គណបក្សប្រជាជនកម្ពុជា បានឈ្នះយ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយទទួលបានអាសនៈទាំង១២៥របស់រដ្ឋសភាជាតិ ដោយមិនមានវត្តមានរបស់គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងធំមួយ។ គណៈកម្មការជាតិរៀបចំការបោះឆ្នោតបានរាយការណ៍ពីអត្រាខ្ពស់នៃចំនួនអ្នកបានទៅបោះឆ្នោត បើទោះជាមានការអំពាវនាវមិនឲ្យទៅបោះឆ្នោតពីសំណាក់គណបក្សសង្រ្គោះជាតិនិងការធ្វើទុក្ខបុកម្នេញលើអ្នកដែលអំពាវនាវឲ្យធ្វើពហិការមិនទៅចូលរួមការបោះឆ្នោតក៏ដោយ។
មុនការបោះឆ្នោត អ្នកជំនាញបានចោទសួរលើភាពត្រឹមត្រូវនៃការបោះឆ្នោតដែលរៀបចំឡើងដោយមិនមានវត្តមានគណបក្សប្រឆាំងយ៉ាងដូច្នេះ។
លោកស្រី Astrid Noren-Nilsson សាស្ត្រាចារ្យនៅឯសាកលវិទ្យាល័យ Lund នៅក្នុងប្រទេស ស៊ុយអែត បានសរសេរនៅក្នុងអត្ថបទមួយដែលចុះផ្សាយដោយ អង្គការ East Asia Forum កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ថា គណបក្សប្រជាជនកម្ពុជា ទំនងជាឈ្នះភ្លូកទឹកភ្លូកដី ហើយនឹងក្លាយទៅជាប្រទេសឯកបក្សក្នុងការអនុវត្តជាក់ស្តែង ខណៈដែលប្រទេសនេះប្រឹងប្រែងរក្សារូបភាពប្រជាធិបតេយ្យបែបពហុបក្ស។
លោក អៀ សុផល ដែលជាសាស្រ្តាចារ្យនៃមហាវិទ្យាល័យ Occidental College នៅឯទីក្រុង Los Angeles បាននិយាយថា លទ្ធផលនៃការបោះឆ្នោតគឺជាការខាតបង់ឱកាសកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយការបោះឆ្នោតនេះបានបង្ខំឲ្យប្រជាជនទៅបោះឆ្នោតដោយពួកគេមិនមានជម្រើសដ៏ពិតប្រាកដ។

លោក អ៊ា សុផល សាស្ត្រាចារ្យរងនៃមហាវិទ្យាល័យ Occidental College ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលបានចូលរួមក្នុងកិច្ចពិភាក្សាគ្នាតាមរយៈប្រព័ន្ធ Skype ពីទីក្រុង Los Angeles កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (ហុង ចិន្តា/VOA)
លោក អៀ សុផល បាននិយាយថា៖ «ផ្ទុយទៅវិញ អ្នកបង្ខំឲ្យពួកគេទៅបោះឆ្នោត ហើយទាញដៃរបស់ពួកគេដាក់ក្នុងទឹកខ្មៅ ហើយនិយាយថា ប្រសិនបើអ្នកមិនដាក់ដៃរបស់អ្នកនៅក្នុងទឹកខ្មៅ ហើយមិនបង្ហាញយើងថាអ្នកបានបោះឆ្នោតទេ អ្នកមិនបានបំពេញកាតព្វកិច្ចជាពលរដ្ឋឡើយ»។
ភាពត្រឹមត្រូវនៃការបោះឆ្នោត
លោក អ៊ូ វីរៈ ស្ថាបនិកនៃស្ថាប័នស្រាវជ្រាវវេទិកាអនាគត បាននិយាយថា ក្រៅពីភាពជោគជ័យដែលគ្រប់គ្នាសុទ្ធតែក៏អាចស្មានដឹងថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះផ្តាច់មុខលើការបោះឆ្នោតនោះ គណបក្សនេះប្រឈមនឹងការពិបាកក្នុងការពន្យល់ពីភាពត្រឹមត្រូវនៃការបោះឆ្នោតនេះ។
