ក្រោយមានការតែងតាំងអ្នកសារព័ត៌មានជាមន្ត្រីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកវិភាគបញ្ហាសង្គមបានផ្តល់ការយល់ឃើញចម្រុះពាក់ព័ន្ធលើបញ្ហានេះ ក្នុងនោះក៏មានការព្រួយបារម្ភលើការបាត់បង់ទំនុកចិត្តរបស់សាធារណជនលើសារព័ត៌មានផងដែរ។
កាលពីថ្ងៃអាទិត្យ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយករបស់ទូរទស្សន៍ PNN ដែលគ្រប់គ្រងដោយឧកញ៉ា លី យ៉ុងផាត់ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។ កាលពីពេលថ្មីៗនេះ កញ្ញា អ៊ឹម រចនា អតីតនិពន្ធនាយករងនៃវិទ្យុបារាំងអន្តរជាតិខេមរភាសា ត្រូវបានតែងតាំងទៅជាអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម ក្រោយរដ្ឋមន្ត្រីថ្មីលោក ឌិត ទីណា ឡើងកាន់តំណែង។
កាលពីកន្លងទៅ ក្រសួងព័ត៌មានក៏បានតែងតាំងអ្នកសារព័ត៌មានមួយចំនួនជាទីប្រឹក្សារបស់ក្រសួងផងដែរ។
លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ប្រាប់វីអូអេថាលោកសាទរចំពោះការណ៍ដែលអ្នកសារព័ត៌មានត្រូវបានតែងតាំងជាមន្ត្រីជាន់ខ្ពស់នៅតាមក្រសួងនីមួយៗ ខណៈថា បើសិនជាពួកគេមានតំណែងជាមន្ត្រីនយោបាយ ហើយនៅតែប្រកបវិជ្ជាជីវៈជាអ្នកសារព័ត៌មាន នោះជាការទំនាស់ផលប្រយោជន៍គ្នារវាងអាជីពទាំងពីរនេះ។
បើតាមលោក ណុប វី កាលណាអ្នកសារព័ត៌មានណាម្នាក់មានតំណែងនយោបាយ វានឹងមានឥទ្ធិពលដល់អ្នកសារព័ត៌មានដែលធ្វើការនៅក្រោមស្ថាប័នគ្រប់គ្រងរបស់ពួកគេ។
លោកថ្លែងថា៖ «នៅពេលដែលគាត់ក្លាយជាមន្ត្រីនយោបាយ គាត់ជាមន្ត្រីរដ្ឋាភិបាល គាត់នឹងមានឥទ្ធិពលទៅដល់អ្នកសារព័ត៌មានដែលធ្វើការនៅក្រោមការងាររបស់គាត់ ព្រោះអ្នកសារព័ត៌មានគាត់មានតួនាទីសំខាន់មួយនៅក្នុងការតាមដាន ឃ្លាំមើលការអនុវត្តការងាររបស់រដ្ឋាភិបាល របស់មន្ត្រីរដ្ឋាភិបាលដែរ។ អ៊ីចឹងបើសិនជាគាត់ក៏មានតួនាទីនៅក្នុងរដ្ឋាភិបាលដែរ អ៊ីចឹងគាត់មិនអាចអនុវត្តតួនាទីក្នុងអាជីពជាអ្នកសារព័ត៌មានមួយ ប្រកបវិជ្ជាជីវៈ និងសេរីបានទេ»។
លោក អ៊ិត សុធឿត នាយកស្ដីទីនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM កត់សម្គាល់ថា វាជាសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗនៅក្នុងការផ្លាស់ប្តូរអាជីពរបស់ខ្លួន ប៉ុន្តែលោកថា វាជាក្តីព្រួយបារម្ភមួយ នៅពេលដែលបុគ្គលណាម្នាក់មានតំណែងជាអ្នកនយោបាយហើយ ប៉ុន្តែនៅតែប្រកបអាជីពជាអ្នកសារព័ត៌មាន។
បើតាមលោក អ៊ិត សុធឿត ការធ្វើបែបនេះជាការមិនល្អដល់វិស័យសារព័ត៌មាន ខណៈថាវានឹងកាត់បន្ថយទំនុកចិត្តពីប្រជាពលរដ្ឋឬក៏អ្នកតាមដាន។
លោកថ្លែងថា៖ «យើងវាធ្វើឱ្យអាចថាជាលក្ខណៈបន្ថយទំនុកចិត្តក្នុងចំណោមសាធារណជនទៅលើអ្នកសារព័ត៌មាន ដែលវាអាចប៉ះពាល់ទៅដល់សារព័ត៌មានទាំងមូលតែម្តង»។
លោក ប៉ែន បូណា ដែលជាអតីតនិពន្ធនាយកវិទ្យុបារាំងបានបដិសេធមិនអត្ថាធិប្បាយពេលវីអូអេទាក់ទងទៅ ដោយលោកបញ្ជាក់ថា លោកមិនទាន់អាចនិយាយអ្វីបាននៅឡើយទេ ដោយសារលោកមិនទាន់បានចូលធ្វើការ។
លោកបានលាឈប់ពីប្រធានក្លឹបអ្នកកាសែតកម្ពុជា ក្រោយទទួលតំណែងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លឹបអ្នកកាសែតកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ។
