ក្រុមគ្រួសាររបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិ នៅថ្ងៃច័ន្ទនេះ បានបង្ហាញក្តីព្រួយបារម្ភអំពីសុខភាពស្វាមីរបស់ពួកគេ ខណៈមានសេចក្តីរាយការណ៍ថាសកម្មជនមួយចំនួនបានឆ្លងជំងឺកូវីដ១៩នៅក្នុងពន្ធនាគារ។ ពួកគេក៏ជំរុញឲ្យដោះលែងស្វាមីរបស់ពួកគេនិងសកម្មជននយោបាយទាំងអស់ឲ្យបានឆាប់ដោយសារជំងឺកូវីដ១៩កំពុងឆ្លងរាលដាលក្នុងពន្ធនាគារ។
អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិក្នុងខេត្តកំពង់ឆ្នាំង លោក កែវ ថៃ អាយុ៥៨ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅផ្ទះរបស់លោកក្នុងឃុំពពេលស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយត្រូវបានចោទប្រកាន់ក្នុងសំណុំរឿង«រួមគំនិតក្បត់» និងបទញុះញង់ផ្សេងៗ។
អ្នកស្រី សំ ចិន្តា អាយុ៥៧ឆ្នាំ ជាភរិយារបស់លោក កែវ ថៃ ប្រាប់VOAនៅថ្ងៃច័ន្ទថាអ្នកស្រីបារម្ភយ៉ាងខ្លាំងអំពីសុខភាពរបស់ស្វាមី ដោយសារមិនត្រូវបានអនុញ្ញាតឲ្យចូលសួរសុខទុក្ខជាង៣ខែមកហើយ ក្នុងពេលកម្ពុជាកំពុងប្រឈមឆ្លងជំងឺកូវីដ១៩យ៉ាងខ្លាំង។
អ្នកស្រីនៅតែយល់ថាស្វាមីរបស់ខ្លួនមិនបានប្រព្រឹត្តកំហុសអ្វីនោះទេ និងចង់ឲ្យតុលាការដោះលែងស្វាមី និងអ្នកទោសនយោបាយប្រមាណ២០នាក់ផ្សេងទៀតឲ្យមានសេរីភាព ខណៈស្វាមីមានវ័យចំណាស់ និងមានជំងឺប្រចាំកាយទៀតផង។
អ្នកស្រីបន្ថែមថាក្រុមគ្រួសារក៏មិនអាចទាក់ទងសួរសុខទុក្ខលោក កែវ ថៃ តាមប្រព័ន្ធទូរស័ព្ទបាននោះទេ។
អ្នកស្រីថ្លែងថា៖ «សុំឲ្យតុលាការដោះលែងគាត់ឲ្យមកនៅក្រៅឃុំមក។ គាត់អត់មានរត់ទៅណាទេ ចង់ថ្ងៃណាកាត់ទោស ឬធ្វើអ្វីៗ ហៅគាត់ទៅវិញចុះ ហើយពន្ធនាគារឲ្យសំឡេងចេញតាមទូរស័ព្ទហ្នឹងមកខាងក្រៅផង។ ក្រុមគ្រួសារនេះ គឺពិបាកវេទនាដើម្បីគិតទៅដល់គាត់តើសុខភាពរបស់គាត់យ៉ាងម៉េចនៅក្នុងពន្ធនាគារ។ អ្នកទោសនយោបាយទាំងអស់ហ្នឹង មិនដឹងយ៉ាងម៉េច»។
បន្ទាប់ពីស្វាមីដែលជាអតីតគ្រូបង្រៀនម្នាក់ជាប់ឃុំខ្លួនក្នុងពន្ធនាគារ អ្នកស្រីអះអាងថាស្ថានភាពសេដ្ឋកិច្ចក្នុងគ្រួសារដែលមានកូន៤នាក់ បានធ្លាក់ដុនដាបយ៉ាងខ្លាំង ដោយសារត្រូវចំណាយច្រើន ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
