អ្នកជំនាញ​ពន្យល់​ពី​ច្បាប់​អន្តរជាតិ​ដើម្បី​ទាមទារ​សិទ្ធិ​ខ្មែរក្រោម

រូបឯកសារ៖ អ្នកចូលរួមក្នុង​សន្និសីទ​ស្តីពី​«សិទ្ធិខ្មែរក្រោម​ក្នុងការសម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង‍»។ (រូបផ្តល់​ឲ្យ​ដោយ​ក្រុម​អ្នក​រៀប​ចំ​សន្និសីទ)

អ្នកជំនាញ​ច្បាប់​និង​សិទ្ធិមនុស្សអន្តរជាតិ​លើកឡើងថា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មាន​មូលដ្ឋាន​ច្បាប់​ជាច្រើនដែល​អាចគេ​អាច​ប្រើប្រាស់ដើម្បីបន្ត​ការទាមទារ​សិទ្ធិសេរីភាព​ជាមូលដ្ឋាននិង​ឈាន​ដល់​សិទ្ធិ​ស្វ័យសម្រេច​នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួនដែល​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម។​

លោកចូស្សួរ កូផើ ​(Joshua Cooper) ​ប្រធាន​វិទ្យាស្ថាន​ហាវ៉ៃ​សម្រាប់​សិទ្ធិ​មនុស្ស​និង​ជា​អ្នក​ជំនាញ​ខាង​បញ្ហា​ខ្មែរ​កម្ពុជា​ក្រោម​បាន​ពន្យល់​ថាក្រៅពី​សេចក្តីប្រកាស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម​ដោយផ្អែក​តាម​អនុសញ្ញា​អន្តរជាតិស្តីពីសិទ្ធិ​ស៊ីវិល​និង​សិទ្ធិនយោបាយ​និង​អនុសញ្ញា​ស្តីពី​សេដ្ឋកិច្ច សង្គមកិច្ច​និង​វប្បធម៌​ដែល​ក្រុមសកម្មជន​បាន​ប្រើ​ប្រាស់​កន្លងមក គឺ​នៅពេល​បច្ចុប្បន្ន​នេះ​មាន​យន្តការច្បាប់ថ្មីៗ​ទៀត​របស់​អង្គការ​សហ​ប្រជា​ជាតិ​ដែល​ពួកគេ​អាច​ប្រើ​ប្រាស់​បានក្នុងនោះ​មាន​ការត្រួតពិនិត្យ​សិទ្ធិមនុស្ស​តាម​ដំណាក់កាល​ជាសាកល​ (Universal Periodic Review) គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ និង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​បម្រែ​បម្រួលអាកាសធាតុជាដើម។

លោក​ចូស្សួរ កូផើ​បាន​បញ្ជាក់ប្រាប់វីអូអេ​ក្នុងបទសម្ភាសតាមទូរស័ព្ទ​ពី​ទីក្រុង​ឡាអេ ជាទីដែល​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម​បាន​ជួបជុំ​ប្រារព្ធខួបលើកទី៧០​នៃការបាត់បង់​ដែនដី​កម្ពុជា​ក្រោមទៅ​ក្រោម​ការគ្រប់គ្រង​របស់វៀតណាម​ថា៖