អ្នកវិភាគនយោបាយ លោក មាស នី ប្រាប់វីអូអេថា ចរន្តនៃការតែងតាំងមន្ត្រីនយោបាយថ្មីនៅមុនការបោះឆ្នោតនាឆ្នាំក្រោយ ជារឿងធម្មតា និងថា អ្វីដែលសំខាន់តើការតែងតាំងនោះអាស្រ័យទៅលើអ្វី តាមរយៈសមត្ថភាព ឬក៏តាមរយៈនិន្នាការនយោបាយ។
បើតាមលោក មាស នី បើការតែងតាំងនោះដោយសារតែអ្នកសារព័ត៌មានមាននិន្នាការគាំទ្រនយោបាយគណបក្សរបស់ខ្លួននោះ វានឹងនាំផលប្រយោជន៍ច្រើនដល់គណបក្សជាជាងផលប្រយោជន៍ជាតិ។
លោក មាស នី បន្ថែមថា ការតែងតាំងអ្នកសារព័ត៌មានថ្មីៗនេះ ដោយពួកគេភាគច្រើនជាអ្នកដែលគាំទ្ររដ្ឋាភិបាល ដែលលោកថានេះជាយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាច ដើម្បីគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងថាវាក៏ជាសារទៅកាន់អ្នកផ្សេងទៀតដែរថា បើចង់បានតំណែងបែបនេះ ត្រូវតែគាំទ្រ ឬក៏រណបរដ្ឋាភិបាល។
លោកថ្លែងថា៖ «ខ្ញុំមិនច្បាស់ថាការចាត់តាំងថ្មីៗនេះ គេពឹងទៅលើអ្វីទេ។ បើសិនជាគាត់ពឹងតែទៅលើការមាននិន្នាការនយោបាយ អាហ្នឹងយើងមានការព្រួយបារម្ភពាក់ព័ន្ធជាមួយកិច្ចការរបស់រដ្ឋាភិបាល។ គេអាចមានន័យថា វាជាវិធីសាស្ត្រ ដើម្បីនយោបាយតូបនីយកម្មនៅក្នុងស្ថាប័នរបស់រដ្ឋ»។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឆ្លើយតបនឹងមតិរិះគន់ចំពោះការតែងតាំងអ្នកសារព័ត៌មានជាមន្ត្រីនយោបាយ ដោយលើកឡើងថា ការតែងតាំងលោក ប៉ែន បូណា ជាកិច្ចការចាំបាច់សម្រាប់ក្រសួង ហើយថាការតែងតាំងនេះគឺផ្អែកទៅលើសមត្ថភាព ចំណេះជំនាញ និងបទពិសោធន៍ការងាររបស់លោកក្នុងវិស័យសារព័ត៌មាន។ លោកក៏បញ្ជាក់បន្ថែមថា ការតែងតាំងនេះទៀតសោតក៏មិនប៉ះពាល់ដល់វិស័យសារព័ត៌មានទាំងមូលផងដែរ។
លោកថ្លែងថា៖ «ផ្ទុយទៅវិញ ការតែងតាំងថ្នាក់ដឹកនាំដែលមានចំណេះជំនាញ និងបទពិសោធន៍ច្រើននិងច្បាស់លាស់លើវិស័យព័ត៌មាន គឺនឹងអាចជួយកសាងនូវក្របខណ្ឌគោលនយោបាយ ផែនយុទ្ធសាស្ត្រ និងផែនការ សកម្មភាពផ្សេងៗដើម្បីអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែរីកចម្រើន និងឆ្លើយតបទៅនឹងការរីកចម្រើនដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មានក្នុងពេលបច្ចុប្បន្ន ព្រមទាំងអាចជួយឱ្យវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ដើរទាន់បណ្តាប្រទេសនានា ក្នុងតំបន់ និងពិភពលោក»។
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ ក៏បានរិះគន់ថា ការលើកឡើងថា ការតែងតាំងទាំងនេះអាចធ្វើឡើងដោយសារតែពួកគេមាននិន្នាការគាំទ្ររដ្ឋាភិបាលនោះ មានចេតនាញុះញង់ឱ្យមានការរើសអើងក្នុងចំណោមអ្នកសារព័ត៌មានដូចគ្នា។
គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាស្ទើរតែទាំងអស់ត្រូវបានគ្រប់គ្រងដោយមន្ត្រីរដ្ឋាភិបាល និងអ្នកជំនួញដែលស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា។ អ្នកតាមដានក៏បានបង្ហាញក្តីបារម្ភទៅលើការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលកម្ពុជាទៅលើអ្នកសារព័ត៌មានឯករាជ្យផងដែរ៕
អ្នកជំនាញបារម្ភអំពីទំនុកចិត្តលើសារព័ត៌មាន ក្រោយការតែងតាំងអ្នកកាសែតជាមន្ត្រីនយោបាយ
ភ្នំពេញ —