អ្នកស្រីបន្ថែមថា៖ «ស្ថានភាពគ្រួសារនៅពេលនេះ គឺដុនដាបយ៉ាងខ្លាំងពីព្រោះដោយសារអ្វីអត់[ទាន់]រកទោសគាត់ខុសផង ចាប់គាត់ដាក់គុកហើយផ្អាកប្រាក់ខែ[គ្រូបង្រៀន] អត់មានបានអ្វីទាំងអស់អញ្ចឹងយើងដឹងហើយថាមានអ្វីឲ្យគាត់ចាយ។ ណាមួយនៅក្នុងគ្រួសារនេះ មានជំងឺផង។ អញ្ចឹងបើការធ្វើដំណើរឲ្យលុយគាត់ក្នុងមួយខែមួយខែ អញ្ចឹងអ្នកឯនេះមានអ្វីចាយ បើអាល័យតែទៅខាងនេះផងទៅខាងនោះផងអញ្ចឹងក្រុមគ្រួសារខ្ញុំធ្វើឲ្យមានការលំបាកយ៉ាងខ្លាំង។ ណាកូនមានបញ្ហាគេវាយទៀត។ អញ្ចឹងវារឹតតែផ្ទួនទៅៗ អញ្ចឹងធ្វើឲ្យក្រុមគ្រួសាររបស់ខ្ញុំវេទនាមែនទែនរាល់ថ្ងៃនេះ»។
ចំណែក លោក ស៊ុន ធន់ ដែលជាអតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនកាលពីដើមខែមិថុនា ឆ្នាំ២០២០។ លោកត្រូវបានចាប់ខ្លួនក្នុងការចោទប្រកាន់ពីបទ«រួមគំនិតក្បត់ញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋនិងញុះញង់ឲ្យយោធាមិនស្តាប់បង្គាប់»ដែលត្រូវបានកំពុងឃុំខ្លួននៅភ្នំពេញ ដោយសារសមត្ថកិច្ចក្រសួងមហាផ្ទៃជាអ្នកបើកការស៊ើបសួរ។
ភរិយារបស់លោក ស៊ុន ធន់ គឺអ្នកស្រី សេង ចាន់ថន អាយុ៤៩ឆ្នាំបានឲ្យដឹងថាតុលាការឃុំខ្លួនស្វាមីច្រើនខែមកហើយ ដោយមិនទាន់កាត់ទោសនៅឡើយ។ ដូច្នេះអ្នកស្រីស្នើឲ្យដោះលែងស្វាមីឲ្យមានសេរីភាព ខណៈអ្នកស្រីព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពស្វាមីក្នុងពន្ធនាគារ។
អ្នកស្រីរៀបរាប់ថា៖ «គាត់អត់ទាន់មានទោសសោះគួរណាតែឲ្យគាត់នៅក្រៅឃុំពេលដែលត្រូវឡើងសវនាការហៅគាត់ទៅ។ គាត់មិនរត់ទៅណាទេគឺថ្ងៃឡើងសវនាការគាត់ត្រូវតែទៅគាត់មិនគេចទេ។ អញ្ចឹងខាងតុលាការគួរគិតដល់ចំណុចហ្នឹងផងគួរដោះលែងគាត់ឲ្យនៅក្រៅឃុំទៅ សម័យកូវីដនេះ ពីព្រោះយើងព្រួយបារម្ភពីគាត់។ ហើយអ្នកទោសផ្សេងៗអ្ហាដូចជាគ្រឿងញៀនដូចជាសម្លាប់មនុស្សអី ហេតុអ្វីតុលាការឲ្យគាត់នៅខាងក្រៅបានដោះលែងគាត់បាន ចុះពួក[ក្រុម]ស្វាមីរបស់ខ្ញុំ អត់មានកំហុសអ្វីសោះយកទៅដាក់អញ្ចឹងហើយមិនទាន់មានកាត់ថាត្រូវជាប់ប៉ុន្មានឆ្នាំផង យកគាត់ទៅដាក់ចោលអញ្ចឹង វាអត់ត្រូវសោះតែម្តង»។
