ក្រុមគ្រួសាររបស់សកម្មជនគណបក្សជំទាស់បានចាត់ទុកការឃាត់ខ្លួនសកម្មជនជារឿងអយុត្តិធម៌មួយ និងស្នើឱ្យមានការដោះលែង។ ពួកគេអះអាងថា សកម្មជន និងសមាជិកទាំង៣នាក់ នៅក្នុងខេត្តកំពង់ចាម តាកែវ និងបាត់ដំបងមិនបានប្រពឹត្តអ្វីខុសច្បាប់ឡើយ។
គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយលើកឡើងថា សកម្មជន និងសមាជិកនៃគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ដែលជាសម្ព័ន្ធរបស់ខ្លួនចំនួន៣នាក់ទៀតត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ដោយមិនមានមូលហេតុច្បាស់លាស់។ ពួកគេទាំង៣នាក់នោះ រួមមានលោក គឹម វឿន អតីតមន្ត្រីការិយាល័យសន្តិសុខគណបក្សភ្លើងទៀន និងជាបេក្ខជនក្រុមប្រឹក្សាស្រុកបាទី ខេត្តតាកែវ លោក សាន អឿន សមាជិកក្រុមប្រឹក្សាឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម និងអ្នកស្រី ញិប សារ៉ុម សកម្មជនគណបក្សភ្លើងទៀន ខេត្តបាត់ដំបង។ ពួកគេត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ដូចគ្នា។
អ្នកស្រី សាន គន្ធា អាយុ៤៣ឆ្នាំ ជាកូនរបស់សកម្មជនឈ្មោះសាន អឿន ដែលរស់នៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ឪពុករបស់អ្នកស្រីត្រូវបានអាជ្ញាធរប៉ុស្តិ៍នគរបាលឃុំស្វាយទាបឃាត់ខ្លួន វេលាម៉ោង១០ព្រឹក ពេលឪពុកគាត់ជិះម៉ូតូទៅទិញថ្នាំលេប។
អ្នកស្រីចាត់ទុកថា ការចាប់ខ្លួនឪពុកទំនងមកពីឪពុករបស់អ្នកស្រីមិនបានទៅចូលរួមការបើកសម្ពោធគម្រោងព្រែកជីក កាលពីថ្ងៃចន្ទ។
អ្នកស្រីថ្លែងថា៖ «អត់មានធ្វើអីខុសទេអូន ព្រោះគាត់ជាក្រុមបឹក្សាឃុំ។ គាត់អត់មានប្រពឹត្តបទល្មើសអីខុសផង។ បើប្រព្រឹត្តបទល្មើសខុសមានតែខុសនឹងបញ្ជាដែលគេហៅឱ្យគាត់គាំទ្រព្រែកជីកហ្នឹង ហើយគាត់អត់បានទៅ ដោយសារគាត់ឈឺ។ អ៊ីចឹងខ្ញុំស្តាយ ស្តាយថា គ្រាន់តែរឿងប៉ុណ្ណឹងរហូតដល់ថ្នាក់ចាប់ខ្លួនគាត់ ខ្ញុំប្រហែលជារករ៉ឺម៉ក់រកអីដឹកគាត់ទាំងសេរ៉ូមទាំងអីទៅជួប ទៅគាំទ្រ»។
ទោះជាយ៉ាងណា អ្នកស្រីចាត់ទុកការចាប់ខ្លួនឪពុករបស់អ្នកស្រីថា ជារឿងអយុត្តិធម៌មួយ។
អ្នកស្រីថា៖«ខ្ញុំគិតថា ជារឿងអយុត្តិធម៌ខ្លាំងណាស់អូន សម្រាប់គ្រួសាររបស់ខ្ញុំ ដោយសារទីមួយគាត់ចុះចាប់ខ្លួនគាត់អត់មានដីកាមានអី។ ហើយចាប់គាត់ថ្ងៃហ្នឹងសូម្បីតែគាត់ចូលដល់មន្ទីរពេទ្យហើយ ខ្ញុំប្រាប់ថា ឥឡូវបើចាប់ក៏ចាប់ចុះ ខ្ញុំសុំទិញថ្នាំលេបអត់បានដែរអូន។ ខ្ញុំគិតថា វាជាអំពើអយុត្តិធម៌ខ្លាំងសម្រាប់គ្រួសាររបស់ខ្ញុំ»។
អ្នកស្រីស្នើឱ្យមានការដោះលែងឪពុក។
ចំណែកអ្នកស្រី សាវ ស្រីនាង អាយុ២៤ឆ្នាំ ជាកូនរបស់លោក គឹម វឿន រស់នៅស្រុកបាទី ខេត្តតាកែវ ប្រាប់វីអូអេថា ឪពុករបស់អ្នកស្រីត្រូវបានជនស្លៀកពាក់ស៊ីវិលចុះមកចាប់ខ្លួន ដោយមិនមានមូលហេតុ។ អ្នកស្រីអះអាងថា ឪពុករបស់ខ្លួនមិនបានធ្វើអ្វីខុសច្បាប់ឡើយ។
អ្នកស្រីថ្លែងថា៖ «ខាងភូមិឃុំក៏គេអត់ដឹងដូចគ្នា ព្រោះពេលចាប់ខ្លួនហ្នឹង គឺអត់មានដីកាខាងភូមិឃុំទេ។ និយាយទៅមនុស្សគាត់[ឪពុក] អត់មានប៉ះពាល់ជាមួយអ្នកណាទាំងអស់ សូម្បីអ្នកនៅជិតខាងអី គឺមិនដែលសោះ។ សូម្បីតែក្នុងក្រុម[បក្ស] គាត់ក៏មិនដែលមានបញ្ហាដែរបង។ ខ្ញុំសំណូមពរជាចុងក្រោយសុំឱ្យទីមួយខ្ញុំចង់ដឹងកន្លែងគាត់។ ឥឡូវនៅទីណាឱ្យពិតប្រាកដ។ ទីពីរចង់ឱ្យជួយរកយុត្តិធម៌ឱ្យគាត់ ហើយឱ្យគាត់បានវិលត្រឡប់មកផ្ទះវិញ»។
