នៅថ្ងៃទិវាផែនដី «Earth Day» ដែលត្រូវនឹងថ្ងៃសុក្រទី ២២ខែមេសា មេដឹកនាំពិភពលោក នឹងជួបជុំគ្នាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាកាសធាតុពិភពលោក ដែលត្រូវបានចរចានៅទីក្រុងប៉ារីសកាលពីខែធ្នូកន្លងទៅនេះ។ ពិធីដែលនឹងប្រារព្ធឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនោះគឺជាជំហានដំបូងនៃដំណើរការផ្តល់សច្ចាប័ន។ មេដឹកនាំសាសនាជាច្រើនបាននាំគ្នាចេញសេចក្តីថ្លែងការណ៍ដែលសម្តែងនូវសាមគ្គីភាពជាមួយកិច្ចព្រមព្រៀងអាកាសធាតុនោះ ហើយនឹងសេចក្តីត្រូវការឲ្យមានវិធានការឆាប់រហ័សដើម្បីអនុវត្ត។
ក្រុមមេដឹកនាំសាសនាបាននាំគ្នាធ្វើការបួងសួងនៅមជ្ឈមណ្ឌលព្រះវិហារសាសនារបស់អង្គការសហប្រជាជាតិ។ ពួកគេបានអះអាងបញ្ជាក់ពីភាពឧត្តុងឧត្តមនៃភពផែនដី។ មេដឹកនាំទាំងអស់នេះមកទីនេះ ដើម្បីផ្តល់ជូននូវសេចក្តីថ្លែងការណ៍អន្តរសាសនាមួយដែលទាក់ទងទៅនឹងអាកាសធាតុទៅកាន់ប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិ។
មេដឹកនាំសាសនាល្បីល្បាញចំនួន២៥០នាក់ រួមទាំងសម្តេច Dalai Lama និងសកម្មជនសិទ្ធិពលរដ្ឋអាហ្វ្រិកខាងត្បូង លោក Desmond Tutu បានចុះហត្ថលេខាលើឯកសារ ដែលជំរុញឲ្យប្រមុខរដ្ឋចុះហត្ថលេខាផ្តល់សច្ចាប័ននិងអនុវត្តតាមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឲ្យបានឆាប់រហ័ស។ ប្រជាពលរដ្ឋប្រហែល ៥ពាន់នាក់ និងអង្គភាពចំនួន ៩០ផ្សេងទៀតនៅទូទាំងពិភពលោកក៏បានចុះហត្ថលេខាទៅលើសេចក្តីថ្លែងការណ៍ផងដែរ។
លោក Fletcher Haper ជានាយកប្រតិបត្តិនៃសម្ព័ន្ធ GreenFaith ដែលជាសម្ព័ន្ធអន្តរសាសនាមួយ ដែលបានជួយរៀបចំពិធីនេះ។ លោកបានថ្លែងថា សេចក្តីថ្លែងការណ៍នេះឆ្លុះបញ្ចាំងនូវសេចក្តីថ្លៃថ្នូរខាងសាសនានិងសីលធម៌ ដែលមានក្នុងប្រពៃណីទាំងអស់។
«យើងត្រូវចាត់ទុកផែនដីជាអំណោយមួយ ហើយមិនមែនគ្រាន់តែជាវត្ថុមួយដែលអាចទិញឬលក់បានតាមចិត្តនោះទេ។ ប៉ុន្តែជាអំណោយដែលយើងត្រូវស្រឡាញ់និងការពារ មិនមែនត្រឹមតែសម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលខ្លីប៉ុណ្ណោះទេ តែសម្រាប់ការការពារជីវិតក្នុងរយៈពេលវែងផងដែរ»។
នៅក្នុងវិហាររបស់អង្គការសហប្រជាជាតិ ក្រុមមេដឹកនាំសាសនា បាននាំគ្នាចេញមុខដើម្បីសម្តែងសាមគ្គីភាពជាមួយនឹងសេចក្តីថ្លែងការណ៍ស្តីពី អាកាសធាតុ។ ក្នុងចំណោមពួកគេគឺលោកស្រី Kiran Bali ប្រធានសាកលនៃគំរោងផ្តួចផ្តើមសាសនាសហប្រជាជាតិ (United Religion Intiative) ដែលជាអង្គការអន្តរសាសនាធំជាងគេបំផុតនៅលើពិភពលោក ដែលមានភាពសកម្មនៅក្នុងប្រទេសចំនួន ៩៤។ លោកស្រីបានមានប្រសាសន៍ថា គ្រោះរាំងស្ងួតដែលមានសភាពកាន់តែធ្ងន់ធ្ងរឡើង កង្វះខាតស្បៀងអាហារ និងការផុតពូជសត្វនានា កាន់តែមានភាពធ្ងន់ធ្ងរឡើង ដោយសារការប្រែប្រួលអាកាសធាតុ ដែលជាបរាជ័យរបស់មនុស្ស និងបរាជ័យខាងសាសនា។
«ខ្ញុំមកទីនេះដើម្បីសុំឱ្យអ្នករាល់គ្នារួបរួមក្នុងនាមអ្នកដែលមានជំនឿសាសនា ដែលជឿលើតម្លៃនៃភាពរួមគ្នា ការគោរពគ្នា និងការថែរក្សាបរិស្ថាន ហើយពិតជាជួយស្រោចស្រង់ភពផែនដីរបស់យើង» ។
ក្រុមមេដឹកនាំសាសនាបានអំពាវនាវឲ្យរដ្ឋាភិបាលផ្លាស់ប្តូរពីប្រភពប្រេងឥន្ធនៈ ទៅប្រើថាមពលដែលអាចផលិតឡើងវិញបាន។ ការធ្វើដូច្នេះនឹងជួយទប់ស្កាត់ការបំភាយឧស្ម័នដែលបង្កឲ្យមានការឡើងកំដៅ និងរក្សាកំណើនសីតុណ្ហភាពផែនដីឲ្យនៅក្រោម២អង្សាសេ ប្រៀបទៅនឹងសម័យមុនឧស្សាហកម្ម៕
ប្រែសម្រួលដោយ ផន បុប្ផា