អ្នកជំនាញ៖ វិធានការ​ប្រឆាំងនឹង​វីរុស​កូរ៉ូណា​របស់​ទីក្រុង​ព្យុងយ៉ាង អាច​ជា​ការ​យក​ស្ថិរភាព​សំខាន់​ជាង​សុខភាព​សាធារណៈ

ការិយាល័យ​នៃ​មន្ទីរពេទ្យ Phyongchon District People's Hospital ត្រូវ​បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង។

ប្រទេស​កូរ៉េ​ខាងជើង អាច​ប្រើ​វិធានការ​តឹងរ៉ឹង​ទប់ស្កាត់​ការរាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ ដើម្បី​បន្ត​ការគ្រប់គ្រង​របស់​ខ្លួន​ទៅ​លើ​ប្រជាពលរដ្ឋ។

ក្រុមអ្នកជំនាញ​បារម្ភ​ថា ប្រទេស​កូរ៉េខាងជើង អាច​នឹង​ប្រើ​វិធានការ​ដ៏​តឹងរ៉ឹង​របស់​ខ្លួន​ប្រឆាំង​នឹង​ការរាតត្បាត​ជំងឺ​កូវីដ​១៩ ដើម្បី​ក្តោបក្តាប់ប្រជាពលរដ្ឋ​របស់​ខ្លួន​ដោយ​ផ្តល់​អាទិភាព​ទៅ​លើ​ផ្នែក​ស្ថិរភាព ជាជាង​ផ្នែក​សុខភាព​សាធារណៈ។

លោក W. Courtland Robinson ជា​សាស្រ្តាចារ្យ​ដែល​ផ្តោត​ជា​សំខាន់​ទៅ​លើ​សុខភាព​សាធារណៈ​របស់​កូរ៉េ​ខាងជើង​នៅ​សាលា​សុខភាព​សាធារណៈ Bloomberg​ នៃ​សាកល​វិទ្យាល័យ​ Johns Hopkins ។ លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«អ្វី​ដែល​ខ្ញុំ​បាន​ឃើញ គឺ​ហាក់​ដូចជា​មាន​ការផ្តល់​សារៈសំខាន់​ខ្លាំង​ទៅ​លើ​ការក្តោប​ក្តាប់ប្រជាពលរដ្ឋ ជា​ជាង​សុខភាព​របស់​ប្រជា​ពលរដ្ឋ»។

ប្រទេស​កូរ៉េខាងជើង កំពុង​ចាត់​វិធានការ​យ៉ាងម៉ឺងម៉ាត់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា ទោះបីជា​ប្រទេស​នេះ​និយាយ​ថា ខ្លួន​គ្មាន​ករណី​អ្នកឆ្លង​វីរុស​នេះ​ក៏ដោយ។ វីរុស​ដែល​ឆ្លង​ខ្លាំង​នេះ​បាន​រាតត្បាត​យ៉ាង​ឆាប់រហ័ស​ពី​ទីក្រុង​វូហាន​ប្រទេស​ចិន​ដែល​ជា​ប្រភព​នៃ​វីរុស​នេះ ទៅ​ដល់​មនុស្ស​ជាង ២ លាន​នាក់ និង​សម្លាប់​មនុស្ស​ជាង ១៥០.០០០ នាក់​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ថ្ងៃសុក្រ ទី​១៧ ខែមេសា​កន្លង​ទៅ​នេះ។

មនុស្សម្នា​ពាក់​ម៉ាស់​នៅ​ពេល​មាន​ការ​បារម្ភ​ពី​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។

ទីក្រុង​ព្យុងយ៉ាង បាន​ផ្អាក​រាល់ជើងហោះហើរ​ទាំងអស់​ទៅ​និង​មក​ពី​ប្រទេសចិន ហើយ​បាន​បិទ​ព្រំដែន​ដែល​ជាប់នឹង​ប្រទេស​ចិន​កាលពី​ខែមករា មុនពេល​បើក​ដំណើរការ​បន្តិច​បន្តួច​ឡើងវិញ​នៅក្នុង​ខែមីនា ដើម្បី​ទទួល​យក​សម្ភារៈ​ផ្គត់ផ្គង់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​នេះ។