«ដូច្នេះ​អ្វី​ដែល​យើង​កំពុងធ្វើ​គឺ​ធានា​ថា​នៅ​ពេល​ណា​ដែលមាន​ការត្រួតពិនិត្យ​មើល​បញ្ហាសិទ្ធិ​មនុស្ស​នៅ​វៀតណាម​គឺ​យើង​ចូលរួម​ផ្តល់យោបល់ដែរជាពិសេស​នៅខែ​កក្កដា​ខាងមុខ​នៅ​ពេល​ដែល​មាន​ការអនុម័ត​ទទួល​យក​ការត្រួតពិនិត្យតាម​ដំណាក់កាល​លើ​សិទ្ធិមនុស្ស​នៅ​វៀតណាម។ ក្រុមខ្មែរ​កម្ពុជា​ក្រោម​បាន​ចូលរួមយ៉ាង​សកម្ម​ក្នុងការរៀបចំ​របាយការណ៍​ដាក់ជូន​អង្គការ​សហ​ប្រជា​ជាតិ។ នៅខែមករាខាងមុខ​ក៏អីចឹងដែរក្នុងពេល​ត្រួតពិនិត្យមើលគឺ​យើង​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា​បញ្ហា​ដែល​មានសារៈសំខាន់​ត្រូវ​គេ​បញ្ចូល​ក្នុង​បញ្ជីត្រួតពិនិត្យ​សិទ្ធិ​មនុស្ស​តាម​ដំណាក់​កាល​ជាសាកលលើ​ប្រទេស​វៀតណាម‍»។ ​

រីឯ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ដែល​ទើបតែ​ចូលជាធរមាន​ក្នុង​ឆ្នាំ​២០១៦​ហើយ​ត្រូវ​សម្រេច​ឱ្យ​បាន​នៅឆ្នាំ​២០៣០ ​គឺផ្តោតលើ​ការផ្តល់យុត្តិធម៌ ​លទ្ធិ​ប្រជា​ធិប​តេយ្យ ការកសាង​ស្ថាប័ន​ ការកាត់បន្ថយ​ភាពក្រីក្រ ​ការការពារ​ធនធាន​ធម្មជាតិ​និង​ការ​ចង​សម្ព័ន្ធភាព​ជាមួយ​នឹង​អ្នកស្រាវជ្រាវ ​អ្នកតស៊ូមតិ​និង​អ្នកវិភាគ​នានា​ដើម្បី​ទទួលស្គាល់​ពីសិទ្ធិ​ក្នុងការ​ធ្វើ​ការសម្រេច​ជោគវាសនា​ដោយខ្លួនឯង។

លោក​ចូរ ស្សួរ ​បាន​បន្ថែម​ទៀតថា៖

«សិទ្ធិ​ក្នុងការសម្រេច​ជោគវាសនា​ដោយខ្លួនឯង​គឺ​ជា​លក្ខខណ្ឌ​ជាមុន​មួយ​ដែល​ពលរដ្ឋ​អាច​ធ្វើ​ការសម្រេច​ចិត្ត​ជាដំបូងបំផុត​លើ​ការកំណត់អត្តសញ្ញាណ​ដោយ​ខ្លួនឯង​ក្នុងនាម​ជាជន​ជាតិ​ដើម ហើយ​ទីពីរ​វាគឺជាដំណើរការមួយ។ ដូច្នេះ​ដំណើរឆ្ពោះទៅឯករាជ្យ​មិន​មែន​មាន​តែមួយ​នោះ​ទេ។ មាន​វិធី​ជាច្រើន​ដែល​ជនជាតិដើម​អាច​ប្រើប្រាស់​ដើម្បី​រួចផុត​ពី​អាណានិគម‍»។​

បច្ចុប្បន្ន​សហព័ន្ធ​ខ្មែរកម្ពុជាក្រោម​គឺជា​សមាជិក​នៃ​អង្គការ​ប្រជាជាតិ​និង​ប្រជាជន​ដែល​គ្មាន​តំណាង (ហៅកាត់ថាUNPO) ដែល​ជា​អង្គការអន្តរជាតិ​មួយ​បង្កើត​ឡើង​ដើម្បីផ្តល់​ឱកាស​ឱ្យ​ ​ប្រជា​ជាតិ​និង​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​ដែល​មិន​មាន​តំណាង​មាន​ឱកាស​សម្តែងក្តី​កង្វល់និងការទាមទារ​សិទ្ធិ​របស់​ពួកគេ​។

