អង្គុយនៅខាងមុខផ្ទះជាមួយភរិយារបស់លោក ព្រមជាមួយចៅប្រុសនិងចៅស្រី លោក ចេក ឈុន ជាកសិករម្នាក់ក្នុងភូមិតាប៉ោ ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប ហាក់ដូចជាកំពុងរង់ចាំកូនប្រុសរបស់លោក វិលត្រឡប់មកផ្ទះវិញ។
កូនរបស់លោក គឺលោក ឈុន វាន អាយុ៣០ឆ្នាំ ដែលជាអតីតជំទប់ទី២ឃុំក្ដីរុនរបស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ក្រោមការចោទប្រកាន់ថា«រួមគំនិតក្បត់» ក្នុងការគាំទ្រការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី។ ការចោទប្រកាន់នេះធ្វើឲ្យកូនរបស់លោករត់ភៀសខ្លួនទៅក្រៅប្រទេសដើម្បីគេចផុតពីការចាប់ឃុំខ្លួន។
Your browser doesn’t support HTML5
ក្នុងវ័យ៦៧ឆ្នាំ លោក ចេក ឈុន ចាត់ទុកថាការចោទប្រកាន់លើកូនប្រុសរបស់លោកគឺជារឿង«អយុត្តិធម៌»។
«វាអយុត្តិធម៌ កូនខ្ញុំវាមិនដែលទៅប្រព្រឹត្តអីខុសដល់គេចាប់។ កូនស្មោះត្រង់ល្អស្រណោះកូនមិនដឹងថាម៉េច»។
កូនប្រុសរបស់លោកគឺ លោក ឈុន វាន បានបន្សល់ទុកនូវកូនចំនួនពីរនាក់ក្រោមបន្ទុករបស់លោក។នោះគឺ កូនប្រុសអាយុ៦ឆ្នាំម្នាក់ និងកូនស្រីអាយុ២ឆ្នាំ។
លោក ចេក ឈុន បញ្ជាក់បន្ថែមថា៖ «នយោបាយស្រុកខ្មែរ មានតែប៉ុណ្ណោះឯង។ បើមិនជាប់គុក រត់ចោលស្រុក និងងាប់ មានតែប៉ុណ្ណោះឯង។ បើខ្លាំងគឺងាប់ បើល្មម គឺជាប់គុក ល្មម រត់ចោលស្រុក»។
ក្រោយការប្រកាសរបស់លោក សម រង្ស៊ី ថានឹងចូលប្រទេសវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ការបង្ក្រាបទៅលើអតីតសកម្មជនគណបក្សប្រឆាំងនៅថ្នាក់ក្រោម ត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ ក្រុមគ្រួសារដែលមានប្ដីនិងកូនៗរបស់ពួកគេកំពុងគេចខ្លួនទៅក្រៅប្រទេស។ នេះបង្ហាញថាពួកគេកំពុងរស់នៅជាមួយនឹងការព្រួយបារម្ភជារៀងរាល់ថ្ងៃ។
លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បាននិរទេសខ្លួនទៅក្រៅប្រទេសចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ ដើម្បីគេចពីការតាមចាប់ខ្លួន។
រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកការវិលត្រឡប់របស់លោក សម រង្ស៊ី ជាការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល តាមរយៈកម្លាំងអ្នកគាំទ្ររបស់អតីតគណបក្សសង្គ្រោះជាតិ។
ក្នុងពេលកំពុងផ្ដល់បទសម្ភាសន៍ដល់ VOA នគរបាលនៅក្នុងឃុំក្តីរុន បានជិះម៉ូតូកាត់ខាងមុខផ្ទះរបស់លោក ចេក ឈុន ជាបន្តបន្ទាប់។ លោកមានប្រសាសន៍ថា ផ្ទះរបស់លោក ត្រូវបាននគរបាលឃុំតាមឃ្លាំមើលជាប្រចាំ។ លោកក៏មានការព្រួយបារម្ភថាសមត្ថកិច្ចអាចសួរនាំរូបលោកអំពីការសម្ភាសន៍ជាមួយVOA។
ពីក្រៅប្រទេស លោក ឈុន វាន ដែលជាកូនប្រុសរបស់លោក ចេក ឈុន បានចាត់ទុកការចោទប្រកាន់រូបលោក ជាការដាក់គំនាប និងបំភិតបំភ័យមួយ។
«ខ្ញុំដឹងថាតុលាការនៅប្រទេសកម្ពុជារបស់យើងគឺជាឧបករណ៍របស់អ្នកនយោបាយសម្រាប់ប្រើប្រាស់ គំរាមកំហែងដល់គូបដិបក្ខ បក្សប្រឆាំងដែលជាគណបក្សមួយដ៏ធំ»។