កូរ៉េខាងជើង ក៏​បាន​ដាក់​មនុស្ស​រាប់​ពាន់​នាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ មុន​ពេល​អនុញ្ញាត​ឲ្យ​អ្នក​ខ្លះ​ទៅ​ផ្ទះ​វិញ កាលពី​ចុង​ខែមីនា។ កាលពី​ខែកុម្ភៈ របប​នេះ​បាន​បញ្ជា​ឲ្យ​មាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ពេញលេញ និង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​គ្រប់​ទំនិញ​ទាំងអស់​ដែល​មក​ដល់​កំពង់ផែ និង​ព្រំដែន​របស់​ខ្លួន។

ទីក្រុង​ព្យុងយ៉ាង បាន​ចេញ​វិធានការ​ដ៏​តឹងរ៉ឹង​របស់​ខ្លួន​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា តាមរយៈ​ការជូន​ដំណឹង​អំពី​ការផាកពិន័យ​ចំពោះ​ការបំពាន​វិធានការ​នោះ ជាជាង​គោលការណ៍​ណែនាំ​ឲ្យ​ប្រជាជន​ធ្វើ​តាម​ដោយ​ស្ម័គ្រចិត្ត​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ផ្នែក​សុខភាព។

កាលពី​ខែកុម្ភៈ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un បាន​និយាយ​ថា «ផលវិបាក​យ៉ាងធ្ងន់ធ្ងរ» នឹង​កើត​មាន​ឡើង បើ​វីរុស​កូរ៉ូណា​រាតត្បាត​ចូល​ក្នុង​ប្រទេស​ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់គ្នា​ធ្វើ​តាម​បញ្ជា ​«ដោយ​គ្មាន​លក្ខខណ្ឌ»។

ដើម្បី​ទប់ស្កាត់​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា​នេះ កាលពី​ខែមីនា ប្រទេស​កូរ៉េ​ខាងជើង បាន​សង្កត់​ធ្ងន់​អំពី​តម្រូវការ​ក្នុង ​«ការ​រឹតបន្តឹង​ការ​គ្រប់គ្រង​លើ​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ពួកគេ​គោរព​តាម​ការ​ណែនាំ​ដោយ​គ្មាន​លក្ខខណ្ឌ»​ ចំពោះ​វិធានការ​ប្រឆាំងនឹង​ការរាតត្បាត​នៃ​វីរុស​នេះ។

ប្រទេស​កូរ៉េ​ខាងជើង បាន​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​ឲ្យ​ប្រជាពលរដ្ឋ​គោរព​តាម​បទបញ្ជា​កាលពី​ថ្ងៃអង្គារ​ ទី១៤ ខែ​មេសា កន្លង​ទៅ​នេះ ដោយ​បញ្ជាក់​បន្ថែម​ថា «មិន​អាច​អត់​ឱន​ឲ្យ​បាន​ទេ ក្នុងការ​មិន​ខិតខំ​ប្រឹងប្រែង​ការពារ»។

លោក Robinson មើល​ឃើញ​ថា របប​នេះ ផ្តល់​អាទិភាព​ដល់​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការគ្រប់គ្រង​ប្រជាពលរដ្ឋ ហើយ ​«មិន​ផ្តល់​អាទិភាព​ដល់​ការ​អន្តរាគមន៍​ដល់​ផ្នែក​សុខភាព​សាធារណៈ​នោះ​ឡើយ»។

ទោះបីជា​មាន​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​នេះ​យ៉ាង​តឹងរ៉ឹង​ក៏ដោយ ក៏​ប្រទេស​កូរ៉េ​ខាងជើង​មិន​បាន​បង្ហាញ​ថា ខ្លួន​បាន​ចាប់ផ្តើម​ធ្វើ​តេស្ត​រក​វីរុសកូរ៉ូណា​នៅ​ទូទាំង​ប្រទេស​ទេ ដែល​ការណ៍​នេះ បាន​ធ្វើ​ឲ្យ​មាន​ការសង្ស័យ​អំពី​សុពលភាព​នៃ​ការអះអាង​របស់​កូរ៉េ​ខាងជើង​ដែល​ថា ខ្លួន​គ្មាន​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​នោះ។

