ក្រោយពីដំណើរផ្សងព្រេងរកការងារធ្វើអស់រយៈពេល ៦ខែ ពុំបានជោគជ័យ អ្នកនាង សួង ពិសី មានវ័យ ២៤ឆ្នាំ ជានិស្សិតជំនាញសេដ្ឋកិច្ច បានសម្រេចចិត្តបើកហាងលក់ខោអាវនៅក្នុងផ្សារតូច នៅឯទីក្រុងតាខ្មៅ ខេត្តកណ្តាល។ ពិសី ចាប់ផ្តើមមុខជំនួញនេះ ដោយដើមទុន ២០០ដុល្លារសហរដ្ឋអាមេរិក យកទៅទិញខោអាវមួយចំនួនមកលក់ក្នុងតូបរបស់បងស្រី ដោយចែកកន្លែងគ្នាលក់។ ក្រោយមក ពិសី ចាប់ផ្តើមជួលតូបដាច់ដោយឡែក ហើយអ្នកនាងគ្រប់គ្រងអាជីវកម្មដោយខ្លួនឯងផ្ទាល់ អស់រយៈ៣ឆ្នាំមកនេះ។
កាលពីដើមឆ្នាំនេះ ពិសីពង្រីកអាជីវកម្មខ្លួនដោយ ទិញដាច់នូវតូបជួល ទំហំ៣ម៉ែតការ៉េ ដោយទឹកប្រាក់ ១.៥០០០ ដុល្លារសហរដ្ឋអាមេរិក។ ទឹកប្រាក់នេះចេញពីលុយចំណងដៃអាពាហ៍ពិពាហ៍ ដែលសល់ក្រោយពេលរៀបការ និងទឹកប្រាក់ដែលអ្នកនាងប្រមូលបានពីការដេញតុងទីនជាមួយក្រុមអ្នកលក់នៅក្នុងផ្សារដទៃទៀតដែលភាគច្រើនជាស្ត្រី។
ថ្វីបើអាជីវកម្មនាពេលបច្ចុប្បន្នកំពុងដំណើរការយ៉ាងល្អក៏ពិតមែន ការប្រកបអាជីវកម្មឲ្យរលូនទៅពេលអនាគតនៅតែជាក្តីបារម្ភរបស់អ្នកនាង និងអ្នកសហគ្រិនស្ត្រីជាច្រើននៅកម្ពុជា។
ស្របពេល ដែលអ្នកនាងពង្រីកអាជីវកម្មនៅក្នុងខែវិច្ឆិកានេះ ដោយឲ្យស្វាមីរបស់ខ្លួនលក់សម្លៀកបំពាក់ដាច់ដោយឡែកនៅតូបថ្មីមួយទៀតខាងក្រៅផ្សារ គ្រួសារថ្មីថ្មោងមួយគូនេះបានចំណាយប្រាក់ប្រមាណ ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិករួមទាំងការតុបតែងហាង។ ប្រាក់ដ៏ច្រើនសន្ធឹកសន្ទាប់នេះបានមកពីកម្ចីពីសមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិជិតស្និទ្ធបំផុត។
កំពុងអាប់លុយបណ្តើរ ងាកទៅនិយាយជាមួយអ្នកទិញដទៃទៀតបណ្តើរ ហើយម្តងម្កាល អ្នកនាងត្រូវឆ្លើយឆ្លងសារជាសំឡេង តាមរយៈបណ្តាញសង្គមហ្វេសប៊ុកទៅកាន់ម៉ូយដែលបញ្ជាទិញខោអាវជាដុំ ឬរាយ និងទៅកាន់បងស្រី ដែលបានកក់ឥវ៉ាន់ទុកសម្រាប់ភ្ញៀវ។ ម្តងម្កាល ពិសី ឆ្លៀតនិយាយមកកាន់ VOA ៖
«រឿងលុយហ្នឹងខ្ញុំមិនទាន់ទាក់ទងធនាគារទេ។ នៅយកលុយបងៗប្រើប្រាស់សិន។ ថ្ងៃណាគេយក ខ្ញុំយកប្លង់ទៅដាក់ (ធនាគារសិន) យក (លុយ) មកប្រើប្រាស់សិនហើយ។ ជម្រើសមួយទៀត គឺយកប្លង់របស់ប៉ា គាត់ឲ្យយក(ប្លង់គាត់)ទៅដាក់ទៅ យកលុយសងបងៗសិន។ តែបើយើងនៅមានជម្រើស យើងអត់ចង់ខាតការ(ប្រាក់)ទេ»។
