ក្រុមហ៊ុន Facebook ថា ខ្លួន​នឹង​ចាត់​វិធានការ​បន្ថែម​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ពាក្យ​សម្ដី​បែប​ស្អប់​គុំកួន​នៅ​មីយ៉ាន់ម៉ា

រូបឯកសារ៖ ទាហាន​ម្នាក់​ឈរ​នៅ​ជិត​ជំរំ​ជន​ភៀស​ខ្លួន​ Cox's Bazar នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ជិត​រដ្ឋ Rakhine របស់​មីយ៉ាន់ម៉ា ក្នុង​ពេល​ដែល​ក្បួន​របស់​អង្គការ​សហប្រជាជាតិ​ចុះ​ទៅ​តំបន់​នោះ​ កាល​ពី​ចុង​ខែ​មេសា ២០១៨។

ក្រុមហ៊ុន Facebook បាន​បញ្ជាក់​ថា ខ្លួន​នឹង​បង្កើន​កិច្ច​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​លុប​បំបាត់​សារ ឬ​ក៏​អត្ថបទ​បែប​ស្អប់​គុំកួន​ណា​មួយ​ចំពោះ​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ។ ក្រុមហ៊ុន​ Facebook បាន​លើក​ឡើង​ដូច​នេះ បន្ទាប់ពី​បាន​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​អង្គការ​សហ​ប្រជាជាតិ និង​ពី​អង្គការ​សិទ្ធិ​មនុស្ស​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ។

ក្រុមហ៊ុន Facebook ដែល​ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​សាកលលោក​មួយ ចាំបាច់​នឹង​ត្រូវ​បង្កើន​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​លុប​បំបាត់​ពាក្យ​សម្ដី​បែប​ស្អប់​គុំកួន​ចំពោះ​ជនជាតិ​ភាគ​តិច រ៉ូហ៊ីងយ៉ា ដែល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​គោល​នយោបាយ​កំពូល​របស់​ក្រុមហ៊ុន Facebook។

ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ឡើង​នូវ​វិបត្តិ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា នៅ​ក្នុង​ខែ​សីហា ​ឆ្នាំ២០១៧​ មក ក្រុមហ៊ុន Facebook បាន​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សហប្រជាជាតិ និង​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នានា ពាក់ព័ន្ធ​នឹង​ការ​ខ្វះ​វិធានការ​ប្រឆាំង​នឹង​គណនី​ Facebook ណា​ដែល​បាន​ប្រើ​វេទិកា​នេះ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​អំពើ​ហិង្សា​ប្រឆាំង​នឹង​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា កាន់​សាសនា​ឥស្លាម ដែល​ជា​ជាតិ​សាសន៍​ដែល​ត្រូវ​បាន​គេ​បំបិទ​សិទ្ធិ​សេរីភាព​ផ្សេងៗ។

ដោយ​ថ្លែង​នៅ​ឯ​អង្គការ​មូលនិធិ​អាមេរិកាំង​ថ្មី (New America Foundation) អ្នកស្រី Monika Bickert ប្រធាន​ផ្នែក​គោល​នយោបាយ​សាកលលោក​នៃ​ក្រុមហ៊ុន Facebook បាន​និយាយ​ថា ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ការ​កែប្រែ​ឲ្យ​ប្រសើរ​ជាង​មុន​មួយ​ចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នេះ ប៉ុន្តែ សកម្មភាព​បន្ថែម​ទៀត​គឺ​ត្រូវការ​ដើម្បី​រារាំង​មិន​ឲ្យ​មាន​ការ​បង្ហោះ​សារ​ដែល​ពោរពេញ​ដោយ​ពាក្យ​សម្ដី​ស្អប់ខ្ពើម​ប្រឆាំង​នឹង​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា។

អ្នកស្រី Bickert បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា រឿង​ដ៏​ធំ​បំផុត​មួយ​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​យើង​មាន​ភាព​ប្រសើរ​ឡើង​ជាមួយ​នឹង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»។ លោកស្រី​បាន​ទទួល​ស្គាល់​ថា «វា​គឺ​ជា​ទិដ្ឋភាព​ដ៏​ស្មុគស្មាញ​មួយ ហើយ​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​អាច​ធ្វើ​បាន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»។

ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា តំណាង​ឲ្យ​អ្នក​កាន់​សាសនា​ឥស្លាម​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដោយ​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​រស់នៅ​ក្នុង​រដ្ឋ Rakhine ភាគ​ខាង​លិច​ប្រទេស។ ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា នេះ​មាន​ចំនួន​ប្រហែល​មួយ​លាន​នាក់​គិត​ត្រឹម​ដើម​ឆ្នាំ​២០១៧ ប៉ុន្តែ​អង្គការ​សហ​ប្រជាជាតិ​បាន​បញ្ជាក់​ថា ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា ​នេះ​ចំនួន​ជិត ៩សែន​នាក់​បាន​រត់​គេច​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ដែល​នៅ​ក្បែរ​ខាង​ដោយសារ​តែ​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​របស់​យោធា​មីយ៉ាន់ម៉ា។ ការ​បង្ក្រាប​នេះ​ត្រូវ​បាន​យោធា​មីយ៉ាន់ម៉ា​អះអាង​ថា ជា​ការ​វាយ​ប្រហារ​លើ​ពួក​ភេវជន។

