អ្នក​ជំនាញ​សង្ឃឹម​ថា​ត្រី​ទឹកសាប​​កម្ពុជា​ដែល​ស្ថិត​ក្នុង​ចំណោម​ត្រី​ធំ​បំផុត​ក្នុង​ពិភពលោក​ នឹង​មិន​ផុតពូជ

លោក Zeb Hogan សហអ្នកនិពន្ធនៃសៀវភៅ Chasing Giants និងអ្នកស្រី Michele Thieme នាយិការងផ្នែកការិយាល័យកិច្ចការទឹកសាបនៃអង្គការមូលនិធិសកលសម្រាប់អភិរក្សសត្វព្រៃ WWF ថ្លែង​នៅវិទ្យាស្ថាន ​Stimpson Center កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៣ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (សុខ ខេមរា/វីអូអេ)

នៅ​ក្នុង​កិច្ចពិភាក្សា​មួយ​ដែល​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​សៀវភៅ​ថ្មី​មួយ​មាន​ចំណង​ជើង​ថា​ តាម​ប្រម៉ាញ់ ​ត្រី​យក្ស: សង្គ្រោះត្រី​ធំបំផុត​ក្នុង​ពិភពលោក​ឬហៅថា​ Chasing Giants: ​Saving the World’s​ Largest ​Fish ​នោះ​ អ្នក​ជំនាញ​មកពី​ចម្រុះ​ស្ថាប័ន​ បាន​ថ្លែង​ថា​ ត្រី​ទឹកសាប​ក្នុង​ពិភពលោក ​សឹង​តែ​ចំនួន​១ភាគ​៣ ​ជិតផុត​ពូជ​ តែ​ថា​នៅ​កម្ពុជា​ត្រី​ដែល​ជិតផុត​ពូជធំ​បំផុត អាច​នៅ​ជួយសង្គ្រោះ​បាន​ តាម​រយ:​កិច្ច​ខំប្រឹងប្រែង​របស់​អាជ្ញាធរ​និង​រដ្ឋាភិបាល​លើ​វិធានការ​ចុងក្រោយ​មួយ​ចំនួន​ និង​ទីតាំង​ជម្រកត្រី​នៅមាន​អំណោយផល​អាច​ការពារ​បាន។ ​នេះ​បើតាម​ការ​អះអាង ​របស់​លោក​ Zeb Hogan ​ដែលជា​សហ​អ្នកនិពន្ធ​នៃ​សៀវភៅ​ថ្មី​នេះ និង​ជា​អ្នករៀបចំ​កម្មវិធី​ទាក់ទង​នឹង​ត្រី​ធំៗ​នៃ​ទូរទស្សន៍ ​The National Geographic ​ហើយ​ជា​វាគ្មិន​មួយ​រូប​ នៅ​ក្នុង​កិច្ច​ពិភាក្សា ​នៅ​វិទ្យាស្ថាន Stimson Center។

លោក​ Zeb Hogan ថ្លែង​ថា៖ «ខ្ញុំគិតថា​ចំណុច​សំខាន់​របស់ខ្ញុំ​គឺថា ​វាមិនមែន​ជារឿង​យឺតពេល​ទេ។ បាទ​ ពិតហើយ ​ថាវា​មាន បញ្ហា​ប្រឈម​ជាច្រើន​ តែ​ទន្លេ​នៅតែ​ជាកន្លែង​ផលិត​ត្រី​ដែល​មិនអាច​គួរឲ្យ​ជឿបាន ​ហើយវា​ក៏មិន មែន​ជារឿង​ដែល​យឺត​ពេល​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ​ដែរ»។

លោក​និយាយ​យ៉ាង​ដូច្នេះ​ដោយ​យោង​ទៅលើ​ក្តីបារម្ភ​ជាច្រើន​ដែល​កំពុង​ប្រឈម​ ហើយ​ធ្វើឲ្យ អន្តរាយ​ដល់​ត្រី​ធំៗ​នៅ​កម្ពុជា​ ដូចជា​រឿង​ការ​ប្រែប្រួល​អាកាស​ធាតុ​ ការ​កសាង​ទំនប់​វារីអគ្គីសនី ការ​នេសាទ​ខុសច្បាប់​ជាដើម។ តែ​លោក​ Zeb Hogan ​ដែល​បាន​ស្រាវជ្រាវ​អំពីរឿង​ត្រី​ ទឹកសាប ធំបំផុត​ក្នុង​ពិភពលោក​ និង​ ប្រព័ន្ធ​អេកូឡូស៊ី ​ជីវចម្រុះ​នេះ​ បាន​លើក​យក​វិធានការ​នានា​របស់ រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​ នៃប្រទេស​កម្ពុជា ចំពោះ​ការ​បំបាត់​ការ​នេសាទ​ខុសច្បាប់​ដែល​ប្រើ​ឧករណ៍ ឆក់ត្រី​ និង​ ការ​ចាប់ត្រី​ដោយ​សំណាញ់​ល្អិត​ អូសដល់​បាតទន្លេ ​ថា​ជា​វិធានការ​ធ្វើឲ្យ​ថមថយ​ការ​នេសាទ​ខុសច្បាប់ ​ក្រៅពី​បញ្ជាក់​ពី​វិធានការ​របស់​រដ្ឋាភិបាល​ ដើម្បី​ការពារ​ត្រី​នៅ​ក្រចេះ​ និង ស្ទឹងត្រែង ​ហើយនិង​បញ្ឈប់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ​ចំនួន​២នៅ​ខ្សែទឹក​ខាងលើ​បន្ថែម​ពី លើ​វិធាន​ចុងក្រោយ​ដែល​កម្ពុជា​បញ្ឈប់​មិន​ឲ្យ​សាងសង់​ទំនប់​វារីអគ្គិសនី​រហូតដល់​ឆ្នាំ២០៤០​ផងនោះ។

លោក​ Zeb Hogan សហ​អ្នកនិពន្ធ​នៃសៀវភៅ​ Chasing Giants និង​ជាអ្នក​រៀបចំ​កម្មវិធី​ទាក់ទង​នឹង​ត្រីធំៗ​នៃ​ទូរទស្សន៍ ​National Geographic ថ្លែង​នៅវិទ្យាស្ថាន ​Stimpson Center កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៣ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (សុខ ខេមរា/វីអូអេ)

លោក Zeb Hogan បន្ថែម​ថា៖ «ដូច្នេះការ​ដែល​រដ្ឋាភិបាល​កម្ពុជា​ យ៉ាង​ហោច​ណាស់​សន្យា​នៅ​ពេល​នេះ​ថា​នឹង​បញ្ឈប់​ការ​សាងសង់​ទំនប់​ទាំងនោះ ​គឺជា​រឿង​វិជ្ជមាន»។

លោក​បន្ថែម​ថា​ទន្លេ​កម្ពុជា​នៅ​មាន​សភាព​ដូច​ដើម​ច្រើន​ក្នុង​ការ​ស្តារ​និង​ការពារ​ត្រី​ហើយនិង​តំបន់ អេកូឡូស៊ី​បាន។ លោក​ Zeb Hogan ​បាន​ចំណាយ​ពេល​២០ឆ្នាំ​ដើម្បី​ស្រាវជ្រាវ​អំពី​រឿង​ត្រី​ទឹកសាប​ធំ​បំផុត​ក្នុង​ពិភពលោក​ និង​ ប្រព័ន្ធ​អេកូឡូស៊ី​ ជីវចម្រុះ​នេះ។

ប្រភេទ​ត្រី​ធំៗ​បំផុត​នៅ​កម្ពុជា​មួយ​ចំនួន​ដែល​មាន​ខ្នាត​ពិភពលោក​ គឺ​រួម​ទាំង​ត្រី​បបែល​ និង ​ត្រីសាឡូម៉ុង​ធំ ទន្លេ​មេគង្គ​ជាដើម​ ដែល​ជិត​ផុតពូជ ​ហើយត្រូវ​ការពារ​ជា​ចាំបាច់​ ដូចត្រី​ជាច្រើន​ទៀត​ក្នុង​ប្រទេស ជាច្រើន​ដែរ​ដែល​លោក​បាន​បញ្ចាំង​រូបភាព​ជូនដល់​អ្នក​ចូលរួម​បាន​មើល​ពីត្រី​ទាំងនោះ​ និង ទស្សនា​ពី​សកម្មភាព​ចុះ​ស្រាវជ្រាវ​ផ្ទាល់​នៅ​ក្នុង​បឹង​ ទន្លេ ​តាម​តំបន់​នានា​ក្នុង​ពិភពលោក​ ជាទី​ដែល​លោក​បាន​ជួប​ជាមួយ​អ្នក​នេសាទ ​អ្នកជំនាញ​និង​ពលរដ្ឋ​ក្នុង​សហគមន៍​ដើម្បី​រៀន​ពី​ពួកគេ​និង ​សិក្សា​ស្រាវជ្រាវ។ ក្រៅពី​បញ្ចាំង​រូបភាព​ត្រី​ធំៗ​បំផុត​ក្នុង​ពិភពលោក លោក​ក៏បានបង្ហាញ​ត្រីឆ្លាំង​ទម្ងន់​ប្រមាណ​៣០០គីឡូក្រាម​ក្នុង​ប្រទេស​ថៃ​ដែល​អ្នក​នេសាទ​ចាប់​បាន​កាល​ខែឧសភា​២០០៥​ផងដែរ។

ព័ត៌មាន​ទាក់ទង៖ រដ្ឋាភិបាល​បង្កើត​តំបន់​សុវត្ថិភាព​សម្រាប់​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ដែល​នៅ​សេស​សល់​តិច​តួច


នៅក្នុង​សៀវភៅ​តាម​ប្រម៉ាញ់​ ត្រីយក្ស: ​សង្គ្រោះត្រី​ធំបំផុត​ក្នុង​ពិភពលោក ​អ្នកនិពន្ធ​លោក ​Zeb បាន​បង្ហាញថា​ត្រីបបែល​កម្ពុជា​ដែលមាន​ទម្ងន់​ជិត​៣០០​គីឡូក្រាម​និងប្រវែង​សរុប​ជិត​៤ ម៉ែត្រ ត្រូវបាន​ដាក់​ចូល​ក្នុង​កំណត់ត្រា​ពិភពលោក ​ឬ Guinness World Records ​កាលពី​ថ្ងៃទី​២៤ខែ មិថុនាឆ្នាំ​២០២២ ​ថា​ជាត្រី​ទឹកសាប​ធំជាង​គេបំផុត​មួយ​ក្នុង​ពិភពលោក​ ហើយ​ដែល​លោក​ Zeb ចាត់​ទុក​ជាត្រី​ដែល​ត្រូវ​អភិរក្ស​ដូចជា​ត្រី​ប្រភេទ​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក ​ក៏ដូចជា​ ការពារ និងលើក​កម្ពស់​ការយល់​ដឹង​អំពី​សារ:សំខាន់​នៃត្រី​ធំៗ​បំផុត​ ហើយនិង​ប្រព័ន្ធ​អេកូឡូស៊ី​ជីវចម្រុះ​ផងដែរ។

ដោយ​ឡែក​វាគ្មិន​មួយ​រូបទៀត​គឺអ្នកស្រី​ Michele Thieme ​នាយិកា​រង​ ផ្នែក​ការិយាល័យ​កិច្ចការ ទឹកសាប​នៃអង្គការ ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​សត្វព្រៃ ​WWF​ នៅ​សហរដ្ឋ​អាមេរិក ​បាន ថ្លែង​ថា​ ត្រី​និង​ពូជសត្វ​ទឹកសាប ​ចំនួន​៨៣​ភាគរយ​ ធ្លាក់ចុះ​ចាប់តាំង​ពីទសវត្សន៍​១៩៧០មក។ លោកស្រី​បាន​បញ្ជាក់​ថា​ ការ​ធ្លាក់ចុះ​ចំនួន​ដ៏ច្រើន​នោះ ​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងច្រើន​ ជាពិសេស​ពលរដ្ឋ ​ដែល​ងាយ​រងគ្រោះ។ នេះជា​ប្រសាសន៍​របស់​លោកស្រី ​Michele Thieme ​នៃអង្គការ ​WWF ​ដែល​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ទឹកសាប ​និង​គ្រប់គ្រង​អាងទន្លេ ​ដើម្បី​គាំទ្រ​ជីវសាស្ត្រ​ចម្រុះ​ និង ​ជីវភាព​មនុស្ស​ជាតិ។

វាគ្មិនជំនាញ​ជលផល​និង​អេកូឡូស៊ីពិភាក្សាគ្នាអំពីត្រីទឹកសាបនៅទន្លេមេគង្គ នៅវិទ្យាស្ថាន ​Stimpson Center កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៣ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (សុខ ខេមរា/វីអូអេ)

​លោកស្រី Michele Thieme បញ្ជាក់​ថា៖ «ហេតុអ្វី​បាន​ជាយើង​មិនយក​ចិត្តទុក​ដាក់​ឲ្យ​កាន់តែ​ខ្លាំងចំពោះ​រឿង​ដែល​ចេះ​តែមាន​ចម្ងល់ ​ឥត ឈប់​ឈរ​នេះ។ ហើយ​វា​មិន​មែន​គ្រាន់តែ​ជា​រឿង​ពូជ​ត្រី​ទាំងឡាយ​ទេ ​តែវា​ជារឿង​ជម្រក​ដែរជា​ការពិត ​ហើយ​ក៏ជា​រឿង​ដែល​បាត់បង់​សង្គម​និង​វប្បធម៌​ដែល​កើតមាន​ដែរ ​នៅ​ពេល​យើង​បាត់​បង់​ពូជត្រី​និង​ប្រព័ន្ធ​ទាំងនោះ»។

លោកស្រី​ព្យាករ​ថា​ទៅថ្ងៃ​អនាគត​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយសារ​បញ្ហា​ជាច្រើន​រាប់ទាំង​ការប្រែប្រួល​អាកាសធាតុ​ផង។

វាគ្មិន​មួយ​រូប​ទៀត​ គឺ ​លោកស្រី​ Mary Melnyk ​ជានាយិកា ​ការិយាល័យ​អាស៊ី ​ផ្នែក​សន្តិសុខ បរិស្ថាន ​នៃ​ទី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ USAID ​បាន​ឲ្យ​ដឹងថា ​ជា​រឿង​សំខាន់​ណាស់​ដែល​ពិភពលោក​ត្រូវ​អភិរក្ស​ត្រី​ធំៗ​បំផុត​ក្នុង​ពិភពលោក​ តំបន់​អាស៊ី​ ប្រព័ន្ធ​អេកូឡូស៊ី ​ជីវចម្រុះ​ដែល​ប្រជាជន​មួយភាគ​ធំ​ពឹងផ្អែក​សន្តិសុខ​ស្បៀង​លើ​ផលិតផល​ត្រី​និង​ជីវចម្រុះ​ក្នុង​អាង​ទន្លេ​មេគង្គ និង​តំបន់​ផ្សេង​ទៀត។

លោកស្រី​ថ្លែង​ថា៖ «លោកអ្នក​ដឹងទេ ​ពលរដ្ឋ​ចំនួន​៦០លាន​នាក់​រស់នៅ​ពឹងផ្អែក​លើ​ទន្លេមេគង្គ ​សម្រាប់​ម្ហូប​អាហារ​របស់​ពួកគេ​ ហើយ​ប្រព័ន្ធនេះ​ វាអាច​នៅ​ដំណើរការ​បាន​ប្រសិន​ណា​យើង​នៅមាន​ពូជត្រី​ ទាំងអស់ ទាំង​ពូជត្រី​ប្រភេទ​ធំ ​ពូជត្រី​តូច​ ចាប់ពី​៥សង់ទីម៉ែត្រ​ផងដែរ។ យើងត្រូវ​តែអភិរក្ស​តំបន់​អេកូឡូស៊ី ទាំងមូល»។

លោកស្រី​បាន​អះអាង​ថា​ដូចបាន​លើកឡើង​ក្នុង​សៀវភៅ​ថ្មី​ថារឿង​នេះ​ជារឿង​សំខាន់​ក្នុង​បង្កើន​ការយល់​ដឹង​ឲ្យ​បាន​ច្រើន ​និង​បង្កើត​វិធី ប្រមូលផ្តុំ​ធនធាន​ដែល​មាន​កម្រិត​ ដើម្បី​អភិរក្ស ​ត្រីទឹកសាប ​កុំឲ្យផុតពូជ ​នៅក្នុង​តំបន់​នានា​មិនថា​តំបន់​អាស៊ី​និង​តំបន់​អាម៉ាហ្ស៉ន​ឬតំបន់​ណា​នោះទេ។

ក្រុម​វាគ្មិន​ដែល​ជាអ្នក​ជំនាញ​ក៏បាន​ទទូច​ឲ្យ​មាន​ការ​ផ្លាស់ទី​របស់ត្រី​បាន​ដោយ​សេរី ​និងមាន​ទីកន្លែង​ជម្រក ​ដែលអាច​បង្កើត​ពងកូន ​ដោយគ្មាន​គ្រោះថ្នាក់​ ទន្ទឹមគ្នា​នឹង​វិធានការ​តឹងរឹង​ជា​ច្រើន​ទៀត​ដើម្បី​អភិរក្សត្រី​និង​ប្រព័ន្ធអេកូឡូស៊ី​ ដោះស្រាយ​រួមគ្នា​លើ​បញ្ហា​ប្រែប្រួល​ អាកាស​ធាតុ ក្រៅ​ពី​បន្តការ​សិក្សា​ រកវិធី​នានា​ដែល​អាច​ជួយ​ការពារ​ត្រី​ទឹកសាប​ធំៗ​ក្នុង​ពិភពលោក​មិនឲ្យ​ផុតពូជ៕