សមត្ថកិច្ចស្រុកកំពង់ត្រាច ខេត្តកំពតឃាត់ខ្លួនកុមារីអាយុ១៤ឆ្នាំម្នាក់ឲ្យថ្លែងសុំទោសតាមរយៈវីដេអូជាសាធារណៈ ពាក់ព័ន្ធនឹងការចែកចាយសំឡេងសារតាមបណ្តាញសង្គមថា មានមនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពតនៅថ្ងៃព្រហស្បតិ៍។
ស្នងការដ្ឋាននគរបាលខេត្តកំពតបានបង្ហោះវីដេអូមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា នៅថ្ងៃទី១២ខែមីនានេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាចបានចុះឃាត់ខ្លួនកុមារីអាយុ១៤ឆ្នាំម្នាក់ ដែលសមត្ថកិច្ចបានហៅកុមារីនោះថាជា«ជនសង្ស័យ»។ ក្នុងវីដេអូនោះ សមត្ថកិច្ចបានបង្ហាញឈ្មោះពេញ និងបង្ហាញមុខកុមារី ដោយមានសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋានប្រាប់ឲ្យកុមារីនោះនិយាយសុំទោស និងសារភាពកំហុសនៅចំពោះមុខនាយកសាលា និងសិស្សជាច្រើននាក់ទៀតដែលឈរក្នុងបរិវេណសាលារៀន។
ទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពតដដែលបញ្ជាក់ថា កុមារីនោះជាសិស្សសាលាចិនមួយ រស់នៅភូមិកោះគ្រឹស្នា ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពតពាក់ព័ន្ធនឹងការផ្សាយព័ត៌មានតាម Messenger ថា នៅខេត្តកំពតមានឆ្លងវីរុសកូវីដ-១៩ចំនួន៣នាក់ និងមានមនុស្សស្លាប់ចំនួន៣នាក់។
កុមារីម្នាក់នោះបាននិយាយក្នុងវីដេអូដែលបង្ហោះដោយស្នងការដ្ឋាននគរបាលខេត្តកំពតថា នាងទទួលបានព័ត៌មានពីគេ និងបានផ្សាយបន្តជាសារសំឡេង តែមិនដឹងថា សារសំឡេងរបស់នាងត្រូវបានគេចែកចាយបន្តទៅណានោះទេ។
ក្នុងវីដេអូដោយមានសមត្ថកិច្ចឈរក្បែរចាំប្រាប់ នាងនិយាយថា៖ «ខ្ញុំសូមផ្តែផ្តាំទៅប្រជាជនទាំងអស់គ្នា ដែលលេងក្នុងបណ្តាញ Facebook គឺនៅក្នុងសាលាហួរឈៀវនេះអត់មានវីរុសកូរ៉ូណាកើតឡើងទេ អ៊ីចឹងហើយចង់ប្រាប់ថា គឺនៅសាលានេះអត់មានទេ។ ហើយកាលពីម្សិលមិញ អ៊ីចឹងហើយខ្ញុំសុំទោសដែលខ្ញុំនិយាយគឺព័ត៌មាននេះមិនពិតទេ តាំងពីម្សិលមិញនេះ»។
ទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពតបន្ថែមថា៖ «ក្រោយការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាននិយាយ Messenger ជាសំឡេង និងចែកចាយព័ត៌មានមិនពិតនេះនៅលើបណ្ដាញសង្គមពិតប្រាកដមែន។ ក្រោយពីសាកសួរចប់ សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងសុំទោសជាសាធារណៈ ហើយឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ»។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ VOA នាល្ងាចថ្ងៃសុក្រនេះថា អាជ្ញាធរបានស្វែងរកឃើញក្មេងស្រីម្នាក់នោះតាមរយៈសារសំឡេងដែលត្រូវបានចែកចាយក្នុងបណ្តាញសង្គមហ្វេសប៊ុក។ លោកបន្តថា លោកបានឲ្យនាយកសាលាកោះហៅនាងមកណែនាំ និងសុំទោសជាសាធារណៈ ដោយអះអាងថា ករណីនេះធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។
លោកបញ្ជាក់ថា៖ «អ៊ីចឹងយើងអត់មានបានឃាត់ខ្លួនគាត់ទេ។ យើងគ្រាន់តែអញ្ជើញគាត់មក យើងបានពន្យល់ណែនាំគាត់ ហើយគាត់ធ្វើកិច្ចសន្យាអប់រំ យើងបានឲ្យគាត់ទៅវិញ ពីព្រោះក្មេងស្រីហ្នឹងគាត់អាយុ១៤ឆ្នាំជាអនីតិជន ណា៎»។
លោកបានបន្ថែមថា វិធានការនេះមិនធ្វើឲ្យប៉ះពាល់ ឬជាការដាក់សម្ពាធដល់កុមារនោះទេ។
លោកបានបន្តថា៖ «ឲ្យសាធារណជនគាត់បានជ្រាបនោះ កុំឲ្យគាត់មានការព្រួយបារម្ភ បាទ។ យើងចាត់វិធានការការពារគឺយើងនៅការពារ។ ក៏ប៉ុន្តែព័ត៌មានដែលមានអ្នកស្លាប់នោះគឺមិនមាននោះទេ។ អ៊ីចឹងយើងត្រូវបង្ហោះឲ្យគេបានយល់ គេបានដឹង កុំឲ្យមានចលាចល»។
ក្រុមអ្នកការពារសិទ្ធិ និងអ្នកជំនាញផ្នែកផ្លូវចិត្តលើកឡើងថា ការឃាត់ខ្លួនកុមារអាយុ១៤ឆ្នាំ ហើយថតវីដេអូបង្ហោះជាសាធារណៈដោយបង្ហាញអត្តសញ្ញាណបែបនេះគឺធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងបញ្ហាផ្លូវចិត្តរបស់កុមារ។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា វិធានការរបស់សមត្ថកិច្ចជាការរំលោភសិទ្ធិរបស់កុមារ និងចង់បង្ហាញពីស្នាដៃរបស់សមត្ថកិច្ចជ្រុលហួសហេតុ។ លោកបន្ថែមថា សមត្ថកិច្ចគួរអញ្ជើញឪពុកម្តាយរបស់កុមារីរូបនោះមកប្រាប់ដើម្បីឲ្យណែនាំកូននៅកន្លែងមិនមែនសាធារណៈ និងត្រូវអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋពាក់ព័ន្ធនឹងចំណេះដឹង ព្រមទាំងវិធីការការពារវីរុសកូវីដ-១៩នេះ។
លោក អំ សំអាត បញ្ជាក់ថា៖ «វីដេអូអ៊ីចឹងគឺហាក់បីដូចចង់បង្ហាញស្នាដៃ ឬក៏ឲ្យក្មេងហ្នឹងសារភាពជាសាធារណៈទៅវិញ ដែលយើងត្រូវគិតថា តើអ្វីគាត់និយាយហ្នឹងត្រូវរកប្រើវិធីយ៉ាងម៉េច ហើយធ្វើនៅកន្លែងណា ដើម្បីចៀសវាងធ្វើឲ្យប៉ះពាល់ទៅដល់ក្មេងៗដទៃ ឬក៏ភាពភ័យខ្លាចសម្រាប់គាត់បន្តទៀត»។
ចំណែកលោក ហឿ សេធុល អ្នកចិត្តវិទ្យា និងជាប្រធានសមាគមអ្នកប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្តលើកឡើងថា ការបង្ហោះវីដេអូ និងបង្ហាញមុខក្មេងស្រីនៅខាងមុខសិស្សផ្សេងទៀតលើបណ្តាញសង្គមគឺជាការដាក់សម្ពាធផ្នែកផ្លូវចិត្តយ៉ាងខ្លាំង។
អ្នកជំនាញរូបនេះពន្យល់ថា៖ «ចំណាត់ការហ្នឹង សម្រាប់បង វាមានលក្ខណៈធ្ងន់ធ្ងរពេក ហើយវាប៉ះពាល់ដល់សម្ពាធផ្លូវចិត្តរបស់ក្មេងខ្លាំង។ វាអាចធ្វើឲ្យក្មេងបោះបង់ការសិក្សាចោល វាអាចធ្វើឲ្យក្មេងខូចអនាគតទៅថ្ងៃក្រោយ»។
ក្នុងវីដេអូដែលជាឃ្លីបសំឡេងកុមារីចែកចាយលើបណ្តាញសង្គម និងត្រូវបានបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ «ស្នងការដ្ឋាននគរបាលខេត្តកំពត» កុមារីរូបនោះបានរៀបរាប់ឈ្មោះ ទីលំនៅរបស់ខ្លួន និងប្រាប់ឲ្យប្រជាពលរដ្ឋនៅខេត្តកំពតការពារខ្លួនពីករណីនេះ។ នាងនិយាយថា៖
«នៅសាលារៀនចិនហួរឈៀវខ្ញុំនេះគឺមានអ្នកកើតជំងឺកូរ៉ូណាបីនាក់ហើយ ហើយស្ថិតនៅខេត្តកំពត។ អ៊ីចឹងហើយខ្ញុំសុំផ្តាំទៅអ្នកខេត្តកំពតទាំងអស់គ្នាជួយពាក់ម៉ាស ពាក់អីឲ្យបានសមស្របផងគឺជំងឺនេះកើតមកដល់ខេត្តកំពតហើយ។ នៅភូមិដែលខ្ញុំរស់នៅនេះគឺស្លាប់បីនាក់ហើយ។ អ៊ីចឹងហើយនៅខេត្តកំពតវាឆ្លងភូមិមួយ។ អ៊ីចឹងវាអាចឆ្លងទៅភូមិផ្សេងៗទៀតបាន។ អ៊ីចឹងអ្នកខេត្តកំពតទាំងអស់គ្នាសូមការពារណា៎ សូមអរគុណ»។
នាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA ថា ការអនុវត្តវិធានការរបស់សមត្ថកិច្ចទៅលើកុមារអាយុ១៤ឆ្នាំ ហើយផ្តល់ប្រយោជន៍ដល់សង្គមគឺអាចធ្វើទៅបាន។
លោកបន្តថា ក្រុមការងារនឹងពិភាក្សាលើការដកពិសោធន៍នេះ សម្រាប់ការអនុវត្តពេលក្រោយ៖ «បើយើងធ្វើទៅ បានផលប្រយោជន៍ដល់សង្គមជាតិទៅវាមិនអីទេ។ វាខ្វះមួយវាលើសមួយ។ វាធម្មតាទេ។ វាមិនអាច Perfect [ល្អឥតខ្ចោះ] មួយរយភាគរយទេក្មួយ»។
នៅសប្តាហ៍នេះ មន្ត្រីនគរបាលរាជធានីភ្នំពេញ និងខេត្តសៀមរាបបានចាប់ខ្លួនអ្នកប្រើប្រាស់បណ្តាញសង្គមពីរនាក់ ដោយចោទពួកគេថា ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធទៅនឹងការឆ្លងមេរោគកូរ៉ូណាវីរុស ឬ covid-19។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់ VOA ថា ក្នុងទិដ្ឋភាពសិទ្ធិមនុស្ស ការលើកឡើងរបស់អ្នកសិទ្ធិមនុស្ស និងអ្នកជំនាញផ្លូវចិត្តគឺត្រឹមត្រូវមួយផ្នែក ប៉ុន្តែលោកថា សមត្ថកិច្ចផ្អែកលើសន្តិសុខ និងសុវត្ថិភាពប្រជាពលរដ្ឋ ក្នុងគោលបំណងទប់ស្កាត់ការបង្កចលាចលក្នុងសង្គម។
«ដោយផ្អែកទៅលើប្រយោជន៍សាធារណៈជារួម បានន័យថា ការបង្ហាញរូបភាព ខ្លឹមសារបែបនេះគឺជាការអប់រំដល់យុវជនផ្សេងៗទៀតកុំឲ្យប្រព្រឹត្តនូវទង្វើដែលជាការបំពានច្បាប់បែបនេះ។ អ៊ីចឹងបើផ្អែកទៅលើទិដ្ឋភាពសិទ្ធិ ទិដ្ឋភាពសន្តិសុខសង្គមជារួម និងប្រយោជន៍សាធារណៈគឺសកម្មភាពបែបនេះអាចទទួលយកបាន»។
លោក ជិន ម៉ាលីន បានប្រាប់ VOA កាលពីថ្ងៃពុធថា លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានណែនាំឲ្យព្រះរាជអាជ្ញាទូទាំងប្រទេសចាត់វិធានការច្បាប់ប្រឆាំងនឹងបុគ្គលណាដែលផ្សព្វផ្សាយព័ត៌មានក្លែងកា្លយ ទាក់ទិនការឆ្លងវីរុស Covid-19។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកការពារសិទ្ធិមនុស្ស លើកឡើងថា វិធានការរបស់រដ្ឋាភិបាលមានភាពហួសហេតុ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ លោកបន្ថែមថា រដ្ឋាភិបាលគួរបង្កើនការអប់រំឲ្យប្រជាពលរដ្ឋបានដឹងពីមេរោគ និងព័ត៌មានក្លែងក្លាយ ជាជាងការចាត់វិធានការដោយការដាក់ទោស៕