នៅសល់រយៈពេលត្រឹមតែ១០ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ នឹងឈានចូលមកដល់។ ក៏ប៉ុន្តែ មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជាមិនទាន់មានយន្តការ និងសេចក្តីប្រកាស ឬការណែនាំជាក់លាក់ណាមួយ ដើម្បីសម្របសម្រួលដល់បុគ្គលិកឯកជន កម្មករ-កម្មការិនី ក្នុងការធ្វើដំណើរទៅស្រុកកំណើត ដើម្បីចូលរួមការបោះឆ្នោតនោះទេ។
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត និងសិទ្ធិការងារ លើកឡើងថា ការណ៍នេះអាចធ្វើឲ្យកម្មករកម្មការិនីមួយចំនួន បោះបង់សិទ្ធិបោះឆ្នោតរបស់ពួកគេ ដែលអាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោតឃុំ សង្កាត់ និងមិនបានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ពួកគេ។ ក្រុមអ្នកឃ្លាំមើល យល់ថា បុគ្គលិកឯកជន និងកម្មករ-កម្មការិនីកម្ពុជា ដែលភាគច្រើនសុទ្ធតែបានចំណាកស្រុកមករាជធានីភ្នំពេញនោះ ត្រូវការយ៉ាងហោចណាស់រយៈពេល៣ថ្ងៃ ដើម្បីធ្វើដំណើរទៅបោះឆ្នោត និងចូលរួមបោះឆ្នោត។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា (CENTRAL) យល់ថា រដ្ឋាភិបាលមិនទាន់បានធ្វើការសម្របសម្រួលឲ្យបានពេញលេញដើម្បីឲ្យកម្មករ កម្មការិនីកម្ពុជាមានភាពងាយស្រួលក្នុងការបោះឆ្នោតនៅស្រុកកំណើតនោះទេ។
លោកថា មកទល់ពេលនេះរដ្ឋាភិបាលមិនទាន់ដាក់ចេញនូវគោលការណ៍ណែនាំណាមួយ ដើម្បីឲ្យរោងចក្រសហគ្រាសអនុញ្ញាតច្បាប់ដល់កម្មករដែលធ្វើការនៅក្រុងភ្នំពេញ ឬកន្លែងផ្សេងទៀត អាចទៅស្រុកកំណើត ឬភូមិឃុំដែលពួកគេបានចុះឈ្មោះបោះឆ្នោតនៅឡើយទេ។
លោក មឿន តុលា បញ្ជាក់ប្រាប់ VOA ថា៖
«បើសិនជាមិនមានការសម្របសម្រួល ឬណែនាំដល់រោងចក្រសហគ្រាសទេ រោងចក្រសហគ្រាសនោះ គាត់ប្រាកដជាមិនឲ្យច្បាប់ទៅដល់កម្មករសម្រាប់ទៅបោះឆ្នោត។ បោះឆ្នោតថ្ងៃអាទិត្យមែន ប៉ុន្តែបើគាត់ទៅខេត្តគាត់ត្រូវឈប់តាំងពីថ្ងៃសោរ៍។ តែបើថ្ងៃសោរ៍នៅធ្វើការទៀត គាត់ទៅមិនកើតទេ។ ហើយបើពលករមិនអាចទៅបោះឆ្នោតបាន វាអាចធ្វើឲ្យចំនួនអ្នកបោះឆ្នោតតិច បើទោះជាមានអ្នកចុះឈ្មោះបោះឆ្នោតច្រើនក៏ដោយ»។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចេញសេចក្តីអំពាវនាវឲ្យមានការសម្របសម្រួលឱ្យបុគ្គលិកឯកជន និងកម្មករកម្មការិនីទាំងអស់ចូលរួមក្នុងការបោះឆ្នោត នៅថ្ងៃអាទិត្យទី៤ ខែមិថុនាខាងមុខ ដើម្បីឱ្យពួកគាត់ មានឱកាសប្រើប្រាស់សិទ្ធិនយោបាយរបស់ខ្លួន និងជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋានដែលខ្លួនពេញចិត្ត។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាឲ្យដឹងថា បើទោះជាមានលិខិតអំពាវនាវរបស់គ.