អ្នកស្រី សេង ចាន់ថន ឲ្យដឹងទៀតថាអ្នកស្រីនៅតែមានការព្រួយបារម្ភខ្លាំងដោយសារតែស្វាមីរបស់អ្នកស្រី លោក ស៊ុន ធន់ អាយុ៥៦ឆ្នាំ កំពុងមានជំងឺតម្រងនោម ឈឺឆ្អឹង និងរមាស់ពេញខ្លួនជាដើម។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ថ្លែងថាបច្ចុប្បន្ននេះ ករណីឆ្លងជំងឺកូវីដ១៩ក្នុងពន្ធនាគារទូទាំងប្រទេស មានប្រមាណ២០%នៃអ្នកជាប់ឃុំទាំងអស់ប្រមាណ៤ម៉ឺននាក់។ ប៉ុន្តែលោកថាវាស្ថិតក្នុងភាពអាចគ្រប់គ្រងបាននៅឡើយ។
លោកឲ្យដឹងថាលោក កែវ ថៃ និងសកម្មជនមួយចំនួនទៀតបានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែថាស្ថានភាពសុខភាពរបស់ពួកគេបានធូរស្បើយហើយ។
លោកថ្លែងថា៖ «គាត់[កែវ ថៃ]ដូចជាមានឆ្លងមេរោគកូវីដ ប៉ុន្តែឥឡូវគាត់ជាវិញហើយ។ អ្នកដែលជាពួកសកម្មជនដែលត្រូវបានចោទពីបទញុះញង់ហ្នឹង ឥឡូវជាទាំងអស់ហើយយើងតេស្ត...យើងធ្វើRapid test លើពួកគាត់ហើយលទ្ធផលចេញមកអវិជ្ជមានទាំងអស់»។
លោក នុត សវនា មិនទាន់អាចបញ្ជាក់ថាពេលណាទើបអាជ្ញាធរអនុញ្ញាតឲ្យសាច់ញាតិរបស់អ្នកជាប់ឃុំអាចមកសួរសុខទុក្ខបានដូចធម្មតានៅឡើយទេ។
អ្នកនាំពាក្យរូបនោះបញ្ជាក់ថាការទាក់ទងតាមរយៈទូរស័ព្ទដៃទៅខាងពន្ធនាគារ មានភាពរអាក់រអួល ដោយសារមានភ្លៀងផ្គរបណ្តាលឲ្យប្រព័ន្ធទូរស័ព្ទមានបញ្ហាហើយអគ្គនាយកដ្ឋានពន្ធនាគារកំពុងដំណើរការស្នើសុំដោះដូរប្រព័ន្ធទូរស័ព្ទឡើងវិញ។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដូចជាលោក កែវ ថៃ និងលោក ស៊ុន ធន់ បានឲ្យដឹងថាការឃុំខ្លួនសកម្មជន គឺមកដល់ពេលនេះ ពួកគាត់លែងស្ថិតក្នុងអំណាចឃុំខ្លួនក្នុងដំណាក់កាលស៊ើបសួរហើយគឺសកម្មជនទាំងនោះស្ថិតក្នុងដំណាក់កាលជំនុំជម្រះក្តី។
លោកក៏បានជំរុញឲ្យតុលាការរៀបចំដំណើរការកាត់ក្តីលើពួកគេឲ្យបានឆាប់ ខណៈពួកគេជាប់ពន្ធនាគារជាងមួយឆ្នាំមកហើយ។
លោកថ្លែងថា៖ «មើលក្នុងច្បាប់អន្តរជាតិទាក់ទងនឹងកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយហ្នឹង គឺបាននិយាយពីគោលការណ៍នៃសវនាការជនជាប់ចោទត្រូវបានទទួលសវនាការឲ្យបានឆាប់រហ័ស ហើយនិងមិនឲ្យមានបង្អង់យូរ។ អញ្ចឹងជាសិទ្ធិជនជាប់ចោទតុលាការត្រូវតែរៀបចំដំណើរការឲ្យបានឆាប់ដើម្បីធានានូវរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់អន្តរជាតិផងដែរ»។
បើតាមលោក សំ សុគង់ សកម្មជនបក្សប្រឆាំងជាង២០នាក់ កំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារ ដោយរង់ចាំការជំនុំជម្រះក្តី៕