លោក អ៊ូ វីរៈ បាននិយាយថា៖ «ខ្ញុំថាស្របច្បាប់ ប៉ុន្តែស្របច្បាប់ហើយនឹងភាពសមស្របដែលទទួលសិទ្ធិអំណាចពីប្រជាពលរដ្ឋ តាមគេហៅថាភាពសមស្រប ពាក្យអង់គ្លេសគេហៅថា Legitimacy ហ្នឹង ខ្ញុំថាអត់ទេ។ ដោយសារអញ្ចឹងបានខ្ញុំថា ទោះបីគាត់អាចបង្កើតដោយតាមច្បាប់ក៏ដោយ គាត់បង្កើតរដ្ឋាភិបាលថ្មីតាមច្បាប់ក៏ដោយ ក្នុងបេះដូងកែវភ្នែករបស់មហាជនវាអាចមានជាបញ្ហាដែរ ព្រោះអីគាត់ឃើញគណបក្សប្រកួត គាត់អត់មានសិទ្ធិក្នុងការប្រកួតគាត់ដឹងថាគាត់ឈ្នះអញ្ចឹង។ រដ្ឋាភិបាលមួយថ្មីនឹងរងនូវសម្ពាធខ្លាំងមែនទែនពីប្រជាពលរដ្ឋខ្មែរ ពីព្រោះគាត់អត់បានជ្រើសរើសអីដោយឆន្ទៈខ្លួនឯងផង»។
លោកបានបន្ថែមថា៖ «ចំពោះខ្ញុំគឺត្រូវការរៀបចំឲ្យបានល្អឥតខ្ចោះ ទើបប្រហែលជាប្រជាពលរដ្ឋអាចទទួលយកដោយងាយស្រួល»។
លោក Sebastian Strangio អ្នកនិពន្ធសៀវភៅ«កម្ពុជារបស់លោក ហ៊ុន សែន» ដែលហៅជាភាសាអង់គ្លេសថា «Hun Sen's Cambodia» បាននិយាយថា អត្រាអ្នកទៅបោះឆ្នោតខ្ពស់ មិនគ្រប់គ្រាន់នៅឡើយទេ ក្នុងការបំបាត់ក្តីបារម្ភចំពោះភាពមិនត្រឹមត្រូវនៃការបោះឆ្នោត។
រូបឯកសារ៖ លោក Sebatian Strangio អ្នកនិពន្ធ និងអ្នកសារព័ត៌មាន ពិភាក្សាអំពីការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧នៅប្រទេសកម្ពុជានៅក្នុងកិច្ចពិភាក្សាមួយដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌល Stimson Center នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (VOA/ហុង ចិន្តា)
លោកបានប្រាប់វីអូអេថា៖ «រាល់ការបោះឆ្នោតនៅកម្ពុជា ពោរពេញទៅដោយប្រជាភិថុតិ ការភ័យខ្លាច ការធ្វើទុក្ខបុកម្នេញ និងទម្រង់ផ្សេងៗនៃការទិញសន្លឹកឆ្នោត»។
ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ គណបក្សប្រជាជនកម្ពុជានឹងប្រឈមនឹងការលំបាកក្នុងការពន្យល់ពីការឈ្នះឆ្នោតដោយមិនមានដៃគូប្រកួតប្រជែង។
លោក ពៅ សូរពង្ស ដែលជាសាស្រ្តាចារ្យនៅឯសាកលវិទ្យាល័យ Ryerson University នៅទីក្រុង Toronto បានប្រាប់សារព័ត៌មាន The Diplomat ថា កង្វះនៃភាពត្រឹមត្រូវនៃស្ថាប័នរដ្ឋ បានធ្វើឲ្យកម្ពុជាទោះតិចក្តី ច្រើនក្តីគឺស្ថិតក្នុងនិយមន័យនៃរដ្ឋធម្មជាតិ តាមទ្រឹស្តីរបស់ទស្សនៈវិទូ Thomas Hobbes ហើយនយោបាយដើម្បីតែរស់ នៅតែមានភាពរឹងមាំដដែល។ ដូច្នេះខ្ញុំមិនរំពឹងថាលោក ហ៊ុន សែន និងគណបក្សប្រជាជននឹងចុះចេញដោយគ្មានការបង្ហូរឈាមទេ។ សម្រាប់ខ្ញុំ នេះគឺជាសោកនាដកម្មដ៏ធំរបស់កម្ពុជា»។