មេប៉ុស្តិ៍នគរបាលឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការឃាត់លោក សាន អឿនធ្វើឡើងតាមបញ្ជារបស់អធិការ ស្របតាមដីការបស់តុលាការខេត្តកណ្តាល។ ប៉ុន្តែលោកមិនអាចបញ្ជាក់អំពីមូលហេតុនៃការចាប់ខ្លួនឡើយ។
លោកបញ្ជាក់ថា៖ «ករណីនេះ ខ្ញុំអត់បានដឹង អត់បានពាក់ព័ន្ធ។ ខ្ញុំអត់ដឹងទេ! ប៉ុន្តែ[តាម]លោកអធិការខ្ញុំធ្វើតាមឋានានុក្រម។ អ៊ីចឹងលោកអធិការឱ្យខ្ញុំឃ្លាំមើលពូ សាន អឿន ហ្នឹង។ តាមខ្ញុំដឹងរឿងថា មានដីកាចាប់ខ្លួនពីតុលាការខេត្តកណ្តាល។ ក្រោយមកនេះ ខ្ញុំជួបអធិការគាត់ថា គាត់និយាយមួយម៉ាត់ខ្លីថា ពីបទញុះញង់»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក សូ សារិន អ្នកនាំពាក្យតុលាការខេត្តកណ្តាលបាននៅឡើយទេ។
លោក ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការចាប់ខ្លួនលោក គឹម វឿន ធ្វើឡើងតាមដីការបស់តុលាការរាជធានីភ្នំពេញតែប៉ុណ្ណោះ។ លោកមិនបានបញ្ជាក់ឱ្យច្បាស់ថា ដីកានោះជាប់ពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរបស់តុលាការរាជធានីភ្នំពេញបានឡើយ។ វីអូអេក៏មិនទាន់អាចសុំការអត្ថាប្បាយពីលោក ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងលោក សឿម សារិទ្ធ ស្នងការរងខេត្តបាត់ដំបងបានដែរ។
គណបក្សភ្លើងទៀនបានចាត់ទុកថា ការចាប់ខ្លួនសកម្មជន កាលពីពេលថ្មីៗនេះជាការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាព ក្នុងគោលបំណងរារាំងការធ្វើសកម្មភាពនយោបាយរបស់សកម្មជនគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរនៅទូទាំងប្រទេស។ គណបក្សបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសកម្មជនរបស់គណបក្សបានធ្វើសកម្មភាពនយោបាយដោយប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានា ជាពិសេសច្បាប់ស្តីពីគណបក្សនយោបាយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្ស។
គណបក្សភ្លើងទៀនក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចដោះលែងសកម្មជនគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរទាំងអស់ ព្រមទាំងបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាព មកលើសកម្មជនគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរតទៅទៀត។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បង្ហាញការព្រួយបារម្ភ ដោយសារមួយរយៈចុងក្រោយនេះ សន្ទុះនៃការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង ក៏ដូចជាសកម្មជនបរិស្ថាន សកម្មជនការពារសិទ្ធិមនុស្សហាក់កើនឡើងជាងមុន។
លោកថ្លែងថា៖ «រហូតមកទល់ពេលនេះ តាមការកត់សម្គាល់យើងមិនទាន់ឃើញអ្វីដែលមានការកែប្រែឬក៏ការកែលម្អដែលគួរឱ្យកត់សម្គាល់ទេ។ ផ្ទុយទៅវិញនៅតែមានការព្រួយបារម្ភនៅឡើយទៅលើបញ្ហានៃការចាប់ខ្លួនទាំងអស់ហ្នឹងបាទ»។
គួរបញ្ជាក់ថា សកម្មជន និងសមាជិកគណបក្សជំទាស់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់សរុបចំនួន៨នាក់ ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ។ នេះបើតាមគណបក្សភ្លើងទៀន៕