អ្នកជំនាញ​ថា​វ៉ាក់សាំង​​បង្ការ​​ថ្មីៗ​មិន​អាច​ធានា​​ថា​អាច​យក​ឈ្នះ​ជំងឺ​កូវីដ​១៩​បាន​ទេ​

រូបឯកសារ៖ បុគ្គលិក​មន្ទីរពិសោធន៍​ម្នាក់​កំពុង​ធ្វើការ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន BioNTech នៅ​ក្នុង​ទីក្រុង Marburg ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

ក្រុម​អ្នកជំនាញសុខភាព​សាធារណៈ​អន្តរជាតិ​មួយ​ក្រុម​បាន​លើក​ឡើង​ថា​ ការទទួល​បាន​ជោគជ័យ​ក្នុង​ការចាក់​វ៉ាក់សាំងថ្មីៗ​នឹង​មិនធានា​បានទៀត​ទេថា​នឹង​អាចឈ្នះការឆ្លង​រាតត្បាត​ជំងឺកូវីដ​១៩។​ ​

នៅ​ក្នុងអត្ថបទស្រាវជ្រាវមួយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជាលើក​ដំបូង កាលពី​ថ្ងៃចន្ទ​ នៅក្នុងព្រឹត្តិប័ត្រ​សិក្សា ​The Conversation​ សមាជិក​គណៈកម្មការ​ជំងឺ​កូវីដ​១៩​ Lancet ​ស្តីពី​សុខភាព​សាធារណៈ​ បាន​គូស​បញ្ជាក់​ថា​ ពិភពលោក​កំពុង​រត់​ប្រណាំង​នឹង​ពេល​វេលា​ ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ​១៩ ​ដល់​ពលរដ្ឋ​ពិភពលោកឲ្យ​បាន​ចំនួន​គ្រប់គ្រាន់​ ដើម្បី​ការពារប្រឆាំង​នឹង​ការឆ្លង​រាតត្បាតជំងឺ​កូវីដ​ប្រភេទ​ថ្មី​ ដែល​មាន​លក្ខណៈឆ្លង​ខ្លាំង​ជាង​ជំងឺ​កូវីដ​១៩ ​ក្នុង​ទម្រង់​ចាស់។​

ពួកគេ​បាន​លើក​ឡើង​ថាការបម្លែង​ខ្លួនរបស់​វីរុស​កូរ៉ូណា​ក្នុង​ទម្រង់​ថ្មី​នេះ​ អាច​ធ្វើឲ្យ​វ៉ាក់សាំងបង្ការ​ដែល​ប្រើ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មិន​អាច​មាន​ប្រសិទ្ធភាព​ ហើយ​វីរុស​កូរ៉ូណា​ក្នុង​ទម្រង់​ថ្មី​នេះ​«បាន​ផ្លាស់ប្តូរនូវ​ទិសដៅការងារ​ដែល​បាន​ធ្វើ​កន្លង​មក»។

គណៈកម្មការចំពោះ​កិច្ច​នេះ​ បាន​បង្ហាញ​ការបារម្ភរបស់​ខ្លួន​អំពីវីរុស​កូរ៉ូណា​ទម្រង់​ថ្មី​បី​ប្រភេទ​ ដែល​អាចពន្យារ​ពេលការឆ្លង​រាតត្បាត​ និង​ធ្វើ​ឲ្យ​ស្ថានភាព​ឆ្លង​រាតត្បាត​កាន់​តែ​អាក្រក់​ជាង​មុន​ ដែល​ក្នុងនោះ​គឺ​ទម្រង់​វីរុស​កូរ៉ូណា​ពីរ​ប្រភេទ​ ដែល​ត្រូវ​បាន​រកឃើញកាលពី​ចុង​ឆ្នាំ​២០២០​នៅ​ក្នុងប្រទេស​អង់គ្លេស​ និង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ និង​ប្រភេទ​ទី​៣​ ​ដែល​ត្រូវ​បាន​រកឃើញ​ក្នុង​ប្រទេស​ប្រេស៊ីល​ ក្នុងខែ​មករា​ កន្លង​ទៅ។​

ក្រុម​អ្នកជំនាញបាន​អំពាវនាវឲ្យ​មាន​យុទ្ធសាស្ត្រ​ជា​សាកល​មួយ​ ក្នុង​ការ«​ទប់​ទល់​និង​បង្ក្រាប​ជា​អតិបរមា»​ប្រឆាំង​ជំងឺ​កូវីដ​១៩ ​ដែល​ក្នុង​នោះ​មាន​ការបន្ត​កិច្ចប្រឹងប្រែងប្រើប្រាស់​ម៉ាស់​ និង​ការរក្សា​គម្លាត​ពី​គ្នា ការធ្វើ​ឲ្យ​មានប្រព័ន្ធ​ខ្យល់​ចេញ​ចូល​ក្នុង​បន្ទប់​ដែល​បិទ​ជិត​ ក៏​ដូចជា​ការបន្តប្រើប្រាស់​វ៉ាក់សាំង​ដែល​កំពុង​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ៕​