អង្គការ​ប្រជាជាតិ​និង​ប្រជាជន​ដែល​គ្មាន​តំណាង​បាន​លើក​ទឹកចិត្ត​ឱ្យ​មានការ​ផ្តល់​ការគាំ​ទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ការប្រមូល​កម្លាំង​ដោយ​ចូលរួមនយោបាយ​ក្នុងប្រទេស​ដែល​ពួកគេ​រស់នៅ និង​ចង​សម្ព័ន្ធភាព​ជាមួយ​នឹង​ចលនា​តស៊ូទាមទារ​នៅ​ក្រៅប្រទេស​ដទៃ​ទៀតនិង​ក្រុម​នានា​នៅ​ក្នុង​ប្រទេស​វៀតណាម​ជាដើម។

លោក​រ៉ាល់ បាន់ជ្ហ ​(Ralph Bunche)​ អគ្គលេខាធិការ​នៃ​អង្គការ​ប្រជាជាតិ​និង​ប្រជាជន​គ្មាន​តំណាងក៏​បាន​លើកទឹកចិត្ត​ខ្មែរក្រោមឱ្យ​ចូលរួម​ធ្វើ​នយោបាយ​ថ្នាក់មូលដ្ឋាន​នៅក្នុង​បណ្តា​ប្រទេសដែល​ពួកគេ​រស់នៅដើម្បី​មានឱកាស​ដោះស្រាយ​បញ្ហា​ពួកគេ​បាន។

លោករ៉ាល់ បាន់ជ្ហ​ ​បាន​បន្ថែមថា៖

«ចូរចូលរួម​នៅក្នុង​នយោបាយ​ថ្នាក់មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ដែល​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ ពីព្រោះ​ទាំងនេះ​គឺជា​មធ្យោបាយ​ដ៏ល្អ​ក្នុងការ​លើកឡើង​ពី​បញ្ហា​របស់​ខ្មែរក្រោម​ជាមួយ​នឹង​ប្រទេស​ទាំង​នោះ‍»។

បច្ចុប្បន្ន​មាន​ពលរដ្ឋ​ខ្មែរក្រោម​ត្រូវគេ​រាយការណ៍​ថាមានចំនួន​ប្រហែល​៤០.០០០នាក់​រស់នៅ​ជុំវិញ​ពិភពលោកដែល​ភាគ​ច្រើនគឺ​រស់នៅសហរដ្ឋ​អាមេរិក​ដែល​មានចំនួនរហូតដល់​ជាង​៣០.០០០​នាក់។ រីឯនៅ​ប្រទេស​កម្ពុជា​វិញ​ពួកគេ​មាន​ចំនួន​ប្រហែល​១,២លាន​នាក់។ នៅប្រទេស​វៀតណាមមាន​ពលរដ្ឋ​ខ្មែរកម្ពុជា​ក្រោមចំនួន​៧​លាន​នាក់​ ប៉ុន្តែរដ្ឋាភិបាល​វៀតណាម​បាន​វាយ​តម្លៃ​ថា​ពលរដ្ឋ​វៀតណាម​ដើម​កំណើតខ្មែរ(ដែល​ជាឈ្មោះផ្លូវការ) ​មាន​ប្រហែល​តែ​១,៤​លាន​នាក់​តែ​ប៉ុណ្ណោះ។

បច្ចុប្បន្ន​ខ្មែរកម្ពុជា​ក្រោម​រងការរំលោភ​បំពាន​ផ្នែកសិទ្ធិមនុស្ស​ដែល​ប៉ះពាល់​ដីស្រែចម្ការ​ការ​ធ្វើទុក្ខបុកម្នេញ​ខាងផ្នែក​សាសនា ​កង្វះ​ការសិក្សា​ភាសា​ខ្មែរឱ្យ​បាន​ទូលំទូលាយ គ្មានសិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​ស្តី ​ផលប៉ះពាល់ខាងផ្នែកបរិស្ថាន​លើ​ជីវភាព​រស់​នៅនិង​ត្រូវ​ធ្វើ​ចំណាកស្រុក​ក្នុង​ប្រទេស​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ហើយ​អ្នកខ្លះ​ក៏ត្រូវ​រត់ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស​ដើម្បី​គេចចេញ​ពី​ការធ្វើទុក្ខ​បុកម្នេញ​ទាំងនោះ។