បន្ថែមលើការថ្កោលទោសលើដំណើរការនៃការបោះឆ្នោតពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិ ភាពត្រឹមត្រូវនៃការបោះឆ្នោតនៅក្នុងកែវភ្នែករបស់ប្រជាពលរដ្ឋកម្ពុជា អាចនឹងមានភាពស្មុគស្មាញច្រើន។ លោក Strangio បានបន្ថែមថា៖ «គំនិតដែលរដ្ឋាភិបាលត្រូវតែបោះឆ្នោតជ្រើសរើសដោយប្រជាធិបតេយ្យ ដើម្បីទទួលបានភាពត្រឹមត្រូវ គឺជាគំនិតដែលត្រូវបានជំទាស់ដោយមនុស្សមួយចំនួន។ រដ្ឋាភិបាលចិនមិនត្រូវបានបោះឆ្នោតជ្រើសរើសទេ ប៉ុន្តែពួកគេមានភាពរីករាយនឹងអត្រាខ្ពស់លើការអនុម័តច្បាប់នានា និងទទួលបានការទទួលស្គាល់ជាខ្លាំងថាមានភាពត្រឹមត្រូវ ពីព្រោះរដ្ឋាភិបាលនេះបានធ្វើឲ្យមានកំណើនសេដ្ឋកិច្ច និងបញ្ហាផ្សេងៗស្រដៀងនេះ»។
លោក អ៊ូ វីរៈ យល់ស្របចំពោះបញ្ហានេះ។
លោកបានប្រាប់វីអូអេថា៖ «មានមតិច្រើនដែលគាត់មិនទទួលយក តែមានមតិមួយចំនួនដែលគាត់ទទួលយក ប៉ុន្តែដូចខ្ញុំថាអញ្ចឹង ប្រជាពលរដ្ឋ ចុងក្រោយគាត់មិនខ្វល់ពីអ្នកនយោបាយឬមួយគណបក្សនយោបាយទេ។ គាត់ខ្វល់ពីប្រទេសជាតិ និងជីវភាពរបស់គាត់។ ប្រសិនបើរដ្ឋាភិបាលថ្មីហ្នឹង ទោះបីប្រឈមនឹងបញ្ហាចោទប្រកាន់ច្រើននៅក្នុងការបោះឆ្នោតនេះក៏ដោយ ប្រសិនបើរដ្ឋាភិបាលថ្មីនឹងរៀបបានល្អ មានប្រសិទ្ធិភាព មានតួអង្គ ដែលអាចរៀបចំគោលនយោបាយដែលអាចដោះស្រាយបញ្ហាជាតិបានច្រើន ខ្ញុំមើលទៅប្រជាពលរដ្ឋនឹងទទួលយក»។
ការដាក់ទណ្ឌកម្ម
សហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មដែលមានកម្រិតមួយចំនួនលើកម្ពុជាមុនការបោះឆ្នោត ដោយសហគមន៍អឺរ៉ុប ក៏ពិចារណាក្នុងការដកកម្ពុជាចេញពីផែនការអនុគ្រោះពន្ធ ដែលអាចប៉ះពាល់វិស័យកាត់ដេរនៅកម្ពុជា ដែលនាំចេញទៅអឺរ៉ុបដែលធ្លាប់តែទទួលបានការអនុគ្រោះពន្ធកន្លងមក។
លោក Strangio បាននិយាយថា ការដាក់សម្ពាធនយោបាយនឹងមានលើរដ្ឋាភិបាលប៉ុន្តែសម្ពាធសេដ្ឋកិច្ចលើរដ្ឋាភិបាលនេះអាចនឹងមានប្រសិទ្ធភាពខ្ពស់ជាង ក្នុងការធានាឲ្យគោរពសិទ្ធិមនុស្សអន្តរជាតិ។
លោក Strangio បាននិយាយថា៖ «វិនិយោគិនចូលចិត្តស្ថិរភាព។ សហគមន៍ជំនួញ ជាទូទៅគាំទ្រគណបក្សប្រជាជនកម្ពុជា។ ខ្ញុំមិនឃើញថា នឹងមានការផ្លាស់ប្តូរនាពេលឆាប់ៗខាងមុខទេ។ ដរាបណាពួកគេអាចធានាស្ថិរភាពនយោបាយ ហើយពួកគេអាចរារាំងចលនារបស់គណបក្សប្រឆាំង ខ្ញុំគិតថាយើងនឹងឃើញដំណើរការអាជីវកម្មដូចធម្មតា»។
