅក្នុងសំណុំរឿងបរិហារកេរ្តិ៍ដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជា ដោយតម្រូវឱ្យលោកសងសំណងសរុបជាទឹកប្រាក់ប៉ុន្មាន ៧៥ ម៉ឺនដុល្លារអាមេរិក ហើយអចលនទ្រព្យមួយចំនួនរបស់លោកត្រូវបានតុលាការចេញដីការក្សាការពារ៕
វេទិកាបញ្ចេញមតិ