ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងអប់រំជំរុញឱ្យយុវជនលេងល្បែងនិងរបាំប្រជាប្រិយខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ


រូបឯកសារ៖ ប្រជាពលរដ្ឋ​ខ្មែរលេងល្បែងប្រជាប្រិយខ្មែរទាញព្រ័ត្រ នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំ​ប្រពៃណីខ្មែរ នៅខេត្តកណ្តាល កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៩។
រូបឯកសារ៖ ប្រជាពលរដ្ឋ​ខ្មែរលេងល្បែងប្រជាប្រិយខ្មែរទាញព្រ័ត្រ នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំ​ប្រពៃណីខ្មែរ នៅខេត្តកណ្តាល កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៩។

ខណៈ​ឥទ្ធិពលបច្ចេកវិទ្យានិង​វប្បធម៌​បរទេស កំពុង​សាយ​ភាយ​ក្នុង​សង្គម​កម្ពុជា ជា​ពិសេស​ក្នុង​ចំណោម​យុវជន ក្រសួង​អប់រំ​បាន​ជំរុញ​ឱ្យ​មាន​ការលេង​ល្បែងប្រជាប្រិយ និង​របាំ​ប្រពៃណីខ្មែរ​បន្ថែម​ទៀត ដើម្បី​ចូល​រួម​ថែរក្សានិង​ការពារ​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ នា​រដូវ​កាល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ។

ការណែនាំ​ដូច្នេះធ្វើ​ឡើងក្នុង​គោល​បំណង «ដើម្បី​ចូល​រួម​អភិរក្ស និង​លើក​កម្ពស់​វប្បធម៌ ដូច​ជា​ជំនឿ ទំនៀម​ទម្លាប់ ប្រពៃណី​ជាតិ​ខ្មែរ​ឱ្យ​បាន​គង់​វង្ស និង​រីក​ចម្រើន ព្រម​ទាំង​ចៀស​វាង​គ្រោះ​ថ្នាក់​ផ្សេងៗ ក្នុងឱកាស​ត្រៀម​អបអរ​សាទរ​និង​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ»។ នេះ​បើ​យោង​តាម​សេចក្តីណែនាំមួយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ១៥ ខែ​មីនា​។

ក្រសួង​អប់រំ​ក៏ស្នើ​ឱ្យ​មាន​ការសហការ​យ៉ាងជិត​ស្និទ្ធ​រវាងអាណាព្យាបាល​សិស្សនិងសហគមន៍ ជាមួយ​អជ្ញាធរ​ដែនដី ដើម្បី​ផ្ដល់និង​ទទួល​ព័ត៌មាន​ស្តី​ពី​ការលេងល្បែង​អសុវត្ថិភាព ​ដែល​ពេញ​និយម​ក្នុង​ស្រទាប់​យុវជន ដូចជា​ការ​ជះទឹក​ដាក់​គ្នា និង​ប៉ាតម្សៅ​ ទាំង​នៅ​ក្នុង​ឬ​ក្រៅ​គ្រឹះស្ថានសិក្សា ដើម្បី​ចូល​រួម​ទប់​ស្កាត់និង​ដោះ​ស្រាយ​បញ្ហា​និង​គ្រោះថ្នាក់​ ដែល​អាច​កើត​ឡើង​ជា​យថាហេតុណាមួយ។ ល្បែងនិង​របាំ​ប្រជាប្រិយ​ដែល​ក្រសួង​អប់រំលើក​ទឹក​ចិត្ត​ឱ្យ​មាន​ការលេង មានដូច​ជា​រាំវង់ រាំ​ក្បាច់ សារ៉ាវ៉ាន់ របាំ​ត្រុដិ។ល។ និងល្បែង​ប្រជា​ប្រិយ​មួយ​ចំនួន​ ដូច​ជាល្បែង​បោះ​អង្គញ់ ចោល​ឈូង ដណ្តើម​ស្លឹក​ឈើ ទាញ​ព្រ័ត្រ​ជា​ដើម។

ជា​មួយ​គ្នា​នេះ​ដែរ លោក​នាយកមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បានគាំទ្រ​សេចក្តី​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និងកីឡា ដោយ​លើក​ឡើង​ថា៖ «ចំណុច​នេះ​គឺ​ជាចំណុច​ដ៏​ល្អ ដែល​យើង​ត្រូវ​តែ​ពង្រឹងនូវ​វប្បធម៌​ប្រពៃណី​របស់​ខ្លួន​ឡើង នៅ​ក្នុង​ដំណាក់​កាល​នៃ​សកល​ភាវូបណីយកម្ម អត្តសញ្ញាណ​ជាតិ ងាយ​នឹង​បាត់​ណាស់ បើ​សិន​ជា​យើង​ខ្ជីខ្ជា មិន​មែន​ជា​បញ្ហា​លេង​សើច»។

ជាទូទៅ ​ល្បែងនិង​របាំ​ប្រជាប្រិយខ្មែរ​នីមួយៗតែងតែ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ ដើម្បី​បង្ហាញ​ពី​ការរស់​នៅ​បាន​សុខ​សាន្ត សាមគ្គីភាព និង​ការគ្នា​ជួយ​គ្នា​ទៅវិញ​ទៅ​មក ដែល​មាន​បង្កប់​ក្នុង​សកម្មភាព​នៃ​ល្បែង និង​របាំ​ប្រជាប្រិយ​ទាំង​អស់​នោះ។

សម្រាប់​ឆ្នាំ ២០២៣ នេះ កម្ពុជា​នឹង​ប្រារព្ធ​ពិធី​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ចាប់ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ១៦ ខែមេសា​ខាង​មុខ​នេះ៕

XS
SM
MD
LG