ជ.បយ៉ាងណាក្តី ក៏ប៉ុន្តែអវត្តមានលិខិតផ្លូវការរបស់រដ្ឋាភិបាលកម្ពុជា ពោលគឺក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែអាចបង្កការលំបាក និងរាំងស្ទះមិនឲ្យកម្មករអាចចូលរួមការបោះឆ្នោតបានពេញលេញ។
លោកពន្យល់ប្រាប់ VOA ថា ការណ៍នេះនឹងអាចធ្វើឲ្យចំនួនកម្មករដែលទៅបោះឆ្នោតនាពេលខាងមុខមានការថយចុះ៖
«លិខិតគ.ជ.ប អត់មានកាតព្វកិច្ច១០០% ទេ គ្រាន់តែជាការស្នើ។ ចឹងបើក្រុមហ៊ុនណាមួយដែលគេល្អត្រឹមត្រូវ គិតដល់សិទ្ធិកម្មករ គិតដល់ប្រយោជន៍រួមចឹងទៅ គេឲ្យទៅ។ តែក្រុមហ៊ុនណាខូច គេមិនឲ្យទៅទេ។ កាលណាមិនឲ្យទៅកម្មករជួបបញ្ហាច្រើនណាស់ ដូចជាគេកាត់លុយ ប្រាក់រង្វាន់១០ ទៅ២០ដុល្លាររបស់គាត់អាចកាត់ ហើយកាត់លុយថ្ងៃគាត់ទៀត»។
លោក អាត់ ធន់ បង្ហាញការសោកស្តាយដែលរដ្ឋាភិបាលមិនបានផ្តល់លទ្ធភាពឲ្យកម្មករកម្ពុជាទាំងក្នុង និងក្រៅប្រទេសចូលរួមការបោះឆ្នោតបានពេញលេញ។
«យើងសោកស្តាយ សូម្បីតែកម្មករនៅក្រៅប្រទេស រដ្ឋមិនទាន់[មាន]លទ្ធភាពអាចជួយឲ្យពួកគាត់អាចមកបោះឆ្នោតបាន ហើយអ្នកនៅក្នុងប្រទេសមិនបានសម្រួលឲ្យគាត់អាចបោះឆ្នោតបានទៀត បានន័យថា សំឡេងរបស់កម្មករអាចមិនឆ្លុះបញ្ចាំងពីស្ថានភាពពិត»។
ស្របគ្នានោះដែរ លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ថ្លែងប្រាប់ VOA ថា លុះត្រាតែមានការតម្រូវពីក្រសួង ទើបសមាគមរោងចក្រកាត់ដេរនៅកម្ពុជាអាចផ្តល់ច្បាប់ដល់កម្មករបន្ថែមបាន។
«យើងតាមច្បាប់ មានន័យអត់មានឈប់ថែមទេ ព្រោះបោះឆ្នោតថ្ងៃអាទិត្យតាស៎។ យើងតាមក្រសួងការងារ ក្រសួងអត់មានចេញសេចក្តីណែនាំអីដែលបង្ខំឲ្យសហគ្រាសត្រូវតែឈប់លើសពីថ្ងៃអាទិត្យ»។
សហជីពកម្មករ និងអង្គការការពារសិទ្ធិការងារនៅកម្ពុជាសំខាន់ៗមួយចំនួននៅកម្ពុជា បានស្នើទៅកាន់ គ.ជ.ប និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យរដ្ឋាភិបាលកំណត់ពេលឈប់សម្រាកដល់កម្មករ និងកម្មការិនីសម្រាប់ធ្វើដំណើរទៅបោះឆ្នោត។
យោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់សហជិពសេរីកម្មករ ដែលផ្ញើមកកាន់ VOA នៅថ្ងៃសុក្រនេះ ឱ្យដឹងថា ការមិនចេញសេចក្តីណែនាំរបស់ក្រសួងការងារ ក្នុងសម្រួលឱ្យនិយោជិក កម្មករ ចូលរួមការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤នេះ ហាក់ដូចជា «វាខុសប្លែកពីឆ្នាំមុនៗ» ដែលអនុញ្ញាតឲ្យមានឈប់រហូតដល់៣ថ្ងៃឯណោះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ថ្លែងថា ក្រុមអ្នកវិនិយោគ ម្ចាស់ក្រុមហ៊ុន ឬអ្នកគ្រប់គ្រងសហគ្រាស និងរោងចក្រទាំងឡាយនៅកម្ពុជាគួរជួយសម្របសម្រួល និងរៀបចំឲ្យមានការឈប់សម្រាកតាមស្ថានភាពជាក់ស្តែង។