សារ​បង្ហោះ​បែប​អសីលធម៌

សកម្មជន​សិទ្ធិ​មនុស្ស​នានា​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន Facebook ថា​បាន​បង្កើន​អំពើ​ហិង្សា​ជាតិ​សាសន៍​ភាគ​តិច​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដោយ​មិន​ចាត់​វិធានការ​ភ្លាមៗ​ប្រឆាំង​នឹង​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ​ជ្រុល​និយម​នានា ដែល​បាន​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Facebook ដើម្បី​ផ្សព្វផ្សាយ​សារ​ប្រឆាំង​នឹង​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា ដែល​ក្នុង​នោះ​មាន​តាំង​ពី​សារ​បង្ហាញ​ការ​ស្អប់ខ្ពើម រហូត​ដល់​អត្ថបទ​ព័ត៌មាន​ប្រឌិត រូបភាព​ប្រឌិត និង​វីដេអូ​ប្រឌិត​ផ្សេងៗ​ជា​ដើម។

នាង Monika Bickert ប្រធាន​ផ្នែក​ចាត់ការ​គោល​នយោបាយ​របស់​ក្រុមហ៊ុន Facebook កំពុង​មើល​ទូរស័ព្ទ​របស់​នាង​មុន​ពេល​ចូល​ប្រជុំ​នៅ​ស្នាក់​ការ​ក្រុមហ៊ុន​ Facebook​ ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង កាល​ពី​ខែ​ឧសភា ២០១៨។

អ្នក​ស៊ើប​អង្កេត​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ករណី​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ខែ​មិនា​ឆ្នាំ​មុន បាន​បញ្ជាក់​ថា ពួកគេ​បាន​រក​ឃើញ​ថា មធ្យោបាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នានា ជា​ពិសេស Facebook បាន «ដើរ​តួ​ដ៏​ម៉ឺងម៉ាត់» មួយ នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ពាក្យ​សម្ដី​ស្អប់ខ្ពើម​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោកស្រី Yanghee Lee អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «ខ្ញុំ​ខ្លាច​ថា ក្រុមហ៊ុន Facebook ឥឡូវ​នេះ​បាន​ក្លាយជា​វេទិកា​បែប​អសីលធម៌​មួយ ហើយ​នេះ​មិន​មែន​ជា​គោល​បំណង​ដើម​ដំបូង​របស់​ក្រុមហ៊ុន​នេះ​នោះ​ទេ»។

បុគ្គលិក​ក្រុមហ៊ុន Facebook បាន​និយាយ​ថា ពួកគេ​មិន​លើកលែង​ចំពោះ​ករណី​ពាក្យ​សម្ដី​បែប​ស្អប់​គុំកួន​នោះ​ទេ ហើយ​ពួកគេ​នឹង​ផ្អាក និង​ពេល​ខ្លះ​លុប​គណនី Facebook ណា​ដែល​ផ្សព្វផ្សាយ​ម្ដង​ហើយ​ម្ដង​ទៀត​នូវ​អត្ថបទ ឬ​ក៏​សារ​ណា​ដែល​ជំរុញ​ឲ្យ​មាន​ការ​ស្អប់​គុំកួន​គ្នា ទោះបីជា​មាន​ការ​លំបាក​ក៏​ដោយ។

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Facebook បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​នូវ​សមាគម​ក្រុម​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ស្នេហា​ជាតិ​ដ៏​តឹងតែង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ឬ​ក៏​ហៅ​ថា Ma Ba Tha និង​ព្រះ​សង្ឃ​ល្បី​ឈ្មោះ​ពីរ​អង្គ ដោយសារតែ​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​គំនិត​ស្អប់ខ្ពើម​ចំពោះ​ជាតិ​សាសន៍ រ៉ូហ៊ីងយ៉ា។

ស្ទើរតែ​បរាជ័យ

កាល​ពី​ខែ​ឧសភា ក្រុមហ៊ុន Facebook បាន​ផ្សព្វផ្សាយ​នូវ​របាយការណ៍​មួយ​កម្រាស់ ៨៦ ទំព័រ ដែល​នេះ​ជា​របាយការណ៍​លើក​ដំបូង​បង្អស់​ផ្ដល់​ព័ត៌មាន​អំពី​អត្ថបទ ឬ​ក៏​សារ​ណា​ដែល​ក្រុមហ៊ុន​នេះ​បាន​លុប​ចោល​នៅ​ជុំវិញ​ពិភពលោក ដែល​ក្នុង​នោះ​មាន​អត្ថបទ ឬ​សារ​បែប​ស្អប់​គុំកួន​ចំនួន ២ លាន ៥ សែន ដែល​បាន​ទាញ​ចេញ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Facebook ពី​ខែ​មករា រហូត​ដល់​ខែ​មិនា ឆ្នាំ ២០១៨។ ក្នុង​ចំនួន​នោះ អត្ថបទ ឬ​ក៏​សារ​ចំនួន ៣៨ ភាគរយ ត្រូវ​បាន​ផ្នែក​បញ្ញា​និមិត្ត ឬ AI នៃ​ក្រុមហ៊ុន Facebook ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ជាង​គេ។

នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​ឧសភា លោក Guy Rosen អនុ​ប្រធាន​ផ្នែក​គ្រប់គ្រង​លទ្ធផល​នៃ​ក្រុមហ៊ុន Facebook បាន​និយាយ​ថា ក្រុមហ៊ុន Facebook មាន​ការ​លំបាក​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​លើ​ពាក្យ​សម្ដី​ស្អប់​គុំកួន ដែល​ភាគ​ច្រើន​គឺ​ដោយសារតែ​ការ​លំបាក​របស់​ផ្នែក​បញ្ញា​និមិត្ត​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ការ​ស្វែងយល់​អំពី​បរិបទ​ប្រវត្តិសាស្ត្រ និង​ភាព​ផ្សេងៗ​គ្នា​នៃ​វប្បធម៌។

លោក Guy Rosen បាន​និយាយ​ថា៖ «បច្ចេកវិទ្យា​របស់​យើង​នៅតែ​មិន​ដំណើរការ​ល្អ​លើ​រឿង​ហ្នឹង ដូច្នេះ​វា​ចាំបាច់​ត្រូវការ​ការ​ត្រួត​ពិនិត្យ​ដោយ​ក្រុម​ត្រួត​ពិនិត្យ​របស់​ក្រុមហ៊ុន Facebook»។

បុគ្គលិក​ក្រុមហ៊ុន Facebook បាន​បញ្ជាក់​ថា ពួកគេ​ក៏​បាន​ជួល​បុគ្គលិក​ផង​ដែរ​ឲ្យ​ពិនិត្យ​មើល​អត្ថបទ ឬ​ក៏​សារ​ជា​ភាសា​ភូមា ដើម្បី​បំពេញ​ការ​ខ្វះខាត​របស់​ផ្នែក​បញ្ញា​និមិត្ត​របស់​ក្រុមហ៊ុន។

នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​លិខិត​មួយ​ច្បាប់​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Mark Zuckerberg បាន​និយាយ​ថា ក្រុមហ៊ុន Facebook បាន​បន្ថែម​បុគ្គលិក​ជា​អ្នក​ពិនិត្យ​មើល​អត្ថបទ ឬ​ក៏​សារ​ជា​ភាសា​ភូមា «រាប់​សិប​នាក់» ដើម្បី​តាមដាន​ពាក្យ​សម្ដី​បែប​ស្អប់​គុំកួន​ឲ្យ​បាន​ប្រសើរ​ជាង​មុន។

នៅ​ក្នុង​ការ​ឆ្លើយតប​តាម​អ៊ីមែល ដែល​សារព័ត៌មាន the New York Times ទទួល​បាន លោក Zuckerberg បាន​និយាយ​ថា ក្រុមហ៊ុន Facebook បាន «បង្កើន​បុគ្គលិក​នៅ​ទូទាំង​ក្រុមហ៊ុន​សម្រាប់​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រទេស​មីយ៉ាន់ម៉ា» ដែល​ក្នុង​នោះ​មាន​ក្រុម​មួយ​ដែល​មាន​ភារកិច្ច​បង្កើត​មធ្យោបាយ​ជួយ​បញ្ឈប់​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ។

បើ​យោង​ទៅ​លើ​អ្នកស្រី Monika Bickert ដែល​ជា​បុគ្គលិក​ផ្នែក​គោល​នយោបាយ​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​បណ្ដាញ​សង្គម Facebook នេះ ចំនួន​អ្នក​ត្រួត​ពិនិត្យ​ភាសា​ភូមា​ក៏​ត្រូវការ​បង្កើន​ផង​ដែរ ដើម្បី​ទទួល​បាន​លទ្ធផល​ឲ្យ​បាន​ប្រសើរ​ជាង​មុន​នៅ​ក្នុង​ប្រទេស​ដែល​មាន​បញ្ហា​មួយ​នេះ។

អ្នកស្រី Monika Bickert បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «អ្វី​ដែល​យើង​បាន​ឃើញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​គឺ​ថា អ្នក​ចាំបាច់​ត្រូវ​មាន​ការ​ពិចារណា​ជា​ពិសេស​ចំពោះ​ទីកន្លែង​ផ្សេងៗ​ដែល​មាន​បញ្ហា​ទាក់ទិន​នឹង​ពាក្យ​សម្ដី​បែប​ស្អប់​គុំកួន ថា​តើ​ដោយសារតែ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ទាំង​នោះ ឬ​ក៏​ដោយសារតែ​មាន​លំហូរ​ជន​ចំណាក​ស្រុក បាន​ជា​មាន​ពាក្យ​សម្ដី​បែប​ស្អប់​គុំកួន​ជា​ច្រើន​កើត​ឡើង​ដូច​នេះ។ នៅ​មាន​ចំណុច​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ផ្នែក​ភាសា​ឲ្យ​បាន​ទាន់​ពេល​វេលា ហើយ​យើង​ឃើញ​ដូច​នេះ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា