អ្នកជំនាញផ្នែកច្បាប់បានហៅសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលថា ជាសេចក្តីព្រាងច្បាប់ ដែលមិនបានធ្វើឡើងទៅតាមបទដ្ឋានអន្តរជាតិ និងរិតត្បិតខ្លាំងដល់ការបង្កើតសមាគមនិងអង្គការក្រៅរដ្ឋាភិបាល។
ការលើកឡើងរបស់អ្នកជំនាញច្បាប់នេះ គឺស្របពេលដែលក្រុមអង្គការក្រៅរដ្ឋាភិបាលធំៗក្នុងប្រទេសកម្ពុជាកំពុងបន្តធ្វើយុទ្ធនាការជំទាស់នឹងការអនុម័តសេចក្តីព្រាងច្បាប់ ដែលប៉ុនប៉ងគាបសង្កត់សកម្មភាព និងបំបិទសំឡេងសមាគមនិងអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។
ថ្លែងទៅកាន់មេដឹកនាំអង្គការក្រៅរដ្ឋាភិបាល តំណាងសហគមន៍ និងសកម្មជនសិទ្ធិមនុស្សរាប់រយនាក់ដែលចូលរួមការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ នៅឯសណ្ឋាគារមួយនៅក្នុងទីក្រុងភ្នំពេញ លោកហ្សាក ឆឺរីឡំពែល (Zach Lampell) ទីប្រឹក្សាច្បាប់របស់មជ្ឈមណ្ឌលច្បាប់អន្តរជាតិមិនរកប្រាក់ចំណូល ហៅកាត់ថាINCL វិភាគឃើញថា ច្បាប់នេះមានចេតនារារាំងសកម្មភាពការបើកសមាគមនិងអង្គការក្រៅរដ្ឋាភិបាលនៅថ្ងៃអនាគត។
«យើងជឿជាក់ថា សេចក្តីព្រាងច្បាប់នេះ មានការរិតត្បិតដោយមិនអនុញ្ញាតឲ្យមេដឹកនាំសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ធ្វើជាស្ថាបនិកបង្កើតអង្គការមិនមែនរដ្ឋាភិបាលនិងសមាគមទៅថ្ងៃអនាគត»។
អ្នកជំនាញផ្នែកច្បាប់រូបនេះ បានមានប្រសាសន៍បន្ថែមថា ការកែសម្រួលខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ គឺជាការចាំបាច់ ដោយសារមាត្រាមួយចំនួនមានលក្ខណៈរិតត្បិតខ្លាំងក្នុងការចុះបញ្ជីការដែលមិនត្រូវបានបញ្ជាក់ច្បាស់ ហើយថាសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលអាចត្រូវបានបិទតាមអំពើចិត្ត ប្រសិនបើច្បាប់នេះត្រូវបានអនុម័ត។
«បទដ្ឋាននៃការចុះបញ្ជីមិនត្រូវបានបញ្ជាក់ឲ្យច្បាស់នោះទេ។ ហេតុដូច្នេះ វាមិនអាចទៅរួចទេដើម្បីដឹងថាតើដំណើរការនៃការចុះបញ្ជីនេះវាស៊ីគ្នាទៅនឹងច្បាប់អន្តរជាតិឬអត់។ ជាងនេះទៅទៀត នៅពេលដែលសមាគមឬអង្គការមិនមែនរដ្ឋាភិបាលមួយបានចុះបញ្ជី សេចក្តីព្រាងច្បាប់ពុំបានផ្តល់នូវបទដ្ឋានសម្រាប់ចង្អុលបង្ហាញការត្រួតពិនិត្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលច្បាស់លាស់ឡើយ។ ដោយគ្មានបញ្ជីមូលដ្ឋានច្បាស់លាស់សម្រាប់ការផ្អាក និងការលុបចោល ហានិភ័យនឹងកើតមានដល់ការសម្រេចចិត្តក្នុងការផ្អាក និងការលុបចោលឈ្មោះពីបញ្ជីតាមតែអំពើចិត្ត»។
នៅពេលដែលមេដឹកនាំអង្គការក្រៅរដ្ឋាភិបាល តំណាងសហគមន៍ និងសកម្មជនសិទ្ធិមនុស្សស្តាប់ការពន្យល់ពីផលអវិជ្ជមាននៃសេចក្តីព្រាងច្បាប់នេះ ក្រុមសកម្មជននៃអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលប្រមាណ១០០នាក់បានបន្តយុទ្ធនាការរបស់ពួកគេជំទាស់នឹងសេចក្តីព្រាងច្បាប់នេះនៅមុខរដ្ឋសភាជាតិកាលពីព្រឹកថ្ងៃអង្គារនេះ។
ទោះជាមានការរារាំងពីអាជ្ញាធរ យុទ្ធនាការរបស់ពួកគេបានប្រព្រឹត្តដោយពុំមានអំពើហិង្សាកើតឡើងនោះទេ។
លោក William E. Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាបានសរសេរនៅក្នុងគេហទំព័រទស្សនៈផ្ទាល់ខ្លួនដោយរំលឹកអំពីការតវ៉ាជំទាស់នឹងការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលកាលពីសប្តាហ៍មុនដែលប្រព្រឹត្តទៅ ដោយពុំមានអំពើហិង្សាផងដែរ។
លោកបានស្នើឲ្យគណបក្សនយោបាយធំៗទាំងពីរផ្តោតលើការជួបសន្ទនាគ្នា បើកឲ្យមានការពិភាក្សាដេញដោលគ្នា និងជាមួយប្រជាពលរដ្ឋដែលខ្លួនធ្វើជាតំណាង ខណៈដែលកំពុងបោះជំហានឆ្ពោះទៅរកការកែទម្រង់ដ៏ចាំបាច់នានា រួមទាំងការបន្តផ្តល់សិទ្ធិសេរីភាពពេញលេញដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលដែលបានជួយបំពេញចំណុចខ្វះខាតក្នុងការអភិវឌ្ឍវិស័យសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជា។
លោកសរសេរថា៖ «គេគ្មានការសង្ស័យទេថា អង្គការមិនមែនរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលដទៃទៀតបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍនៃប្រទេសកម្ពុជា។ បណ្តាញទាំងនេះបានជួយបំពេញចន្លោះប្រហោងនៅក្នុងវិស័យសុខាភិបាលអប់រំនិងវិស័យសាធារណៈដទៃទៀតពិសេសសម្រាប់អ្នកដែលរស់នៅក្នុងសហគមន៍ជនបទដែលមិនសូវទទួលបានការយកចិត្តទុកដាក់»។
ការពិគ្រោះយោបល់ជាសាធារណៈមួយនឹងត្រូវរៀបចំឡើងនៅថ្ងៃស្អែកនេះ នៅឯរដ្ឋសភាជាតិ ដើម្បីជជែកពិភាក្សាលើសេចក្តីព្រាងច្បាប់ ដែលមេដឹកនាំអង្គការក្រៅរដ្ឋាភិបាលហៅថា ជាសេចក្តីព្រាងច្បាប់មួយដែលធ្វើឡើងដោយលាក់លៀម និងត្រៀមបង្អាក់ដំណើរនៃសកម្មភាពការងាររបស់ពួកគេ។
លោកស្រីចក់ សុភាពនាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា ក្រុមការងារមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងចូលរួមការពិគ្រោះយោបល់ តែអ្នកស្រីថាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងច្រានចោលច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ប្រសិនបើអនុម័តដោយគ្មានការកែប្រែ។
«បើសិនមានលិខិតអញ្ជើញយើងនឹងចូលរួមប៉ុន្តែការចូលរួមរបស់យើងគឺខ្ញុំសូមបញ្ជាក់ម្តងទៀតមិនមែនដើម្បីបង្គ្រប់កិច្ចទេដើម្បីយកឱកាសនោះ បង្ហាញថាសេចក្តីព្រាងដែលគាត់កំពុងធ្វើនេះហើយបើអនុម័តក្នុងទម្រង់បច្ចុប្បន្នគឺយើងមិនអាចទទួលយកបាន។ នេះគឺជាជំហររបស់យើង»។
អង្គការតម្លាភាពអន្តរជាតិដែលមានទីតាំងនៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ បានចេញលិខិតថ្កោលទោសចំពោះសេចក្តីព្រាងច្បាប់ដ៏គួរឲ្យព្រួយបារម្ភមួយនេះផងដែរ ដោយសេចក្តីព្រាងច្បាប់នេះមានចំណុចចម្រូងចម្រាសច្រើន និងភាពស្រពិចស្រពិល និងរិតត្បិតសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិល៕