លោក Ken Gause នាយក​កម្មវិធី​វិភាគ​បញ្ហា​នៅ CNA បាន​ថ្លែង​ថា «អ្វី​ដែល​ពួកគេ​ខកខាន​មិន​បាន​និយាយ​នោះ គឺ​ពួកគេ​មិន​បាន​ធ្វើ​តេស្ត​នរណា​ម្នាក់​រក​វីរុស​កូរ៉ូណា​ឡើយ»។

លោក Ken Gause បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«តាម​រយៈការ​មិន​ធ្វើ​តេស្ត​អ្នកណា​ម្នាក់​នេះ វា​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​និយាយ​បាន​ថា នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង មិន​មាន​ភស្តុតាង​បញ្ជាក់​ថា មាន​វីរុស​កូរ៉ូណា​ទេ»។

លោក Gause បាន​និយាយ​ទៀត​ថា ប្រទេស​កូរ៉េខាងជើង​ប្រហែល​ជា​បាន​រឹតបន្តឹង​ឡើងវិញ​នូវ​វិធានការ​គ្រប់គ្រង​សង្គម​មួយ​ចំនួន​ដែល​មាន​នៅ​មុន​ទសវត្សរ៍​១៩៩០ ដូចជា​ការ​រឹតត្បិត​ការ​ធ្វើដំណើរ​ដែល​តម្រូវ​ឲ្យ​មាន​ការ​អនុញ្ញាត និង​មាន​ប្រព័ន្ធ​ឃ្លាំមើល​តាម​តំបន់។ លោក Gause បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«វា​ងាយស្រួល​ណាស់​ក្នុងការ​បិទដំណើរការ​ប្រទេស ប្រសិនបើ​ពួកគេ​ចង់​ធ្វើ។ អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ គឺ​គ្រាន់តែ​រឹតបន្ដឹង​បទបញ្ញត្តិ បំបាត់​ចោល​ករណី​លើកលែង​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ នោះ​ពួកគេ​នឹង​អាច​ធ្វើ​ឲ្យ​មនុស្ស​នៅ​នឹង​មួយ​កន្លែង​បាន។ ប្រសិនបើ​ប្រជាជន​មិន​អនុវត្ត​តាម​ច្បាប់ ពួកគេ​នឹង​មាន​ផល​វិបាក។

តាម​ការ​ស្មាន​របស់​ខ្ញុំ​គឺ អ្នក​ណាម្នាក់​ដែល​ត្រូវបាន​គេ​រកឃើញ​ថា មាន​ផ្ទុកវីរុស​នេះ នោះ​នឹង​ត្រូវ ដាក់​ឲ្យ​ស្ថិត​នៅ​ដាច់​ដោយឡែក​ពី​គេ ឬ ក្រោម​ការឃ្លាំមើល​យ៉ាង​តឹងរ៉ឹង សូម្បី​តែ​ការ​ឲ្យ​ក្នុង​ផ្ទះ​ក៏ដោយ ហើយ​ប្រសិនបើ​ពួកគេ​អស់ម្ហូប​អាហារ របប​នេះ​អាច​និយាយ​ថា នោះ​ជា​សំណាង​អាក្រក់​របស់​អ្នក»។

មុន​ពេល​ការរឹតត្បិត​ការធ្វើដំណើរ​ត្រូវ​បាន​បន្ធូរបន្ថយ​ក្នុង​អំឡុង​គ្រោះ​ទុរ្ភិក្ស​នៅ​ទសវត្សរ៍ ១៩៩០ កូរ៉េខាងជើង បាន​រឹតត្បិត​សេរីភាព​ក្នុង​ការធ្វើដំណើរ​ដោយ​តម្រូវ​ឲ្យ​មាន​ឯកសារ​ធ្វើដំណើរ​ក្នុង​ប្រទេស។ ប្រទេស​នេះ ក៏​មាន​ប្រព័ន្ធ​ឃ្លាំមើល​តាម​តំបន់​ផងដែរ ដែល​មនុស្ស​នឹង​រាយការណ៍​អំពី​ភ្ញៀវ​ណា​ដែល​គ្មាន​ការអនុញ្ញាត និង​ម្ចាស់ផ្ទះ​ទៅ​ប៉ូលិស​ដែល​ធ្វើការ​ឲ្យ​ក្រសួង​សន្តិសុខ​ប្រជាជន និង​ក្រសួង​សន្តិសុខ​រដ្ឋ។