យ៉ាងណាក៏ដោយ ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មានចំណុចខ្លាំង​ដែល​ពួកគេ​អាច​នឹង​ប្រើប្រាស់​តាម​ផ្លូវ​ច្បាប់​នោះ​គឺការ​រក្សា​អត្តសញ្ញាណជាតិ​ដែលមានការ​គោរព​ព្រះពុទ្ធសាសនា រក្សា​វប្បធម៌​ខ្មែរ​ហើយ​បន្ត​ប្រើប្រាស់​ភាសា​និង​អក្សរ​សាស្រ្ត​ខ្មែរ​ជាដើម។

លោកប្រាក់ សេរីវុឌ្ឍ ​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ដែល​មានមូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិកបានស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ចងចាំថា​ខ្មែរកម្ពុជា​ក្រោម​ក៏​ជាផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ផង​ដែរ។

«រឿងរ៉ាវតស៊ូរបស់យើង​បើបងប្អូនខ្មែរ​នៅកម្ពុជា​មិន​ខ្វល់មិន​រវីរវល់ទេ​ ការប្រឹងរបស់​ខ្មែរ​ក្រោម​ទទេ​មិន​គ្រប់កម្លាំងទេ​ ត្រូវគិត​ដល់បងប្អូនខ្មែរក្រោម​ទោះបី​តាមផ្លូវចិត្តក្តី​ឱ្យ​តែ​យល់​រឿង​យើង។ នេះ​ហើយ​ជារឿង​មួយ​ដែល​យួន​វាព្រួយបារម្ភ​។ យួន​វាមិន​ចង់​ឱ្យ​ខ្មែរ​នៅ​កម្ពុជា​យល់​ដឹង​ពីរឿង​កម្ពុជា​ក្រោម​ ហើយ​បំភ្លេច​រឿង​ហ្នឹង​ថា​រឿងនៅស្រុកយួន​ប៉ុន្តែបើខ្មែរនៅកម្ពុជា​ចេះ​នឹក​ឃើញ​ដល់​កម្ពុជា​ក្រោម​គឺ​រឿង​យើង​អត់បាត់ទេ‍»។

លោក​ក៏បានអំពាវនាវ​ដល់អាជ្ញាធរ​កម្ពុជា​ជួយសម្រួល​ឱ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទទួល​បាន​ការជ្រកកោន​ផងនៅ​ពេល​ដែលពួកគេ​រត់ភៀសខ្លួន​មក​ដល់ទឹកដីកម្ពុជាដោយ​សារ​មាន​ការត្អូញត្អែ​ពីការ​មិន​សូវ​ទទួល​បាន​ការយក​ចិត្ត​ទុកដាក់​ពីអាជ្ញាធរ​កម្ពុជា​លើ​សិទ្ធិសេរីភាព​និង​ទុក្ខ​លំបាករបស់​ពលរដ្ឋ​ខ្មែរក្រោម​ដែល​បាន​ភៀសខ្លួន​មក​ដល់ទឹកដី​កម្ពុជាដែល​ក្នុង​នោះ​រួម​មាន​ការលំបាក​ក្នុងការ​ទទួលបាន​ឯកសារផ្លូវច្បាប់​និងការធ្វើ​ពិធីរំលឹក​ការបាត់បង់​ទឹកដី​ជាដើម។

លោក​សួស យ៉ារ៉ា ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​អនុម័តច្បាប់​ស្តីពី​សញ្ជាតិបានលើកឡើ​ង​ថា​ការអនុវត្តច្បាប់​គឺ​មិន​ត្រូវច្របូកច្របល់នឹង​មនោសញ្ចេតនា​ប្រវត្តិសាស្រ្ត​បាន​ឡើយ៖