រូបឯកសារ៖ លោក Wei Fenghe សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុនកិច្ចជំនួបដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។ (REUTERS)
លោក Strangio បានបន្ថែមថា៖ «ខ្ញុំគិតថាមានហានិភ័យមួយ ដែលជាហានិភ័យមកពីខាងក្រៅ គឺថាសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក លុបចោលការអនុគ្រោះពន្ធនាំចូលទំនិញទៅកាន់ទីផ្សាររបស់ពួកគេ។ នេះវាអាចធ្វើឲ្យមានអស្ថិរភាពចំពោះឧស្សាហកម្មធំៗនៅកម្ពុជា។ ប៉ុន្តែសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏ដឹងដែរថាជំហាននេះអាចបង្កគ្រោះភ័យខ្លាំង ហើយអាចប៉ះពាល់ដល់កម្មករជាច្រើន មុននឹងប៉ះពាល់ដល់មនុស្សមួយក្រុមដែលគ្រប់គ្រងអំណាច»។
ខណៈដែលប្រទេសលោកខាងលិច រក្សាគម្លាតពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រទេសចិនបានបង្កើនទំនាក់ទំនងជាមួយកម្ពុជា ដោយផ្តល់ជំនួយ និងវិនិយោគដល់កម្ពុជារាប់ពាន់លានដុល្លារអាមេរិក។
ខណៈដែលអ្នកអត្ថាធិប្បាយមួយចំនួនសម្តែងក្តីបារម្ភអំពីការដែលពឹងទៅលើមហាអំណាចសេដ្ឋកិច្ចតែមួយរបស់កម្ពុជា អាចនឹងធ្វើឲ្យកម្ពុជាប្រឈមផ្នែកការទូតជាមួយបណ្តាប្រទេសផ្សេងៗទៀត។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ផលិតករភាពយន្តលោក Robert Lieberman កាលពីឆ្នាំ២០១៥ថា៖ «សម្រាប់ខ្ញុំ គ្មានការព្រួយបារម្ភទាំងអស់ ជាមួយនឹងឥទ្ធិពលរបស់ចិន ឬឥទ្ធិពលរបស់អ្នកណាទេ។ បញ្ហាសំខាន់របស់យើង គឺយើងត្រូវខិតខំ ឲ្យប្រទេសរបស់យើងមានការអភិវឌ្ឍឡើង»។
ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជា វិនិយោគចិនប៉ះពាល់ដល់ជីវភាពរបស់ពួកគេ។ លោក Strangio បានថ្លែងថា៖ «ប្រជាពលរដ្ឋកម្ពុជាធម្មតា មិនទទួលបានប្រយោជន៍ច្រើនទេពីការធ្វើវិនិយោគរបស់ចិន។ មានផលប៉ះពាល់អវិជ្ជមានពីវិនិយោគចិន។ ពួកគេបាត់បង់ដីដោយសារគម្រោងវិនិយោគចិន ឬគម្រោងទំនប់វារីអគ្គិសនីរបស់ចិន ឬក៏ពួកគេមិនត្រូវបានជួលឲ្យធ្វើការនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ចិនទេ»។
លោក អ៊ូ វីរៈ បាននិយាយថា ជំនួយរបស់ប្រទេសចិនមិនអាចជំនួសពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបបានទេ ប្រសិនបើសហភាពអឺរ៉ុបសម្រេចបង្កើនពន្ធនាំចូលលើទំនិញកម្ពុជា។ លើសពីនេះទៀតកម្ពុជាធ្លាប់ត្រូវបានដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច បន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៩៧។