លោក Robinson បាន​និយាយ​ថា វិធានការ​យ៉ាង​តឹងរ៉ឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុសកូរ៉ូណា នេះ អាច​មាន​អម​ជាមួយ​ដោយ​ការដាក់​ទណ្ឌកម្ម ហើយ​ការខ្វះ​លទ្ធភាព​ក្នុង​ការធ្វើ​តេស្ត ឬ ការព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ «អាច​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​លាក់បាំង​ជំងឺ​របស់​ពួកគេ»។

កម្មករ​នៅ​រោងចក្រ Ryongaksan Soap Factory ផលិត​ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

លោក Robinson បាន​និយាយ​ទៀត​ថា ប្រជាជន​កូរ៉េខាងជើង​ជាច្រើន នឹង​មិន​រាយការណ៍​ពី​រោគសញ្ញា​នៃ​ជំងឺ​កូវីដ១៩ ដែល​មាន​លក្ខណៈ​ប្រហែលគ្នា​នឹង​ជំងឺ​ផ្តាសាយ​ធំ​នោះ​ទេ ដោយសារតែ​ការភ័យខ្លាច​ថា ពួកគេ នឹង​ត្រូវ​បាន​ «ប្រមូល​ផ្តុំ​គ្នា និង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ហើយ​អាច​នឹង​ត្រូវ​ឃុំ​ខ្លួន​នៅក្នុង​ពន្ធនាគារ​តាម​របៀប​ដែល​មិន​អំណោយផល​ដល់​សុខភាព​របស់​ពួកគេ»។

ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា ប្រទេស​កូរ៉េខាងជើង អាច​ប្រើប្រាស់​ជំងឺ​កូវីដ​១៩ ជា​ លេស​ដើម្បី​ព្យាយាម​រឹតបន្តឹង​ទៅ​លើ​ផ្សារ «jangmadang» ដែល​ជា​ផ្សារ​ក្រៅ​ផ្លូវការ​ដែល​ស្តុក​ទំនិញ​ជាច្រើន ដូចជា​ម្ហូប​អាហារ សម្លៀកបំពាក់ និង​របស់​របរ​ប្រើប្រាស់​ក្នុង​ផ្ទះ​ផ្សេងៗ​ទៀត។ វិធានការ​បែប​នេះ នឹង​អាច​រារាំង​សកម្មភាព​ពាណិជ្ជកម្ម​នៅ​ក្រៅ​បណ្តាញ​ដែល​មិន​គ្រប់គ្រង​ដោយ​រដ្ឋ។ លោក Ken Gause បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«រឿង​មួយ​ដែល​ពួកគេ​អាច​នឹង​ព្យាយាម​ធ្វើ​ដែរ​នោះ គឺ​ធ្វើ​ឲ្យ​មាន​ការគ្រប់គ្រងដោយ​ការ​ចាត់​ចែង​ឡើង​វិញ​ទៅ​លើ​ប្រជាជន ដែល​ទីផ្សារ​ទាំងនោះ បាន​ធ្វើ​ឲ្យ​ប្រជាជន​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​របប​នេះ»។

ប្រជាជន​កូរ៉េ​ខាងជើង​កាន់តែ​ពឹងផ្អែក​ខ្លាំង​ឡើងៗ លើ​ទីផ្សារ​ដែល​បាន​លេចឡើង​ក្នុង​ទសវត្សរ៍ ១៩៩០ នៅ​ចំ​ពេល​មាន​គ្រោះ​ទុរ្ភិក្ស ដែល​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ ២ លាន​នាក់​ស្លាប់។ ក្រោយ​មក​ទៀត ប្រជាជន​កាន់តែ​ពឹងផ្អែក​លើ​ទីផ្សារ​នោះ នៅ​ឆ្នាំ ២០១៩ បន្ទាប់ពី​របប​នេះ បាន​កាត់បន្ថយ​ការ​ចែកចាយស្បៀង​អាហារ​ដោយ​រដ្ឋ។

លោក Gause បាន​និយាយ​ថា ការរឹតត្បិត​ណា​មួយ​ទៅ​លើ​ទីផ្សារ​ទាំងនោះ នឹង​ជួយ​របប​នេះ​រារាំង​ប្រជាជន​មិន​ឲ្យ​ប្រមូលផ្តុំ និង​ការចែក​រំលែក​ព័ត៌មាន​នៅក្នុង​ទីផ្សារ។