បើតាមលោក ហង្ស ពុទ្ធា គ.ជ.ប បានពិភាក្សាជាមួយក្រសួងការងារដែរ ប៉ុន្តែមកទល់ពេលនេះ ក្រសួងការងារមិនទាន់ចេញនូវលិខិតផ្លូវការណាមួយឡើយ។
អ្នកនាំពាក្យគ.ជ.ប.រូបនេះបញ្ជាក់ថា៖
«ក្រសួងការងារគ្រាន់តែបានបញ្ជាក់ថា ក្នុងស្មារតីដើមនៅពេលចុះឈ្មោះបោះឆ្នោត ក្រសួងការងារក៏អត់បានចេញលិខិតណាមួយដែរ ចឹងក្រសួងការងារក៏អត់ចេញលិខិតអីដែរក្នុងអំឡុងពេលបោះឆ្នោត»។
VOA ពុំអាចទាក់ទងមន្ត្រីនៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ដើម្បីសាកសួរអំពីវិធានការសម្របសម្រួលរបស់ក្រសួងបាននោះទេ។ រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង បានបិទទូរស័ព្ទ ពេល VOA ទាក់ទងសុំក្តីអធិប្បាយនៅថ្ងៃសុក្រនេះ។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានលើកឡើងថា៖
«គណបក្សប្រជាជនបានចេញសេចក្តីអំពាវនាវហើយ។ ហើយជាមួយគ្នានេះដែរ សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីផង ជាប្រធានគណបក្សប្រជាជនកម្ពុជាផង។ ដូច្នេះ លោកអំពាវនាវគ្រប់គ្រាន់ហើយ»។
យ៉ាងហោចណាស់ មានកម្មករកម្មការិនីជាង៧០០.០០០នាក់ ដែលមកពីខេត្តនានាទូទាំងប្រទេសកម្ពុជា កំពុងបម្រើការងារក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា។
កម្មករ-កម្មការិនីមួយចំនួន ដែលកំពុងបម្រើការងារក្នុងរាជធានីភ្នំពេញ បានប្រាប់ VOA ក្នុងបទសម្ភាសន៍ថា ពួកគាត់ចង់ទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។ អ្នកខ្លះទទួលបានដំណឹងមិនទាន់ផ្លូវការថាទទួលបានច្បាប់៣ថ្ងៃសម្រាប់បោះឆ្នោត ឯអ្នកខ្លះទៀត ស្ទាក់ស្ទើរថាកន្លែងការងារមិនអនុញ្ញាត។
មានស្រុកកំណើតមកពីខេត្តព្រៃវែង លោកស្រី វួង ភាព វ័យ៤៨ឆ្នាំ ជាកម្មការិនីរោងចក្រម្នាក់ ក្នុងរាជធានីភ្នំពេញ ទទួលបានដំណឹងថា រោងចក្រខ្លួននឹងផ្តល់ច្បាប់រយៈពេល៣ថ្ងៃសម្រាប់ការបោះឆ្នោតខាងមុខ។
ក្នុងពេលសម្រាកបាយថ្ងៃត្រង់នៅមុខរោងចក្រ លោកស្រីថ្លែងប្រាប់ VOA យ៉ាងដូច្នេះ៖
«គេឲ្យ[ច្បាប់] តាស៎ ៣ថ្ងៃ មិនដឹងថ្ងៃណាទេ គេមិនទាន់បិទក្រដាស»។
