បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈក្រោយមានការប្តឹងផ្តល់ពីគណបក្សប្រជាជនកម្ពុជា លោក ស៊ឹង សែនករុណា បានថ្លែងជាសាធារណៈតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកថា ការប្តឹងផ្តល់របស់គណបក្សកាន់អំណាចជាការធ្វើទុក្ខបុកម្នេញ និងមិនលើកទឹកចិត្តលោកដែលបានធ្វើការងារជួយសង្គមជាច្រើនឆ្នាំមកនេះ។
លោក ស៊ឹង សែនករុណា គឺជាមន្រ្តីជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក និងជាអ្នកនាំពាក្យរបស់សមាគមមួយនេះ ហើយជាញឹកញាប់គេសង្កេតឃើញលោកបានផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយស្តីពីបញ្ហាសិទ្ធិមនុស្ស សិទ្ធិដីធ្លី និងស្ថានភាពវិវឌ្ឍសង្គមចុងក្រោយផ្សេងៗទៀតនៅប្រទេសកម្ពុជា បន្ថែមលើកិច្ចការស្នូលរបស់លោកដែលចុះសង្កេតផ្ទាល់ ទីដែលមានសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។
បើតាមការបង្ហោះសារអត្ថាធិប្បាយមួយលើបណ្តាញសង្គមកាលពីថ្ងៃពុធ លោកលើកឡើងថា ជាង២០ឆ្នាំមកហើយ លោកបានបម្រើការងារលើវិស័យសង្គមស៊ីវិល ហើយរឿងលំបាកវេទនាយ៉ាងណាក៏លោកធ្លាប់ឆ្លងកាត់ដែរ ក៏ប៉ុន្តែការងារលោកមិនត្រូវបានលើកទឹកចិត្ត ហើយបែរមកជាប់បណ្តឹងនៅតុលាការ។
លោកបានបង្ហោះសារតាមបណ្តាញសង្គមយ៉ាងដូច្នេះ៖ «គួរឱ្យស្តាយជាចុងក្រោយនេះ បែរជាទទួលនូវការប្តឹងចោទដ៏ធ្ងន់ធ្ងរពិបាកទទួលយកបានទៅវិញ។ អ្វីដែលសំខាន់នោះប្តឹងទារ៥០ម៉ឺនដុល្លារ»។
លោកបានសង្កត់ធ្ងន់ថា៖ «ការងារដូចរូបខ្ញុំគួរត្រូវជួយលើកទឹកចិត្ត មិនមែនដាក់ប្តឹងធ្វើទុក្ខបុកម្នេញ បន្ទុចបង្អាក់ទឹកចិត្តបែបនេះនោះទេ កិច្ចការមួយចំនួនចាំបាច់ណាស់ ត្រូវមានវត្តមានដូចពួកខ្ញុំនេះ ជួយដល់ពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធទាំងឡាយ ដើម្បីរួមចំណែកដោះស្រាយបញ្ហាដែលកំពុងតែកើតមានក្នុងសង្គមមួយនេះ»។
បើតាមអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សរូបនេះ ប្រាក់ប្រចាំខែដែលលោកទទួលបានគឺគ្រប់គ្រាន់សម្រាប់តែការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះ ពោលគឺលោកគ្មានលទ្ធភាពសងប្រាក់ទៅដើមបណ្តឹងនោះទេ។
ក្រុមមេធាវីរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានប្តឹងលោក ស៊ឹង សែនករុណា ពីបទបរិហារកេរ្តិ៍ ដោយទាមទារសំណងជំងឺចិត្តចំនួន២ពាន់លានរៀល ឬប្រមាណ៥០ម៉ឺនដុល្លារអាមេរិក ពាក់ព័ន្ធនឹងការថ្លែងនៅលើសារព័ត៌មាន ដែលគណបក្សកាន់អំណាចថា «មួលបង្កាច់នាំឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា»។
ភាពចម្រូងចម្រាសដែលនាំដល់ការប្តឹងលោក ស៊ឹង សែនករុណា គឺនៅចំណុចដែលលោកត្រូវបានប្រព័ន្ធផ្សព្វផ្សាយនៅក្រៅប្រទេសមួយស្រង់សម្តីថា «គណបក្សកាន់អំណាចតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន»។
លោក ស៊ឹង សែនករុណា បដិសេធមិនផ្តល់ការអត្ថាធិប្បាយ នាថ្ងៃព្រហស្បតិ៍នេះ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ប្រាប់វីអូអេថា សមាគមអាដហុក កំពុងរៀបចំមេធាវីការពារក្តីឱ្យអ្នកនាំពាក្យសមាគម ហើយលោកក៏សុំមិនផ្តល់ការអត្ថាធិប្បាយបន្ថែមដែរ។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេថា ពាក្យបណ្តឹងរបស់ក្រុមមេធាវីគណបក្សប្រជាជនកម្ពុជា ទាមទារសំណងប្រមាណ៥០ម៉ឺនដុល្លារពីអ្នកនាំពាក្យសមាគមអាដហុក កំពុងស្ថិតក្នុងដៃរបស់តុលាការ ដូច្នេះមានតែការតតាំងគ្នានៅតុលាការតែប៉ុណ្ណោះ។
លោកបន្ថែមថា ការថ្លែងរបស់លោក ស៊ឹង សែនករុណា ជាមួយសារព័ត៌មាន The Cambodia Daily បានប៉ះពាល់កិត្តិយសគណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំង ដែលមិនអាចវាស់វែងជាមួយទំហំទឹកប្រាក់បាននោះទេ។
លោកថ្លែងថា៖ «ប៉ះពាល់កិត្តិយសគណបក្សប្រជាជន វាធំធេងណាស់ បើគិតជាលុយ វាអត់មានទំហំណា យកមកវាស់បានទេ»។
លោកបន្ថែមថា៖ «ប្រាប់ទៅសាមីជននោះ ឱ្យគាត់ទៅនិយាយជាមួយតុលាការ ឬមួយក៏យកមេធាវីណាដែលល្បីល្បាញ មានស្នាដៃ អាហ្នឹងឱ្យគាត់ទៅត[តាំង]ក្តីជាមួយតុលាការទៅ អាហ្នឹងបានវាត្រូវតាមនីតិវិធីច្បាប់»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីក្រុមអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេនៅថ្ងៃព្រហស្បតិ៍នេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ទំហំទឹកប្រាក់ដែលគណបក្សប្រជាជនកម្ពុជាកំពុងទាមទារពីមន្ត្រីអាដហុក គឺជាទំហំដ៏ធំសម្បើមមួយព្រោះអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ទទួលបានប្រាក់ខែស្ទើរតែចិញ្ចឹមគ្រួសារមិនគ្រាប់គ្រាន់ផង។ យ៉ាងណាក៏ដោយ លោកថា តុលាការមិនទាន់មានការចោទប្រកាន់ និងជំនុំជម្រះលើបណ្តឹងរបស់គណបក្សកាន់អំណាចនៅឡើយទេ៕
វេទិកាបញ្ចេញមតិ