លោក អ៊ូ វីរៈ បាននិយាយថា៖ «យើងត្រូវចាំថា៩៧កាលហ្នឹងយើងក្រ ហើយបើយើងចង់ក្រដូច៩៧វិញ ហ្នឹងមានអីយើងដើរផ្លូវហ្នឹងបាន។ ហើយទសវត្សរ៍៨០យើងក្រវេទនា ប្រសិនបើយើងចង់ក្រទាំងអស់គ្នា បើទាំងអ្នកធំ អ្នកមាន អ្នកអីហ្នឹងក៏ទៅក្រ បើអ្នកក្រក៏នៅតែក្រ ហ្នឹងយើងដើរទៅទសវត្សរ៍៨០វិញបាន។ វានៅតែវេទនាទាំងអស់គ្នាអញ្ចឹង»។
អ្នកបោះឆ្នោតវ័យក្មេង
លោក Milton Osborne ដែលជាអ្នកនិពន្ធសៀវភៅ «ប៉ុលពតដោះស្រាយបញ្ហាជំងឺឆ្លង» បានសរសេរនៅក្នុងអត្ថបទមួយដែលផ្សាយដោយសារព័ត៌មាន The Interpreter ថា ប្រជាជនវ័យក្មេងរបស់កម្ពុជា នឹងមានឥទ្ធិពលខ្លាំងលើអនាគតរបស់ប្រទេស។
និស្សិតនាំគ្នាចុះឈ្មោះចូលរួមក្នុងយុទ្ធនាការមួយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរាជធានី ភ្នំពេញ ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៨។ (AP)
លោកបានសរសេរថា៖ «ការវិភាគលើការបោះឆ្នោតកាលពីឆ្នាំ២០១៣ ដែលសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ បានបង្ហាញថា បណ្តាញព័ត៌មានសង្គម និងគំរូនៃការបោះឆ្នោតរបស់មនុស្សវ័យក្មេងនៅកម្ពុជា បានចាប់ផ្តើមដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតទស្សនៈនយោបាយ។»
លោក ហ្សះរ៉ន សុគ្រី សមាជិកមួយរូបនៃក្រុមយុវជន «កាហ្វេនយោបាយ» ដែលពិភាក្សាអំពីបញ្ហានយោបាយនៅកម្ពុជា បានប្រាប់វីអូអេថា យុវជនកម្ពុជាមានសក្តានុពលក្នុងការជះឥទ្ធិពលលើនយោបាយកម្ពុជាពីព្រោះភាគច្រើននៃប្រជាជនកម្ពុជាជាយុវជន។ លោក ហ្សះរ៉ន សុគ្រី បាននិយាយថា៖ «ដើមឆ្នាំ២០១៥ ឬក៏ចុង២០១៤ហ្នឹង មានន័យថាអ្នកនយោបាយមួយចំនួនហ្នឹង ចាប់ផ្តើមទាញយុវជនម្នាក់ម្ខាងៗ ដោយសារតែប្រទេសយើងជា មានន័យថាយុវជនហ្នឹងប្រហែលជា៦០ភាគរយទៅហើយ»។
លោក អៀ សុផល ដែលជាសាស្រ្តាចារ្យនៅឯមហាវិទ្យាល័យ Occidental Colledge សហរដ្ឋអាមេរិក រំពឹងថា ប្រជាជនកម្ពុជាវ័យក្មេងដើរតួនាទីដ៏សំខាន់សម្រាប់អនាគតកម្ពុជា។
លោកបាននិយាយថា៖ «ពិតណាស់មានមនុស្សល្អនៅគ្រប់ភាគីទាំងអស់។ មានមនុស្សល្អ និងមានហេតុផល។ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា ពួកគេធ្វើការនៅក្នុងប្រព័ន្ធ។ មានវប្បធម៌នៃអំពើពុករលួយដែលចាក់ឫសក្នុងប្រទេសកម្ពុជា។ ខ្ញុំរំពឹងថាមនុស្សវ័យក្មេងកម្ពុជា បើទោះជាពួកគេនៅក្នុងក្រុមដែលមានអំណាចនឹងធនធានក៏ដោយ នឹងផ្លាស់ប្តូរប្រព័ន្ធដែលត្រូវបានកសាងរួចទៅហើយដោយផ្អែកលើសេចក្តីរំពឹងទុកនៃការចំណាយថវិកា»៕