រដ្ឋាភិបាល​និង​អ្នក​ជំនាញ​ខ្វែង​គំនិត​គ្នា​លើ​គម្រប​ព្រៃ​ឈើ​ដែល​នៅ​សល់

ព្រៃឈើត្រូវបានកាប់ដើម្បីធ្វើដីសម្បទាននៅក្នុងខេត្ត រតនគីរីនៃប្រទេសកម្ពុជានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា ​ព្រៃ​ឈើ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទទួល​រង​នូវ​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។​

កាលពី​ពេល​ថ្មីៗ​នេះ​ទិន្នន័យ​ដែល​បាន​ថត​តាម​ប្រព័ន្ធ​ផ្កាយរណប​របស់​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ផែន​ទី​ព្រៃ​ឈើ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទទួល​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ។​

យោង​តាម​របាយការណ៍​ដែល​បាន​បង្ហាញ​ដោយ​សាកល​វិទ្យាល័យ ​Maryland ​នៃ​រដ្ឋ Maryland​ របស់​សហរដ្ឋ​អាមេរិកតាម​ទិន្នន័យ​ដែល​បាន​ផ្តល់​ដោយ​ប្រព័ន្ធ​ផ្សាយ​រណប​បាន​បញ្ជាក់​ថា​ព្រៃ​ឈើ​ប្រទេស​កម្ពុជា​បាន​បាត់​បង់​ប្រមាណ​៧,១​ភាគរយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០០០​រហូត​ដល់​ឆ្នាំ​២០១២។​

លោក​ ឆេង គឹមស៊ុន ​ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​រដ្ឋបាល​ព្រៃ​ឈើ​បើ​ទោះ​បី​ជា​លោក​មិន​ទាន់​បាន​ឃើញ​របាយការណ៍​នេះ​ក៏ដោយ​ ក៏លោក​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់ខាង​លើ​នេះ។ក៏ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា​គម្រប​ព្រៃ​ឈើ​នៅ​កម្ពុជា​ពិត​ជាមាន​ការ​ប្រែ​ប្រួលមែន។​

លោក​មាន​ប្រសាសន៍​ថាអ្វី​ដែល​យើង​មានទិន្នន័យ​នៅ​ក្នុង​ដៃ​ក្នុង​ឆ្នាំ​២០១០​កម្ពុជា​មាន​គម្រប​ព្រៃ​ឈើ​ប្រមាណ​៥៧,​០៧ភាគរយ។​

លោក​និយាយ​ថា៖​«ខ្ញុំ​អត់​ទាន់​បាន​ឃើញ​របាយការណ៍​ហ្នឹង​ទេ​ ក៏ប៉ុន្តែ​ទាំង​អស់​គ្នា​អត់​មាន​អ្នក​ណា​ភូត​បាន​ទេ​លើ​បញ្ហា​គម្រប​ព្រៃ​នេះ។ ទោះ​បី​អ្នក​ណា​ស្រែក​យ៉ាង​ម៉េច​ក៏​ដោយ​សំខាន់​គឺ​បច្ចេកទេស​ហើយ​ហ្នឹង​ផ្កាយ​រណប​ពី​សហរដ្ឋ​អាមេរិក​មក​គឺ​ថា​បក​ស្រាយតាម​រយៈ​បច្ចេក​ទេស​ដោយ​ប្រើ​ប្រាស់​និយម​ន័យ​ព្រៃ​ឈើ​ដោយ​ឡែក​ផង​វា»។​

យោងតាម​របាយការណ៍​ដែល​ធ្វើ​ឡើង​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣​ហើយ​ត្រូវ​បាន​ចេញ​ផ្សាយ​ក្នុង​សប្តាហ៍​នេះ​បាន​ឱ្យ​ដឹង​ថា​ភាគ​ច្រើន​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បាន​រីក​រាល​ដាល​លើ​អង្កត់​ទ្រូង​នៃ​ផ្ទៃ​ប្រទេស​ទាំង​មូល​ចាប់​តាំង​ពី​ខេត្ត​ព្រះ​វិហារ​ភាគ​ខាង​ជើង ​ខេត្តកំពង់ធំ​ ខេត្តកំពង់​ចាម​ និង​ចូល​ដល់​ខេត្ត​ក្រចេះ​ភាគ​ខាង​កើត​និង​ភស្តុតាងមួយ​ថ្មី​ទៀត​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​គឺ​បាន​កើត​មាន​ឡើង​នៅ​ភាគ​ខាង​លិច​ជាប់​ព្រំ​ដែន​កម្ពុជា​ថៃ​ ព្រម​ទាំង​លាត​សន្ធឹង​ដល់​ខេត្ត​ស្ទឹង​ត្រែង ​និង​ ខេត្ត​រតនៈ​គិរី​ភាគ​ឥសាន​នៃ​ប្រទេស។​

លោក​ អ៊ូច ឡេង​ ប្រធាន​ក្រុម​ប្រឹក្សា​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា​ដែល​ជា​អង្កការ​មួយ​ឃ្លាំ​មើល​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​មាន​ប្រសាសន៍​ថា​តាម​ការ​ពិត​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ជាង​ការ​អះអាងនៅ​ក្នុង​របាយការណ៍​ទៅ​ទៀត។​

លោក​បាន​បញ្ជាក់​ថា​តាម​ការ​រក​ឃើញ​របស់​លោក​ព្រៃ​ឈើ​នៅ​កម្ពុជា​បច្ចុប្បន្ន​នៅ​សេសសល់​ប្រមាណ​តែពី​៣០​ ទៅ​ ​ជាង​២០​ភាគ​រយ​តែប៉ុណ្ណោះ​ដែល​កាល​ពី​មុន​បាន​គ្របដណ្តប់​ប្រមាណជាង​៧០​ភាគរយ​នៃ​ផ្ទៃ​ប្រទេស​ទាំង​មូល។​

លោក​និយាយ​ថា៖ ​«ដូច​ជា​នៅ​តំបន់​ឈ្នួល​បាត់​បង់​តែ​ម្តង​ បាត់​បង់​ហើយ​បាត់​ឈ្មោះ​ទៀត​តែម្តង។​នៅ​លំផាត់​និង​នៅ​រតនៈគិរី​ នៅ​សួន​វិរៈជ័យ​ ខ្ញុំ​តាម​ដាន​ហើយ​ធ្វើ​របាយការណ៍​ដែល​នឹង​ចេញ​ខាង​មុខ​នេះ​គឺ​សល់​តែ​២០​%​ទេ»។​

លោក​ ញ៉ែម ប៉ុញឬទ្ធិ​ អ្នក​តំណាង​រាស្ត្រ​ និង​ ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​ថា​តាម​អ្វី​ដែល​បាន​ឃើញ​ជាក់​ស្តែង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ជាងពេល​ណាៗ​ទាំង​អស់។​

លោក​និយាយ​ថា៖​«​ ធ្ងន់​ធ្ងរ​ជាង​របាយ​ការណ៍​ហ្នឹង​ទៅ​ទៀត។ ​ការ​សង្កេត​ដោយ​ផ្ទាល់​ហើយ​ហ្នឹង​តាម​អ្វី​ដែល​យើង​បាន​ឃើញ​ជាក់​ស្តែង​នោះ​បាទ»។​

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​ធ្លាប់​បាន​អះអាង​ថា​មាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​សំខាន់ៗ​យ៉ាងតិច​១០០​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