ភរិយា​សកម្មជន​គណបក្ស​កម្លាំង​ជាតិ​ស្នើសុំ​ដោះលែង​ស្វាមី​ដែល​រង​បទ​ចោទ​ញុះញង់

រូបភាពដកស្រង់ពីហ្វេសប៊ុកបង្ហាញលោក មឺ សេងហ៊ ហៅ គា វិសាល អនុប្រធានបណ្តោះអាសន្ននៃគណបក្សកម្លាំងជាតិខេត្តកំពង់ចាម ត្រូវបានឃាត់ខ្លួន។ (Facebook/Cambodia Government Spokesperson Unit)

ក្រោយ​មាន​ការ​ចាប់​ខ្លួន​លោក គា វិសាល មន្រ្តី​ម្នាក់​នៃ​គណបក្ស​កម្លាំង​ជាតិ​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ពី​បទ «ញុះញង់បង្ក​ឱ្យ​មាន​ការរើស​អើង​ និង​ជេរ​ប្រមាថ​ជា​សាធារណៈ» ភរិយា​របស់​សកម្មជន​នយោបាយ​រូប​នោះ​បាន​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​ស្វាមី ដោយ​បដិសេធ​ថា​ស្វាមី​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

ការ​ចាប់​ខ្លួន​លោក មឺ សេងហ៊ ហៅ​ គា វិសាល អនុ​ប្រធាន​បណ្តោះ​អាសន្ន​នៃ​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់​ចាម និង​ជា​បេក្ខជន​ពេញ​សិទ្ធិ​ឈរ​ឈ្មោះ​លេខ​រៀង​ទី ១​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី ៤ នៅ​ក្នុង​ខែ​ឧសភា​ខាង​មុខ តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​តុលាការ កាល​ពី​ថ្ងៃ ​១៥ ខែ​មីនា ឆ្នាំ ​២០២៤។ លោក​រង​បទ​ចោទ​ប្រកាន់«ញុះញង់បង្ក​ឱ្យ​មាន​ការ​រើស​អើង​ និង​ជេរ​ប្រមាថ​ជា​សាធារណៈ» តាម​បណ្តឹង​របស់​បុគ្គល​ម្នាក់​ឈ្មោះ​ ម៉ៃ ហុងស្រៀង។

អ្នក​ស្រី ញ៉ែ សុខឿន អាយុ​៤៤​ឆ្នាំ ជំទប់​ទី ២ ​នៃ​ឃុំ​កោះ​មិត្ត​មក​ពី​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​ភរិយា​របស់​លោក គា វិសាល ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​ចាប់​ខ្លួន​ស្វាមី​របស់​អ្នកស្រី គឺ​ជា​រឿង​អយុត្តិធម៌​មួយ ហើយ​ថា​វា​ជា​ការ​បំបាក់​ស្មារតី​សកម្មជន​គណបក្ស​ប្រឆាំង។

អ្នក​ស្រី​បញ្ជាក់​ថា៖ «សម្រាប់​ខ្ញុំ​ជា​គ្រួសារ​ វា​អយុត្តិធម៌​ណាស់ ដោយ​សារ​រឿង​ហ្នឹង​វា​អត់​មាន​រឿង​អី​ទេ។ វា​ជា​រឿង​បំបាក់​ស្មារតី​ក្នុង​នាម​ពួកខ្ញុំ​ដែល​គេ​គិត​ថា​មាន​និន្នា​ការ​ផ្សេង​ និយាយ​ឱ្យ​ងាយ​ស្តាប់​គេ​គិត​ថា​ពួក​ខ្ញុំ​ជា​បក្ស​ប្រឆាំង»។

អ្នកស្រី​ស្នើ​សុំ​ឱ្យ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ជួយ​ពន្លឿន​ដោះ​លែង​ស្វាមី​របស់​អ្នក​ស្រី ដោយ​អ្នកស្រី​បញ្ជាក់​ថា ស្វាមី​របស់​អ្នក​ស្រី​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ដូចការចោទ​ប្រកាន់​ឡើយ។

អ្នកស្រី​ថ្លែង​ថា​៖ «ខ្ញុំ​នៅ​តែ​ទទូច​សុំ​ឱ្យ​នាយករដ្ឋ​មន្រ្តី​ថ្មី រាជរដ្ឋាភិបាល​ឱ្យ​ដោះ​លែង​គ្រួសារ​ខ្ញុំ​ និង​អ្នក​ទោស​មនសិការ​ចេញ។ ទោះ​យ៉ាង​ណា​សុំ​ឱ្យ​ជួយ​ពន្លឿន​រឿង​ហ្នឹង​ឱ្យ​បាន​ជាក់​លាក់​ឱ្យ​បាន​ច្បាស់ គាត់​មាន​ករណី​អី​យ៉ាង​ម៉េច​ទទូច​សុំ​ឱ្យ​គាត់​ដោះ​លែង​ឱ្យ​បាន​មក​ជួប​គ្រួសារ​វិញ»។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ​និង​ជា​អតីត​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន​ ប្រាប់​វីអូអេ​ថា​ ការចាប់​ខ្លួន​លោក​គា វិសាល អនុ​ប្រធាន​ក្រុម​ការងារ​បណ្តោះ​អាសន្ន​គណបក្សកម្លាំង​ជាតិ​ខេត្ត​កំពង់ចាម ជា​រឿង​អយុត្តិធម៌​មួយ ព្រោះ​លោក​ថាករណី​នេះ អាច​ចរចា​គ្នា​បាន ដោយ​មិន​ចាំ​បាច់​ឃាត់​ខ្លួន​ដាក់​ពន្ធនាគារ​ឡើយ។

លោក​ថ្លែ​ង​ថា៖ «យើង​មើល​ឃើញ​ថាវា​ជា​រឿង​មួយ​ដែល​អយុត្តិធម៌​ចំពោះ​គាត់។ រឿង​ទាំង​អស់​ហ្នឹង​យើង​អាច​ជជែក​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ បើ​មើល​ទៅ​តាម​ការ​ចោទ​ប្រកាន់​ វា​មិន​រហូត​ទៅ​ដល់​ថ្នាក់​ឃាត​ខ្លួន​យក​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​នោះ​ទេ»។

លោក​បន្ថែម​ថា​ លោក​ គា វិសាល គួរ​តែ​ត្រូវ​បាន​ដោះ​លែង ព្រោះលោកមិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ឡើយ។

លោក រ៉ុង ឈុន ថ្លែង​ថា៖ «បទ​ញុះញង់​កំពុង​តែ​ពេញ​និយម​ហើយ​នៅ​កម្ពុជា​យើង។ ស្អី​ក៏​ដោយ​ក៏​ញុះញង់​ បង្ក ប៉ះពាល់​សណ្តាប់ធ្នាប់ សន្តិសុខ​ជាតិ​ក្តី​ប៉ុន្តែ តាម​ការ​អះអាង​របស់​គាត់​ក៏​ដូច​ជា​គ្រួសារ​របស់​គាត់​ គាត់​មិន​បាន​ញុះ​ញង់​ ជេរ​ប្រមាថ​ដូច​ការ​ចោទ​ប្រកាន់​ទេ គ្រាន់​តែ​គាត់​ចូល​រួម​រិះ​គន់​ស្ថាបនា​នោះ​ទេ»។

កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មីនា ឆ្នាំ​ ២០២៤ គណបក្ស​កម្លាំង​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះលែង​លោក មឺ សេងហ៊ ហៅ គា វិសាល ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ និងថា ការចាប់​ខ្លួន​សកម្មជន​នយោបាយ​រូប​នេះ​ថា៖«ជា​រូបភាព​បំភិត​បំភ័យ និង បង្ក​បរិយាកាស​នយោបាយ​អាប់អួ​ ក្នុង​ដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​ ៤ ឆ្នាំ​ ២០២៤»។

កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​មីនា អ្នក​នាំ​ពាក្យ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​បាន​ចេញសេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​លើក​ឡើង​ថា​លោក​ មឺ សេងហ៊ ហៅគា វិសាល មន្រ្តី​មួយ​រូប​របស់​គណបក្ស​កម្លាំង​ជាតិ​ត្រូវ​បាន​ប្តឹង​ដោយ​លោក ម៉ៃ​ ហុង​ស្រៀង ពី​បទ«​ញុះ​ញង់​បង្ក​ឱ្យ​មាន​ការរើស​អើង​ និង​ជេរ​ប្រមាថ​ជា​សាធារណៈ»។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បញ្ជាក់​ថា​ការ​ឃាត់ខ្លួន​សកម្មជន​នយោបាយ​រូប​នេះ​គឺ​ជា​ការ​អនុវត្ត​តាម​វិធាន​ការ​ច្បាប់​តែ​ប៉ុណ្ណោះ។