លោក​ Gause បាន​ថ្លែង​ទៀត​ថា ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ជំងឺ​កូវីដ​១៩​នេះ បាន​ផ្តល់​ដល់​របប​នេះ​នូវ​ភាពស្របច្បាប់ ក្នុង​ការគ្រប់គ្រង​ដ៏​តឹងរ៉ឹង​ទៅ​លើ​ទីផ្សារ​ទាំងនោះ ខណៈដែល​ខ្លួន​ត្រូវ​ទុក​បម្រុង​សម្រាប់​តម្រូវការ​ខ្លួនឯង បន្ទាប់ពី​ខកខាន​មិន​បាន​ទទួល​ការបន្ធូរបន្ថយ​ការដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក។

កាលពី​ខែមករា លោក Kim Jong Un បាន​ប្រកាស​ថា ប្រទេស​នេះ​នឹង​ផ្តោត​លើ​ការ​ផ្គត់ផ្គង់​ដោយ​ខ្លួន​ឯង។ លោក​ Gause បាន​ថ្លែង​ក្នុង​សម្តីដើម​ទៀត​ថា៖

«វីរុស​កូរ៉ូណា​នេះ អាច​ត្រូវ​បាន​ប្រើ​ជា​ការពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​ផ្តាច់​ខ្លួន​ឯង​ចេញ​ពី​ពិភពលោក។ វា​ជា​ការពណ៌នា​ដ៏​ល្អ​ប្រសើរ​សម្រាប់ [របបនេះ] ដែល​និយាយ​ថា យើង​កំពុង​ការពារ​អ្នក​ពី​វីរុស​ដ៏​សាហាវ​នេះ ជាជាង​និយាយ​ថា យើង​បែរ​ខ្នង​ខាង​ផ្នែក​សេដ្ឋកិច្ច​ដាក់​ពិភពលោក​ពីព្រោះ​មេដឹកនាំ​កំពូល​របស់​យើង គឺ​លោក [គីម] មិន​អាច​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​សហរដ្ឋ​អាមេរិក​បាន​នោះ»។

ទោះជា​យ៉ាង​នេះ​ក្តី លោក​ Gause បាន​និយាយ​ថា ការគ្រប់គ្រង​ទីផ្សារ​នេះ គឺ​ជា​វិធានការ​មាន​លក្ខណៈ​បណ្តោះ​អាសន្ន ព្រោះ​ចក្ខុវិស័យ​របស់​លោក​គីម​អំពី​សេដ្ឋកិច្ច​នា​ពេល​អនាគត មិន​ពាក់ព័ន្ធ​នឹង​បទបញ្ជា​កណ្តាល​ទេ។

លោក William Brown អតីត​អ្នកវិភាគ​នៃ​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់ CIA និង​ជា​អ្នកជំនាញ​ខាង​សេដ្ឋកិច្ច​ប្រទេស​កូរ៉េ​ខាងជើង​បាន​និយាយ​ថា ការ​ចង់​គ្រប់គ្រង​ទីផ្សារ​របស់​កូរ៉េ​ខាងជើង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អាច​ឆ្លុះ​បញ្ចាំង​ពី​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ដែល​ខ្លួន​កំពុង​តែប្រឈម ដោយសារ​ការបិទ​ព្រំដែន​ជាមួយ​ចិន​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ចម្បង​របស់​ខ្លួន។ លោក William Brown បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«រដ្ឋាភិបាល​កូរ៉េ​ខាងជើង​ប្រហែល​ជា​ព្យាយាម​បញ្ឈប់​ទីផ្សារ ពីព្រោះ​រដ្ឋាភិបាល​អាច​ខ្លាច​ថា មាន​ការឡើង​ថ្លៃ និង​មាន​អតិផរណា។ រដ្ឋាភិបាល​កូរ៉េ​ខាងជើង​មាន​និន្នាការ​បញ្ឈប់​ការឡើង​ថ្លៃ​បែប​នេះ ដោយ​ដាក់​កំហិត​តម្លៃ​លើ​ទំនិញ។ ក៏ប៉ុន្តែ ការដាក់​កំហិត​តម្លៃ​លើ​ទំនិញ គឺ​បំផ្លាញ​ទីផ្សារ»។

