នៅថ្ងៃព្រហស្បតិ៍នេះ តុលាការកំពូលបានបើកសវនាការលើសំណុំរឿងអតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១៣ នាក់ ដែលបានប្តឹងទាស់នឹងការសម្រេចរបស់សាលាឧទ្ធរណ៍ ក្រោយពេល សាលាឧទ្ធរណ៍បានតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញចាត់ទុកជាបានការ កាលពីខែកញ្ញា ឆ្នាំ២០២២។
ក្រោយសវនាការបានបញ្ចប់នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមគ្រួសាររបស់អតីតសកម្មជនគណបក្សសង្គ្រោះ ដែលតុលាការបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់» បានទាមទារឱ្យទម្លាក់ចោលបទចោទប្រកាន់សាច់ញាតិរបស់ពួកគេ។ ពួកគេបានអះអាងថា សាច់ញាតិរបស់ពួកគេមិនបានប្រព្រឹត្តកំហុសអ្វី ឬញុះញង់ និងរួមគំនិតក្បត់ ដូចការចោទប្រកាន់នោះទេ។
អ្នកស្រី សេង ចាន់ថន អាយុ៥០ឆ្នាំ ជាភរិយារបស់លោក ស៊ុន ធន់ អតីតសមាជិកក្រុមប្រឹក្សាអតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ធំ ដែលបានមកតាមដានសវនាការនេះ អ្នកស្រីបានចាត់ទុកការចាប់ខ្លួននិងការចោទប្រកាន់ស្វាមីរបស់អ្នកស្រី ថាជារឿង «អយុត្តិធម៌» ហើយមិនគួរណាអាជ្ញាធរឃុំខ្លួនស្វាមីរបស់អ្នកស្រីអស់រយៈពេលជាងពីរឆ្នាំនេះ នោះទេ។
អ្នកស្រីថ្លែងថា៖ «បើសិនជាអ្នកខាងក្រៅធ្វើចលនាសង្គ្រោះជាតិ ចលនាអីមួយ អ៊ីចឹងអ្នកខាងក្រៅ មានពាក់ព័ន្ធអីជាមួយពួកគាត់ មានភ័ស្តុតាងដែលគាត់ទំនាក់ទំនងគ្នា និយាយគ្នាចាប់ភ័ស្តុតាងបាន ថាគាត់ទៅប្រមូលអ្នកក្នុងស្រុកទៅនេះ ទៅនេះគឺអត់មាន។ គឺចោទប្រកាន់ដោយអយុត្តិធម៌ សម្រាប់គាត់»។
លោក ស៊ុន ធន់ គឺជាអតីតសកម្មជនបក្សសង្គ្រោះជាតិម្នាក់ក្នុងចំណោម១៣នាក់ ដែលត្រូវបានចោទប្រកាន់ដោយតុលាការកម្ពុជា ហើយអ្នកផ្សេងរួមមាន លោក ឆុន ប៊ុនឆាត លោក យឹម សារ៉េត លោក ជុំ ចាន់ លោក កែវ ថៃ លោក ឡុង ផារី លោក ពៀត ម៉ាប់ លោក សុខ ចាន់ថា លោក ឃឹម ភាណា លោក ឃុត ច្រឹក លោក ញ៉ែម វ៉ាន លោក ថៃ គន្ធា និងលោក ងិន ឃាន។ ពួកគេត្រូវបានចាប់ឃុំខ្លួន តាំងពីឆ្នាំ ២០២០ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីខែមីនា ឆ្នាំ ២០២២។
អ្នកស្រី សេង ចាន់ថន បានឱ្យដឹងទៀតថា លោក ស៊ុន ធន់ អាយុ៥៨ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២០។ អ្នកស្រីស្នើឱ្យតុលាការកំពូលសម្រេចដោះលែងស្វាមីរបស់អ្នកស្រី និងអ្នកផ្សេងទៀតឱ្យមានសេរីភាពឡើងវិញ។
អ្នកស្រីថ្លែងថា៖ «តុលាការកំពូលគាត់គួរតែយកភាពយុត្តិធម៌ យកច្បាប់ជាធំ ដើម្បីកាត់ទោសឱ្យពួកគាត់សុក្រឹត ហើយឱ្យពួកគាត់ដោះលែងឱ្យមានសេរីភាពមក ព្រោះពួកគាត់ចាស់ៗអស់ហើយ មិនអាចទៅធ្វើអីបានទៀតទេ។ អាយុហុកសិបស្អែកៗហើយ ខ្លះក៏ចូលហុកជាងហើយ អ៊ីចឹងសូមឱ្យតុលាការដោះលែងពួកគាត់មក មិនត្រូវបន្តឃុំគាត់ទៀតនោះទេ»។
អ្នកស្រី សេង ចាន់ថន យល់ថា បើសិនតុលាការបន្តឃុំស្វាមីរបស់អ្នកស្រី និងអ្នកផ្សេងទៀតដែលមានវ័យចាស់ៗក្នុងវ័យ ៦០ជាង វានឹងអាចធ្វើឱ្យអ្នកទាំងនោះធ្លាក់ខ្លួនឈឺកាន់តែខ្លាំង។ អ្នកស្រីបានបញ្ជាក់ថា ក្នុងចំណោមជាង១០នាក់នេះ កំពុងចាប់ផ្តើមមានជំងឺលើសឈាម លើសជាតិខ្លាច ឈឺឆ្អឹងឆ្អែង និងឈឺក្រពះពោះវៀនជាដើម។