សមត្ថកិច្ច​បញ្ជាក់​ថា ​ខ្លួន​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ឈ្មោះ ម៉ៃ ហុងស្រៀង ដែល​ប្តឹងម្ចាស់​គណនី​ហ្វសប៊ុក​ឈ្មោះ Kea Visal ដែល​សមត្ថកិច្ច​ថា​មាន​ឈ្មោះ​មឺ សេងហ៊ ហៅ​គា វិសាល ជា​ម្ចាស់។

កាល​ពីថ្ងៃ​ទី​ ១៤ ខែមីនា នៅ​លើ​ហ្វេសប៊ុក​ឈ្មោះ Kea Visal មាន​ការ​បង្ហោះ​សារ​មួយ​ចំនួន​ដែល​និយាយ​អំពី​«របប​ផ្តាច់​ការ​ឆ្ពោះ​ទៅប្រជាធិប​តេយ្យ»។ សារនៅ​លើ​ហ្វេស​ប៊ុក​នោះ​សរសេរ​ថា៖ «រដ្ឋប្រហារ​យោធា​ប្រឆាំង​នឹង​របប​ផ្តាច់ការ​ហាក់​ដូចជា​មធ្យោបាយ​មួយ ដែល​ងាយ​ស្រួល និង​ឆាប់​បំផុត​សម្រាប់​រំលំ​របប​ឃោរ​ឃៅ ។ ប៉ុន្តែ​មធ្យោបាយ​នេះ មាន​បញ្ហាធំៗ​មួយ​ចំនួន។ សំខាន់​ជាង​នេះ​ទៅ​ទៀត រដ្ឋប្រហារ​រក្សា​ទុក​ដដែល នូវ​ការ​ចែក​អំណាច​មិន​ត្រឹមត្រូវ​បច្ចុប្បន្ន រវាង​ប្រជាពលរដ្ឋ និង​ពួក​ថ្មី​ដែល​គ្រប់គ្រង​រដ្ឋបាល និង​កង​កម្លាំង​យោធា​របស់​គេ»។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត​ យល់​ឃើញ​ថា​ ករណី​របស់​លោក​ គា វិសាល​ ជា​ករណី​ប្តឹង​ផ្តល់​រវាង​បុគ្គល​និង​បុគ្គល។ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា​បទ​ញុះ​ញង់​ ឬ​ជេរ​ប្រមាថ​ជា​សាធារណៈ តែង​តែ​កើត​ឡើង​ជា​រឿយៗ​ទៅ​លើ​សកម្មជន​គណបក្ស​នយោបាយ។

លោក​ថា​៖ «ជា​ការ​កត់​សម្គាល់​កន្លង​មក​ ឱ្យ​តែ​ជិត​ដល់​ពេល​បោះ​ឆ្នោត​ម្តងៗ​ ទោះ​បី​បោះ​ឆ្នោត​ជា​សកល​ក៏​ដោយ​ ជា​អសកល​ក៏ដោយ​វា​តែង​តែ​មាន​បញ្ហា​ប្តឹង​ផ្តល់ បញ្ហា​ការ​ចាប់​ខ្លួន​ទៅ​លើ​សកម្មជន​នៃ​គណបក្ស​ប្រឆាំង​។ ចំណុច​ហ្នឹង​ដែល​គេ​លើក​ឡើង​ថា​វា​ជា​ការ​បង្ក​បរិយា​កាស​នយោបាយ​មិន​ល្អ​នៅ​ពេល​មុន​បោះ​ឆ្នោត»។

លោក អំ សំអាត បញ្ជាក់​ថា ​ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល​លោកមិន​ចង់​ឃើញ​សកម្មភាព​បែប​នេះ​កើត​ឡើង​ ក្នុង​កំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​នោះ​ទេ។ លោក​ចង់​ឃើញ​លំហ​សេរី​ភាព​នយោ​បាយ​មាន​ភាព​ទូលំ​ទូលាយ និង​បើក​ចំ​ហ ដើម្បី​កុំ​ឱ្យ​មាន​ការ​រិះ​គន់​ពី​សហគមន៍​ជាតិ ឬ​អន្តរ​ជាតិ​មក​លើ​ប្រទេស​កម្ពុជា៕