ប៉ុន្តែលោក យិន ស្រាង អ្នកនាំពាក្យតុលាការខេត្តសៀមរាប បានថ្លែងប្រាប់VOAថា តុលាការ មានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់ទៅលើអតីតសកម្មជនគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែលោកបានបដិសេធមិនបញ្ជាក់ថាមានភស្តុតាងអ្វីនោះទេ ដោយសារសំណុំរឿងស្ថិតក្នុងដៃរបស់ចៅក្រមស៊ើបសួរ។
«គាត់ឆ្លើយហ្នឹងរឿងរបស់គាត់។ តុលាការគេមានភស្តុតាងហ្នឹង បានគេចោទប្រកាន់ទៅលើគាត់»។
នៅក្នុងខេត្តសៀមរាបដដែល លោក ជិន សុខង៉េង អាយុ២៨ឆ្នាំ អតីតចៅសង្កាត់សាលាកំរើក ក៏ត្រូវបានចោទប្រកាន់និងតាមចាប់ខ្លួនផងដែរ។ នេះបើយោងតាមដីកាចុះថ្ងៃទី១៤ ខែតុលា ដែលVOAទទួលបាននៅថ្ងៃអង្គារនេះ។
បើតាមអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ រហូតមកដល់ថ្ងៃទី១៥ ខែតុលា សកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន៤៣នាក់ ត្រូវបានចាប់ខ្លួនទាក់ទងនឹងការគាំទ្រការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី។
លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ ថ្លែងថាការតាមដាន ការចោទប្រកាន់ និងការចាប់ខ្លួន គឺដើម្បី«ថែរក្សាសន្តិភាព និងសន្តិសុខរបស់ប្រទេស» ដោយលោកបញ្ជាក់ថាសមត្ថកិច្ចតាមដានតែមនុស្សដែលជា«មុខសញ្ញា»តែប៉ុណ្ណោះ។
«បើសិនជាគាត់អត់មានសកម្មភាពអី គេមិនចាំបាច់តាមមើលអីទេ។ ក្រែងតែគាត់មានគំនិតមិនល្អ ឬក៏ប៉ុនប៉ងដើម្បីមកផ្ដួលរលំ»។
ការចោទប្រកាន់តាមចាប់ខ្លួន បានកើតឡើងនៅទូទាំងប្រទេស។ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាប់នឹងខេត្តសៀមរាប អ្នកស្រី ហ៊ឹម តាំងអោ អាយុ៤៧ឆ្នាំ មានប្រសាសន៍ថា ប្ដីរបស់អ្នកស្រីគឺលោក អូន ស្រ៊ានដែលជាអនុប្រធានប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិខេត្តឧត្តរមានជ័យ ក៏កំពុងគេចខ្លួននៅក្រៅប្រទេសដែរ។ ប្ដីរបស់អ្នកស្រីត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់»និងប្រឈមការតាមចាប់ខ្លួន។
អ្នកស្រីបានថ្លែងថាការចោទប្រកាន់នេះអយុត្តិធម៌ ហើយវាប្រៀបដូចជាការបំបែកបំបាក់ប្ដីប្រពន្ធរបស់អ្នកស្រី។
«ពិបាកប្ដីនៅនោះ ប្រពន្ធនៅនេះ បែកបាក់គ្នា»។
សកម្មជនមួយចំនួនរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានចោទប្រកាន់ និងចាប់ខ្លួន បានសារភាពកំហុស ហើយពួកគេត្រូវបានលើកលែងការចោទប្រកាន់ និងដោះលែង ខណៈដែលបទចោទ«រួមគំនិតក្បត់»នេះធ្វើឲ្យពួកគេប្រឈមនឹងការជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ។
មន្ត្រីគណបក្សសង្គ្រោះជាតិអះអាងថាការសារភាពនេះ គឺដោយសារពួកគេរងគំនាប។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក បានថ្លែងប្រាប់ VOAថា លោកបានទទួលពាក្យបណ្ដឹងជាលាយលក្ខណ៍អក្សរ និងផ្ទាល់មាត់ពីក្រុមគ្រួសាររបស់សកម្មជននយោបាយ អំពីការចាប់ខ្លួន ការគំរាមកំហែង ការដែលសមត្ថកិច្ចហៅទៅសាកសួរ និងអំពើហិង្សាលើសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ។
លោកបន្តថា ស្ថានភាពអាចនឹងកាន់តែតានតឹងនៅពេលខាងមុខទៀត៕