សមាជិកក្រុមគ្រួសាររបស់ពួកអ្នកដំណើរនៅលើជើងយន្តហោះលេខ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលបានបាត់នៅក្នុងមហាសមុទ្រឥណ្ឌាភាគខាងត្បូងកំពុងប្រារព្ធខួបលើកទី៤នៃការបាត់យន្តហោះនៅឯពិធីរំលឹកវិញ្ញាណក្ខន្ធមួយនៅក្នុងទីក្រុងកូឡាឡាំពួ។
ខួបនេះធ្វើឡើងនៅពេលដែលមានការខំប្រឹងប្រែងរុករកបន្តទៀត។ រដ្ឋាភិបាលម៉ាឡេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីខែមករាជាមួយក្រុមហ៊ុនរុករករបស់សហរដ្ឋអាមេរិកដើម្បីបន្តស្វែងរកយន្តហោះដែលបាត់ខ្លួននោះ។
លោក Liow Tiong រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃប្រទេសម៉ាឡេស៊ីបាននិយាយថា ក្រុមហ៊ុន Ocean Infinityដែលមានទីតាំងនៅក្នុងទីក្រុង Houston សហរដ្ឋអាមេរិកនឹងស្វែងរកយន្តហោះដែលបាត់ខ្លួននោះនៅក្រោមកិច្ចសន្យាថា «រកមិនឃើញ មិនយកប្រាក់» ដែលមានន័យថា ក្រុមហ៊ុននោះទទួលបានប្រាក់នៅពេលដែលខ្លួនរកឃើញយន្តហោះម៉ាក Boeing 777។
ក្រុមហ៊ុនរុករកនោះនឹងទទួលបានប្រាក់២០លានដុល្លារ ប្រសិនបើខ្លួនរកឃើញយន្តហោះនៅក្នុងរង្វង់៥ពាន់គីឡូម៉ែត្រការ៉េ ហើយទទួលបានប្រាក់៣០លានដុល្លារ ប្រសិនបើរកឃើញយន្តហោះនៅក្នុងរង្វង់១ម៉ឺនគីឡូម៉ែត្រការ៉េ ទទួលបាន៥០លានដុល្លារនៅក្នុងរង្វង់២ម៉ឺន៥ពាន់គីឡូម៉ែត្រការ៉េ។ ឈ្នួលទាំងអស់គឺ៧០លានដុល្លារ ប្រសិនបើក្រុមហ៊ុននោះរកឃើញយន្តហោះបាត់ខ្លួនហួសពីតំបន់ដែលមានទំហំ២ម៉ឺ៥ពាន់គីឡូម៉ែត្រការ៉េ។
យន្តហោះលេខ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានបាត់ខ្លួនកាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤ ក្នុងអំឡុងនៃការហោះហើរពីទីក្រុងកូឡាឡាំពួទៅកាន់ទីក្រុងប៉េកាំង ដោយមានអ្នកដំណើរ២៣៩នាក់ហើយនឹងក្រុមអ្នកបើកបរនៅលើនោះ៕