ការនាំចេញទំនិញកាត់ដេរ និងផលិតផលកសិកម្មពីប្រទេសកម្ពុជាបានកើនឡើង៦,៤៥ ភាគរយដែលស្មើនឹងទឹកប្រាក់ជាង៦៥៤លានដុល្លារ នៅក្នុងរយៈពេល១០ ខែដំបូងនៃឆ្នាំ២០១៩ ធៀបនឹងរយៈពេលដូចគ្នានេះ កាលពីឆ្នាំ២០១៨។ ការអនុគ្រោះពន្ធពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានគាំទ្រឲ្យមានកំណើននេះ។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម។
អ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា ការព្យួរទុក ឬក៏ការដកការអនុគ្រោះពន្ធពាណិជ្ជកម្មណាមួយ អាចធ្វើឲ្យខូចកំណើននៃការនាំចេញទំនិញរបស់កម្ពុជា ជាពិសេសទំនិញផលិតនៅក្នុងឧស្សាហកម្មកាត់ដេរ។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចុះផ្សាយនៅខែធ្នូនេះ បានបង្ហាញថា ការនាំចេញពីកម្ពុជា រយៈពេល១០ ខែដំបូងនៅឆ្នាំ២០១៩ មានចំនួនជិត១១ពាន់លានដុល្លារសហរដ្ឋអាមេរិក ធៀបនឹង ចំនួនជាង ១០ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលដូចគ្នានេះនៅឆ្នាំ២០១៨។
ផលិតផលសម្លៀកបំពាក់នៅតែជាទំនិញនាំមុខសម្រាប់ការនាំចេញរបស់កម្ពុជា ដែលមាន
ទឹកប្រាក់ជាង ៦.៤០៦លានដុល្លារអាមេរិក បន្តដោយផ្នែកស្បែកជើងនិងវាយនភណ្ឌក្នុងទំហំទឹកប្រាក់ជាង ៩០៥ លានដុល្លារអាមេរិកនិងជាង៤០លានដុល្លារអាមេរិករៀងគ្នាបន្តបន្ទាប់។ ហើយការនាំចេញអង្ករមានជាង ២៨៦ លានដុល្លារ និងផលិតផលផ្សេងៗទៀតជាង ៣.១៧៤លានដុល្លារអាមេរិក។
លោកសៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ VOA ថា នាពេលបច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជាកំពុងធ្វើកំណែទម្រង់មុតស្រួចក្នុងផ្នែកពាណិជ្ជកម្ម ដែលនឹងជួយឲ្យធុរជននៅកម្ពុជា មានភាពប្រកួតប្រជែងប្រសើរជាងមុន ដែលអាចប្រកួតប្រជែងជាមួយប្រទេសនានាលើទីផ្សារពិភពលោក។
ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ មិនផ្តល់ការអត្ថាអធិប្បាយទៅលើស្ថានភាពនៃការអនុគ្រោះពន្ធពាណិជ្ជកម្មសម្រាប់ការនាំចេញទំនិញពីប្រទេសកម្ពុជានោះទេ។
នៅពេលបច្ចប្បន្ននេះ សហភាពអឺរ៉ុប គឺជាទីផ្សារសំខាន់មួយសម្រាប់ផលិតផលកាត់ដេរដែលបាននាំចេញពីប្រទេសកម្ពុជា។
សហភាពអឺរ៉ុប បានផ្តល់ការអនុគ្រោះពន្ធលើទំនិញនាំចេញរបស់កម្ពុជា តាមប្រព័ន្ធឋានៈអនុគ្រោះពន្ធពាណិជ្ជកម្ម «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ Everything But Arms (EBA)។ សហគមន៍ដែលមានប្រទេសជាសមាជិកចំនួន២៨ បានគំរាមដកហូតឋានៈអនុគ្រោះពន្ធ EBAនេះ ពីប្រទេសកម្ពុជា ដោយសារតែធ្លាក់ចុះដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
សហរដ្ឋអាមេរិកក៏បានដាក់សម្ពាធលើប្រទេសកម្ពុជា តាមការគំរាមដកឋានៈអនុគ្រោះពន្ធពាណិជ្ជកម្មទូទៅ ឬ Generalized System Preferences (GSP) ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅបន្តការរំលោភសិទ្ធិនយោបាយ និងសិទ្ធិមនុស្សជា«លក្ខណៈប្រព័ន្ធ»នោះ ។
កម្ពុជាអាចចំណេញបានប្រាក់បង់ពន្ធពីចនោ្លះ ពី៦០០លានទៅ ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់ការនាំទំនិញទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងជាង១៤០លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ការនាំទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
លោក ង៉ែត ជូ អ្នកស្រាវជ្រាវខាងសេដ្ឋកិច្ច យល់ថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងធ្វើឲ្យទំនិញនាំចេញពីប្រទេសកម្ពុជាឡើងថ្លៃ ព្រោះប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ នឹងត្រូវបង់ពន្ធសម្រាប់ការនាំចេញទំនិញរបស់ខ្លួន។
«ការដែលនៅមានទំនាក់ទំនងពាណិជ្ជកម្មសេរីហ្នឹង ក៏មិនអាចធានាថា នឹងឲ្យមានកំណើននៃការនាំចេញនោះដែរ។ បញ្ហានេះគឺដោយសារតែទំនិញពីកម្ពុជានឹងមានកំណើនតម្លៃ ឬថ្លៃជាងមុន»។
លោកបានបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត នឹងពិបាកមកជំនួសឋានៈអនុគ្រោះពន្ធដែលកម្ពុជាទទួលបានពីប្រទេសបស្ចិមលោក ដើម្បីជំរុញកំណើនការនាំចេញទំនិញកាត់ដេរពីប្រទេសកម្ពុជា។ លោកអះអាងថា ការនាំចេញទំនិញផ្សេងទៀត ដូចជាផលិតផលកសិកម្មទៅកាន់ប្រទេសគោលដៅផ្សេងទៀត ក្រៅពីប្រទេសនៅលោកខាងលិច ដូចជាចិនក៏នៅតែមានទំហំតូច។
អ្នកជំនាញធនាគារពិភពលោកប្រចាំកម្ពុជា បានព្រមានម្តងហើយម្តងទៀតថា ការបាត់បង់ឋានៈអនុគ្រោះពន្ធនេះ នឹងប៉ះពាល់ខ្លាំងដល់សន្ទុះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលដែលក្រុមហ៊ុនវិនិយោគទុន និងសមាគមកម្មករ បានព្រមានពីហានិភ័យនៃការបាត់បង់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋយ៉ាងហោចណាស់ ៩ម៉ឺននាក់។
នៅក្នុងរបាយការណ៍ស្តីពី «បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា» ចេញផ្សាយកាលពីខែវិច្ឆិកាកន្លងទៅនេះ ធនាគារពិភពលោកបានបញ្ជាក់ជាថ្មីថា លទ្ធភាពនៃការបាត់បង់ប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA អាចនឹងក្លាយជាបច្ច័យមិនល្អទៅលើកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលធនាគារនេះ អះអាងថា នឹងចុះថមថយល្បឿនមកនៅត្រឹម៧ភាគរយក្នុងឆ្នាំ២០១៩នេះ ពោលគឺចុះពី៧,៥ភាគរយក្នុងឆ្នាំ២០១៨៕