ទោះពិសី យល់ថា ខ្លួនជាម្ចាស់ហាង និងគ្រប់គ្រងអាជីវកម្មនេះដោយឯករាជ្យក៏ដោយ ប៉ុន្តែរាល់ការសម្រេចចិត្តនានារបស់អ្នកនាង ពិសេសរឿងខ្ចីប្រាក់ដើម្បីពង្រីកអាជីវកម្ម គឺចៀសមិនផុតពីការពិភាក្សា និងការទទួលការយល់ព្រមពីក្រុមគ្រួសារ ពិសេសពីស្វាមីនោះទេ។ ពិសីនៅមានការព្រួយបារម្ភ ពាក់ព័ន្ធនឹងការខ្ចីបុលពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ដោយសារក្រុមគ្រួសារ និងស្វាមីតែងតែលើកឡើងអំពីផលវិបាក និងគំរូអវិជ្ជមាននានា ដែលពាក់ព័ន្ធរឿងបំណុលនេះ។
នៅក្នុងប្រទេសកម្ពុជា ស្ត្រីជាម្ចាស់អាជីវកម្មមានចំនួន ៦៥% នៃអាជីវកម្មទាំងអស់ ហើយបានផ្តល់ប្រភពចំណូលដល់ស្ត្រីដទៃជាង ៣២៩.០០០ នាក់ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីឆ្នាំ២០១៥ ស្តីអំពីការលើកកម្ពស់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ ភាគច្រើននៃអាជីវកម្មរបស់ស្ត្រីមានបែបផែនជា សហគ្រាសខ្នាតតូចដែល ៥១% នៃសហគ្រាសដឹកនាំដោយស្ត្រីជាម្ចាស់អាជីវកម្ម ក្នុងចំណោមសហគ្រាសខ្នាតតូចទាំងនោះជួលបុគ្គលិកតែម្នាក់ប៉ុណ្ណោះ។
លោកស្រី ស៊្រាត មុំសុភា អគ្គលេខាធិការសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) បានឲ្យដឹងថា បើគ្រាន់តែក្រឡេកមើលបញ្ហាពីខាងក្រៅ កត្តាវប្បធម៌ និងទំនួលខុសត្រូវលើកិច្ចការងារផ្ទះជា ច្រើនផ្នែកគឺជា បញ្ហាដែលបង្អាក់ស្ត្រីក្នុងការតស៊ូឲ្យអាជីវកម្មកាន់តែលូតលាស់ និងរីកចម្រើន។
លោកស្រីបន្តទៀតថា បើសម្លឹងមើលកាន់តែជ្រៅវិញ ភាពលំបាកក្នុងការទទួលបានហិរញ្ញប្បទានក្នុងការពង្រីកអាជីវកម្ម ការខ្វះខាតការបណ្តុះបណ្តាល និងព័ត៌មានពាក់ព័ន្ធ និងភាពខ្សត់ខ្សោយក្នុងការស្វែងរកបណ្តាញអាជីវម្ម គឺជា បន្ទុកមួយកម្រិតទៀតដែលធ្វើឱ្យស្ត្រីជាម្ចាស់អាជីវកម្ម ខ្វះលទ្ធភាពប្រកួតប្រជែងនឹងដៃគូខ្លួន ដែលជាបុរស ក្នុងការពង្រឹងសក្តានុពលរបស់ខ្លួន ដើម្បីអភិវឌ្ឍអាជីវកម្មឲ្យឈានដល់កម្រិតសាជីវកម្មធំៗ។