«ការអនុវត្ត​ច្បាប់​និង​មនោសញ្ចេតនា​មិន​អាច​ឡូកឡំ​គ្នាបានទេ​។ មនោសញ្ចេតនា​គឺយើង​នៅ​តែ​ទទួល​ស្គាល់​ថាជា​ប្រវត្តិសាស្រ្ត​ជាអតីត​ទឹកដី​មួយ​របស់​កម្ពុជាឬក៏​ជាប្រជាជន​កម្ពុជា​ប៉ុន្តែ​ក្នុង​ពេលបច្ចុប្បន្ន​ច្បាប់​ត្រូវ​បាន​អនុម័តច្បាស់​លាស់​ដោយ​អង្គការ​សហប្រជាជាតិ​ តាម​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​។ អីចឹង​គាត់​មកគាត់ត្រូវ​ទទួលស្គាល់​ថា​កាន់អត្តសញ្ញាណបណ្ណ​សញ្ជាតិវៀតណាម​ ដើម​កំណើត​ខ្មែរ​ឬយ៉ាងម៉េច​ប៉ុន្តែ​គាត់​ជា​ប្រជាជន​វៀតណាម​។ កម្ពុជា​ក៏​ដូចគ្នា​ ដែល​រស់នៅកម្ពុជា​ក៏យើង​មាន​អតីតប្រជាជន​វៀតណាម​ដែល​រស់នៅ​ស្របច្បាប់​។ គាត់រស់នៅ​បីបួនប្រាំជំនាន់​គឺ​ទៅជា​ប្រជាជន​ខ្មែរ​អស់ហើយ​ហ្នឹង។ អីចឹង​គាត់​ក៏​កាន់​អត្ត​សញ្ញាណ​ខ្មែរ បណ្ណខ្មែរ​ត្រឡប់​ទៅ​វៀតណាម​វិញ​ដូច​គ្នាដែរ‍»។​

រីឯ​លោកផៃ ស៊ីផាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្តែងការប្រយ័ត្ន​ប្រយែង​ចំពោះបញ្ហា​ខ្មែរ​កម្ពុជា​ក្រោម​ដោយ​លោក​លើក​ឡើង​ពីច្បាប់​អន្តោប្រវេសន្ត​និង​សញ្ជាតិ​របស់​កម្ពុជា​ដែល​មាន​ជា​ធរមាន​និង​ផែនទី​ដែល​បន្សល់​ពីសម័យ​អាណានិគម​និយម​បារាំង​ដែល​ត្រូវតែគោរព។

លោក​បាន​បន្ថែម​ថា៖

«គ្មាន​ជនណា​មួយ​ដែល​មិនស្តាយ​មរតក​របស់​បុព្វបុរស​ដែលបាត់បង់នោះទេ​ក៏ប៉ុន្តែ​ច្បាប់​អន្តរជាតិ​បាន​ប្រាប់​យើង អត្ថន័យ​របស់​ជាតិ​បាន​ប្រាប់​យើង​ច្បាស់​ថា​យើង​មិន​អាច​ធ្វើ​ហួស​ពីហ្នឹង​ទេ។ នេះ​ជាចំណុចសំខាន់‍»។​

លោក​ផៃ ស៊ីផាន​ អះអាង​ថា​រដ្ឋាភិបាលកម្ពុជា​ក៏តែងតែរំលឹកដល់រដ្ឋាភិបាល​វៀតណាម​ឱ្យ​ផ្តល់សិទ្ធិ​ដល់​ខ្មែរក្រោម​ក្នុងនាម​ជាពលរដ្ឋ​សាកលមួយ​ដោយ​មិន​គិត​ពីការបែងចែកជាតិ​សាសន៍ទេ​ហើយ​លោក​សម្តែងការពេញចិត្ត​ដល់ការវិវត្តន៍​មួយចំនួន​នៅ​ដែនដី​កម្ពុជា​ក្រោម៖

«អ្វីដែលយើងវាយតម្លៃខ្ពស់​ចំពោះ​ការជួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាលវៀតណាម​ជូនដល់បងប្អូន​កម្ពុជា​ក្រោម​កំពុងតែ​មានកើន​ប្រកប​ដោយ​គុណភាព​ដែលយើងអាច​ទទួល​យក​បាន​ជាអន្លើៗ​ដូចជា​ការចូលរៀន​ ដូចជា​ការឈរឈ្មោះ​បោះឆ្នោត​ក៏ប៉ុន្តែ​យើង​ចង់បាន​ច្រើន​ជាងហ្នឹង​ទៅ​ទៀត​ ក្នុងន័យ​តម្លៃ​មនុស្ស​មិនមែន​ក្នុង​ន័យ​លក្ខណៈ​ប្រកាន់​ពូជសាសន៍​ទេ‍»។​

ប៉ុន្តែ​លោកផៃស៊ីផានក៏បាន​សរសើរ​ដល់​ការតស៊ូតាមផ្លូវច្បាប់​របស់​សកម្មជន​នៅក្រៅ​ប្រទេស​ក្នុង​ការទាមទារ​សិទ្ធិ​ស្វ័យសម្រេច​របស់​ពលរដ្ឋ​ខ្មែរក្រោម៖

«ហើយ​ជាមួយ​គ្នា​នឹង​ដែរ​កម្ពុជាក្រោម​មានភ័ព្វវាសនា​ដែល​បងប្អូននៅសហរដ្ឋ​អាមេរិក​កំពុង​តែ​មានសកម្មភាព​ដើម្បីតវ៉ា​រក្សា​សិទ្ធិ​ម្ចាស់ស្រុកដើម​រស់នៅក្នុងកម្ពុជាក្រោមនេះឯង​តាមរយៈ​ការគាំទ្រ​របស់​អង្គការ​សហប្រជាជាតិ​។ នេះយើង​ឃើញ​សកម្មភាព​នេះ​ល្អ​ម្យ៉ាងដែរ​ក៏ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជាមិន​លូកលាន់​ប៉ះពាល់​ទៅក្នុង​អ្វី​ទៅ​លើរឿង​ផ្ទៃក្នុង​របស់​ប្រទេស​មួយ​ទៀត​ទេ​គឺ​យើង​ឈរ​លើ​សន្តិ​សហ​វិជ្ជមាន‍»។

អាណានិគម​បារំាងបានសម្រេច​កាត់ដែនដី​ខ្មែរ​កម្ពុជា​ក្រោម​ឬកូសាំងស៊ីន ទៅ​ឱ្យ​ស្តេច​បាវ​ដាយរបស់​វៀតណាមគ្រប់គ្រងជាផ្លូវការតាំងពីថ្ងៃទី​៤ខែមិថុនា ឆ្នាំ​១៩៤៩ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​នឹង​ព្រះមហាក្សត្រ​ខ្មែរ​ទេ។ ចំណាត់ការ​នាពេល​នោះ​គឺ​ក្នុងគោលបំណងទប់​ស្កាត់​ការរីក​រាលដាល​នៃ​ក្រុម​កុម្មុយនិស្ត​ដែល​បាន​គ្រប់គ្រង​វៀតណាមខាងជើងរួចទៅហើយ។ ដែនដីកម្ពុជា​ក្រោមមានទំហំ​៦៧.៧០០​គីឡូម៉ែត្រ​ការ៉េនិង​ត្រូវ​ជា​២១ខេត្ត​ដែល​មាន​កោះ​ធំៗ​ចំនួន​ពីរ​គឺ​កោះត្រល់​និង​កោះ​ត្រឡាច។ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ភាគច្រើន​កាន់ព្រះពុទ្ធ​សាសនានីកាយ​ថេរវាទនិង​និយាយ​ភាសា​ខ្មែរ​ក្នុងជីវភាព​ប្រចាំថ្ងៃ។

