ចិនចាប់ផ្ដើមផ្ដោតលើការធ្វើពាណិជ្ជកម្មជាមួយប្រទេសជប៉ុននិងកូរ៉េខាងត្បូង និងផ្ដល់ការគាំទ្រលើគំនិតផ្តួចផ្ដើមហេដ្ឋរចនាសម្ព័ន្ធមួយ ក្នុងពេលដែលចិនធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ប្រទេសជិតខាងទាំងពីរក្នុងសប្ដាហ៍នេះ។ ដំណើរវិវត្តន៍នេះកើតឡើង ស្របពេលដែលចំណងទាក់ទងរវាងចិនជាមួយនឹងសហរដ្ឋអាមេរិកកំពុងរកាំរកូស។
នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានថ្លែងនៅថ្ងៃពុធនេះនៅក្នុងជំនួបមួយជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ថា រដ្ឋាភិបាលក្រុងប៉េកាំងមានឆន្ទៈនឹងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយនឹងប្រទេសជប៉ុននៅក្នុងទីផ្សារប្រទេសទីបី។
នៅក្នុងជំនួបបន្ទាប់បន្សំពីកិច្ចប្រជុំត្រីភាគីនៅក្នុងទីក្រុង Chengdu លោក Li បានលើកឡើងបន្ថែមថា ចិននឹងបន្តបង្កើនឧស្សាហកម្មផ្ដល់សេវាកម្មនៅក្នុងប្រទេសជប៉ុន។
នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយទៀតកាលពីថ្ងៃច័ន្ទជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in លោក Li បានថ្លែងថា ចិនមានឆន្ទៈនឹងធ្វើការស្ថាបនាបណ្ដាញផ្លូវរថភ្លើងមួយខ្សែដែលភ្ជាប់កូរ៉េខាងត្បូងជាមួយនឹងចិនទៅកាន់អឺរ៉ុប។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Yonhap។
សុន្ទរកថារបស់លោក Li ត្រូវបានធ្វើឡើង ខណៈដែលចិននិងសហរដ្ឋអាមេរិកកំពុងចរចាគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ បន្ទាប់ពីប្រទេសទាំងពីរនេះយកពន្ធនាំចូលលើទំនិញពីគ្នាទៅវិញទៅមករាប់ពាន់លានដុល្លារអស់រយៈពេលជិតពីរឆ្នាំមកហើយ នៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលបានផ្ដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក៕