កំពុងចិតបន្លែនៅក្នុងកន្លែងស្នាក់នៅរបស់ខ្លួនក្រោយបញ្ចប់ការងារខ្លួនឯរោងចក្រមួយនៅជាយរាជធានីភ្នំពេញ អ្នកស្រី សុខ គន្ធា វ័យ៤២ឆ្នាំ មានគម្រោងទៅចុះឈ្មោះបោះឆ្នោតឯស្រុកកំណើតខ្លួនក្នុងខេត្តស្វាយរៀង បើសិនជារោងចក្រអ្នកស្រីអនុញ្ញាតច្បាប់ដោយមិនកាត់ប្រាក់ខែ។
អ្នកស្រី សុខ គន្ធា ថ្លែងប្រាប់ VOA ថា៖
«ចង់បានឲ្យតែល្អប្រសើរសម្រាប់ប្រជាជនអភិវឌ្ឍតាមភូមិឃុំជនបទឲ្យរីកចម្រើន ដូចជាផ្លូវថ្នល់ សាលារៀន សន្តិសុខសង្គមចង់បានល្អទាំងអស់។ ខ្ញុំចង់ទៅបោះឆ្នោតបើសិនជាក្រុមហ៊ុនអត់កាត់ប្រាក់ខែកម្មករ។ ចង់និយាយថា ខាងរដ្ឋាភិបាលឲ្យកម្មករឈប់ ហ្នឹងខ្ញុំចង់ទៅបោះឆ្នោត តែបើខាងរដ្ឋាភិបាលអត់ឲ្យឈប់សម្រាកទេ ឲ្យតែមួយថ្ងៃអាទិត្យហ្នឹង គឺទៅអត់ទាន់ទេ ព្រោះតាមបណ្តាខេត្តឆ្ងាយៗ»។
កញ្ញា អន ខែម វ័យ២៧ឆ្នាំ មកពីខេត្តស្វាយរៀង ដែលកំពុងបម្រើការងារក្នុងរោងចក្រមួយជាយក្រុងភ្នំពេញ រំពឹងចង់បានសន្តិភាព និងគ្មានអំពើពុករលួយនៅក្នុងសហគមន៍របស់ខ្លួន ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដើមខែមិថុនាខាងមុខ។
ក៏ប៉ុន្តែ កញ្ញាបញ្ជាក់ថា កញ្ញានឹងមិនអាចទៅបោះឆ្នោតបានទេ បើរោងចក្រដែលកញ្ញាធ្វើការមិនអនុញ្ញាតច្បាប់ដល់ពួកគេនោះ។
«ទាល់តែគេអត់កាត់លុយ បើគេកាត់លុយ ខ្ញុំមិនដឹងទៅបោះដើម្បីអីទេ បើប្រាក់ខែបានតិច ហើយទៅបោះឆ្នោត ដើម្បីពួកគាត់ធំៗហ្នឹងហើយ ហើយមកកាត់លុយកម្មករតូចតាច មិនដឹងទៅធ្វើអី»។
ដោយឡែក លោក យឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់នៃអង្គការឃ្លាំមើលការបោះឆ្នោត Comfrel លើកឡើងថា ការជំរុញឲ្យពលរដ្ឋគ្រប់រូបមានលទ្ធភាពចូលរួមពេញលេញក្នុងការបោះឆ្នោត គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល។
លោក យឿង សុធារ៉ា ថ្លែងប្រាប់ VOA ថា៖
«ក្នុងនាមជារដ្ឋាភិបាល គឺត្រូវតែដើរតួនាទីសម្របសម្រួល ឲ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយទាំងអស់មានឱកាសសម្តែងឆន្ទៈដោយសេរីរបស់គាត់ ជ្រើសរើសថ្នាក់ដឹកនាំ ដោយសេរីរបស់គាត់ ព្រោះសំឡេងរបស់ពួកគាត់ជាអ្វីដែលប៉ះពាល់ជាមួយជីវិតប្រចាំថ្ងៃរបស់គាត់»។
គណបក្សនយោបាយក្នុងចំនួន១២ កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ ដែលមានរយៈពេល២សប្តាហ៍នៅទូទាំងប្រទេស។ ពលរដ្ឋកម្ពុជាចំនួនជិត៨លាននាក់ បានចុះឈ្មោះបោះឆ្នោត ហើយការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤នេះ នឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី៤ ខែមិថុនាខាងមុខ៕