សហស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញសង្គម Facebook លោក Mark Zuckerberg បានសុំអភ័យទោសកាលពីថ្ងៃអាទិត្យ នៅក្នុងទំព័រផ្សាយពាណិជ្ជកម្មមួយសន្លឹកពេញលើកាសែតល្បីៗរបស់អង់គ្លេសនិងអាមេរិកចំពោះការធ្វើឲ្យបាត់បង់ជំនឿចិត្តខ្លាំងទៅលើក្រុមហ៊ុនបណ្តាញសង្គមដ៏ធំមួយនេះ ដែលបានបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Facebook រាប់លាននាក់។
លោក Zuckerberg មិនបានលើកឡើងពីក្រុមហ៊ុន Cambridge Analytica របស់អង់គ្លេសដែលត្រូវបានចោទប្រកាន់ថាប្រើប្រាស់ទិន្នន័យទាំងនោះទេ។ ក្រុមហ៊ុន Cambridge Analytica ដែលជាក្រុមហ៊ុនប្រមូលទិន្នន័យអំពីអ្នកបោះឆ្នោត បានទទួលព័ត៌មានទាំងនោះពីអ្នកស្រាវជ្រាវអង់គ្លេស លោក Alexsandr Kogan ដែលត្រូវបានក្រុមហ៊ុន Facebook អនុញ្ញាតឲ្យលោកប្រមូលទិន្នន័យទាំងនោះ សម្រាប់ការសិក្សាស្រាវជ្រាវមួយ។
ក្រុមហ៊ុន Cambridge Analytica ត្រូវបានយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៦ ផ្តល់ប្រាក់ឲ្យចំនួន៦លានដុល្លារដើម្បីចងក្រងទិន្នន័យអំពីប្រវត្តិរបស់អ្នកបោះឆ្នោត។
លោក Zuckerberg បាននិយាយនៅក្នុងទំព័រផ្សាយពាណិជ្ជកម្មនោះថា «មានការបាត់បង់ជំនឿចិត្ត ហើយខ្ញុំសុំអភ័យទោសដែលយើងមិនបានធ្វើឲ្យល្អជាងនេះកាលពីពេលនោះ» នៅពេលដែលលោក Kogan បានផលិតកម្មវិធី app ដែលអ្នកប្រើប្រាស់ Facebook ចំនួន ២សែន៧ម៉ឺននាក់បានផ្តល់ព័ត៌មានអំពីខ្លួនឯង។ លោក Zuckerberg បានបន្ថែមថា «ឥឡូវនេះ យើងកំពុងតែចាត់វិធានការដើម្បីធានាថា រឿងនេះនឹងមិនកើតមានម្តងទៀតទេ»៕