លោក Brown បាន​សរសេរ​នៅក្នុង​អត្ថបទ​មួយ​នៅ​លើ​គេហទំព័រ​ដែល​មាន​ឈ្មោះ​ថា 38 North ដែល​ជា​វេបសាយ​ធ្វើការ​វិភាគ​ទៅ​លើ​កូរ៉េ​ខាងជើង។ លោក​បាន​សរសេរ​ថា បន្ទាប់ពី​បិទ​ព្រំដែន​ជាប់នឹង​ប្រទេសចិន ដែល​ជាវិធានការ​មួយ​ដែល​រារាំង​ពាណិជ្ជកម្ម​ប្រមាណជា ៩០% របស់​កូរ៉េ​ខាងជើង​នោះ ការ​នាំចូល​ពី​ចិន​បាន​ធ្លាក់ចុះ​ដល់​ត្រឹម​បើ​គិត​ជា​ទឹក​ប្រាក់ មាន​ចំនួន ១៩៨ លាន​ដុល្លារ។ ការនាំចេញ​របស់​កូរ៉េខាងជើង​ទៅ​កាន់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ ៧៥ ភាគរយ​មក​នៅ​ត្រឹម​បើ​គិត​ជា​ទឹកប្រាក់ មាន​ចំនួន ១០ លាន​ដុល្លារ។

ក្នុង​អត្ថបទ​ដែល​លោក William Brown បាន​សរសេរ​នោះ បាន​ឲ្យ​ដឹង​ថា តួលេខ​នេះ មិន​រាប់​បញ្ចូល​ការផ្តល់​ប្រេងឆៅ​ពី​ចិន​ទៅ​កូរ៉េ​ខាងជើង​ទេ ដែល​តាម​ការប៉ាន់ស្មាន​មាន​ចំនួន​ប្រមាណជា​៥ម៉ឺន​តោន ក្នុង​មួយ​ខែ គិត​ជាប្រាក់​មានតម្លៃ​ប្រមាណជា ពី​១០ ទៅ ២០លាន​ដុល្លារ នេះ​បើ​គិត​តាម​តម្លៃ​ប្រេង​ឆៅ​ក្នុង​ពេល​បច្ចុប្បន្ន។ លោក Brown បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«អ្វី​ដែល​បាន​កើត​ឡើង​នៅក្នុង​ខែ​មករា និង​ខែកុម្ភៈ​នោះ គឺ​ការ​ធ្លាក់​ចុះ​នូវ​ការនាំចូល​ទំនិញ​ប្រើប្រាស់។ រឿង​នេះ វា​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​លើ​ប្រជាពលរដ្ឋ​ជាង»។

ជាឧទាហរណ៍ ការនាំចូល​សណ្តែក​សៀង​ពី​ចិន​តិច​ជាងមុន មាន​ន័យ​ថា​កូរ៉េខាងជើង​អាច​ជួប​ប្រទះ​កង្វះ​ការផ្គត់ផ្គង់ និង​តម្លៃ​កើន​ឡើង។

លោក Brown បាន​ថ្លែង​ថា ការរឹតត្បិត ឬ ការបិទ​ទីផ្សារ អាច​នាំ​ឲ្យ​មាន «ភាពអត់​ឃ្លាន»។ លោក Brown បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«ប្រសិនបើ​ពួកគេ​បំផ្លាញ​ទីផ្សារ នោះ​មាន​ន័យ​ថា ពួកគេ​នឹង​ត្រឡប់​ទៅ​ស្ថានភាព​ដូច​នៅ​ទសវត្សរ៍​១៩៩០ ដែល​ជា​ពេល​មាន​ការខ្វះខាត​ស្បៀង​អាហារ និង​មិនមាន​យន្តការ​ផ្តល់​អាហារ​ឲ្យ​បាន​គ្រប់​ទីកន្លែង ហើយ​បន្ទាប់​មក នឹង​មាន​តំបន់​ខ្លះ ដែល​អត់​មាន​អាហារ មិនមែន​អត់​គ្រប់​ទីកន្លែង​នោះ​ទេ គឺ​តំបន់​ខ្លះ នឹង​គ្មាន​អាហារ»៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់