លោកស្រី ស្រ៊ាត មុំសុភា ជាស្ថាបនិកនៃសាជីវកម្ម SOPHYA។ លោកស្រីជាសហគ្រិនស្ត្រីដែលគេចាត់ទុកថាជាអ្នកជោគជ័យមួយរូប គ្រប់គ្រងលើអាជីវកម្មដូចជា ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងសេវាដំណើរកម្សាន្ត ក្រុមហ៊ុនស្ប៉ា និងម៉ាស្សា និងអាជីវកម្មផ្សេងៗទៀត។ កាលពីខែសីហាកន្លងទៅអ្នកស្រីទទួលពានរង្វាន់សហគ្រិនកម្ពុជាលើកដំបូងសម្រាប់សហគ្រិនស្ត្រីលើការគ្រប់គ្រងសារជីវកម្មផ្នែកទេសចរណ៍ និងសេវាដំណើរកម្សាន្ត។
លោកស្រី ស្រ៊ាត មុំសុភា បញ្ជាក់ថា ស្ត្រីជាម្ចាស់អាជីវករគួរចាប់ផ្តើមពីការបង្កើតទស្សនៈវែងឆ្ងាយ៖
«ជាក់ស្តែង គាត់បើកហាង ឬកន្លែងលក់អង្ករជាដើម វាជាអាជីវកម្មមួយដែរ តែគាត់ពុំយល់ថា វាជាការធ្វើអាជីវកម្មទេ គាត់គ្រាន់តែដឹងថា ជាការរកស៊ី ហើយអត់មានទស្សនវិស័យវែងឆ្ងាយទេ។ ដឹងតែថារកស៊ីគឺការចិញ្ចឹមក្រពះ ដើម្បីជីវភាព។ ប៉ុន្តែអ្វីៗគឺ លើសពីហ្នឹង។ តាមពិតគាត់ជា ម្ចាស់អាជីវកម្ម ហើយមាន[សក្តានុពល] ដើម្បីលូតលាស់ និងទទួលឱកាសមួយប្រសើរជាងហ្នឹង»។
យ៉ាងណាក៏ដោយ ម្ចាស់អាជីកម្មដូចជា ពិសី ជាដើមយល់ថា ការប្រកបមុខរបរប្រចាំថ្ងៃគឺជា ការចិញ្ចឹមជិវិតប៉ុណ្ណោះ។
ពេល VOA សួរអំពីគោលដៅអាជីវកម្មនៅថ្ងៃអនាគត ពិសីបានឲ្យដឹងថា៖
«និយាយទៅអត់ដែលអត់ដែលគិតដល់ហ្នឹងទេ ព្រោះថា តាខ្មៅយើងអត់ដូចនៅភ្នំពេញ ព្រោះយើងលក់លក្ខណៈខ្នាតតូច លក់ប្រជាជនយើងដែលដើរផ្សារធម្មតាៗ។ លក់បានត្រឹមថា យើងមិនខ្វះអី ចង់បានអីបានហ្នឹង ឧទាហរណ៍ចង់បានទូរស័ព្ទទំនើប គេមាន យើងក៏មានដែរអញ្ចឹង។ អត់ដែលគិតដល់ ដោយសារគិតថាវាទៅអត់រួច»។
សមាជិកគ្រួសាររបស់ពិសីទាំងអស់ជាអាជីវករ ដែលមាន៤នាក់ក្នុងចំណោម៦នាក់ជាស្ត្រី។ ពួកគេកាន់កាប់ជំនួញរៀងៗខ្លួន ដូចជា បរិក្ខារផ្ទះបាយ កាបូប និងសម្ភារៈតុបតែងខ្លួនរបស់ស្ត្រីជាដើម។ គោលដៅអាជីវកម្មរបស់ពួកគេដូចៗគ្នា គឺ ប្រកបរបរដើម្បីចិញ្ចឹមជីវិត។
អាជីវកម្មរបស់ស្ត្រីទទួលបានប្រាក់ចំណេញតិចជាងបុរស ហើយត្រូវបានប្រមូលផ្តុំនៅក្នុងវិស័យតិចតួចជាងបុរស ពោលគឺ ស្ត្រីធ្វើអាជីវកម្មក្នុងវិស័យត្រឹមតែ៣ ក្នុងចំណោម ១៧ វិស័យ។ វិស័យនោះមានដូចជា ពាណិជ្ជកម្មលក់ដុំនិងរាយ សេវាស្នាក់នៅ និងសេវាចំណីអាហារ និង សកម្មភាពទាក់ទងនឹងការផ្តល់ហិរញ្ញវត្ថុ និងសេវាធានារ៉ាប់រងជាដើម។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងផែនការឆ្នាំ ២០១៣។
