អ្នកជំនាញសេដ្ឋកិច្ច និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មនិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង អាចនឹងផ្តល់ផលប្រយោជន៍ច្រើនដល់កម្ពុជាខណៈសេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងមួយនេះ នឹងត្រូវចូលជាធរមាននៅដើមឆ្នាំ២០២២។
គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក្នុងកិច្ចប្រជុំមួយធ្វើឡើងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ សេចក្តីព្រាងច្បាប់ដដែល ត្រូវបានបញ្ជូនទៅស្ថាប័ននីតិប្បញ្ញត្តិដើម្បីធ្វើសេចក្តីសម្រេច។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទីពីររបស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ដែលកម្ពុជាសម្រេចបាន កាលពីខែតុលាឆ្នាំ២០២១ លើការនាំចេញផលិតផលកសិកម្ម ដែលរួមមានផ្លែចេក ស្វាយ និងមៀនប៉ៃលិនជាដើម។
អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ ប្រាប់វីអូអេនៅថ្ងៃចន្ទថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងនេះ នឹងផ្តល់ឱកាសឲ្យកម្ពុជាអាចនាំទំនិញចេញដោយរួចពន្ធ លើទំនិញឧស្សាហកម្មស្រាល ទំនិញកសិកម្ម និងឧស្សាហកម្ម គ្រឿងបន្លាស់ និងគ្រឿងបង្គំ ដែលបច្ចុប្បន្នកូរ៉េមានរោងចក្រខ្សែភ្លើង រថយន្ត និងបានរៀបចំរោងចក្រដំឡើងរថយន្ត២កន្លែងរួចហើយនៅក្រុងបាវិត ខេត្តស្វាយរៀងនិងខេត្តកោះកុង។
លោកថ្លែងថា៖ «ទំនិញរបស់យើងដែលអាចនឹងទទួលអត្ថប្រយោជន៍សម្រាប់ការនាំចូលទៅកាន់ទីផ្សារកូរ៉េ ដោយរួចពន្ធ ដែលហៅថា ពន្ធសូន្យភ្លាមនោះ គឺមានទំនិញឧស្សាហកម្មស្រាល រួមទាំងទំនិញសម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរដែលយើងសព្វថ្ងៃមានឯកទេសនីយកម្មផលិតហ្នឹង។ ហើយនឹងទំនិញកសិកម្មដែលបច្ចុប្បន្ននេះ កំពុងតែមានទីផ្សារនៅប្រទេសចិនដែរ។ អ៊ីចឹងទំនិញទាំង២មុខនេះ ជាទំនិញសំខាន់សម្រាប់កម្ពុជា»។
លោកបន្តថា៖ «ទី៣ ទំនិញមួយទៀត ដែលយើងកំពុងអភិវឌ្ឍ ហើយក៏មានផ្នែកខ្លះនៃឧស្សាហកម្មនេះ បានធ្វើរួចមកហើយនៅប្រទេសកម្ពុជា គឺគ្រឿងបន្លាស់ គ្រឿងបង្គំ អេឡិចត្រូនិក និងគ្រឿងបន្លាស់គ្រឿងបង្គំរបស់រថយន្ត»។
លោក ប៉ែន សុវិជាតិ ក៏បានឲ្យដឹងដែរថា កិច្ចព្រមព្រៀងនេះ អាចនឹងចូលជាធរមាននៅដើមឆ្នាំ២០២២ខាងមុខ ហើយរំពឹងថា នឹងទាក់ទាញវិនិយោគទុនបរទេសបានច្រើន។ លោកបន្ថែមថា ទំនិញនាំចូលទីផ្សារកូរ៉េនេះ ត្រូវមានគុណភាពខ្ពស់ផ្នែកបច្ចេកទេស ទាំងទំនិញឧស្សាហកម្ម និងកសិកម្ម ដែលអាចដូចអ្វីដែលកម្ពុជានឹងធ្វើជាមួយប្រទេសជប៉ុននៅពេលខាងមុខ។
លោកនិយាយថា៖ «នៅក្រោមកិច្ចព្រមព្រៀងនេះ ក៏យើងមានការជជែក អំពីការទាក់ទាញវិនិយោគដែរ អ៊ីចឹងយើងនឹងអាចមានលទ្ធភាពទាក់ទាញវិនិយោគមកពីខាងកូរ៉េ មកធ្វើវិនិយោគនៅស្រុកយើង។ ទី២ ការធ្វើកិច្ចសហប្រតិបត្តិការក្រោមកិច្ចព្រមព្រៀងនេះ គឺការជួយគ្នាទៅវិញទៅមកខាងផ្នែកបច្ចេកទេស ខាងផ្នែកអប់រំ ។ល។...ដែលពាក់ព័ន្ធករណីការជួយឧស្សាហកម្មតូច និងមធ្យមក៏ធ្វើឲ្យយើងមានក្តីរំពឹងច្រើនដែរ ដែលជាអត្ថប្រយោជន៍ដែលយើងទទួលបានពីកិច្ចព្រមព្រៀងនេះ»។
លោកបន្ថែមថា៖ «ចំណុចមួយទៀតសំខាន់ថា តើកិច្ចព្រមព្រៀងអាចនឹងសម្លឹងឃើញនៅក្នុងរយៈពេលវែង អាចផ្តល់ផលឲ្យយើងបានអីខ្លះ គឺថាយើងមានប្រភេទទំនិញតទៅមុខទៀត។ យើងអាចមានប្រភេទទំនិញមួយចំនួនធំទៀត ដែលត្រូវរុញឲ្យ(ពន្ធ)ស្មើសូន្យដែរ ពីព្រោះបច្ចុប្បន្ននេះ យើងមានជាង៩០ភាគរយនៃបន្ទាត់ពន្ធ ដែលទទួលបាន សូន្យពីទីផ្សារកូរ៉េ»។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង សម្រេចបានជាង៨៨៥លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០។ នេះ បើយោងតាមទិន្នន័យនៅលើគេហទំព័ររបស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញសរុបគិតជាទឹកប្រាក់មាន៣១៨លានដុល្លារអាមេរិកទៅកូរ៉េខាងត្បូងខណៈកម្ពុជា បាននាំចូលពីកូរ៉េខាងត្បូងគិតជាទឹក៥៦៧លានដុល្លារអាមេរិក។ ទំនិញដែលកម្ពុជានាំចេញទៅកូរ៉េខាងត្បូង ភាគច្រើនជាសម្លៀកបំពាក់ និងផលិតផលស្បែកជើង និងកាបូបជាដើម។ ចំណែកកូរ៉េខាងត្បូងនាំចូលមកកម្ពុជា ដូចជាភេសជ្ជៈ គ្រឿងអេឡិចត្រូនិក ឱសថ និងរថយន្តដឹកទំនិញ។
អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ ប្រាប់វីអូអេថា កិច្ចព្រមព្រៀងនេះ ផ្តល់ផលប្រយោជន៍ជាច្រើន ដោយបង្កើតឲ្យមានពិពិធកម្មទីផ្សារ ដែលកម្ពុជាអាចនាំចេញផលិតផលក្នុងវិស័យកាត់ដេរ ដូចជាសម្លៀកបំពាក់ កាបូប ស្បែកជើងជាដើម។ ដោយឡែកចំពោះកសិផលមួយចំនួនទៀត ត្រូវមានការចរចាបន្ថែមទៀតពាក់ព័ន្ធនឹងរបាំងមិនមែនពន្ធគយ ទោះបីជាកម្ពុជា បាននាំផ្លែស្វាយចេញទៅប្រទេសកូរ៉េខាងត្បូងរួចហើយក៏ដោយ។
លោកថ្លែងថា៖ «បញ្ហាកសិផលមួយចំនួនមិនទាន់បាន clear [ដោះស្រាយ] របាំង មិនមែនពន្ធគយ។ អ៊ីចឹងការផ្តល់នេះ គឺផ្តល់តែរបាំងពន្ធគយ ហើយរបាំងមិនមែនពន្ធគយ ក៏ត្រូវតែមានកិច្ចសហប្រតិបត្តិការបន្តទៀត»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ធ្វើឡើង បន្ទាប់ពីកម្ពុជា បានបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញ លើកលែងសព្វាវុធ» ឬ Everything But Arms (EBA) ចំនួន២០% ដែលប៉ះពាល់ដល់ការនាំចេញសម្លៀកបំពាក់ទៅប្រទេសនៅអឺរ៉ុប។ ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA មួយផ្នែក កើតឡើងបន្ទាប់ពីសហភាពអឺរ៉ុបបានរកឃើញការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធធ្ងន់ធ្ងរ និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា៕