ចំណែកអ្នកស្រី សុខ ប៊ូលីម៉ា អាយុ៥៣ ឆ្នាំ ត្រូវជាភរិយារបស់លោក ឃឹម ភាណា អតីតចៅសង្កាត់ផ្សារដេប៉ូ ៣ រាជធានីភ្នំពេញមកពីគណបក្សសង្គ្រោះជាតិ។ អ្នកស្រីបានឱ្យដឹងថា ស្វាមីរបស់អ្នកស្រីត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២០។ អ្នកស្រីបានការពារស្វាមីថា លោកមិនបានប្រព្រឹត្តកំហុសអ្វីដូចការចោទប្រកាន់នេះទេ។ ក៏ប៉ុន្តែអ្នកស្រីមិនរំពឹងថា តុលាការកំពូលនឹងទម្លាក់បទចោទប្រកាន់លើស្វាមីរបស់អ្នកស្រី និងអតីតសកម្មជនផ្សេងទៀតនោះទេ។
អ្នកស្រីថ្លែងថា៖ «របៀបថាចេះតែកាត់ពន្យាៗ ព្រោះ ចិត្តគាត់ប្រុងដោះលែងតាំងពី២០២១។ គាត់ចេះពន្យារៗ ឱ្យប្រពន្ធកូនពិបាកអ៊ីចឹងទៅណា»។
សាលាដំបូងរាជធានីភ្នំពេញបានចោទអតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១៣ នាក់នេះ ថាបានចូលរួមក្នុង «ចលនាសង្គ្រោះជាតិ» ដែលបង្កើតឡើងនៅក្រៅប្រទេស ដោយអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិតាំងពីឆ្នាំ ២០១៨មក។ ពួកគេក៏ត្រូវបានចោទប្រកាន់ពាក់ព័ន្ធផែនការមាតុភូមិនិវត្តន៍មិនបានសម្រេចរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី កាលពីឆ្នាំ ២០១៩។
តុលាការក្រុងភ្នំពេញបានកាត់ទោសពួកគេឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន ៥ ឆ្នាំ ក្នុងសំណុំរឿងតែមួយគឺ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប៉ុន្តែក្នុងនោះទោសត្រូវអនុវត្តជាប់ក្នុងពន្ធនាគារចំនួន ៣ ឆ្នាំ ៨ ខែសល់ពីនោះត្រូវព្យួរ។
បច្ចុប្បន្នពួកគេកំពុងជាប់ឃុំ ក្នុងមណ្ឌលឃុំឃាំងត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ក្រោយពីផ្ទេរចេញពីពន្ធនាគារព្រៃស កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២។
ក្នុងសវនាការតុលាការកំពូល លោកមេធាវី សំ សុគង់ ដែលការពារក្តីឱ្យអតីតសកម្មជនទាំង ១៣ នាក់ បានបញ្ជាក់ថា ការចាប់ខ្លួនអតីតសកម្មជនសង្គ្រោះជាតិទាំងអស់នេះ «អនុវត្តខុសនីតិវិធីច្បាប់» ដោយពួកគេមិនដែលបានទទួលដីកាចូលខ្លួនបំភ្លឺ និងដីកានាំខ្លួនទេ ប៉ុន្តែបែរជាឈានដល់ដីកាចាប់ខ្លួនតែម្តង កាលពីឆ្នាំ២០២០នោះ។
មេធាវីរូបនេះបានការពារកូនក្តីខ្លួននៅក្នុងអង្គសវនាការថា អង្គហេតុនៃការចោទប្រកាន់មិនមានទំនាក់ទំនងគ្នាជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាក់ទង «ចលនាសង្រ្គោះជាតិ» ទេ។ លោកថា «ចលនាសង្រ្គោះជាតិ» ត្រូវបានបង្កើតឆ្នាំ២០១៨ ប៉ុន្តែបែរជាចោទកូនក្តីលោកនៅឆ្នាំ២០២០ ដែលខុសគ្នានិងមានរយៈពេលយូរ។ លោកអះអាងបន្ថែមថា កូនក្តីទាំងអស់របស់លោកឈប់ធ្វើសកម្មភាពនយោបាយអ្វីទៀតហើយ ក្រោយពេលតុលាការកំពូលរំលាយបានគណបក្សសង្គ្រោះជាតិមក។
លោកមេធាវី សំ សុគង់ បានសន្និដ្ឋានការពារនៅចំពោះមុខចៅក្រមថា សាលដីកាដែលចោទប្រកាន់កូនក្តីរបស់លោកទាំង១៣នាក់ មានកំហុស៣ គឺ៖ «ទី១ បំភ្លៃអង្គហេតុ ទី២ ការអនុវត្តច្បាប់ខុស និងទី៣ សំអាងហេតុ និងសេចក្តីសម្រេចផ្ទុយគ្នា»។