ទិន្នន័យដដែលនោះបង្ហាញទៀតថា ជារៀងរាល់ឆ្នាំ ម្ចាស់សហគ្រាសជា បុរសអាចរកកម្រៃបានជាមធ្យម ៤.៩២៩ ដុល្លារ ខណៈម្ចាស់សហគ្រាសជាស្ត្រីរកបានត្រឹម ២.៦៤៤ដុល្លារ។
ដើម្បីលើកកម្ពស់ស្ត្រីនៅក្នុងវិស័យជំនួញ និងសហគ្រិនភាពបន្ថែមទៀត នៅក្នុងខែកក្កដាឆ្នាំនេះ ធនាគារពិភពលោកនៅក្នុងកិច្ចប្រជុំកំពូល G-20 បានប្រកាសអំពី «គំនិតផ្តួចផ្តើមថ្មីលើហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រី (We-Fi)» ដែលនឹងផ្តល់ហិរញ្ញប្បទាន ជាង ១ពាន់លាន (ប៊ីលាន) ដុល្លារសហរដ្ឋអាមេរិក ដើម្បីឲ្យស្ត្រីមានលទ្ធភាពប្រសើរជាងមុនក្នុងការទទួលបានដើមទុន និង ជំនួយបច្ចេកទេស។ ហើយថវិកានេះនឹងត្រូវបានគេរំពឹងថា អាចប្រើប្រាស់ដើម្បីវិនិយោគលើគម្រោង និងកម្មវិធីនានា ដែលគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលដឹកនាំដោយស្ត្រី និងសកម្មភាពនានា ដែលគាំទ្រដល់ស្ត្រីក្នុងប្រទេសសមាជិក (client countries) ដែលរួមមានទាំងប្រទេសកម្ពុជា។
ស្របគ្នានោះដែរ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រកាសគម្រោង Women’s Livelihood Bond (ប័ណ្ណមូលបត្រសម្រាប់លើកស្ទួយជីវភាពស្ត្រី) ដែលរំពឹងថា នឹងផ្តល់ផលប្រយោជន៍ដល់ស្ត្រីចំនួន៣៨៥.០០០នាក់នៅអាស៊ីអាគ្នេយ៍ ពិសេសសម្រាប់ប្រទេសកម្ពុជា វៀតណាម និងហ្វីលីពីន។ សេចក្តីប្រកាសព័ត៌មានរបស់ USAID បានឱ្យដឹងថា Women’s Livelihood Bond នេះ មានតម្លៃដល់ ៨លានដុល្លារសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា ទឹកប្រាក់ទាំងនោះនឹងឆ្លងកាត់ទៅតាមក្រុមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមសហគ្រាសដើម្បីសង្គមនានា ដែលមានឆន្ទៈស្របនឹងគោលដៅនៃគម្រោងនេះ។
លោកស្រី ស្រ៊ាត មុំសុភា ដែលជារឿយៗមានឱកាសធ្វើដំណើរទៅបរទេស ពង្រីកទំនាក់ទំនង និងបទពិសោធន៍អំពីសហគ្រិនភាព ដើម្បីចែករំលែកនៅក្នុងស្រុក បានបញ្ជាក់ប្រាប់ VOA ដែរថា ព័ត៌មានទាក់ទងនឹងគម្រោងទាំងនោះអាចមានកម្រិតសម្រាប់ក្រុមស្ត្រីមួយចំនួន ដែលជា ផ្នែកនៃក្រុមគោលដៅ។ លោកស្រីបានបន្ថែមថា សមាជិកមកពីសមាគមរបស់លោកស្រីមួយចំនួនធ្លាប់បានទទួលបានជំនួយបែបនេះ ក៏ប៉ុន្តែពួកគាត់ឆ្លងកាត់ការដាក់សំណើដ៏លំបាកខ្លាំង ទម្រាំទទួលបានជោគជ័យ។
លោកស្រីបញ្ជាក់បន្ថែមថា បច្ចុប្បន្នមិនទាន់មានធនាគារណាមួយ ដែលមានគម្រោងកម្មវិធីពិសេសសម្រួលការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រីនៅឡើយទេ ហើយគម្រោងទាំងនោះចាំបាច់បំផុត។
សហគ្រិនស្រ្តីរូបនេះពន្យល់ថា៖
«ការប្រាក់បើយើងប្រៀបធៀបនឹងប្រទេសជិតខាង ហើយនិងលក្ខខណ្ឌអាជីវកម្ម (business term and condition) នៅកម្ពុជាគឺ នៅតែខ្ពស់នៅឡើយ ខ្ពស់ខ្លាំង។ ហើយឯកសាររដ្ឋបាល ដែលអាចឲ្យជាកម្ចីហ្នឹងក៏នៅមានការលំបាកខ្លាំង។ បើមានត្រឹមផែនការអាជីវកម្ម (businss plan) ធនាគារអត់យកទេ។ ប្លង់ដីបើទន់សឹងតែអត់យក បើប្លង់ផ្ទះ (ប្លង់)ទន់អត់យកទេ ទាល់(ប្លង់)រឹង។ ហ្នឹងហើយអាចជា ការបង្អាក់ (dismotivate) ដោយអត់មានការលើកទឹកចិត្ត»។
អ្នកស្រី ពាង សុខា វ័យ៣៥ឆ្នាំ ជា សហគ្រិនស្ត្រីមួយរូបផ្សេងទៀតដែល VOA បានសម្ភាស។ អ្នកស្រីជាម្ចាស់ហាងលក់សម្លៀកបំពាក់សូត្រ វត្តថាន់ Watthan Artisans Cambodia និងជាប្រធានគ្រប់គ្រងដោយផ្ទាល់ផង។ ជាមួយនឹងបទពិសោធន៍ជាង ១០ឆ្នាំក្នុងវិស័យសហគ្រិន បច្ចុប្បន្ន អ្នកស្រីគ្រប់គ្រង ហាងចំនួន ៥សាខា និងរោងចក្រសិប្បកម្មកាត់ដេរខ្នាតតូចមួយក្នុងរាជធានីភ្នំពេញ។
ពីដើមឡើយ ហាងមួយនេះជាអង្គការកើតចេញពីជំនួយសប្បុរសធម៌ពីក្រៅប្រទេស តែនៅឆ្នាំ២០០៤ មួយឆ្នាំ ក្រោយពីអ្នកស្រីចូលធ្វើជាមន្ត្រីគ្រប់គ្រងគម្រោងរបស់ស្ថាប័នមួយនេះ អ្នកស្រីបានផ្តួចផ្តើមកែទម្រង់ វាជាសហគ្រាសដើម្បីសង្គម ព្រោះតែការខើចនៃប្រភពជំនួយ ហើយអ្នកស្រីសម្រេចចិត្តមិនបន្តធ្វើការងារយកប្រាក់ខែនៅស្ថាប័នណាឡើយ។
«ខ្ញុំសម្រេចចិត្តថា បើខ្ញុំទាំង២សម្រេចចិត្តទទួលលុយ (ប្រាក់ខែ)ត្រឹម២.៥០០ដុល្លារឲ្យមនុស្ស១ក្រុមដែលរស់នឹងរបរហ្នឹងសឹង ៤ឬ៥ឆ្នាំហើយ តាំងពី១៩៩៣ ដល់២០០៤ នឹងត្រូវអត់ការងារធ្វើ។ ខ្ញុំយល់ថា លុយ ២.៥០០ ហ្នឹងអត់មានតម្លៃអីសម្រាប់ពួកខ្ញុំ វាអាចមានវិប្បដិសារីសម្រាប់ពួកខ្ញុំ»។
មកដល់ដំណាក់កាលនេះ អ្នកស្រីមើលឃើញថា អាជីវកម្មអ្នកស្រីដល់ដំណាក់កាលលូតលាស់ ដែលទាមទារឲ្យអ្នកស្រីមានថវិកាពង្រីកវា។ តែអ្នកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងលើអាត្រាការប្រាក់ដ៏ខ្ពស់ក្នុងការដែលទៅខ្ចីធនាគារ និងដំណើរការដ៏ស្មុគស្មាញក្នុងការបំពេញបែបបទខ្ចីប្រាក់។
«ខ្ញុំមានអារម្មណ៍ថា វាពិបាកក្នុងការធ្វើឯកសាររញ៉េរញ៉ៃ។ ពួកខ្ញុំក៏ត្រូវការជំនួយដែរ វាអាចពាក់ព័ន្ធនឹងការសរសេរឯកសារ Proposal ផ្សេងៗ។ ពួកខ្ញុំអត់មានបទពិសោធន៍។ ពួកខ្ញុំគិតថា វាពិបាក និងលើសពីសមត្ថភាព ដែលពួកខ្ញុំធ្វើបាន។ អ្វីដែលពួកខ្ញុំធ្វើបានគឺខំប្រឹងជួយខ្លួនឯងជំនួសឲ្យការទៅសរសេរ proposal។តែពិតជាចង់បានណាស់ បើខាងហ្នឹងគាត់មានផ្នែកមួយចង់ជួយស្ត្រី ដែលកំពុងរកស៊ីហើយមានបញ្ហាអស់ហ្នឹង»។
អ្នកស្រីបានឲ្យដឹងថា អ្នកស្រីចាំបាច់ត្រូវពិភាក្សានឹងស្វាមី រាល់ការសម្រេចចិត្តចំពោះមុខជំនួញ សូម្បីតែការសម្រេចចិត្តចូលរួមវគ្គបណ្តុះបណ្តាលផ្នែកអាជីវកម្មនៅ SHE Investment ដែលជាសហគ្រាសដើម្បីសង្គម មួយដែលមានគោលបំណងផ្តល់នូវជំនាញ និងការប្រឹក្សាយោបល់ដល់ស្ត្រីដែលកំពុងកាន់កាប់សហគ្រាសធុនតូច និងមធ្យម។
ប្រសិនបើស្ត្រីម្នាក់ចង់ដាក់ចិត្តដាក់កាយប្តេជ្ញាក្នុងការធ្វើឲ្យអាជីវកម្មលូតលាស់ វាពិតជាមានសារៈសំខាន់ក្នុងការទទួលបានការជ្រោមជ្រែងពីក្រុមគ្រួសារ ឬស្វាមី ដែលមានឆន្ទៈក្នុងការលះបង់អ្វីម្យ៉ាងដើម្បីបំពេញគោលដៅគ្នា។
អ្នកស្រី សុខា លើកឡើងថា៖
«វាមានការលំបាក ទាមទារឲ្យមានការលះបង់ខ្ពស់ដែលយើងធ្វើចេញពីបេះដូង ហើយមានឆន្ទៈថា តើយើងព្រមអត់ឃ្លានក្នុងអំឡុងពេលយើងចង់ឲ្យកន្លែងហ្នឹងដើរអត់ពីជំហានដំបូង ចំណុចសូន្យដល់ឥឡូវ។ គ្រួសារខ្ញុំអត់បញ្ហាទេ ព្រោះយើងត្រូវធ្វើរឿងហ្នឹងជាមួយគ្នា»។
តែទោះជាយ៉ាងណាក៏ដោយ រាល់ការសម្រេចចិត្តលើការខ្ចីប្រាក់ និងចាប់ផ្តើមពង្រីកអាជីវកម្ម អ្នកស្រីចាំបាច់មានការអនុញ្ញាត និងសម្រេចចិត្តពីស្វាមី។
បច្ចុប្បន្ន SHE Investment បានដំណើរការគម្រោងមួយហៅថា «Social Impact Fund» គោលបំណងផ្តល់កម្ចីដល់ស្ត្រីម្ចាស់អាជីវកម្មដែលចង់ពង្រីកអាជីវកម្មខ្លួន។ វាមានលក្ខណៈពិសេសសម្រាប់ស្ត្រីដែលនៅលីវនិងគ្មានកម្មសិទ្ធិប្លង់ដីឬផ្ទះ អាចខ្ចីតាមរយៈឧបត្ថម្ភធនលើអត្រាការប្រាក់។ គម្រោងនេះចាប់ដៃគូនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនដូចជា Good Return និង LOLC។
តាមរយៈសារអេឡិចត្រូនិច ឆ្លើយឆ្លងនឹង VOAអ្នកស្រី Celia Boyd ដែលជាស្ថាបនិក SHE Investment បានបញ្ជាក់ពីសារៈសំខាន់នៃស្ថាប័ន ដែលដើរតួនាទីកណ្តាលរវាងអ្នកផ្តល់ប្រាក់ជំនួយ ឬវិនិយោគ និងអ្នកទទួលផល។
អ្នកស្រីសរសរក្នុងន័យដើមថា៖
«វាទាមទារឱ្យអង្គការនានាដែលដើរតួនាទីកណ្តាលអាចជួយដល់អាជីវកម្មដើម្បីកែលម្អនិងជួយពង្រីក ព្រមទាំងជួយស្ថាប័នម្ចាស់មូលនិធិក្នុងការកំណត់ក្រុមគោលដៅណាដែលមានសក្តានុពលឲ្យបានទទួលមូលនិធិ»។
អ្នកស្រី Celia Boyd បានបន្តទៀតថា៖
«នៅកម្ពុជា ការគាំទ្រផ្តោតលើយេនឌ័រក្នុងវិស័យសហគ្រិនភាពនៅតែមិនទាន់គ្រប់គ្រាន់សម្រាប់សហគ្រិនស្ត្រី ពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ការផ្តល់ប្រឹក្សា និងកម្មវិធីហិរញ្ញវត្ថុ។ បើទោះជាភាគច្រើននៃអាជីវកម្មនៅក្នុងប្រទេសកាន់កាប់ដោយស្ត្រីក៏ដោយ ក្នុងកិច្ចសន្ទនាអំពីអាជីវកម្មខ្នាតតូច ខ្នាតមធ្យម និងសាជីវកម្មធំៗ កន្លងមក ស្ត្រីតែងតែពុំមានតំណាងគ្រប់គ្រាន់»។
អ្នកនាង ពិសី នៅក្នុងចំណោមម្ចាស់អាជីវកម្មជាស្ត្រីនៅកម្ពុជាដែលមាន ៦៥% ប៉ុន្តែអ្នកនាងពុំស្ថិតក្នុងសមាគមសហគ្រិនស្ត្រីណាមួយឡើយ។ ដូចជា ស្ត្រីដែលជា អាជីវករទូទៅដទៃទៀតដែរ កង្វះព័ត៌មានសំខាន់ៗទាក់ទិននឹងការធ្វើជំនួញ និងបណ្តាញទំនាក់ទំនង គឺជា បញ្ហាមួយដែលកម្រិតនូវភាពច្នៃប្រឌិតនៃអាជីវកម្មរបស់អ្នកនាង។
សហគ្រិនស្ត្រីវ័យក្មេងជាច្រើនដូចជា អ្នកនាងពិសី និងអ្នកស្រីសុខា ទទួលព័ត៌មានទាក់ទិននឹងការទទួលបានហិរញ្ញប្បទានសម្រាប់ពង្រីកជំនួញតាមរយៈការចុះផ្សព្វផ្សាយពាណិជ្ជកម្ម តែពីធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៉ុណ្ណោះ ដែលជារឿយៗ ពិសីបានឲ្យដឹងថា ក្រុមបុគ្គលិកផ្នែកលក់ជា ក្រុមៗចុះផ្សព្វផ្សាយអំពីតារាងតម្លៃការប្រាក់ ដែលមានតម្លៃខ្ពស់សម្រាប់អ្នកនាង៕