ប្រធានាធិបតីអាមេរិកលោក Joe Biden និងមេដឹកនាំចិនលោក Xi Jinping បាននិយាយគ្នារយៈពេល៩០នាទីនៅក្នុងកិច្ចពិភាក្សាលើកដំបូងក្នុងពេល៧ខែ នៅថ្ងៃព្រហស្បតិ៍ អំពីតម្រូវការកុំឱ្យការប្រកួតប្រជែងរវាងប្រទេសទាំងពីរដែលមានសេដ្ឋកិច្ចធំបំផុតនេះ ក្លាយជាជម្លោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
ភាគីអាមេរិកបាននិយាយថា «ភស្តុតាងល្អ» គឺតើភាពជាប់គាំងនៃទំនាក់ទំនងរវាងប្រទេសមហាអំណាចដែលកំពុងធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងពេលច្រើនទសវត្សរ៍មកនេះ អាចដោះស្រាយបាន ឬយ៉ាងណា។
សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយថា លោក Biden និងលោក Xi បានពិភាក្សាជាយុទ្ធសាស្ត្រទូលំទូលាយ រួមមានផលប្រយោជន៍ និងគុណតម្លៃដូចគ្នា និងខុសគ្នា។ មន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកយកព័ត៌មានថា ការសន្ទនានេះផ្តោតលើបញ្ហាសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងជំងឺកូវីដ១៩។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «លោកប្រធានាធិបតី Biden បានបញ្ជាក់ពីចំណាប់អារម្មណ៍ឥតងាករ៉េរបស់សហរដ្ឋអាមេរិកចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល ហើយមេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីការទទួលខុសត្រូវរបស់ប្រទេសទាំងពីរ ដើម្បីធានាថា ការប្រកួតប្រជែងគ្នា មិននាំទៅរកជម្លោះ»។
នេះជាជំនួបកម្រិតខ្ពស់ម្តងម្កាលចាប់តាំងពីការនិយាយគ្នាតាមទូរស័ព្ទលើកដំបូងរវាងលោក Xi និង លោក Biden កាលពីខែកុម្ភៈ បានផ្តល់នូវវឌ្ឍភាពតិចតួចលើបញ្ហាជាច្រើន តាំងពីបញ្ហាសិទ្ធិមនុស្សរហូតដល់តម្លាភាពនៃប្រភពជំងឺកូវីដ១៩។
ក្នុងអំឡុងពេលប៉ុន្មានខែបន្តបន្ទាប់មក ភាគីទាំងពីរបានឈ្លោះប្រកែកគ្នាស្ទើរតែឥតឈប់ឈរដែលជារឿយៗតែងតែប្រើការវាយប្រហារជាសាធារណៈ ដោយដាក់ទណ្ឌកម្មលើមន្រ្តី និងរិះគន់គ្នាទៅវិញទៅមកថា មិនគោរពកាតព្វកិច្ចអន្តរជាតិ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយថា លោក Xi បានប្រាប់លោក Biden ថា គោលនយោបាយអាមេរិកលើប្រទេសចិន បានបង្ក«ការលំបាកយ៉ាងធ្ងន់ធ្ងរ»ដល់ទំនាក់ទំនង ប្រទេសទាំងពីរ ប៉ុន្តែបានបន្ថែមថា ភាគីទាំងពីរបានយល់ព្រមរក្សាទំនាក់ទំនងញឹកញាប់ ហើយឱ្យក្រុមការងារបង្កើនទំនាក់ទំនង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយដោយដកស្រង់សម្តីលោក Xi ថា «ចិននិងអាមេរិកគួរតែ ... បង្ហាញភាពក្លាហាន និងការយល់ដឹងជាយុទ្ធសាស្ត្រ និងភាពក្លាហានផ្នែកនយោបាយ ហើយជំរុញទំនាក់ទំនងចិន-អាមេរិកឱ្យត្រឡប់ទៅរកផ្លូវត្រូវ តាមការអភិវឌ្ឍប្រកបដោយស្ថិរភាព ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»៕
Ryan Woo រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ ពីទីក្រុងប៉េកាំង