លោក​ថាច់ សេដ្ឋា នាយកប្រតិបត្តិ​នៃ​សហគមន៍​ខ្មែរកម្ពុជា​ក្រោម​ដែលមានមូលដ្ឋាន​នៅ​រាជ​ធានីភ្នំពេញ​នៅតែ​បដិសេធ​មិន​ទទួល​ស្គាល់ការគ្រប់គ្រង​របស់​អាជ្ញាធរ​វៀតណាម​លើ​ដែនដី​ខ្មែរ​កម្ពុជា​ក្រោមទេ។​

លោក​បាន​បញ្ជាក់​ថា៖

«វាជា​ការពិត​ហើយ​រឿង​ទឹកដីកម្ពុជា​ក្រោម​វាជាទឹកដី​របស់​យួន វាជាការពិត​យួនត្រួតត្រា ប៉ុន្តែ​យើង​ត្រូវ​គិត​ថាយួន​ត្រួតត្រា​បែប​អាណានិគម​ មិនមែន​យក​ទឹកដី​របស់​យើង​ដោយ​ស្រប​ច្បាប់​ទេ។ យើង​មើល​ឯកសារ​ទាំងអស់​ដែល​ខ្ញុំ​ស្រាវជ្រាវ​គឺ​គ្មាន​ស្តេច​អង្គណាមួយ​ឬ​ថ្នាក់ដឹកនាំ​អង្គ​ណា​មួយ​ ឬកិច្ច​ព្រមព្រៀង​ណាមួយ​ ឬ​សន្ធិសញ្ញា​ណាមួយ​ដែល​ខ្មែរផ្ទេរទៅឱ្យ​យួន​គឺ​អត់​មានទាល់តែសោះហើយ​នៅតែ​ចាត់​ទុកថា​ការគ្រប់គ្រង​ ការត្រួតត្រា​របស់​យួន​យក​ទឹកដី​កម្ពុជា​ក្រោមគឺ​ជាអំពើខុស​ច្បាប់​។ យើង​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការទាមទារ​មក​វិញ‍»។​

លោ​កថាច់ សេដ្ឋា ​យល់​ថា​ដោយ​សារ​ស្ថានភាព​នយោបាយ​គឺ​កម្ពុជា​នៅ​មិន​ទាន់​អាច​ទាមទារ​បាន​មក​វិញទេ។ យ៉ាងណាក៏ដោយ​ លោក​បាន​សម្តែងក្តីសង្ឃឹម​ថា​ការយល់ដឹង​ពី​បញ្ហា​ខ្មែរ​កម្ពុជា​ក្រោម​នៅក្នុង​ស្រទាប់​យុវជន​ជំនាន់​ក្រោយ​មាន​ច្រើន។

លោក​ថាច់ សេដ្ឋា​បាន​បន្ថែម​ថា៖ ​

«ឥឡូវ​យើងបាន​ធ្វើ​ឱ្យ​គាត់មានស្មារតី​ជាតិនិយម​។ គាត់​ចេះ​ស្រឡាញ់​ទឹកដី​ស្រឡាញ់​ជាតិ​សាសន៍ខ្លួន​ឯង​។ នេះ​ដែល​ខ្ញុំ​មានមោទនភាព​ដែរហើយ​វា​ជាលទ្ធផលមួយ​ដែលយើង​ខំ​ប្រឹង​ប្រែងហើយ​គំនិត​នេះ​យើង​បាន​បញ្ជ្រាប​បាន​ច្រើន​ទៅក្នុង​ស្រទាប់​យុវជនយើង​ជំនាន់​ក្រោយ‍»។​

នៅខួប​លើកទី៧០​នៃ​ការប្រារព្ធ​ទិវា​បាត់បង់​ដែនដី​ខ្មែរកម្ពុជា​ក្រោម​លោកថាច់ សេដ្ឋា​មើលឃើញថាមាន​ការប្រារព្ធ​នៅ​ទូទាំង​ពិភពលោក​ដែលខុសពីឆ្នាំ​២០០០​នៅ​ពេល​ដែល​លោក​បាន​បង្កើត​ទិវា​នេះ​ដំបូង៕