ដូច្នេះលោកស្នើចៅក្រមតុលាការកំពូលបដិសេធលើសាលដីការបស់ឧទ្ធរណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២ ឱ្យទុក្ខជាអាសារបង់។
លោកថ្លែងថា៖ «ជានីតិវិធី តុលាការកំពូល បើសិនជាយល់ឃើញថា វាមានកំហុសដូចខ្ញុំបានលើកឡើង [ក្នុងអង្គសវនាការ៣ចំនុច] ត្រូវបង្វិលទៅសាលាឧទ្ធរណ៍ ដើម្បីពិនិត្យ និងពិចារណាឡើងវិញ ទាក់ទងការផ្តន្ទាទោសហ្នឹង»។
នៅពេលសួរថាតើតុលាការកំពូលនឹងសម្រេចទម្លាក់បទចោទលើកូនក្តីរបស់លោកឬយ៉ាងណា លោកមេធាវី សំ សុគង់ ថ្លែងថា លោកមានក្តីសង្ឃឹម។
ទាក់ទងសវនាការនាថ្ងៃនេះ គេក៏ឃើញមានវត្តមានរបស់លោក រ៉ុង ឈុន អនុប្រធានមួយរូបនៃគណបក្សភ្លើងទៀន និងធ្លាប់ជាប់ពន្ធនាគារទាក់ទងការលើកឡើងអំពីបញ្ហាព្រំដែន ដោយលោកបានមកឃ្លាំមើលសវនាការនេះ នៅខាងក្រៅតុលាការកំពូល។
លោកបានប្រាប់អ្នកសារព័ត៌មានថា ការចោទប្រកាន់នេះមិនមានអង្គហេតុអ្វីរឹងមាំ និងមិនមូលដ្ឋានណាដែលត្រូវធ្វើការឃុំខ្លួននោះទេ។ លោកបន្តថា ភ័ស្តុតាងដែលដាក់បន្ទុកលើអតីតសកម្មជនទាំងអស់នេះ គ្រាន់តែទាញតែយកតាមប្រព័ន្ធបណ្តាញសង្គម យកមកដាក់បន្ទុកតែប៉ុណ្ណោះ។ ដូច្នេះរឿងនេះ តុលាការត្រូវតែទម្លាក់បទចោទប្រកាន់ និងអនុញ្ញាតឱ្យពួកគេមានសេរីភាពឡើងវិញ។
លោកថ្លែងថា៖ «តាមការពិតរឿងពួកគាត់ អ្នកខ្លះគ្រាន់ជាការទំនាក់ទំនងតាមទូរសព្ទ សម្តែងកង្វល់អំពីបញ្ហាកូវីដ អ្នកខ្លះសម្តែងកង្វល់អំពីរឿងសង្គម ហើយអ្នកខ្លះជជែកគ្នារឿងបង្រៀន។ ដូច្នេះវាអត់មានអង្គហេតុ អង្គច្បាប់ណាដែលត្រូវចោទប្រកាន់ផ្តន្ទាទោសពួកគាត់រហូតទៅដល់ ៥ [ឬ] ៦ ឆ្នាំនោះទេ វាជារឿងមួយអយុត្តិធម៌សម្រាប់ពួកគាត់»។
លោក រ៉ុន ឈុន ក៏បានបញ្ជាក់ថា អង្គការជាតិ អង្គការអន្តរជាតិ និងបណ្តាអង្គទូត មើលឃើញថា សំណុំរឿងនេះពាក់ព័ន្ធនយោបាយច្រើនជាង ដូច្នេះគួរតែមានដំណោះស្រាយផ្នែកនយោបាយទើបប្រសើរ ជាជាងការប្រើប្រាស់ប្រព័ន្ធតុលាការមកដាក់សម្ពាធ។
លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានចូលស្តាប់ក្នុងសវនាការ យល់ឃើញថា តុលាការគួរតែទម្លាក់ចោលការចោទប្រកាន់លើអតីតសកម្មជននយោបាយទាំងនេះ ព្រោះចំណាត់ការនេះអាចនឹងជួយស្តារកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលកម្ពុជាឱ្យប្រសើរ ដើម្បីទទួលបានការគាំទ្រពីសហគមន៍ជាតិ និងអន្តរជាតិឡើងវិញផងដែរ។
លោកថ្លែងថា៖ «លោកចៅក្រម លោកគួរតែមានឆន្ទានុសិទ្ធិក្នុងការសម្រេចឱ្យពួកគាត់រួចពីបទចោទ។ ហើយខ្ញុំគិតថា ពួកគាត់ជាពលរដ្ឋ ហើយគ្មានអំណាចអី គាបសង្កត់មកលើរាជរដ្ឋាភិបាលទេ»។
មុនពេលបិទបញ្ចប់សវនាការ លោក ស៊ឹង បញ្ញាវុធ ប្រធានអង្គប្រឹក្សាជំនុំជម្រះ និងជាចៅក្រមតុលាការកំពូល បានប្រកាសថា តុលាការកំពូលនឹងប្រកាសសាលដីការបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិទាំង១៣នាក់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣៕