ប៉ូលិសនៅក្នុងប្រទេសឥណ្ឌូណេស៊ីនិយាយថា គ្រួសារមួយដែលមានគ្នា៥នាក់បានធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាតទៅលើទីស្នាក់ការប៉ូលិសមួយនៅក្នុងទីក្រុង Surabaya ដែលបានបណ្តាលឲ្យមនុស្ស១០រងរបួស។
វីដេអូពីកាមេរ៉ាសុវត្ថិភាពបង្ហាញថា ម៉ូតូពីរគ្រឿងបានបើកចូលទៅកាន់កន្លែងត្រួតពិនិត្យសន្តិសុខ មុននឹងការផ្ទុះគ្រាប់បែកនោះកើតឡើងបន្តិច។
អាជ្ញាធរនិយាយថា ក្មេងស្រីអាយុ៨ឆ្នាំម្នាក់បានរស់រានមានជីវិតពីការវាយប្រហារកាលពីថ្ងៃចន្ទនោះ។ អ្នករងរបួសរួមមានទាំងប៉ូលិស៤នាក់និងជនស៊ីវិល៦នាក់ផងដែរ។ ក្រុមរដ្ឋឥស្លាមអះអាងថាហេតុការណ៍បំផ្ទុះគ្រាប់បែកនោះគឺជាស្នាដៃរបស់ខ្លួន។ ការវាយប្រហារនៅក្នុងទីក្រុងធំជាងគេបង្អស់ទីពីរនៅក្នុងប្រទេសឥណ្ឌូណេស៊ីនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីគ្រួសារមួយដែលមានសមាជិក៦នាក់ដែលមានកូនប្រុសវ័យជំទង់ពីរនាក់និងកូនស្រីតូចៗពីរនាក់ បានធ្វើការបំផ្ទុះទៅលើព្រះវិហារសាសនាគ្រិស្តចំនួនបី ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៣នាក់ស្លាប់និងរបួស៤១នាក់នៅក្នុងទីក្រុងដដែលនេះ។
ឥឡូវនេះ ទីក្រុងធំៗនៅក្នុងប្រទេសឥណ្ឌូណេស៊ីទាំងអស់កំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។
ក្រុមរដ្ឋឥស្លាមក៏បានអះអាងថាការវាយប្រហារកាលពីថ្ងៃអាទិត្យគឺជាស្នាដៃរបស់ខ្លួន ដែរ ហើយប្រធានាធិបតីនៃប្រទេសនេះបានហៅហេតុការណ៍នេះថា «សាហាវឃោរឃៅ»។ គ្រួសារនេះត្រូវបានគេរាយការណ៍ថា ទើបតែត្រឡប់មកពីប្រទេសស៊ីរីវិញ៕